ការអះអាងនេះធ្វើឡើងបន្ទាប់ពីព្រះរាជអាជ្ញាតុលាការខេត្តស្ទឹងត្រែង លោក ច្រឹង ខ្មៅ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១១ បានធ្វើលិខិតជូនដំណឹងស្ដីពីការសម្រេចតម្កល់រឿងមិនចាត់ការលើបណ្ដឹងរបស់អ្នកស្រី ជី សារឹម ដែលបានប្ដឹងចោទប្រកាន់អ្នកស្រី លួន ចាន់ឡា កាលពីដើមខែមករា ឆ្នាំ២០១១ ពីបទបានធ្វើការលួចរឹបអូសយកផលដំឡូងមីលើដីជាងមួយហិកតាររបស់គ្រួសារគាត់ដែលកំពុងប្រមូលផល។
អ្នកស្រី ជី សារឹម មានប្រសាសន៍បញ្ជាក់ថា ការសម្រេចនេះមិនយុត្តិធម៌ទើបគាត់សម្រេចចិត្តប្ដឹងទៅតុលាការសាលាឧទ្ធរណ៍បន្តទៀត ក៏ប៉ុន្តែមន្ត្រីក្រឡាបញ្ជីរបស់ព្រះរាជអាជ្ញាបានបដិសេធមិនទទួលពាក្យបណ្ដឹងនោះក្រោមហេតុផលថា ចាំសួរយោបល់ព្រះរាជអាជ្ញាសិន ៖ «ច្រានពាក្យបណ្តឹងខ្ញុំចោល រឿងហ្នឹងខ្ញុំមិនសុខចិត្តទេ ព្រោះអីខ្ញុំអត់មានពាក់ព័ន្ធជាមួយថៅកែហ្នឹងទេ។ គាត់ចុះចោលខ្ញុំហ្នឹងទៅនៅផ្ទះថៅកែតាំងពីខ្ញុំទើបឆ្លងទន្លេនៅពេទ្យ។ ទ្រព្យរបស់នេះយកទាំងអស់ អត់មានទុកឲ្យខ្ញុំចិញ្ចឹមកូនទេ ហើយខ្ញុំកូននៅនឹងដៃតើខ្ញុំទៅរកស៊ីអី?»។
ក្រឡាបញ្ជីលោក សាត់ ប៊ុនធឿន បានបដិសេធសេចក្ដីចោទនោះ ដោយសារកាលពីថ្ងៃសុក្រ ទី២៥ ខែមីនា ឆ្នាំ២០១១ លោករវល់ខ្លាំងមិនបានទទួលពាក្យបណ្ដឹងនោះ តែបានណែនាំឲ្យអ្នកស្រី ជី សារឹម មកដាក់ពាក្យបណ្ដឹងនៅសប្ដាហ៍ក្រោយវិញ ៖ «គាត់មកពេលល្ងាច ម៉ោងបួនជាងប្រាំហើយ ដល់អ៊ីចឹងទៅការងារច្រើន ខ្ញុំជាប់រវល់ អ៊ីចឹងឲ្យគាត់មកថ្ងៃច័ន្ទ ថ្ងៃអង្គារ ទៅណា!»។
ព្រះរាជអាជ្ញាតុលាការខេត្តស្ទឹងត្រែង លោក ច្រឹង ខ្មៅ មានប្រសាសន៍បញ្ជាក់ពីករណីនេះដែរថា ៖ «គាត់មានសិទ្ធិប្តឹងឧទ្ធរណ៍។ រឿងនេះជារឿងរដ្ឋប្បវេណី អ៊ីចឹងខ្ញុំសម្រេចចិត្តតម្កល់ ខ្ញុំមានហេតុផលតែប៉ុណ្ណឹង»។
មេធាវីនៃសមាគមអាដហុក លោក ឡុង លន់ មានប្រសាសន៍បញ្ជាក់ថា ការអនុវត្តរឹបអូសទ្រព្យសម្បត្តិមុនពេលសាលក្រមតុលាការមិនទាន់ចូលស្ថាពរ គឺជាប្រការខុសច្បាប់ ៖ «បើព្រះរាជអាជ្ញាយល់ឃើញថា ករណីហ្នឹងវាមិនមែនជាបទល្មើសព្រហ្មទណ្ឌ គាត់មានសិទ្ធិចេញដីកាមួយសម្រេចតម្កល់រឿងមិនចាត់ការ។ ភាគីជាអ្នកប្ដឹងយល់ឃើញថា មិនត្រឹមត្រូវ ភាគីនោះអាចប្ដឹងទៅលើដីកាហ្នឹងទៅសាលាឧទ្ធរណ៍ វាមានរយៈពេល ២ខែ គិតពីថ្ងៃទទួលបានការជូនដំណឹងស្ដីពីដីការតម្កល់រឿងទុកអត់ចាត់ការ»។
សេចក្ដីរាយការណ៍របស់បុគ្គលិកផ្នែកអង្កេតនៃសមាគមអាដហុក ខេត្តស្ទឹងត្រែង ឲ្យដឹងថា កាលពីចុងឆ្នាំ២០១០ អ្នកស្រី លួន ចាន់ឡា បានដឹកនាំកម្មករទៅប្រមូលផលសណ្តែកសៀងចំនួនជាង ៨ហិកតាររបស់គ្រួសារអ្នកស្រី ជី សារឹម ក្រោមហេតុផលថា ប្តីអ្នកស្រី ជី សារឹម ឈ្មោះ ហឿន ប្រុញ ដែលបានចុះចោលប្រពន្ធគ្រប់ខែសម្រាលកូននោះជំពាក់ប្រាក់ ហើយបានធ្វើកិច្ចសន្យាកាត់ផលដំណាំទាំងនោះទៅឲ្យអ្នកស្រី លួន ចាន់ឡា ចំណែកអ្នកស្រី ជី សារឹម បានប្ដឹងទៅសមត្ថកិច្ចឲ្យជួយទប់ស្កាត់ ពីព្រោះការជំពាក់ប្រាក់នោះអ្នកស្រីមិនបានដឹង និងបានទទួលប្រាក់នោះជាមួយប្តីនោះទេ។
ជាបន្តមកទៀត អ្នកស្រី លួន ចាន់ឡា បានបន្តរឹបអូសផលដំឡូងមីមួយហិកតារកន្លះទៀត ដោយសំអាងថា ចៅក្រមតុលាការខេត្តស្ទឹងត្រែង លោក ឡុង វណ្ណារិទ្ធ បានសម្រេចបង្គាប់ឲ្យឈ្មោះ ហឿន ប្រុញ ជាប្តី សងប្រាក់ជំពាក់អ្នកស្រី លួន ចាន់ឡា ១១លានរៀល សណ្តែក ៤តោន និងផលដំឡូងមីមួយហិកតារកន្លះនៅក្នុងករណីប្តឹងសុំលះលែងរវាងអ្នកស្រី ជី សារឹម និងប្តីកាលពីខែធ្នូ ឆ្នាំ២០១០។ បើទោះបីអ្នកស្រី ជី សារឹម បានដាក់បណ្តឹងជំទាស់ការសម្រេចនោះទៅតុលាការសាលាឧទ្ធរណ៍រួចហើយក្តី៕