កម្ពុជាចង់ចាកផុតពីភាពក្រីក្រក្នុងឆ្នាំ២០១៥
2011.03.20
រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃសុក្រ ទី១៨ មីនា បានរំពឹងថា យុទ្ធសាស្ត្រប្រាំឆ្នាំ ចាប់ពីឆ្នាំ២០១១ រហូតដល់២០១៥ ជាយុទ្ធសាស្ត្រដើម្បីគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះនឹងអាចឲ្យជនក្រីក្រកម្ពុជាអាចចាកចេញពីបន្ទាត់នៃភាពក្រីក្របាន។ សេចក្ដីព្រាងច្បាប់យុទ្ធសាស្ត្រជាតិនេះ បានរៀបចំដោយក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្ម និងជនបទ ហើយត្រូវបានគណៈរដ្ឋមន្ត្រីអនុម័តកាលពីថ្ងៃសុក្រ។
សេចក្ដីប្រកាសព័ត៌មានរបស់គណៈរដ្ឋមន្ត្រីផ្សាយកាលពីថ្ងៃសុក្របានឲ្យដឹងថា ផែនការជាតិកាត់បន្ថយភាពក្រីក្រនេះ មានបំណងបញ្ឈប់ឲ្យមានភាពក្រីក្រ អសន្តិសុខស្បៀង និងការកេងប្រវ័ញ្ច។ ផែនការនេះក៏ចង់ប្រែក្លាយពលរដ្ឋក្រីក្រកម្ពុជា ឲ្យចាកចេញពីភាគក្រីក្រតាមរយៈការកសាងធនធានមនុស្ស រួមមានការទទួលបានសេវាសុខភាព អាហារូបត្ថម្ភ និងការអប់រំសម្រាប់គ្រួសារក្រីក្រ។
រដ្ឋាភិបាលកម្ពុជាអាណត្តិទី៣ បានកាត់បន្ថយអត្រាភាពក្រីក្រពីចំនួន ៤៧% នៅឆ្នាំ១៩៩៣ មកត្រឹមតែចំនួន ២៧,៤% នៅឆ្នាំ២០០៩។ ប៉ុន្តែអត្រាភាពក្រីក្រនៅតែមានកម្រិតខ្ពស់ក្នុងតំបន់ជនបទ ពិសេសគំលាតអ្នកមាន និងអ្នកក្រនៅតំបន់ទីក្រុង និងជនបទនៅតែជាបញ្ហាចោទ។
រដ្ឋាភិបាលកម្ពុជាធ្លាប់បានសន្យានឹងកាត់បន្ថយអត្រាភាពក្រីក្រឲ្យបានយ៉ាងហោចណាស់ជាង ១% ក្នុងមួយឆ្នាំៗ គណបក្សប្រឆាំង និងអង្គការអន្តរជាតិមួយចំនួន ធ្លាប់បានរិះគន់រដ្ឋាភិបាលកម្ពុជាថាបានបរាជ័យក្នុងការកាត់បន្ថយភាពក្រីក្រ។ ប្រធានគណបក្សសិទ្ធិមនុស្ស លោក កឹម សុខា នៅថ្ងៃសៅរ៍ ទី១៩ មីនា បានឲ្យដឹងថា លោកគ្មានជំនឿលើយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលទេ ដោយសារយុទ្ធសាស្ត្រស្រដៀងគ្នានេះបានបរាជ័យ។
អង្គការស្បៀងអាហារពិភពលោក (World Food Program) បានពិពណ៌នាប្រទេសកម្ពុជា ថាជាប្រទេសដែលប្រជាពលរដ្ឋមានចំណូលទាប និងជាប្រទេសមានឱនភាពផ្នែកស្បៀងអាហារ។ អង្គការនេះបានឲ្យដឹងថា ប្រជាជនកម្ពុជាប្រមាណ ៣០% រស់នៅក្រោមបន្ទាប់ភាពក្រីក្រ ក្នុងនោះពលរដ្ឋម្នាក់ក្នុងចំណោមបីនាក់ បានជួបប្រទះអសន្តិសុខស្បៀងអាហារ។
របាយការណ៍បញ្ជាក់ថា កម្ពុជាជាប្រទេសដែលមានស្ថានភាពអាក្រក់បំផុតនៅក្នុងចំណោមប្រទេសអាស៊ី ហើយកម្រិតនៃភាពអត់ឃ្លានស្ថិតនៅភាពប្រកាសអាសន្ន។
វិទ្យុអាស៊ីសេរីមិនអាចសុំអត្ថាធិប្បាយពីមន្ត្រីរដ្ឋាភិបាលកម្ពុជាបានទេនៅថ្ងៃសៅរ៍នេះ។ ប៉ុន្តែលោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់បន្ថយអត្រាភាពក្រីក្របានច្រើនជាង ១% ក្នុងមួយឆ្នាំៗ។ លោក ផៃ ស៊ីផាន បានបន្ទោសការយឺតយ៉ាវក្នុងការកាត់បន្ថយភាពក្រីក្រ ដោយសារតែវិបត្តិសេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០០៩។
មន្ត្រីអង្គការសិទ្ធិមនុស្សមួយចំនួនបានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជាត្រូវបញ្ឈប់ការបណ្ដេញពលរដ្ឋដោយបង្ខំចេញពីលំនៅឋាន និងដីធ្លីរបស់ពួកគេ ទើបរដ្ឋាភិបាលអាចជួយកាត់បន្ថយភាពក្រីក្របាន។ មន្ត្រីបន្ថែមថា កំណើនសេដ្ឋកិច្ចនៅកម្ពុជាមិនបានផ្ដល់ផលប្រយោជន៍ដល់ជនក្រីក្រនោះទេ ប៉ុន្តែបានបណ្ដាលឲ្យប្រទេសនេះកំពុងជួបបញ្ហាការបណ្ដេញយ៉ាងធ្ងន់ធ្ងរ។
លោកស្រី (Naly Pilores) នាយកអង្គការ Licadho ត្រូវបានកាសែតអាមេរិកឈ្មោះថា Catholic ដកស្រង់សំដីឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរប្រមាណជិត ៣សែននាក់ ត្រូវបានបណ្ដេញចេញពីលំនៅឋានខ្លួនចាប់តាំងពីឆ្នាំ២០០៥ ដល់២០០៩ ហើយបញ្ហានេះនៅតែបន្តកើតមានទៀត៕