កម្ពុជា​ចង់​ចាក​ផុត​ពី​ភាព​ក្រីក្រ​ក្នុង​ឆ្នាំ​២០១៥

គណៈរដ្ឋមន្ត្រី​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ មីនា បាន​អនុម័ត​សេចក្ដី​ព្រាង​យុទ្ធសាស្ត្រ​ជាតិ ស្ដីពី​ការ​គាំ​ពារ​សង្គម​សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ។

រដ្ឋាភិបាល​កម្ពុជា​កាល​ពី​ថ្ងៃ​សុក្រ ទី​១៨ មីនា បាន​រំពឹង​ថា យុទ្ធសាស្ត្រ​ប្រាំ​ឆ្នាំ ចាប់​ពី​ឆ្នាំ​២០១១ រហូត​ដល់​២០១៥ ជា​យុទ្ធសាស្ត្រ​ដើម្បី​គាំពារ​សង្គម​សម្រាប់​ជន​ក្រីក្រ និង​ជន​ងាយ​រង​គ្រោះ​នឹង​អាច​ឲ្យ​ជន​ក្រីក្រ​កម្ពុជា​អាច​ចាក​ចេញ​ពី​បន្ទាត់​នៃ​ភាព​ក្រីក្រ​បាន។ សេចក្ដី​ព្រាង​ច្បាប់​យុទ្ធសាស្ត្រ​ជាតិ​នេះ បាន​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​ស្ដារ​អភិវឌ្ឍ​វិស័យ​កសិកម្ម និង​ជនបទ ហើយ​ត្រូវ​បាន​គណៈរដ្ឋមន្ត្រី​អនុម័ត​កាល​ពី​ថ្ងៃសុក្រ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​គណៈរដ្ឋមន្ត្រី​ផ្សាយ​កាល​ពី​ថ្ងៃ​សុក្រ​បាន​ឲ្យ​ដឹង​ថា ផែនការ​ជាតិ​កាត់​បន្ថយ​ភាព​ក្រីក្រ​នេះ មាន​បំណង​បញ្ឈប់​ឲ្យ​មាន​ភាព​ក្រីក្រ អសន្តិសុខ​ស្បៀង និង​ការ​កេងប្រវ័ញ្ច។ ផែន​ការ​នេះ​ក៏​ចង់​ប្រែ​ក្លាយ​ពល​រដ្ឋ​ក្រីក្រ​កម្ពុជា ឲ្យ​ចាក​ចេញ​ពី​ភាគ​ក្រីក្រ​តាម​រយៈ​ការ​កសាង​ធនធាន​មនុស្ស រួម​មាន​ការ​ទទួល​បាន​សេវា​សុខភាព អាហារូបត្ថម្ភ និង​ការ​អប់រំ​សម្រាប់​គ្រួសារ​ក្រីក្រ។

រដ្ឋាភិបាល​កម្ពុជា​អាណត្តិ​ទី​៣ បាន​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​ពី​ចំនួន ៤៧% នៅ​ឆ្នាំ​១៩៩៣ មក​ត្រឹម​តែ​ចំនួន ២៧,៤% នៅ​ឆ្នាំ​២០០៩។ ប៉ុន្តែ​អត្រា​ភាព​ក្រីក្រ​នៅ​តែ​មាន​កម្រិត​ខ្ពស់​ក្នុង​តំបន់​ជនបទ ពិសេស​គំលាត​អ្នក​មាន និង​អ្នក​ក្រ​នៅ​តំបន់​ទីក្រុង និង​ជនបទ​នៅ​តែ​ជា​បញ្ហា​ចោទ។

រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​បាន​សន្យា​នឹង​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ជាង ១% ក្នុង​មួយ​ឆ្នាំ​ៗ គណ​បក្ស​ប្រឆាំង និង​អង្គការ​អន្តរ​ជាតិ​មួយ​ចំនួន ធ្លាប់​បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ថា​បាន​បរាជ័យ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ។ ប្រធាន​គណ​បក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា នៅ​ថ្ងៃ​សៅរ៍ ទី​១៩ មីនា បាន​ឲ្យ​ដឹង​ថា លោក​គ្មាន​ជំនឿ​លើ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទេ ដោយសារ​យុទ្ធសាស្ត្រ​ស្រដៀង​គ្នា​នេះ​បាន​បរាជ័យ។

អង្គការ​ស្បៀង​អាហារ​ពិភព​លោក (World Food Program) បាន​ពិពណ៌នា​ប្រទេស​កម្ពុជា ថា​ជា​ប្រទេស​ដែល​ប្រជា​ពល​រដ្ឋ​មាន​ចំណូល​ទាប និង​ជា​ប្រទេស​មាន​ឱនភាព​ផ្នែក​ស្បៀង​អាហារ។ អង្គការ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រជា​ជន​កម្ពុជា​ប្រមាណ ៣០% រស់​នៅ​ក្រោម​បន្ទាប់​ភាព​ក្រីក្រ ក្នុង​នោះ​ពល​រដ្ឋ​ម្នាក់​ក្នុង​ចំណោម​បី​នាក់ បាន​ជួប​ប្រទះ​អសន្តិសុខ​ស្បៀង​អាហារ។

របាយ​ការណ៍​បញ្ជាក់​ថា កម្ពុជា​ជា​ប្រទេស​ដែល​មាន​ស្ថានភាព​អាក្រក់​បំផុត​នៅ​ក្នុង​ចំណោម​ប្រទេស​អាស៊ី ហើយ​កម្រិត​នៃ​ភាព​អត់​ឃ្លាន​ស្ថិត​នៅ​ភាព​ប្រកាស​អាសន្ន។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​អត្ថាធិប្បាយ​ពី​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​បាន​ទេ​នៅ​ថ្ងៃ​សៅរ៍​នេះ។ ប៉ុន្តែ​លោក ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ធ្លាប់​មាន​ប្រសាសន៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​កាត់​បន្ថយ​អត្រា​ភាព​ក្រីក្រ​បាន​ច្រើន​ជាង ១% ក្នុង​មួយ​ឆ្នាំ​ៗ។ លោក ផៃ ស៊ី​ផាន បាន​បន្ទោស​ការ​យឺត​យ៉ាវ​ក្នុង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ដោយ​សារ​តែ​វិបត្តិ​សេដ្ឋកិច្ច​ពិភព​លោក​នៅ​ឆ្នាំ​២០០៩។

មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវ​បញ្ឈប់​ការ​បណ្ដេញ​ពល​រដ្ឋ​ដោយ​បង្ខំ​ចេញ​ពី​លំនៅឋាន និង​ដីធ្លី​របស់​ពួក​គេ ទើប​រដ្ឋាភិបាល​អាច​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​បាន។ មន្ត្រី​បន្ថែម​ថា កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ជន​ក្រីក្រ​នោះ​ទេ ប៉ុន្តែ​បាន​បណ្ដាល​ឲ្យ​ប្រទេស​នេះ​កំពុង​ជួប​បញ្ហា​ការ​បណ្ដេញ​យ៉ាង​ធ្ងន់ធ្ងរ។

លោក​ស្រី (Naly Pilores) នាយក​អង្គការ Licadho ត្រូវ​បាន​កាសែត​អាមេរិក​ឈ្មោះ​ថា Catholic ដក​ស្រង់​សំដី​ឲ្យ​ដឹង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​ប្រមាណ​ជិត ៣​សែន​នាក់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​លំនៅឋាន​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​២០០៥ ដល់​២០០៩ ហើយ​បញ្ហា​នេះ​នៅ​តែ​បន្ត​កើត​មាន​ទៀត៕