ការជួបគ្នានេះ បន្ទាប់ពីអ្នកភូមិទាំង ៧ភូមិ បានតវ៉ាច្រើនដង ដើម្បីឲ្យអាជ្ញាធរក្រុងកាត់ដីចំនួន ១៥ហិកតារក្នុងតំបន់បឹងកក់ មកឲ្យអ្នកភូមិយកទៅអភិវឌ្ឍដោយខ្លួនឯង។
អ្នកស្រី លី មុំ បន្តថា ក្នុងជំនួបជាង ២ម៉ោងរវាងតំណាងពលរដ្ឋ ៧ភូមិ និងអាជ្ញាធរក្រុង ព្រមទាំងអាជ្ញាធរខណ្ឌដូនពេញ ដែលពលរដ្ឋសុំឲ្យកាត់ដី ១៥ហិកតារនោះ ត្រូវអភិបាលរាជធានីភ្នំពេញ បំភ្លឺថា គ្មានដីកាត់ឲ្យទេ តែបើសុំអភិវឌ្ឍនៅកន្លែង គឺអាចមានលទ្ធផលខ្លះ។
អ្នកស្រី លី មុំ បន្ថែមថា អាជ្ញាធររាជធានីភ្នំពេញ សន្យាថា បើពលរដ្ឋ ៧ភូមិនៅលើដីគោកតំបន់បឹងកក់ សម្រេចប៉ុន្មានគ្រួសារ យល់ព្រមអភិវឌ្ឍនៅកន្លែង ប៉ុន្មានគ្រួសារព្រមយកប្រាក់ដោះស្រាយគោលនយោបាយចាកចេញ លោកនឹងចុះមើលតាមផ្ទះពលរដ្ឋ ធំ និងផ្ទះតូច មានសណ្ឋានដូចម៉្តេចដែលត្រូវដោះស្រាយ។
បឹងកក់ត្រូវរដ្ឋាភិបាលកម្ពុជា ជួលដីឲ្យក្រុមហ៊ុនស៊ូកាគូ អភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពាណិជ្ជកម្មក្នុងរយៈពេល ៩៩ឆ្នាំ លើទំហំដីជាង ១៣៣ហិកតារ។ ពលរដ្ឋច្រើនភូមិរស់នៅក្នុងទឹកបឹងកក់ បានយល់ព្រមយកប្រាក់ដោះស្រាយគោលនយោបាយ ៨ពាន់ដុល្លារ និងប្រាក់ខ្មែរ ២លានរៀល ដើម្បីប្ដូរកន្លែងរស់នៅ។ ក្រោយពីអ្នករស់នៅក្នុងទឹកបឹងរើចេញអស់ អ្នករស់នៅដីគោកជុំវិញបឹងកក់ បានរងនូវការឲ្យចាកចេញដែរ ព្រោះប៉ះពាល់ដីជួលទៅឲ្យក្រុមហ៊ុនស៊ូកាគូវិនិយោគ។
បច្ចុប្បន្នមានពលរដ្ឋជាង ១.៥០០គ្រួសាររស់នៅ ៧ភូមិ មានភូមិលេខ១ លេខ៦ លេខ២០ លេខ២១ លេខ២២ លេខ២៣ និងភូមិលេខ២៤ ដែលបានទាមទារសុំកាត់ដី ១៥ហិកតារពីតំបន់បឹងកក់ ដើម្បីអភិវឌ្ឍន៍ដោយខ្លួនឯង៕