តុលាការ​សម្រេច​រំលែក​អ្នក​ទោស​៥០​នាក់​ពី​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ

ចំនួន​អ្នក​ទោស​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ មាន​ការ​កើន​ឡើង​រហូត​ទៅ ១.០៩០​នាក់ ខណៈ​ដែល​បន្ទប់​ទាំង​អស់​នៅ​ក្នុង​អគារ​ពន្ធនាគារ​មាន​ភាព​តូច​ចង្អៀត​អាច​ដាក់​អ្នក​ទោស​បាន​ត្រឹម​តែ​ចំនួន​ជាង ៥០០​នាក់​ប៉ុណ្ណោះ។

0:00 / 0:00

សាលាដំបូង​ខេត្ត​បាន​ចេញ​ដីកា​សម្រេច​បញ្ជូន​អ្នក​ទោស​ចំនួន ៥០​នាក់ ទៅ​ដាក់​ឲ្យ​ស្នាក់​នៅ​មណ្ឌល​កែ​ប្រែ​ថ្នាំ​ញៀន​ភ្នំបាក់ ដើម្បី​ជួយ​សម្រួល និង​លើក​ស្ទួយ​ដល់​បរិយាកាស​នៃ​ស្ថានភាព​ស្នាក់​នៅ​របស់​អ្នក​ទោស ដែល​កំពុង​ញាំញី​ទៅ​ដោយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ក្រោយ​ពី​ចំនួន​មនុស្ស​ដែល​គេ​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នោះ​មាន​ចំនួន​កើន​ឡើង​រហូត​ទៅ​ដល់ ១.០៩០​នាក់។

លោក អាំង មាលតី ប្រធាន​តុលាការ​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា តុលាការ​បាន​សម្រេច​ខាង​ពន្ធនាគារ​បញ្ជូន​អ្នក​ទោស​សេព​គ្រឿង​ញៀន​ចំនួន ១២​នាក់​ទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១១​នេះ ទៅ​ដាក់​នៅ​ក្នុង​មណ្ឌល​កែប្រែ​ថ្នាំ​ញៀន​ភ្នំបាក់ ដើម្បី​ធ្វើការ​អប់រំ និង​ព្យាបាល​ជំងឺ​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​តុលាការ​ចេញ​សាលក្រម​ស្ថាពរ​តាម​ក្រោយ។

លោក​មាន​ប្រសាសន៍​ទៀត​ថា ៖ «អ៊ីចឹង ក្រុម​ដែល​លេង​ថ្នាំ​ហ្នឹង​យើង​បាន​បញ្ជូន​ទៅ​នៅ​មណ្ឌល​ដើម្បី​រង់ចាំ​ការ​សម្រេច​សេចក្ដី​ចុង​ក្រោយ​របស់​តុលាការ យើង​ផ្អែក​ទៅ​លើ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ​ផង ផ្អែក​ទៅ​លើ​ក្រម​ព្រហ្មទណ្ឌ​ផង ដើម្បី​ឲ្យ​មនុស្ស​ដែល​ត្រូវ​អប់រំ​កែប្រែ​ទៅ​តាម​នីតិវិធី។ ក្រម​របស់​យើង​បាន​ចែង​មិន​ឲ្យ​មនុស្ស​ជាប់​ពន្ធនាគារ​ច្រើន អ៊ីចឹង​ការ​ដែល​យើង​បង្ក្រាប​បទ​ល្មើស​វា​តែង​មាន​ការ​ឃាត់​ខ្លួន ឃុំ​ខ្លួន»

ការ​សម្រេច​បញ្ជូន​អ្នក​ទោស​សេព​គ្រឿង​ញៀន​ចំនួន ១២​នាក់​នេះ គឺ​បាន​ធ្វើ​ឡើង​បន្ថែម​ទៀត បន្ទាប់​ពី​អ្នក​ទោស​ចំនួន ៣៨​នាក់ ត្រូវ​បាន​តុលាការ​ខេត្ត​បាន​សម្រេច​បញ្ជូន​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ថ្នាំ​ញៀន​ភ្នំបាក់ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ ដែល​ចំនួន​នេះ​មាន​ការ​កើន​ឡើង​រហូត​ទៅ​ដល់ ៥០​នាក់។
លោក ភាន ឆវ័ន្ត ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ បាន​មាន​ប្រសាសន៍​ថា គិត​មក​ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី​១៩ ខែ​ឧសភា ឆ្នាំ​២០១១​នេះ ចំនួន​អ្នក​ទោស​ដែល​កំពុង​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​​កើន​ឡើង​រហូត ១.០៩០​នាក់។

លោក​បន្ត​ថា ខាង​ពន្ធនាគារ​បាន​អនុវត្ត​តាម​សេចក្ដី​សម្រេច​បញ្ជូន​អ្នក​ទោស​សេព​គ្រឿង​ញៀន​ចំនួន ១២​នាក់ ទៅ​ដាក់​ឲ្យ​ខាង​មន្ទីរ​សង្គមកិច្ច​ខេត្ត​គ្រប់គ្រង ៖ «យើង​អនុវត្ត​តាម​ដីកា​របស់​តុលាការ បើ​ពាក់ព័ន្ធ​នឹង​អ្នក​ញៀន​ថ្នាំ ខ្លឹមសារ​គេ​ដាក់​បញ្ជូន​ទៅ​មណ្ឌល។ ព្រឹកមិញ (១៩ ឧសភា) យើង​បញ្ជូន​ទៅ ១២​នាក់​តាម​ដីកា​ដោះលែង»

ព្រះរាជអាជ្ញា​រង​តុលាការ​ខេត្ត​បន្ទាយមានជ័យ លោក តន់ សីហៈតេជៈ បាន​មាន​ប្រសាសន៍​ថា ថ្មីៗ​នេះ​តុលាការ​បាន​ដាក់​សំណើ​ស្នើ​ទៅ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ ដើម្បី​កាត់​បន្ថយ​ចំនួន​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ចំនួន ៥០​នាក់ យក​ទៅ​ដាក់​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ប៉ុន្តែ​ត្រូវ​បាន​ខកខាន ដោយសារ​តែ​ចំនួន​អ្នក​ទោស​នៅ​ក្នុង​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ មាន​ចំនួន​ច្រើន​ដូច​គ្នា​មិន​អាច​ទទួល​យក​បាន។

លោក​មាន​ប្រសាសន៍​បន្ថែម​ដូច្នេះ ៖ «នៅ​ខាង​នោះ​ពេញ​ហើយ គេ​បញ្ជូន​ពី​ព្រៃស យើង​នេះ​វា​នៅ​តែ​រង់ចាំ យឺត​ដដែល ហើយ​គម្រោង​របស់​យើង​មុន​គេ យើង​ស្នើ​សុំ យើង​មាន​ប្រជុំ​អី គិតគូរ​មុន​គេ តែ​ដល់​គេ​ខាង​នុះ ជិត​ជាង​គេ​បញ្ជូន​ទៅ ដល់​អ៊ីចឹង​ទៅ​យើង​នេះ​វា​នៅ​អ៊ីចឹង​ដដែល»

ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ នា​ពេល​បច្ចុប្បន្ន​នេះ មាន​អគារ​ឃុំឃាំង​ចំនួន ៣​អគារ ក្នុង​នោះ​អគារ​នីមួយៗ​ចែក​ចេញ​ជា​អគារ​អា មាន ២០​បន្ទប់ អគារ​បេ មាន ២០​បន្ទប់ និង​អគារ​សេ មាន ១២​បន្ទប់ សរុប​ទាំង​អស់​មាន​ចំនួន ៥២​បន្ទប់។ ក្នុង​បន្ទប់​នីមួយៗ​មាន​ទំហំ ៤​ម៉ែត្រ​៤​ជ្រុង ដែល​អាច​ដាក់​អ្នក​ទោស​បាន​តែ​ចំនួន ១០​នាក់​ប៉ុណ្ណោះ។

សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ធ្លាប់​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ដល់​បញ្ហា​សុខភាព​អ្នក​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោយ​សា​តែ​ចំនួន​អ្នកទោស​ ដែល​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ទី​នោះ​ចេះ​តែ​កើន​ឡើង ហើយ​ទីធ្លា​អគារ​នៅ​តូច​ដដែល។ បញ្ហា​នេះ​ជា​កង្វល់​យ៉ាង​ខ្លាំង​នា​រដូវ​ប្រាំង​ខាង​មុខ ព្រោះ​ថា នៅ​ពន្ធនាគារ​ខ្វះខាត​ទឹក​ប្រើប្រាស់ និង​ពុំ​មាន​អនាម័យ​ល្អ ដែល​អាច​ធ្វើ​ឲ្យ​ប៉ះ​ពាល់​​​លើ​បញ្ហា​សុខភាព ពិរុទ្ធជន និង​ទណ្ឌិត​ក្នុង​ពន្ធនាគារ៕