ពលរដ្ឋ​ក្នុង​ខេត្ត​ចំនួន​៥​នឹង​ទទួល​បាន​សេវា​អនាម័យ​ទឹក​ស្អាត

អង្គការ​អភិវឌ្ឍន៍​លើក​កម្ពស់​អនាម័យ​ជនបទ បាន​រំពឹង​ទុក​ថា មាន​ពលរដ្ឋ​ចំនួន ២​សែន​នាក់​នៅ​ក្នុង​ខេត្ត​ចំនួន​៥ ក្នុង​ប្រទេស​កម្ពុជា នឹង​ទទួល​បាន​សេវា​អនាម័យ និង​ផ្គត់ផ្គង់​ទឹក​ស្អាត ដើម្បី​ឲ្យ​ជីវិត​រស់​នៅ​បាន​ប្រសើរ តាម​រយៈ​កម្មវិធី​ស្ដីពី​ការ​លើក​កម្ពស់​អនាម័យ​ជនបទ​នៅ​កម្ពុជា។
ដោយ ខែ សុណង
2011.03.23
Share on WhatsApp
Share on WhatsApp

ប្រធាន​អង្គការ​ភ្លែន អន្តរជាតិ (Plan International) លោក ស៊ូព្រីយ៉ាន់តូ (Supriyanto) បាន​ថ្លែង​នៅ​ក្នុង​ពិធី​ប្រកាស​បើក​ដំណើរការ​កម្មវិធី​ស្ដីពី​ការ​លើក​កម្ពស់​អនាម័យ​ជនបទ​នៅ​កម្ពុជា គាំទ្រ​ដោយ​មូលនិធិ​អនាម័យ​សាកល​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា ឆ្នាំ​២០១១ ថា កម្មវិធី​នេះ​បាន​អនុវត្ត​នៅ​ក្នុង​ខេត្ត​ចំនួន​៥ ក្នុង​រយៈពេល ៥​ឆ្នាំ គឺ​ខេត្ត​កំពង់ចាម កំពង់ស្ពឺ តាកែវ កណ្តាល និង​ខេត្ត​ស្វាយរៀង។ កម្មវិធី​នេះ​មាន​គោលបំណង​លើក​កម្ពស់​ការ​ផ្ដល់​សេវា និង​ទម្លាប់​ថែទាំ​អនាម័យ​សុខភាព​នៅ​សហគមន៍​ជនបទ។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ភ្លែន អន្តរជាតិ បាន​បង្ហាញ​តួលេខ​សំខាន់ៗ​ស្ដីពី​ស្ថានភាព​អនាម័យ និង​សុខភាព​នៅ​ប្រទេស​កម្ពុជា ថា ការ​ទទួល​បាន​សេវា​ថែទាំ​សុខភាព និង​អនាម័យ​មាន​ស្ថានភាព​ខុស​គ្នា​រវាង​តំបន់​ជនបទ និង​ទីក្រុង និង​ក្រុម​មនុស្ស​ដែល​មាន​ស្ថានភាព​សេដ្ឋកិច្ច​ខុស​គ្នា ប្រជាជន​រស់​នៅ​តាម​តំបន់​ជនបទ ២៣,២% ប៉ុណ្ណោះ ទទួល​បាន​សេវា​ថែទាំ​អនាម័យ​បើ​ធៀប​ទៅ​នឹង​ប្រជាជន​នៅ​ទីក្រុង​មាន​ចំនួន ៨១,៥%។

រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ លោក ទ្រី មេង មាន​ប្រសាសន៍​ថា ក្រសួង​ស្វាគមន៍​ចំពោះ​បណ្ដា​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ដែល​ធ្វើ​ការងារ​អនាម័យ​នៅ​តាម​សហគមន៍​ជនបទ ដើម្បី​ជំរុញ​ការ​ផ្លាស់ប្ដូរ​ឥរិយាបថ​ប្រជាជន​ក្នុង​ការ​សាងសង់ និង​ប្រើប្រាស់​បង្គន់​អនាម័យ។ លោក​បន្ត​ថា ការងារ​លើក​កម្ពស់​អនាម័យ​តំបន់​ជនបទ​នេះ គឺ​ទាមទារ​ឲ្យ​ប្រជាជន​ចូលរួម និង​ប្រើប្រាស់​ធនធាន​មួយ​ចំនួន​ដែល​គេ​មាន​ដោយ​មិន​ពឹង​ផ្អែក​ទាំង​ស្រុង​ទៅ​លើ​ស្ថាប័ន​រដ្ឋ ឬ​អង្គការ​ដៃគូ​អភិវឌ្ឍន៍​ជួយ​នោះ​ទេ ដោយ​ឡែក​ស្ថាប័ន​ក្រសួង និង​អង្គការ​ដៃគូ​ពាក់ព័ន្ធ​ជា​អ្នក​ជួយ​សម្របសម្រួល​ផ្ដល់​បច្ចេកទេស ការ​អប់រំ​អនាម័យ និង​រក​សេវា​ផ្គត់ផ្គង់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ។

លោក ទ្រី មេង មាន​ប្រសាសន៍​បន្ថែម ៖ «ថ្វី​ត្បិត​តែ​ជីវភាព​ប្រជាជន​យើង​បាន​រីក​ចម្រើន​គួរ​ជា​ទី​មោទនៈ ដោយ​អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់​ចុះ​ពី ៣៥% នៅ​ឆ្នាំ​២០០៤ មក​នៅ​ត្រឹម ២៧,២% នៅ​ត្រឹម​២០១០ តែ​កំណើន​គ្រួសារ​ដែល​ចំណាយ​ធនធាន​ផ្ទាល់​ខ្លួន​ដើម្បី​សង់​បង្គន់​មាន​កម្រិត​មួយ​ទាប​នៅ​ឡើយ»

ប្រធាន​កម្មវិធី​មូលនិធិ​អនាម័យ​សាកល ក្រុមប្រឹក្សា​សហប្រតិបត្តិការ​លើក​កម្ពស់​អនាម័យ និង​ផ្គត់ផ្គង់​ទឹក​ស្អាត លោក ប៊ែរី ជេកសាន់ បាន​ថ្លែង​ថា មូលនិធិ​អនាម័យ​សាកល​បាន​អនុវត្ត​ទឹក​ប្រាក់​ជំនួយ​លើក​ដំបូង​ចំនួន ៥​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក សម្រាប់​រយៈពេល ៥​ឆ្នាំ។ លោក​ថា មូលនិធិ​នេះ​គឺ​មាន​ផែនការ​ត្រួត​ពិនិត្យ​មើល​ការងារ​ពាក់​កណ្ដាល​អាណត្តិ ហើយ​បើ​បង្ហាញ​ថា វិធីសាស្ត្រ​ដែល​ប្រើ​មាន​ជោគជ័យ​នោះ មូលនិធិ​នេះ​នឹង​ស្វែង​រក​មូលនិធិ​ដើម្បី​ធ្វើ​កិច្ចការ​នេះ​បន្ត​ទៀត។

ជំរឿន​ទូទៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០០៨ ប្រជាជន​រស់​នៅ​តាម​តំបន់​ជនបទ​ប្រមាណ ២៣,២% ប៉ុណ្ណោះ ដែល​ទទួល​បាន​បរិក្ខារ​អនាម័យ​ត្រឹមត្រូវ។ ប្រព័ន្ធ​ព័ត៌មាន​គ្រប់គ្រង​ការ​អប់រំ​ក្នុង​ឆ្នាំ​២០០៨ ២០០៩ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សាលា​បឋមសិក្សា​តែ ២២,៤% ប៉ុណ្ណោះ ដែល​មាន​បង្គន់​អនាម័យ៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។