ពល​រដ្ឋ​នៅ​រតនគិរី​ចោទ​ប៉ូលិស​ថា​ប្រើ​អំពើ​ហិង្សា

នៅ​ឯ​ខេត្ត​រតនគិរី ប្រជា​ពល​រដ្ឋ​ម្នាក់​បាន​ចោទ​ប្រកាន់​ទៅ​លើ​មន្ត្រី​ប៉ូលិស​មួយ​ក្រុម ថា​បាន​ប្រើ​អំណាច​រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស។

ប្រជា​ពល​រដ្ឋ​ម្នាក់​ឈ្មោះ ថង អឿន អាយុ​៥០​ឆ្នាំ រស់​នៅ​ភូមិ​កាទៀង ឃុំ​ល្បាំង​២ ស្រុក​លំផាត់ ខេត្ត​រតនគិរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ច័ន្ទ ទី​១៣ ខែ​មិថុនា ឆ្នាំ​២០១១ ថា​គាត់ និង​កូន​ប្រុស​អាយុ​១០​ឆ្នាំ បាន​រង​នូវ​អំពើ​វាយ​ដំ​លើ​រាង​កាយ និង​គំរាម​សម្លាប់​ពី​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ និង​បក្ខពួក។

នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ​ដើម​សប្ដាហ៍​នេះ គាត់​បាន​ធ្វើ​ដំណើរ​មក​ការិយាល័យ​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី បំណង​ស្វែង​រក​កិច្ច​គាំពារ​ផ្នែក​សិទ្ធិ​មនុស្ស និង​ប្ដឹង​សុំ​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ផ្ដល់​យុត្តិធម៌​ចំពោះ​គ្រួសារ​គាត់។

លោក ថង អឿន មាន​ប្រសាសន៍​បញ្ជាក់​ថា នាយ​នគរបាល​ប៉ុស្តិ៍​ល្បាំង​ពីរ និង​បក្ខពួក កាល​ពី​ថ្ងៃ​ទី​១១ និង​ទី​១២ ខែ​មិថុនា ឆ្នាំ​២០១១ បាន​ព្រួត​វាយ​គាត់​មួយ​លើក និង​ស្ទាក់​វាយ​គាត់​មួយ​លើក​ទៀត ជា​មួយ​កូន​ប្រុស​ជា​អនីតិជន ដោយ​សារ​តែ​គាត់​មាន​ជម្លោះ​ពាក្យ​សំដី​ជា​មួយ​នឹង​អ្នក​លក់​ដូរ​ក្នុង​ភូមិ​ជា​មួយ​គ្នា ហើយ​អ្នក​លក់​ដូរ​ជា​មិត្តភ័ក្ដិ​ជា​មួយ​មន្ត្រី​ប៉ូលិស​នោះ ៖ "វា​តេ​ហៅ​ប៉ូលិស​ក្លើ​វា​ហ្នឹង​មក មក​អត់​សួរ​រក​ខុស​ត្រូវ ទាញ​ខ្ញុំ​ពី​លើ​ម៉ូតូ​វ៉ៃ​តែ​ម្ដង។ ប៉ូលិស​ពីរ ម្ចាស់​ផ្ទះ​មួយ។ ដល់​ម្សិល​មិញ ខ្ញុំ​ទៅ​ប្ដឹង​ឃុំ គេ​ឲ្យ​យក​ក្រដាស​មក​អូស​ហ្នឹង គេ​ថែម​កម្លាំង​ប៉ូលិស​ពីរ​នាក់​ទៀត​មក​ស្ទាក់​វ៉ៃ​ខ្ញុំ​តាម​ផ្លូវ។ ខ្ញុំ​កំពុង​ជិះ​ម៉ូតូ​វា​ជិះ​ម៉ូតូ​ឌុប​គ្នា វា​ធាក់​ម៉ូតូ​ខ្ញុំ​ប្រដួល​ធាក់​ត្រូវ​ខ្ញុំ​ម៉ា​ជើង ធាក់​ត្រូវ​កូន​ខ្ញុំ​ម៉ា​ជើង អា​ខ្លះ​ដក​អង្កោល​របង​អា​ខ្លះ​អី"

នៅ​ក្នុង​ពាក្យ​បណ្ដឹង​របស់​លោក ថង អឿន បាន​ប្ដឹង​ចោទ​នាយ​នគរបាល​ប៉ុស្តិ៍​ល្បាំង​២ គឺ​លោក ឈូក សំអឿន។ មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍ លោក ខន ថា និង​ប្រជា​ពល​រដ្ឋ​អ្នក​លក់​ដូរ​ឈ្មោះ ដា រួម​ទាំង​ភ្នាក់ងារ​ប៉ូលិស​ប៉ុស្តិ៍​ល្បាំង​២ ចំនួន​ពីរ​នាក់​ផ្សេង​ទៀត​មិន​ស្គាល់​ឈ្មោះ។

នាយ​នគរបាល​ប៉ុស្តិ៍​ល្បាំង​ពីរ លោក ឈូក សំអឿន បាន​បដិសេធ​ការ​ប្រកាន់​នោះ ហើយ​អះអាង​ថា លោក​ជា​អ្នក​បាន​ជួយ​លោក ថង អឿន ដែល​ឋិត​ក្នុង​សភាព​ស្រវឹង​ស្រា ហើយ​ជេរ​ប្រមាថ​លោក​ជា​មន្ត្រី​ប៉ូលិស​ទៅ​វិញ​ទេ ៖ "អា​អ្នក​ទៅ​ប្ដឹង​ទៅ​ជេរ​គេ ហើយ​គាត់​ផឹក​ស្រវឹង​ខ្ញុំ​ទៅ​ឃាត់។ ខ្ញុំ​ថា​បង​អើយ​បង​ឯង​ស្រវឹង​ហើយ ទៅ​ដេក​ទៅ។ អ៊ីចឹង​ខ្ញុំ​កំពុង​ឈរ​និយាយ​ទូរស័ព្ទ​ជា​មួយ​មេ​របស់​ខ្ញុំ ហើយ​មាន​កម្លាំង​ខ្ញុំ​ម្នាក់​ហ្នឹង គាត់​ស្រវឹង​ខ្ញុំ​ក៏​ឲ្យ​កូន​ចៅ​ខ្ញុំ​ហ្នឹង​យក​ម៉ូតូ​ខ្ញុំ​ជូន​គាត់​ទៅ​ដេក។ ចុង​ក្រោយ​មាន​ជូន​ឯណា ទៅ​ចាប់​សក់​ប៉ូលិស​ខ្ញុំ​ហ្នឹង ខ្ញុំ​ក៏​ឃាត់​ទៅ មាន​វ៉ៃ​មាន​តប់​អី សុទ្ធ​តែ​រឿង​មិន​ពិត"

មេ​ឃុំ​ល្បាំង​ពីរ លោក ប៊ុន ហ៊ាង មាន​ប្រសាសន៍​បញ្ជាក់​ថា អ្នក​ភូមិ​ដែល​បាន​ឃើញ​ហេតុ​ការណ៍ អះអាង​ថា​ពិត​ជា​មាន​ការ​ប្រើ​អំណាច​ជា​ប៉ូលិស​វាយ​ដំ​លោក ថង អឿន មែន។

លោក​បន្ត​ថា បាន​អញ្ជើញ​នាយ​ប៉ុស្តិ៍​ប៉ូលិស​មក​សាក​សួរ​ក្នុង​រឿង​ហេតុ​នេះ តែ​មន្ត្រី​ប៉ុស្តិ៍​មិន​បាន​មក​បំភ្លឺ​ជា​មួយ​មន្ត្រី​ឃុំ​នៅ​ឡើយ។ ហើយ​ករណី​នេះ​លោក​បាន​ធ្វើ​ចំណារ​ទៅ​លើ​ពាក្យ​បណ្ដឹង លោក​ថង អឿន និង​ធ្វើ​កំណត់​ហេតុ​បំភ្លឺ​របស់​ជន​រង​គ្រោះ និង​សាក្សី​ចំនួន ៥​នាក់ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ស្វែង​រក​យុត្តិធម៌​ក្នុង​រឿង​នេះ ៖ "គ្មាន​ស្ដាប់​ឃុំ​ស្ដាប់​ក្រុម​ប្រឹក្សា​ឃុំ​ទេ មាន​ប្រជា​ពល​រដ្ឋ​គេ​មក​ប្តឹង​ហ្នឹង ហើយ​មាន​អ្នក​ជិត​ខាង​គាត់​មក​បញ្ជាក់​ហេតុ​ផល​វា​ច្បាស់​ហើយ"

បុគ្គលិក​ផ្នែក​អង្កេត​សមាគម​អាដហុក​ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​បញ្ជាក់​ថា យោង​ពាក្យ​បណ្ដឹង​របស់​លោក ថង អឿន ករណី​នេះ​មាន​ជាប់​ទាក់​ទិន​នឹង​ការ​ចោទ​ប្រកាន់​ទៅ​លើ​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​អំណាច​រំលោភ​ច្បាប់ និង​សិទ្ធិ​មនុស្ស ហេតុ​នេះ​សមាគម​លោក​បាន​ធ្វើ​អន្តរាគមន៍​បញ្ជូន​ពាក្យ​បណ្ដឹង​នេះ​ទៅ​ស្ថាប័ន​អយ្យកា​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី ៖ "ដំណាក់​ការ​របស់​យើង​ឲ្យ​ខាង​តុលាការ។ ពាក្យ​បណ្ដឹង​គាត់​មាន​ការ​វាយ​ដុំ ឪពុក​ហើយ​រហូត​ដល់​កូន​ទៀត។ រឿង​នេះ​ជា​រឿង​មួយ​ដែល​មន្ត្រី​ជា​សមត្ថកិច្ច​ដែល​មាន​តួ​នាទី"

របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក​ខេត្ត​រតនគិរី​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១០ សមាគម​នេះ​រក​ឃើញ​ករណី​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ប្រើ​អំណាច និង​អាវុធ​វាយ​គំរាម​កំហែង​ប្រជា​ពល​រដ្ឋ​នៅ​ខេត្ត​រតនគិរី មាន​ចំនួន ១០​ករណី។ ហើយ​ក្នុង​ឆមាស​ដើម​ឆ្នាំ​២០១១ នេះ ករណី​ដូច​គ្នា​នេះ​កើត​មាន ៥​ករណី​ហើយ៕