គ្រូបង្រៀន​ចូល​និវត្តន៍​នៅ​តាកែវ​ត្អូញ​ពី​បញ្ហា​បើក​ប្រាក់​យឺតយ៉ាវ

ក្រុម​គ្រូបង្រៀន និង​អតីត​គ្រូ​បង្រៀន​ដែល​ចូល​និវត្តន៍​នៅ​ខែត្រ​តាកែវ ត្អូញត្អែរ​ពី​បញ្ហា​ប្រាក់​ចូល​និវត្តន៍ និង​ប្រាក់​ឧបត្ថម្ភ​ដល់​គ្រូ​សម្រាប់​រៀង​រាល់​ថ្ងៃ​ព្រហស្បតិ៍ មាន​ការ​យឺតយ៉ាវ​ក្នុង​ការ​បើក​មក​ឲ្យ​ពួក​គាត់ ដែល​គិត​មក​ដល់​ថ្ងៃ​ទី​៩ ខែ​មេសា ឆ្នាំ​២០១១​នេះ មាន​រយៈពេល​ជាង​១​ឆ្នាំ​មក​ហើយ។

អតីត​នាយក​រង​វិទ្យាល័យ​ភ្ញីមាស ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ លោក ព្រំ ស៊ុម មាន​ប្រសាសន៍​ថា តាំង​ពី​គាត់​ចូល​និវត្តន៍​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១០ មក​ដល់​បច្ចុប្បន្ន​គាត់​បាន​ទទួល​បាន​តែ​ប្រាក់​គោលនយោបាយ​ពី​ក្រសួង​អប់រំ​១​ដង​គត់។ ចំណែក​ប្រាក់​ចូល​និវត្តន៍​ប្រចាំ​ខែ មន្ត្រី​សង្គមកិច្ច ក៏​ដូច​មន្ទីរ​​អបរំ និង​ការិយាល័យ​អប់រំ​ស្រុក ពុំ​បាន​ប្រាប់​ថា ប្រាក់​នោះ​បើក​ឲ្យ​នៅ​ពេល​ណា​ពិត​ប្រាកដ​នោះ​ទេ។

លោក ព្រំ ស៊ុម បន្ត​ថា ពួកគាត់​ចូល​និវត្តន៍​ក្នុង​ឆ្នាំ​២០១០ ទាំង​គ្រូ​បឋម​សិក្សា អនុវិទ្យាល័យ និង​វិទ្យាល័យ សរុប​ជាង ២០​នាក់ កំពុង​រង់ចាំ​ប្រាក់​ខែ​ចូល​និវត្តន៍​នោះ ដើម្បី​ចូល​រួម​បុណ្យ​ចូល​ឆ្នាំ​ថ្មី ៖ «អា​ហ្នឹង​វា​ដូច​ជា​គេ​ទាត់​ចោល​អ៊ីចឹង​ដែរ ព្រោះ​អី​ពេល​យើង​ធ្វើការ​គេ​ឲ្យ​លុយ ទោះ​បី​ជា​យឺតយ៉ាវ​បន្តិចបន្តួច រអាក់រអួល​អី​ក៏​គេ​ឲ្យ​គ្រាន់តែ​យើង​ឈប់​ធ្វើការ គេ​ដូច​ជា​បង្អត់​ហ្មង ដូច​សឹង​ថា ឲ្យ​ងាប់​អ៊ីចឹង​តែម្ដង»

គ្រូ​ចូលនិវត្តន៍​ម្នាក់​ទៀត​ដែល​ជា​អតីត​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ភ្នំ​ជីសូរ ស្រុក​សំរោង អ្នកគ្រូ មេ បូរី មាន​ប្រសាសន៍​ថា គាត់​ជា​មន្ត្រី​រាជការ​ចូល​និវត្តន៍​គ្មាន​ដី​ស្រែ​ចម្ការ​ធ្វើ​នឹង​គេ​ទេ។ គាត់​មាន​វ័យ​ជាង ៦០​ឆ្នាំ កាន់​តែ​ចាស់ មិន​អាច​មាន​របរ​រក​ស៊ី​ក្រៅ​ពី​រំពឹង​ប្រាក់​ចូល​និវត្តន៍ ដែល​មាន​១​ខែ​ជិត ១៩​ម៉ឺន​រៀល​នោះ​ទេ។

អ្នកគ្រូ មេ បូរី បន្ត​ថា ៖ «ហើយ​រស់​នៅ​ម្នាក់​ឯង គ្មាន​កូន​គ្មាន​ចៅ​ឯ​ណា​ទេ។ ឥឡូវ​នេះ​ជិត​ដល់​បុណ្យ​ប្រពៃណី​ជាតិ​ចូល​ឆ្នាំ​ខ្មែរ​នេះ បើ​ប្រាក់​ខែ​ថ្ងៃ​នេះ​ហើយ​មិន​ទាន់​បើក តើ​ខ្ញុំ​បាន​លុយ​កាក់​ឯ​ណា​ទៅ​ទិញ​រណ្ដាប់​សម្រាប់​ថ្វាយ​ទេវតា?»

អតីត​គ្រូបង្រៀន​សាលា​បឋម​សិក្សា​ភ្នំ​ជីសូរ លោក កឹម ថា បាន​ឲ្យ​ដឹង​ថា គាត់​រង់ចាំ​ប្រាក់​ខែ​ចូល​និវត្តន៍​យូរ​ពេក គាត់​ក៏​បាន​ខ្ចី​លុយ​គេ​ចាយ​រហូត​គាត់​ដាច់​ចិត្ត​លក់​ឈ្មោះ​គាត់​ចូល​និវត្តន៍​នោះ​ឲ្យ​គេ​១​ឆ្នាំ។

លោក​បន្ត​ថា ប្រាក់​ចូល​និវត្តន៍ ១​ឆ្នាំ​មាន​ចំនួន ១​លាន​៦០​ម៉ឺន តែ​អ្នក​ទិញ​ឈ្មោះ​គាត់​នោះ​គេ​ឲ្យ​តែ ៨០​ម៉ឺន​រៀល​ទេ ៖ «ចង់​សំណូមពរ​ឲ្យ​គេ​បើក​ប្រាក់​ខែ​ទៀងទាត់ ដូច​គេ​កំពុង​បង្រៀន​អ៊ីចឹង»

ក្រុម​គ្រូ​កំពុង​បង្រៀន​នៅ​ស្រុក​គិរីវង់ ក៍​បាន​ឲ្យ​ដឹង​ដែរ​ថា ប្រាក់​ឧបត្ថម្ភ ២​ម៉ឺន​រៀល​ពី​នាយករដ្ឋមន្ត្រី ហ៊ុន សែន ឧបត្ថម្ភ​គ្រូ និង​ប្រាក់​បង្រៀន​ថ្ងៃ​ព្រហស្បតិ៍ ពួក​គាត់​មិន​បាន​ទទួល​ទេ​តាំង​ពី​ខែ​១០ ឆ្នាំ​២០១០។

មន្ត្រី​មន្ទីរ​អប់រំ​ខេត្ត​តាកែវ មិន​អាច​ទាក់ទង​ជម្រាប​សួរ​ព័ត៌មាន​បាន​ទេ​នៅ​ថ្ងៃ​នេះ ប៉ុន្តែ​មន្ត្រី​ការិយាល័យ​អប់រំ​ស្រុក​ព្រៃកប្បាស លោក រដ្ឋ ស្រៀន មាន​ប្រសាសន៍​ថា ប្រាក់​ខែ​គ្រូ​បង្រៀន​នៅ​ក្នុង​ស្រុក​នេះ កំពុង​បើក និង​បន្ត​បើក​នៅ​សប្ដាហ៍​ក្រោយ។ ចំណែក​ប្រាក់​ចូល​និវត្តន៍​របស់​លោក​គ្រូ អ្នក​គ្រូ​ក្នុង​ស្រុក​នេះ លោក​បាន​បញ្ជូន​ឯកសារ​ទៅ​ក្រសួង​អប់រំ​ហើយ។ ចំណែក​ប្រាក់​ធ្លាក់​មក​វិញ គឺ​តាមរយៈ​មន្ទីរ​សង្គមកិច្ច​ខេត្ត ដូច​នេះ​ហួស​សមត្ថភាព​របស់​ការិយាល័យ​អប់រំ​ស្រុក​ហើយ ៖ «ចេះ​តែ​ជួយ​ជំរុញ ចេះ​តែ​សួរៗ គេ​អ៊ីចឹង​ដែរ គេ​ថា ជិត​ហើយៗ តែ​វា​ក្រសួង​ផ្សេង យើង​មិន​អាច​នេះ»

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន បាន​ថ្លែង​ថា ប្រាក់​ចូល​និវត្តន៍ ប្រសិន​បើ​មន្ទីរ ឬ​ក្រសួង​អប់រំ​បញ្ជូន​ឯកសារ​គ្រូៗ​ចូលនិវត្តន៍​ទៅ​មន្ទីរ ឬ​ក្រសួង​សង្គមកិច្ច ប្រាក់​ខែ​ចូល​និវត្តន៍​អាច​យឺត​តែ​ក្នុង​រយៈពេល ៣​ខែ​ទេ ឬ​យូរ​បំផុត ៦​ខែ មិន​អាច​ពន្យារ​ដល់​១​ឆ្នាំ ឬ​លើស​ពី​នោះ​ទេ។ លោក​ថា កន្លង​មក​គេ​ឃើញ​ប្រាក់​មន្ត្រី​ចូល​និវត្តន៍ ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​លើ​ទីផ្សារ​កេង​ចំណេញ​ឯកជន ធ្វើ​ឲ្យ​មន្ត្រី​រាជការ​ចូល​និវត្តន៍​ទន្ទឹង​រង់ចាំ​បើក​ប្រាក់​ច្រើន​ឆ្នាំ។

កាល​ពី​ថ្ងៃ​សុក្រ ទី​៨ ខែ​មេសា កិច្ច​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ត្រី បាន​ឆ្លង​សេចក្ដី​ព្រាង​អនុក្រឹត្យ​ស្ដីពី ការ​កំណត់​អត្រា​ភាគ​ទាន​សម្រាប់​ទ្រទ្រង់​បេឡា​ជាតិ​សន្តិសុខ​សង្គម (ប.ជ.ស) សម្រាប់​មន្ត្រី​រាជការ​ស៊ីវិល មាន​អត្រា​សរុប ២៤% សម្រាប់​ទ្រទ្រង់​មូលនិធិ ប.ជ.ស ដើម្បី​ធានា​លើ​ការ​បើក​ផ្ដល់​របប​សន្តិសុខ​សង្គម​ជូន​មុខ​សញ្ញា​របស់ ប.ជ.ស ដែល​រួម​មាន​ការ​ចូល​និវត្តន៍ ការ​បាត់បង់​សម្បទាន​វិជ្ជាជីវៈ មាតុភាព គ្រោះថ្នាក់​ការងារ មរណភាព និង​អ្នក​នៅ​ក្នុង​បន្ទុក តាម​អត្រា​របប​គោលនយោបាយ​ដែល​កំពុង​ជា​ធរមាន៕