គ្រោះថ្នាក់​ចរាចរណ៍​នៅ​ពោធិ៍សាត់​កើន​ឡើង​នៅ​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០០៩

ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​ថា សម្រាប់​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០០៩ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មាន​ការ​កើន​ឡើង​គួរ​ឲ្យ​ចាប់​អារម្មណ៍។
ដោយ មណ្ឌលកែវ
2009.12.26

ប្រធាន​ផ្នែក​រដ្ឋបាល​និង​សរុប​នៃ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក ជី ហុង បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ព្រឹក​ថ្ងៃ​២៤ ធ្នូ ថា សម្រាប់​ត្រីមាស​ទី​៤ ដែល​ជា​ត្រីមាស​ចុង​ក្រោយ​នៃ​ឆ្នាំ​២០០៩ ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​ខេត្ត​មាន​ការ​កើន​ឡើង។

លោក ជី ហុង មាន​ប្រសាសន៍​ដូច្នេះ​ថា ៖ «ក្នុង​រយៈពេល​៣​ខែ​ចុង​ឆ្នាំ​២០០៩​នេះ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង។ កើត​ឡើង​ចំនួន​៧០​លើក បណ្ដាល់​ឲ្យ​រង​គ្រោះ​ថ្នាក់​ដល់​មនុស្ស​នោះ​ចំនួន​៤៧​នាក់ របួស​ធ្ងន់​៦០ ស្លាប់​២១ ហើយ​ការ​ខូចខាត​មធ្យោបាយ​(ធ្វើ​ដំណើរ)​ចំនួន​៥៩​គ្រឿង រថយន្ត​តូច​១៤​គ្រឿង រថយន្តធំ​៩​គ្រឿង»

របាយការណ៍​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​ថា កាល​ពី​ឆ្នាំ​២០០៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បាន​កើត​មាន​ចំនួន​១៨៣​លើក ដែល​បណ្តាល​ឲ្យ​គ្រោះថ្នាក់​ដល់​ជីវិត​មនុស្ស​៦៤​នាក់ របួស​ធ្ងន់​២០៣​និង​ស្រាល​១១៣​នាក់។

នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ គឺ​លោក រស់ ចំរើន មាន​ប្រសាសន៍​នៅ​ព្រឹក​ថ្ងៃ​២៥ ធ្នូ នេះ​ថា បណ្តា​ករណី​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើន​កើត​ឡើង​បណ្តាល​មក​ពី​ការ​បើក​បរ​មិន​គោរព​ច្បាប់។ លោក​ក៏​បាន​អំពាវនាវ​ផង​ដែរ​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ឲ្យ​បាន​ម៉ឺងម៉ាត់​នូវ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ទើប​អាច​ចៀស​ផុត​ពី​គ្រោះថ្នាក់​បាន។

លោក រស់ ចំរើន មាន​ប្រសាសន៍​ថា ៖ «ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​ឡើង​កន្លង​មក​ហ្នឹង គឺ​បណ្ដាល​មក​ពី​ការ​ប្រើប្រាស់​ល្បឿន​បញ្ហា​ទី​១ ហើយ​បញ្ហា​បន្ទាប់​ពី​ល្បឿន​មក​គឺ​ស្រវឹង មាន​តែ​ពីរ​កត្តា​ហ្នឹង​ទេ​ដែល​វា​ជា​បញ្ហា​សំខាន់។ ខាង​ចរាចរណ៍​ខ្ញុំ​បាទ​ហ្នឹង គឺ​ចង់​ឲ្យ​ប្រជាជន​ទាំងអស់​ហ្នឹង​ឲ្យ​គោរព​ច្បាប់​ទាំងអស់​គ្នា​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់ សំណូមពរ​តែ​ប៉ុណ្ណឹង​ទេ​ថា ឲ្យ​ប្រជាជន​គោរព​ច្បាប់​ទាំងអស់​គ្នា​ទៅ ការ​គ្រោះថ្នាក់​ចរាចរណ៍​ហ្នឹង​គឺ​វាថយ​ហើយ»

របាយការណ៍​ចុង​ឆ្នាំ​របស់​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​បង្ហាញ​ថា គិត​ចាប់​ពី​ថ្ងៃ​១៥ ខែ​ធ្នូ ឆ្នាំ​២០០៨ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០០៩ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទូទាំង​ខេត្ត​កើត​មាន​ចំនួន​២៣៨​លើក ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​៧៣​នាក់​និង​របួស​ធ្ងន់​២០៦​នាក់។ បើ​ប្រៀប​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០០៨​កន្លង​ទៅ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ទូទាំង​ខេត្ត​បាន​កើន​ឡើង​៥៥​ករណី ខូច​ខាត​រថយន្ត​ធុន​ធំ​៣៩​គ្រឿង រថយន្ត​ធុន​តូច​៦៨​គ្រឿង ម៉ូតូ​២០៤​គ្រឿង​និង​ស្លាប់​សត្វ​ពាហនៈ​ចំនួន​៨​ក្បាល៕

អត្ថបទពេញនិយម
ព័ត៌មាន​ថ្មីៗ
អ្នកសារព័ត៌មាន​ក្នុង​ស្រុក និង​ក្រៅ​ប្រទេស​អំពាវនាវ​ឱ្យ​តុលាការ​ទម្លាក់​បទចោទប្រកាន់ និង​ដោះលែង​លោក ម៉ិច ដារ៉ា ឱ្យ​មាន​សេរីភាព
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។