មន្ត្រីស៊ើបសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ ប្រចាំខែត្រកំពង់ធំ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន ៥គ្រួសារ តំណាងឲ្យអ្នកភូមិចំនួន ២០២គ្រួសារ បានយកពាក្យបណ្ដឹងមកដាក់នៅទីស្នាក់ការអង្គការរបស់លោក ដើម្បីស្នើសុំឲ្យជួយអន្តរាគមន៍ទៅអភិបាលខែត្រ ក្នុងការបញ្ឈប់ក្រុមហ៊ុនបូមខ្សាច់ពីបាតស្ទឹងសែន។
លោក ញូង សាមឿង មន្ត្រីសម្របសម្រួលនៃអង្គការសិទ្ធិមនុស្សលីកាដូ បានមានប្រសាសន៍ថា ការបូមខ្សាច់នេះគឺប៉ះពាល់ដល់ការបាក់ច្រាំងស្ទឹង ដែលជាកត្តាភ័យព្រួយដល់អ្នកភូមិខ្លាចបាក់ដល់ផ្ទះរបស់ពួកគាត់ដែលរស់នៅតាមដងស្ទឹងសែន។
លោក ញូង សាមឿង បានបញ្ជាក់ថា លោកនឹងយកពាក្យបណ្ដឹងទាំងនោះទៅដាក់ជូនអភិបាលខែត្រនៅក្នុងពេលឆាប់ៗនេះ ៖ «ផលប៉ះពាល់នៃការបូមខ្សាច់ហ្នឹង គឺវាធ្វើឲ្យរលុះដីនៅស្ទឹងហ្នឹង ហើយពេលទឹកជំនន់មកហ្នឹង វាធ្វើឲ្យរលំផ្ទះរបស់ពួកគាត់»។
អ្នកភូមិជាច្រើនបានអះអាងថា ទូកធំៗជាច្រើនគ្រឿងបានធ្វើសកម្មភាពបូមខ្សាច់នៅទល់មុខសាលប្រជុំខែត្រកំពង់ធំ ដែលគេបូមយកទៅចាក់បំពេញបឹងភេប្រមាណ ៤ហិកតារ ក្នុងចំណោមផ្ទៃដីរាប់សិបហិកតារនៅក្នុងទីរួមខែត្រកំពង់ធំនោះ។
អ្នកភូមិដដែលបានអះអាងថា បច្ចុប្បន្នច្រាំងស្ទឹងសែន កំពុងបាក់ជាបណ្តើរៗហើយ ប្រសិនបើអាជ្ញាធរខែត្រមិនបញ្ឈប់ការបូមទេនោះ វានឹងអាចបាក់ស្រុតច្រាំងស្ទឹងដល់ផ្ទះពួកគាត់ទៀត ៖ «ឥឡូវអាសាឡង់ពីរហ្នឹងទៅបាត់ទៅ ស្រាប់តែមានកាណូតបីនេះអត់ឈប់ទេ បូមកាន់តែខ្លាំង បាក់ក៏ខ្លាំងដែរ ខាងផ្ទះខ្ញុំស្រុតកាន់ខ្លាំង ផ្ទះបាយខ្ញុំបែបរើចេញហើយ ព្រោះស្រុតពាក់កណ្ដាលហើយ»។
អភិបាលខែត្រកំពង់ធំ លោក ឈុន ឈាន់ បានអះអាងថា ការបូមខ្សាច់នេះគឺគេបូមជារៀងរាល់ឆ្នាំនៅទល់មុខសាលាប្រជុំខែត្រនោះ ព្រោះថា ដីបាតស្ទឹងនៅទីនោះ ដុះជារៀងរាល់ឆ្នាំនៅរដូវវស្សា ហើយការបូមនេះមិនគំរាមកំហែងដល់ការបាក់ច្រាំងស្ទឹងទេ ៖ «គេបូមជារៀងរាល់ឆ្នាំអ៊ីចឹង ប៉ុន្តែមិនកើតមានព្រឹត្តិការណ៍អីអាក្រក់អ៊ីចឹងទេ ខ្ញុំពិនិត្យឃើញអ៊ីចឹង ប៉ុន្តែវាកើតមានត្រង់កន្លែងណាមួយដូចដែលគាត់ព្រួយបារម្ភហ្នឹង ដូចមិនដែលឃើញ»។
ទោះជាយ៉ាងនេះក្ដី មេភូមិស្ទឹងសែន បានបញ្ជាក់ថា លោកមានការព្រួយបារម្ភអំពីការបាក់ច្រាំងស្ទឹង ដោយសារតែការបូមខ្សាច់នេះ។ កន្លងមកអ្នកភូមិក៏មានការតវ៉ា និងដាក់ពាក្យបណ្ដឹងទៅសាលាខែត្រដែរ ប៉ុន្តែមិនមានដំណោះស្រាយទៅវិញ ៖ «ពេលមុនខ្ញុំថា ឲ្យគាត់ទៅអង្វរអភិបាលក្រុងផ្ទាល់ទៅ គាត់ថា យ៉ាងម៉េចៗ តែខ្ញុំនិយាយឲ្យចំទៅ មេភូមិស្រេចគេបញ្ជា ឲ្យទៅឆ្វេង ឆ្វេង គេឲ្យទៅស្តា ស្ដាំ មិនអាចទៅជួយអីគេបានទាំងអស់ទេ»។
ក្រុមហ៊ុនបានចាប់ផ្តើមបូមខ្សាច់ចាប់តាំងពីខែតុលា ឆ្នាំ២០១០មក ហើយប្រជាពលរដ្ឋក៏បានដាក់ពាក្យបណ្តឹងទៅសាលាខែត្រតាំងពីពេលនោះមកដែរ ដែលនៅពេលនោះ ក្រុមហ៊ុនក៏បានផ្អាកបូមខ្សាច់មួយរយៈ តែក្រោយមកក្រុមហ៊ុនបានចាប់ផ្ដើមបូមខ្សាច់ឡើងវិញបន្តមកដល់បច្ចុប្បន្ន។
មន្ត្រីជាន់ខ្ពស់សាលាខែត្រកំពង់ធំ មួយរួប សុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បឹងភេ អតីតជាដីរបស់គណបក្សប្រជាជនខែត្រកំពង់ធំ ប៉ុន្តែត្រូវបានប្រធានបក្សខែត្របានផ្ទេរឲ្យក្រុមហ៊ុនឯកជនជាថ្នូរនឹងការសាងសង់ទីស្នាក់ការគណបក្សប្រជាជនកម្ពុជាថ្មី៕