សំឡេងស្រែកដាក់ឧគ្ឃោសនស័ព្ទ ៖ "កម្មករ កម្មារិនី ជម្រាបនាយកក្រុមហ៊ុន សាង វ៉ូ ឲ្យបានជ្រាបថា ឲ្យដោះលែងលោក ស៊ុន ពិសី ឲ្យចូលធ្វើការវិញ"។
កម្មករប្រមាណ ៥០០នាក់ បាននាំគ្នាធ្វើបាតុកម្មអហិង្សានេះចំនួន ៥ថ្ងៃមកហើយ នៅមុខរោងចក្រកាត់ដេរ សាង វ៉ូ តាមដងផ្លូវជាតិលេខ៤ ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្រោយពីតំណាងសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជាម្នាក់ គឺលោក ស៊ុន ពិសី អាយុ ២៨ឆ្នាំ ត្រូវសមត្ថកិច្ចចាប់ឃុំកាលពីម៉ោង ៤រសៀល ថ្ងៃទី១០ មិថុនា ហើយមកដល់ពេលនេះនៅពុំទាន់មានដំណោះស្រាយនៅឡើយ។
អ្នកស្រី ស៊ិន ស្រីស្រស់ ជាភរិយាលោក ស៊ុន ពិសី បានអះអាងថា នៅព្រឹកថ្ងៃ១០ មិថុនា មានកម្មករជាសមាជិកសហជីពច្រើននាក់បានមកប្រាប់ប្ដីគាត់ថា ប្រធានផ្នែកកាត់ព្រុយសម្លៀកបំពាក់ឈ្មោះ អ្នកស្រី ស៊ឹម វរលក្ខណ៍ បានប្រាប់ទៅកម្មករថា បើអ្នកណាចូលជាសមាជិករបស់សហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រញាប់ដាក់ពាក្យឈប់ធ្វើការទៅ ព្រោះរោងចក្រមិនត្រូវការសហជីពនោះទេ។
នៅពេលបាយថ្ងៃត្រង់ ប្ដីគាត់ (ស៊ុន ពិសី) ទៅជួបអ្នកស្រី ស៊ឹម វរលក្ខណ៍ ដើម្បីសាកសួរពីបញ្ហានោះ។ ប៉ុន្តែការសាកសួរបែរជាអ្នកស្រី ស៊ឹម វរលក្ខណ៍ ស្ដោះទឹកមាត់ដាក់មុខ និងវាយប្ដីគាត់តែម្តង ហើយប្ដីគាត់បានយកដៃគ្រវាសការពារខ្លួន ក៏ត្រូវមុខអ្នកស្រី ស៊ឹម វរលក្ខណ៍។ នៅរសៀលម៉ោង ៤ ថ្ងៃទី១០ ខែមិថុនា នោះ ប៉ូលិសខេត្តកំពង់ស្ពឺ បានមកចាប់ប្ដីគាត់យកទៅឃុំ។ នៅថ្ងៃអង្គារ ទី១៤ មិថុនា ប្ដីគាត់ (ស៊ុន ពិសី) ត្រូវតុលាការខេត្តកំពង់ស្ពឺ ចោទពីបទបង្ករបួសស្នាម ៖ «ដូចវាអយុត្តិធម៌ណាស់ គេនៅធ្វើការ ហើយប្ដីខ្ញុំនៅជាប់គុក»។
វិទ្យុអាស៊ីសេរី នៅថ្ងៃពុធ ទី១៥ ខែមិថុនា មិនអាចទាក់ទងអ្នកស្រី ស៊ឹម វរលក្ខណ៍ ជម្រាបសួរព័ត៌មានឆ្លើយតបចំពោះការចោទប្រកាន់នេះបានឡើយ។
ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំតំបន់ផ្លូវជាតិលេខ៤ លោក ស គឹមសាន បានថ្លែងថា ក្រុមកម្មករតវ៉ានេះដើម្បីទាមទារឲ្យមានការដោះលែងមេសហជីពរបស់គេ និងសុំឲ្យខាងរោងចក្រជួយអន្តរាគមន៍ និងយកបុគ្គលិករបស់ខ្លួនមកធ្វើការវិញ។
លោកថា រោងចក្រហាក់រើសអើងសហជីពសេរីកម្មករមិនឲ្យមានវត្តមានក្នុងរោងចក្រនោះ ៖ «ជំហរកម្មករគេនៅតែធ្វើដដែល ទាល់តែដោះលែង ស៊ុន ពិសី នោះមកវិញសិនបានគេអាចនិយាយពីការចូលធ្វើការអីបាន ព្រោះអីថា ជម្លោះបុគ្គលអី បើម្នាក់វ៉ៃ ស៊ុន ពិសី នៅធ្វើការធម្មតា ហើយ ពិសី នៅជាប់គុក វាអយុត្តិធម៌ត្រង់ហ្នឹង»។
ប្រធានគ្រប់គ្រងធនធានមនុស្សនៃរោងចក្រកាត់ដេរ សាង វ៉ូ លោក ម៉ិច សុខា បានថ្លែងថា ថៅកែរោងចក្រមិនអាចជួយអន្តរាគមន៍បានឡើយ ព្រោះជម្លោះបានកើតក្នុងរោងចក្រពិតមែន ប៉ុន្តែជារឿងជម្លោះបុគ្គល និងបុគ្គល។ ពួកគេបានប្ដឹងទៅសមត្ថកិច្ចដើម្បីរកយុត្តិធម៌ទៅតាមផ្លូវច្បាប់។
រីឯការចោទប្រកាន់ថា រោងចក្ររើសអើងសហជីពនោះ លោកបានបដិសេធថា ជាការមិនពិត ព្រោះក្នុងរោងចក្រកាត់ដេរ សាង វ៉ូ មានសហជីព ៦ កំពុងជួយការពារសិទ្ធិដល់កម្មករ។ ចំពោះការធ្វើបាតុកម្មរបស់កម្មករនៅមុខរោងចក្រមិនព្រមចូលធ្វើការ រោងចក្របានចេញសេចក្ដីជូនដំណឹងឲ្យកម្មករចូលធ្វើការចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃ១៦ មិថុនា បើហួសកំណត់ថ្ងៃប្រកាស រោងចក្រមិនទទួលខុសត្រូវទេ។
លោក ម៉ិច សុខា បន្តថា ៖ «ថារើសអើងសហជីពមួយ ចុះបីបួនទៀតម៉េចក៏មិនរើសអើង អ៊ីចឹងបញ្ហានេះខ្ញុំគិតថា ដូចជាមិនមានបញ្ហាហ្នឹងទេ»។
មន្ត្រីការពារសិទ្ធិមនុស្សខេត្តកំពង់ស្ពឺ លោក រត្ថា វី បានថ្លែងថា ក្រុមកម្មករមិនបានដាក់ពាក្យប្ដឹងមកសមាគមអាដហុក ឲ្យជួយការពារផ្លូវច្បាប់ពីបញ្ហានោះទេ។ ប៉ុន្តែបើតាមកម្មករច្រើនរយនាក់អះអាងនៅមុខតុលាការកាលពីថ្ងៃអង្គារ ទី១៤ មិថុនា ថា លោក ស៊ុន ពិសី ដែលជាប់ឃុំ និងត្រូវតុលាការចោទពីបទបង្ករបួសស្នាមនោះ ពិតជាជនរងគ្រោះក្រោមការវាយដំពីអ្នកស្រី ស៊ឹម វរលក្ខណ៍ ក្រោយលោក ស៊ុន ពិសី បានសាកសួររារាំងកម្មករមិនឲ្យចូលជាសមាជិកសហជីពមែន គួរតែតុលាការពិចារណាឲ្យមែនទែនមុនធ្វើការចោទប្រកាន់ ព្រោះកម្លាំងអ្នកការពារជនជាប់ចោទមានដល់ទៅច្រើនរយនាក់ ឯអ្នកចោទមានតែម្នាក់៕