យុវជន​ប្រមាណ​៧០០​នាក់​នៅ​សៀមរាប​ស្ម័គ្រចិត្ត​បួស​ជា​ព្រះសង្ឃ​នៅ​ថ្ងៃ​ពិសាខបូជា

0:00 / 0:00

មន្ត្រី​សង្ឃ​នៃ​ព្រះពុទ្ធសាសនា​មើល​ឃើញ​ថា បច្ចុប្បន្ន ​យុវជន​ខ្មែរ​កំពុង​ទទួល​យក​ឥទ្ធិពល​នៃ​ការ​រីក​ចម្រើន​ផ្នែក​បច្ចេកវិទ្យា និង​វប្បធម៌​ពី​បរទេស ធ្វើ​ឱ្យ​ពួកគេ​ខ្លះ​ហាក់​បាត់បង់​សីលធម៌​នៃ​ការ​រស់​នៅ​ក្នុង​សង្គម​ខ្មែរ ព្រមទាំង​មិន​យល់​ដឹង​អំពី​ប្រពៃណី និង​វប្បធម៌​ដ៏​ផូរផង់​របស់​សង្គម​ខ្លួន​ឯង​ទៀត​ផង។

ដោយសារ​បញ្ហា​នេះ ព្រះសង្ឃ​ខ្លះ​យល់​ថា មាន​តែ​ការ​ទាក់ទាញ​យុវជន​ខ្មែរ​ឱ្យ​ទទួល​យក​ការ​អប់រំ​តាម​ផ្លូវ​ព្រះពុទ្ធ​សាសនា​ទេ ទើប​អាច​ហាត់ពត់លត់ដំ​ផ្លូវ​ចិត្ត​របស់​យុវវ័យ​ខ្មែរ​ឱ្យ​កាត់​បន្ថយ​ភាព​ភ្លើតភ្លើន​ឱ្យ​ប្រែក្លាយ​ទៅ​ជា​មាន​ចរិត​សុភាពរាបសារ និង​ក្លាយ​ជា​ពលរដ្ឋ​ល្អ​នៅ​ក្នុង​សង្គម​ខ្មែរ​នៅ​ពេល​អនាគត​បាន។

មន្ត្រី​សង្ឃ​ក្នុង​ក្រុង​សៀមរាប កំពុង​រៀបចំ​ពិធី​បំបួស​កុលបុត្រ កុលធីតា​ខ្មែរ​ប្រមាណ ៧០០​រូប ឱ្យ​ប្រែ​ក្លាយ​ទៅ​ជា​សាមណេរ និង​សីលវត្តី​នៃ​ព្រះពុទ្ធ​សាសនា​ខ្មែរ ចាប់​ពី​ថ្ងៃ​ពុធ ទី​២៩ ខែ​មេសា រហូត​ទៅ​ដល់​ថ្ងៃ​ប្រារព្ធ​ពិធី​បុណ្យ​ពិសាខបូជា ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​សៅរ៍ ទី​២ ខែ​ឧសភា ខាង​មុខ​​នេះ។

​ពិធី​បំបួស​កុលបុត្រ និង​កុលធីតា កំពុង​ធ្វើ​ឡើង​នៅ​វត្ត​អង្គរ​ខាងត្បូង ជាប់​បរិវេណ​នៃ​ប្រាសាទ​អង្គរវត្ត ក្រោម​បរិយាកាស​ដ៏​អធឹក​អធម្ម ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ពុទ្ធបរិស័ទ​មក​ពី​ច្រើន​មជ្ឈដ្ឋាន។

ព្រះសង្ឃ​និង​អាណាព្យាបាល​របស់​យុវជន​ជា​ច្រើន​នាំ​គ្នា​កោរ​សក់​កូនៗ​ដើម្បី​ត្រៀម​ខ្លួន​ចូល​សាង​ផ្នួស​ជា​សាមណេរ​នៃ​ព្រះពុទ្ធ​សាសនា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥។
ព្រះសង្ឃ​និង​អាណាព្យាបាល​របស់​យុវជន​ជា​ច្រើន​នាំ​គ្នា​កោរ​សក់​កូនៗ​ដើម្បី​ត្រៀម​ខ្លួន​ចូល​សាង​ផ្នួស​ជា​សាមណេរ​នៃ​ព្រះពុទ្ធ​សាសនា នៅ​ល្ងាច​ថ្ងៃ​ទី​២៩ ខែ​មេសា ឆ្នាំ​២០១៥។ (RFA/Hang Savyouth)

ព្រះ​អនុគណ​ក្រុង​សៀមរាប​ដែល​ជា​អ្នក​រៀបចំ​ព្រឹត្តិការណ៍​បំបួស​យុវជន​ច្រើន​រយ​នាក់​នោះ គឺ​ព្រះភិក្ខុ ឡាច លាង។ ព្រះអង្គ​មាន​ថេរដីកា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២៩ ខែ​មេសា ថា គោលបំណង​ដែល​បំបួស​យុវជន​ខ្មែរ​ឱ្យ​ក្លាយ​ទៅ​ជា​សាមណេរ និង​សីលវត្តី គឺ​មាន​ច្រើន​យ៉ាង។ ទី​១ ដើម្បី​ប្រារព្ធ​ពិធី​បុណ្យ​​ពិសាខបូជា ដែល​ប្រទេស​អ្នក​កាន់​ព្រះពុទ្ធសាសនា​ជា​ច្រើន​តែង​ធ្វើ​ជា​រៀងរាល់​ឆ្នាំ ទី​២ គឺ​ចង់​ឱ្យ​កូន​ខ្មែរ​ប្រុស​ស្រី​ជំនាន់​ក្រោយ​មាន​ឱកាស​តប​ស្នង​សងគុណ​ឪពុក​ម្ដាយ ព្រះ​មហា​វីរក្សត្រ ព្រះមហាក្សត្រ និង​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ ព្រមទាំង​ជួយ​ទ្រទ្រង់​ដល់​ព្រះពុទ្ធ​សាសនា​ក្នុង​សង្គម​ខ្មែរ​ជាដើម។

ព្រះភិក្ខុ ឡាច លាង មាន​ព្រះ​ថេរដីកា​ទៀត​ថា បច្ចុប្បន្ន​ដោយសារ​តែ​បច្ចេកវិទ្យា​សម័យ​ទំនើប​មាន​ការ​ជឿនលឿន​ធ្វើ​ឱ្យ​យុវជន​ខ្មែរ​ជំនាន់​ក្រោយ​ទទួល​យក​ឥទ្ធិ​នៃ​វប្បធម៌​បរទេស និង​ខ្លះ​ទៀត​ភ្លើតភ្លើន​ធ្លាក់​ខ្លួន​ក្នុង​អំពើ​មិន​ល្អ បាត់បង់​សីលធម៌​សង្គម​ជាដើម ដូច្នេះ​ដើម្បី​សាប​ព្រោះ​សីលធម៌​នៅ​ក្នុង​សង្គម​ខ្មែរ​ឡើង​វិញ​ក្នុង​ពិធី​បំបួស​ពេល​នេះ គឺ​ព្រះសង្ឃ​មាន​កម្មវិធី​ជា​ច្រើន​សម្រាប់​អប់រំ​ផ្លូវ​ចិត្ត​ដល់​យុវជន​ទាំង​នោះ៖ «យើង​មាន​មេរៀន​ដូចជា​ប្រវត្តិ​ពង្សាវតារ​ខ្មែរ បទ​លើក​ទង់​ដាក់​ទង់​ព្រះពុទ្ធ​សាសនា នមស្សការ​សុំ​សីល រៀន​ធម៌​សម្រាប់​សូត្រ​ក្នុង​ពិធី​បុណ្យ​ផ្សេងៗ មាគ៌ា​ជីវិត និង​ប្រវត្តិ​ពិសាខបូជា​ជាដើម»

​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ដែល​ជា​ម្ដាយ​និង​ភរិយា បាន​សុខចិត្ត​លះបង់​កូន និង​ប្តី​របស់​ខ្លួន​ឱ្យ​ចូល​សាង​ផ្នួស​ក្នុង​ព្រះពុទ្ធ​សាសនា​ពេលនេះ។

​ស្ត្រី​ឈ្មោះ សោម ទីតូ រស់​នៅ​ភូមិ​ត្រពាំងសេះ សង្កាត់​គោកចក ក្រុង​សៀមរាប ជា​ភរិយា​ម្នាក់​ដែល​សុខ​ចិត្ត​លះបង់​ប្ដី និង​កូន​ប្រុស ២​នាក់​ទៀត ឱ្យ​ចូល​សាង​ផ្នួស មាន​ប្រសាសន៍​ថា គាត់​ចង់​ជួយ​លើក​ស្ទួយ​ព្រះពុទ្ធសាសនា​នៅ​ក្នុង​សង្គម​ខ្មែរ និង​ចង់​ឱ្យ​កូនៗ​របស់​គាត់​ស្គាល់​បុណ្យ​ស្គាល់​បាប និង​សង​គុណ​ដល់​ម៉ែ​ឪ​តាម​រយៈ​ការ​បួស​នេះ។

ស្ត្រី​ដដែល​ជឿ​ថា ការ​លះបង់​ឱ្យ​សាច់ញាតិ​សាង​ផ្នួស​គឺ​នឹង​ទទួល​បាន​អានិសង្ស​ច្រើន ទាំង​ពេល​បច្ចុប្បន្ន​និង​ជាតិ​ខាង​មុខ៖ «ខ្ញុំ​ជឿ​ថា កូន​បួស​សង​គុណ​ម្ដាយ ហើយ​ដូច​ប្ដី​ខ្ញុំ​បួស​ដើម្បី​បំពេញ​កាតព្វកិច្ច គឺ​កូនប្រុស​ត្រូវ​តែ​បួស​អ៊ីចឹង»។

​ព្រះភិក្ខុ ឈន់ ឈឿន ព្រះ​គ្រូសូត្រស្ដាំ​វត្ត​ដំណាក់ មាន​ព្រះ​ថេរដីកា​ថា គ្រួសារ​ខ្មែរ​ណា​ដែល​ផ្ដល់​ឱកាស​ឱ្យ​សាច់ញាតិ​បាន​បួស​នៅ​ក្នុង​ព្រះពុទ្ធ​សាសនា ហើយ​ប្រព្រឹត្តិ​អំពើ​ល្អ​ថែម​ទៀត គឺ​នឹង​ទទួល​បាន​អានិសង្ស ដូច​ជា​មាន​សន្តិភាព និង​សេចក្ដី​សុខ​ខាង​ផ្លូវ​ចិត្ត ព្រមទាំង​ទទួល​បាន​បុណ្យ​កុសល​ពី​អំពើ​ល្អ​ទាំង​នេះ។

​នេះ​ជា​លើក​ទី​៥​ហើយ ដែល​ព្រះសង្ឃ​ខេត្ត​សៀមរាប បាន​ធ្វើ​ពិធី​បំបួស​កុលបុត្រ​កុលធីតា​ខ្មែរ​ច្រើន​រយ​នាក់​នៅ​ក្នុង​ពេល​ប្រារព្ធ​ពិធី​បុណ្យ​ពិសាខបូជា​ម្ដងៗ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។