ពិធីចុះហត្ថលេខាបានធ្វើឡើងនៅឯក្រសួងការបរទេសកម្ពុជា រវាងរដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា លោក ម៉ម ប៊ុនហេង ជាមួយនឹងតំណាងទីភ្នាក់ងារប្រតិបត្តិការអន្តរជាតិកូរ៉េខាងត្បូង លោក ស៊ីន អួយ ឈុល (Shin Eui Cheol) ប្រចាំនៅកម្ពុជា នៅថ្ងៃទី១០ ខែមិថុនា នាក្រសួងការបរទេសកម្ពុជា ក្រោមអធិបតីភាពរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។
ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនៃក្រសួងសុខាភិបាលកម្ពុជា លោកស្រី ឱ វ៉ាន់ឌីន បានមានប្រសាសន៍ប្រាប់អ្នកកាសែតថា អគារមន្ទីរពេទ្យនៅស្រុកបាធាយ ខេត្តកំពង់ចាមនេះ មានសភាពទ្រុឌទ្រោមយ៉ាងខ្លាំង ដូច្នេះជំនួយនេះគឺចំសេចក្ដីត្រូវការយ៉ាងចាំបាច់របស់កម្ពុជា។
លោកស្រីបន្តថា ៖ «កន្លងមកយើងមានមន្ទីរពេទ្យហ្នឹងហើយ ប៉ុន្តែយើងមានការខ្វះខាត ហើយអគាររបស់យើងក៏ទ្រុឌទ្រោម អ៊ីចឹងយើងបានធ្វើកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីធ្វើយ៉ាងណាដំឡើងនូវសមត្ថភាពរបស់មន្ទីរពេទ្យហ្នឹងឲ្យមានលក្ខណៈមួយដែលប្រជាពលរដ្ឋយើងអាចទទួលបាននូវសេវាល្អប្រសើរជាងមុន»។
ថវិកាជំនួយ ៣,៥លានដុល្លារអាមេរិកនេះ ជាជំនួយឥតសំណងផ្ដោតលើការសាងសង់អគារមន្ទីរពេទ្យថ្មី ជួសជុលអគារចាស់ៗ និងបំពាក់សម្ភារៈថ្មីៗ ដើម្បីផ្ដល់សេវាសុខភាពល្អប្រសើរជាងមុនដល់ប្រជាពលរដ្ឋកម្ពុជា ដូចជាការសង្គ្រោះបន្ទាន់ ការព្យាបាលជំងឺទូទៅ ផ្នែកវះកាត់ ការព្យាបាលស្ត្រី កុមារ និងការព្យាបាលជំងឺរបេងជាដើម៕