ប៉ូលិស​ចាប់​ជនជាតិ​ចិន​ ១២​នាក់​ពី​បទ​ចាប់​ជំរិត​ជន​ជាតិ​​ចិន​​ដូចគ្នា​នៅ​​ក្រុង​​ប៉ោយប៉ែត

ដោយ អាស៊ីសេរី
2019.06.16
ចាប់ ចិន ប៉ោយប៉ែត ៦២២ ជនជាតិ​ចិន៥នាក់ ក្នុង​ចំណោម ​១២​នាក់​ ដែល​​ចាប់ជំរិត​ជនជាតិ​ចិន​ដូចគ្នា​នៅ​ក្រុង​ប៉ោយប៉ែត ត្រូវ​បាន​ចាប់​ខ្លួន នៅ​ថ្ងៃ​ទី​១៥ មិថុនា ២០១៩។
រូប​ស្នងការនគរបាល​បន្ទាយមានជ័យ

ប៉ូលិស​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន​បុរស​ជនជាតិ​ចិន​ចំនួន ១២​នាក់ ពី​បទ​ចាប់ជំរិត​ទារ​ប្រាក់​ជនជាតិ​ចិន​ដូច​គា្ន​នៅ​សង្កាត់​ប៉ោយប៉ែត កាល​ពី​រសៀល​ថ្ងៃ​ទី​១៥ មិថុនា។

អធិការ​នគរបាល​រង​ក្រុង​ប៉ោយប៉ែត​ទទួលបន្ទុក​ផ្នែក​អន្តោប្រវេសន៍ លោក អេង លីហួ ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៦ មិថុនា​ថា ជនល្មើស​ជា​ជន​ជាតិ​ចិន​ទាំងនោះ សមត្ថកិច្ច​ចាប់​បាន​នៅ​ក្នុង​ផ្ទះសំណាក់ ឈ្មោះ សុផល ថាវី ចំនួន ​៦​នាក់ និង​រំដោះ​ជនរងគ្រោះ​បាន​ម្នាក់ និង​ជនជាតិ​ចិន​ចំនួន​ ៦​នាក់​ទៀត​ចាប់​នៅ​ក្នុង​ផ្ទះ​ជួល​ក្បែរ​ផ្ទះសំណាក់​សុផល ថាវី នោះដែរ និង​ជួយ​រំដោះ​ជនរងគ្រោះ​ ២​នាក់ នៅ​ក្នុង​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ៖ «ពាក់ព័ន្ធ​នឹង​ការ​ឃាត់​មនុស្ស​ដើម្បី​ឱ្យ​សង​លុយ​វិញ ដោយសារ​ចិន​គ្នា​គាត់​ជំពាក់​លុយ ហើយ​ឃាត់​មនុស្ស​ឱ្យ​សង​លុយ​វិញ ដល់ពេល​អីចឹង យើង​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ឪពុកម្ដាយ​ពី​ប្រទេស​ចិន​តាមរយៈ​ស្ថានទូត​ប្រចាំ​នៅ​កម្ពុជា ហើយក៏​ចុះ​បង្ក្រាប​បាន​២​ទីតាំង​។ ទាំងនេះ​មាន​លិខិតឆ្លងដែន​ទាំងអស់​គ្នា»

លោក​បន្ត​ថា សមត្ថកិច្ច​បាន​សាកសួរ​ជនជាតិ​ចិន​ទាំងនោះ​តាំង​ពី​ថ្ងៃ​ចាប់​ខ្លួន រហូត​ដល់​រសៀល​ដដែល នៅ​ថ្ងៃ​ទី​១៦ មិថុនា នៅ​មិនទាន់​ចប់​នៅ​ឡើយ​ទេ។ លោក​ថា សមត្ថកិច្ច​នឹង​បន្ត​សាកសួរ​ទៀត មុននឹង​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។