ប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួនបុរសជនជាតិចិនចំនួន ១២នាក់ ពីបទចាប់ជំរិតទារប្រាក់ជនជាតិចិនដូចគា្ននៅសង្កាត់ប៉ោយប៉ែត កាលពីរសៀលថ្ងៃទី១៥ មិថុនា។
អធិការនគរបាលរងក្រុងប៉ោយប៉ែតទទួលបន្ទុកផ្នែកអន្តោប្រវេសន៍ លោក អេង លីហួ ប្រាប់អាស៊ីសេរីនៅរសៀលថ្ងៃទី១៦ មិថុនាថា ជនល្មើសជាជនជាតិចិនទាំងនោះ សមត្ថកិច្ចចាប់បាននៅក្នុងផ្ទះសំណាក់ ឈ្មោះ សុផល ថាវី ចំនួន ៦នាក់ និងរំដោះជនរងគ្រោះបានម្នាក់ និងជនជាតិចិនចំនួន ៦នាក់ទៀតចាប់នៅក្នុងផ្ទះជួលក្បែរផ្ទះសំណាក់សុផល ថាវី នោះដែរ និងជួយរំដោះជនរងគ្រោះ ២នាក់ នៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ «ពាក់ព័ន្ធនឹងការឃាត់មនុស្សដើម្បីឱ្យសងលុយវិញ ដោយសារចិនគ្នាគាត់ជំពាក់លុយ ហើយឃាត់មនុស្សឱ្យសងលុយវិញ ដល់ពេលអីចឹង យើងបានទទួលពាក្យបណ្ដឹងពីឪពុកម្ដាយពីប្រទេសចិនតាមរយៈស្ថានទូតប្រចាំនៅកម្ពុជា ហើយក៏ចុះបង្ក្រាបបាន២ទីតាំង។ ទាំងនេះមានលិខិតឆ្លងដែនទាំងអស់គ្នា»។
លោកបន្តថា សមត្ថកិច្ចបានសាកសួរជនជាតិចិនទាំងនោះតាំងពីថ្ងៃចាប់ខ្លួន រហូតដល់រសៀលដដែល នៅថ្ងៃទី១៦ មិថុនា នៅមិនទាន់ចប់នៅឡើយទេ។ លោកថា សមត្ថកិច្ចនឹងបន្តសាកសួរទៀត មុននឹងបញ្ជូនពួកគេទៅសាលាដំបូងខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។