អាជ្ញាធរ​ខេត្ត​សៀមរាប​ប្រារព្ធ​ពិធី​ជាតិ​បង្ការ​និង​ពន្លត់​អគ្គីភ័យ​ជា​លើក​ដំបូង

0:00 / 0:00

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប លោក ឡាច សាវិន ថ្លែង​ថា ក្នុង​រយៈពេល ២​ខែ​ដើម​ឆ្នាំ​២០១៧ នេះ គ្រោះ​អគ្គីភ័យ​បាន​កើត​មាន​ចំនួន ៥​ករណី ក្នុង​នោះ​បណ្ដាល​ឲ្យ​កុមារ​ម្នាក់​អាយុ ៤​ឆ្នាំ​នៅ​ភូមិ​ជប់ ឃុំ​ស្វាយលើ ស្រុក​ស្វាយលើ បាន​ស្លាប់។

មន្ត្រី​ដដែល​ថ្លែង​ថា គ្រោះ​អគ្គីភ័យ​ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ ព្រៃ​ឈើ ព្រម​ទាំង​ជីវិត​របស់​ប្រជាពលរដ្ឋ​ផង​នោះ គឺ​ជា​កង្វល់​យ៉ាង​ធំធេង​របស់​រដ្ឋាភិបាល។

អាជ្ញាធរ​ខេត្ត​សៀមរាប ព្រម​ទាំង​កម្លាំង​ប៉ូលិស កង​រាជ​អាវុធហត្ថ សិស្សានុសិស្ស និង​មន្ត្រី​រាជការ​ប្រមាណ​ជាង ៤០០​នាក់ បាន​រួម​គ្នា​ប្រារព្ធ​ពិធី​ជាតិ​បង្ការ និង​ពន្លត់​អគ្គីភ័យ កាល​ពី​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ។

ការ​ប្រារព្ធ​ពិធី​ជា​លើក​ដំបូង បាន​ធ្វើ​ឡើង​នៅ​កណ្ដាល​ទី​វាល​សាធារណៈ​អង្គរ​ឃ្យូងយូ ដោយ​កម្លាំង​ប៉ូលិស​ជំនាញ​ខាង​ពន្លត់​អគ្គីភ័យ​ក៏​បាន​រៀបចំ​សម្ដែង​សកម្មភាព​ការងារ​របស់​ពួក​គេ បង្ហាញ​សាធារណជន​ដែរ។

ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ធនធាន​មនុស្ស គឺ​លោក ឡាច សាវិន។ លោក​ថ្លែង​នៅ​លើ​វេទិកា​ប្រារព្ធ​ពិធី​ជាតិ​បង្ការ និង​ពន្លត់​អគ្គីភ័យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២២ ខែ​កុម្ភៈ ថា អគ្គីភ័យ គឺ​ជា​គ្រោះ​មហន្តរាយ​ដែល​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ឈាន​ដល់​អាយុ​ជីវិត​ប្រជាពលរដ្ឋ​ខ្លះ​ផង។ នៅ​ខេត្ត​សៀមរាប បច្ចុប្បន្ន ដោយសារ​ការ​អភិវឌ្ឍ​មាន​សន្ទុះ​ឆាប់​រហ័ស គឺ​បាន​ធ្វើ​ឲ្យ​សំណង់​អគារ​ខ្ពស់ៗ បុរី ផ្សារ​ទំនើប សណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រ​សហគ្រាស និង​ផ្ទះ​សំណាក់​នានា បាន​រីក​ដុះដាល​ទាំង​ក្នុង​ទីក្រុង និង​ទី​ជនបទ។ ជាមួយ​គ្នា​នេះ តម្រូវការ​ប្រើប្រាស់​អគ្គិសនី​ជា​ចាំបាច់ ក៏​កាន់​តែ​មាន​កំណើន​ដែរ។

លោក ឡាច សាវិន បញ្ជាក់​ថា កំណើន​នៃ​ការ​ប្រើប្រាស់​អគ្គិសនី​នៅ​តាម​សំណង់​ខ្លះ គឺ​មិន​មាន​បច្ចេកទេស​ត្រឹមត្រូវ បណ្ដាល​ឲ្យ​ក្លាយ​ទៅ​ជា​អគ្គីភ័យ​បង្កើត​ឲ្យ​ប្រជាពលរដ្ឋ​ប្រឈម​មុខ​នឹង​ការ​បាត់បង់​ទ្រព្យ​សម្បត្តិ និង​ពេល​ខ្លះ​អាច​បាត់បង់​អាយុ​ជីវិត​ថែម​ទៀត៖ « ការ​ប្រារព្ធ​ពិធី​ជាតិ​បង្ការ និង​ពន្លត់​អគ្គីភ័យ​ថ្ងៃ​នេះ គឺ​ជា​យុទ្ធនាការ​ដ៏​ធំ​មួយ ក្នុង​គោលដៅ​បំផុស​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ជាតិ អង្គការ​សង្គម​ស៊ីវិល ផ្នែក​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង ឲ្យ​យល់​ដឹង និង​ចូលរួម​ជាមួយ​កម្លាំង​នគរបាល​ក្នុង​ការ​ពន្លត់​អគ្គីភ័យ »

ស្នងការ​នគរបាល​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១៦ គ្រោះ​អគ្គីភ័យ​បាន​កើត​ឡើង​នៅ​ខេត្ត​នេះ​ចំនួន ១៥​លើក។ តួលេខ​នេះ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ គឺ​កើន​ឡើង​ចំនួន ៣​ករណី ប៉ុន្តែ​សមត្ថកិច្ច​មិន​បាន​បង្ហាញ​ពី​ទំហំ​ទឹកប្រាក់​នៃ​ការ​ខូចខាត​ទ្រព្យ​សម្បត្តិ​ទេ។

អភិបាល​រង​ខេត្ត​សៀមរាប លោក ពិន ប្រាកដ ថ្លែង​ថា ដោយសារ​តែ​អគ្គីភ័យ​តែង​កើត​មាន​ញឹកញាប់​នោះ លោក​ស្នើ​ឲ្យ​កម្លាំង​នគរបាល​ពន្លត់​អគ្គីភ័យ ចុះ​ទៅ​ណែនាំ​ដល់​ប្រជាពលរដ្ឋ និង​ម្ចាស់​សហគ្រាស​នានា​នៅ​តាម​កន្លែង​ជាច្រើន ឲ្យ​យល់​ដឹង​ពី​បច្ចេកទេស​បង្ការ និង​វិធី​ពន្លត់​អគ្គីភ័យ​ឲ្យ​បាន​គ្រប់ៗ​គ្នា។ លោក​បញ្ជាក់​ថា កម្លាំង​ជំនាញ​ផ្នែក​ពន្លត់​អគ្គីភ័យ ត្រូវ​បំផុស​ដោយ​លើក​ទឹក​ចិត្ត​ឲ្យ​ម្ចាស់​សំណង់ ព្រម​ទាំង​ប្រជាពលរដ្ឋ​គ្រប់​រូប ឲ្យ​បំពាក់​ប្រព័ន្ធ​សុវត្ថិភាព និង​បង្ការ​ពន្លត់​អគ្គីភ័យ​បាន​ត្រឹមត្រូវ រួម​ទាំង​ការ​គោរព​ប្រតិបត្តិ​ច្បាប់​ស្ដីពី​ការ​បង្ការ និង​ពន្លត់​អគ្គីភ័យ​ផង៖ « ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​មន្ត្រី​រាជការ អាជ្ញាធរ​ដែនដី កង​កម្លាំង​ប្រដាប់​អាវុធ​គ្រប់​ប្រភេទ ប្រជាពលរដ្ឋ វិស័យ​ឯកជន ចូលរួម​ជាមួយ​អាជ្ញាធរ​ក្នុង​ការ​ពន្លត់​អគ្គីភ័យ​ឲ្យ​បាន​ទូលំទូលាយ »

អាជ្ញាធរ​ខេត្ត​សៀមរាប លើក​ទឹក​ចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ចូលរួម​ការពារ និង​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ និង​អគ្គីភ័យ​ផ្សេងៗ​នៅ​រដូវ​ប្រាំង​ឆ្នាំ​នេះ ហើយ​ប្រសិន​បើ​ឃើញ​មាន​ភ្លើង​ឆេះ​ព្រៃ ឬ​ក៏​អគ្គីភ័យ ត្រូវ​ជួយ​រាយការណ៍​ឲ្យ​អាជ្ញាធរ​សមត្ថកិច្ច ដើម្បី​ចាត់​វិធានការ​ទប់ស្កាត់​បាន​ទាន់​ពេល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។