ស្នងការរងនគរបាលខេត្តសៀមរាប លោក ឡាច សាវិន ថ្លែងថា ក្នុងរយៈពេល ២ខែដើមឆ្នាំ២០១៧ នេះ គ្រោះអគ្គីភ័យបានកើតមានចំនួន ៥ករណី ក្នុងនោះបណ្ដាលឲ្យកុមារម្នាក់អាយុ ៤ឆ្នាំនៅភូមិជប់ ឃុំស្វាយលើ ស្រុកស្វាយលើ បានស្លាប់។
មន្ត្រីដដែលថ្លែងថា គ្រោះអគ្គីភ័យដែលបំផ្លាញទ្រព្យសម្បត្តិ ព្រៃឈើ ព្រមទាំងជីវិតរបស់ប្រជាពលរដ្ឋផងនោះ គឺជាកង្វល់យ៉ាងធំធេងរបស់រដ្ឋាភិបាល។
អាជ្ញាធរខេត្តសៀមរាប ព្រមទាំងកម្លាំងប៉ូលិស កងរាជអាវុធហត្ថ សិស្សានុសិស្ស និងមន្ត្រីរាជការប្រមាណជាង ៤០០នាក់ បានរួមគ្នាប្រារព្ធពិធីជាតិបង្ការ និងពន្លត់អគ្គីភ័យ កាលពីព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ។
ការប្រារព្ធពិធីជាលើកដំបូង បានធ្វើឡើងនៅកណ្ដាលទីវាលសាធារណៈអង្គរឃ្យូងយូ ដោយកម្លាំងប៉ូលិសជំនាញខាងពន្លត់អគ្គីភ័យក៏បានរៀបចំសម្ដែងសកម្មភាពការងាររបស់ពួកគេ បង្ហាញសាធារណជនដែរ។
ស្នងការរងនគរបាលខេត្តសៀមរាប ទទួលបន្ទុកធនធានមនុស្ស គឺលោក ឡាច សាវិន។ លោកថ្លែងនៅលើវេទិកាប្រារព្ធពិធីជាតិបង្ការ និងពន្លត់អគ្គីភ័យ នៅព្រឹកថ្ងៃពុធ ទី២២ ខែកុម្ភៈ ថា អគ្គីភ័យ គឺជាគ្រោះមហន្តរាយដែលបំផ្លាញទ្រព្យសម្បត្តិ និងឈានដល់អាយុជីវិតប្រជាពលរដ្ឋខ្លះផង។ នៅខេត្តសៀមរាប បច្ចុប្បន្ន ដោយសារការអភិវឌ្ឍមានសន្ទុះឆាប់រហ័ស គឺបានធ្វើឲ្យសំណង់អគារខ្ពស់ៗ បុរី ផ្សារទំនើប សណ្ឋាគារ ភោជនីយដ្ឋាន រោងចក្រសហគ្រាស និងផ្ទះសំណាក់នានា បានរីកដុះដាលទាំងក្នុងទីក្រុង និងទីជនបទ។ ជាមួយគ្នានេះ តម្រូវការប្រើប្រាស់អគ្គិសនីជាចាំបាច់ ក៏កាន់តែមានកំណើនដែរ។
លោក ឡាច សាវិន បញ្ជាក់ថា កំណើននៃការប្រើប្រាស់អគ្គិសនីនៅតាមសំណង់ខ្លះ គឺមិនមានបច្ចេកទេសត្រឹមត្រូវ បណ្ដាលឲ្យក្លាយទៅជាអគ្គីភ័យបង្កើតឲ្យប្រជាពលរដ្ឋប្រឈមមុខនឹងការបាត់បង់ទ្រព្យសម្បត្តិ និងពេលខ្លះអាចបាត់បង់អាយុជីវិតថែមទៀត៖ « ការប្រារព្ធពិធីជាតិបង្ការ និងពន្លត់អគ្គីភ័យថ្ងៃនេះ គឺជាយុទ្ធនាការដ៏ធំមួយ ក្នុងគោលដៅបំផុសការចូលរួមពីគ្រប់ស្ថាប័នជាតិ អង្គការសង្គមស៊ីវិល ផ្នែកឯកជន និងប្រជាពលរដ្ឋគ្រប់ទីកន្លែង ឲ្យយល់ដឹង និងចូលរួមជាមួយកម្លាំងនគរបាលក្នុងការពន្លត់អគ្គីភ័យ »។
ស្នងការនគរបាលខេត្តសៀមរាប ឲ្យដឹងថា កាលពីឆ្នាំ២០១៦ គ្រោះអគ្គីភ័យបានកើតឡើងនៅខេត្តនេះចំនួន ១៥លើក។ តួលេខនេះ បើប្រៀបធៀបទៅនឹងឆ្នាំ២០១៥ គឺកើនឡើងចំនួន ៣ករណី ប៉ុន្តែសមត្ថកិច្ចមិនបានបង្ហាញពីទំហំទឹកប្រាក់នៃការខូចខាតទ្រព្យសម្បត្តិទេ។
អភិបាលរងខេត្តសៀមរាប លោក ពិន ប្រាកដ ថ្លែងថា ដោយសារតែអគ្គីភ័យតែងកើតមានញឹកញាប់នោះ លោកស្នើឲ្យកម្លាំងនគរបាលពន្លត់អគ្គីភ័យ ចុះទៅណែនាំដល់ប្រជាពលរដ្ឋ និងម្ចាស់សហគ្រាសនានានៅតាមកន្លែងជាច្រើន ឲ្យយល់ដឹងពីបច្ចេកទេសបង្ការ និងវិធីពន្លត់អគ្គីភ័យឲ្យបានគ្រប់ៗគ្នា។ លោកបញ្ជាក់ថា កម្លាំងជំនាញផ្នែកពន្លត់អគ្គីភ័យ ត្រូវបំផុសដោយលើកទឹកចិត្តឲ្យម្ចាស់សំណង់ ព្រមទាំងប្រជាពលរដ្ឋគ្រប់រូប ឲ្យបំពាក់ប្រព័ន្ធសុវត្ថិភាព និងបង្ការពន្លត់អគ្គីភ័យបានត្រឹមត្រូវ រួមទាំងការគោរពប្រតិបត្តិច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យផង៖ « ខ្ញុំសូមអំពាវនាវឲ្យមន្ត្រីរាជការ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ប្រជាពលរដ្ឋ វិស័យឯកជន ចូលរួមជាមួយអាជ្ញាធរក្នុងការពន្លត់អគ្គីភ័យឲ្យបានទូលំទូលាយ »។
អាជ្ញាធរខេត្តសៀមរាប លើកទឹកចិត្តឲ្យប្រជាពលរដ្ឋគ្រប់រូបចូលរួមការពារ និងទប់ស្កាត់ភ្លើងឆេះព្រៃ និងអគ្គីភ័យផ្សេងៗនៅរដូវប្រាំងឆ្នាំនេះ ហើយប្រសិនបើឃើញមានភ្លើងឆេះព្រៃ ឬក៏អគ្គីភ័យ ត្រូវជួយរាយការណ៍ឲ្យអាជ្ញាធរសមត្ថកិច្ច ដើម្បីចាត់វិធានការទប់ស្កាត់បានទាន់ពេល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។