នគរបាលខេត្តព្រះសីហនុបានឃាត់ខ្លួនជនជាតិចិន ២នាក់ទៀត និងដកហូតកាំភ្លើងខ្លីមួយដើម កាលពីយប់ថ្ងៃទី១០ ខែតុលា បន្ទាប់ពីជនសង្ស័យទាំងពីររូបនេះ បានបាញ់សម្លាប់ជនជាតិចិនដូចគ្នាកាលពីសប្ដាហ៍មុន។ មកទល់ពេលនេះ សមត្ថកិច្ចឃាត់ជនល្មើសបានចំនួន ៤នាក់ ចំណែកម្នាក់ទៀតកំពុងរត់គេចខ្លួន។
ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានប្រាប់អាស៊ីសេរីនៅថ្ងៃទី១១ ខែតុលាថា ជនសង្ស័យទាំងពីរនាក់នេះបានរត់គេចខ្លួន បន្ទាប់ពីបានបាញ់សម្លាប់ជនជាតិចិនដូចគ្នា កាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩។ លោក ជួន ណារិន្ទ បន្តថា ជនសង្ស័យទាំងពីរនាក់នេះ ត្រូវបានកម្លាំងជំនាញនាំខ្លួនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរ និងស្រាវជ្រាវនិងតាមចាប់ខ្លួនបក្ខពួកផ្សេងទៀតដែលពាក់ព័ន្ធទៅនឹងឃាតកម្ម។
កាលពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ កន្លងទៅនេះ មានករណីជនជាតិចិន ៣នាក់ បានអូសជនជាតិចិនម្នាក់ចេញពីរថយន្ត ហើយបានបាញ់សម្លាប់ភ្លាមៗ នៅក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នគរបាលខេត្តព្រះសីហនុ បានឃាត់ខ្លួនជនល្មើសពីរនាក់ដែលជាជនជាតិចិន ក្រោយពីកើតហេតុភ្លាមៗ ដោយក្នុងនោះមានបុរសម្នាក់ និងនារីម្នាក់។
កន្លងមកមានករណីឃាតកម្មលើជនជាតិចិន ដែលបានកើតឡើងជាបន្តបន្ទាប់នៅខេត្តព្រះសីហនុ បានធ្វើឱ្យសង្គមស៊ីវិលនិងប្រជាពលរដ្ឋមានក្តីបារម្ភ និងភ័យខ្លាចរាល់បទល្មើស និងឃាតកម្មផ្សេងៗដែលបង្កដោយជនជាតិចិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។