សហជីព​ធំៗ ជាង២០ ដាក់​ញត្តិ​ស្នើសុំ​​លោក ហ៊ុន សែន អន្តរាគមន៍​បើក​ប្រាក់​អតីត​ភាព​ជូន​កម្មករ ខណៈ​កម្មករ​រោងចក្រ​ ២ ហែ​ញត្តិ​ទាមទារ​អន្តរាគមន៍​​ពី​តុលាការ​ខេត្ត​កណ្ដាល

ដោយ ទីន ហ្សាការីយ៉ា
2020.07.13
កម្មករ Dignity Knitter 071320 កម្មករ​រោងចក្រ ឌីកនីធី នីតធើរ (Dignity Kniter) និង​រោងចក្រ អីខូបេស (Ecobest) ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តា​ខ្មៅ​ខេត្ត​កណ្ដាល ប្រមាណ ៥០០នាក់ ហែ​ក្បួន​ទៅ​មក​សាលា​ដំបូង​ខេត្ត​កណ្ដាល​ ដើម្បី​សុំ​សាល​ដីកា​ការពារ​ឱ្យ​ក្រុមហ៊ុន​ នឹង​ប្រាក់​ខែ​ជូន​ឱ្យ​កម្មករ។
រូប៖ កម្មករ

ក្រុម​សហជីព​ធំៗ ជាង​២០ ដែល​គ្រប់​ដណ្ដប់​សឹង​តែ​គ្រប់​វិស័យ​នៅ​កម្ពុជា បាន​រួម​គ្នា​ដាក់​ញត្តិ​នៅ​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា ទាមទារ​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ អន្តរាគមន៍​ទៅ​ក្រុម​ថៅកែ​បន្តបើក​ប្រាក់​អតីតភាព​ការងារ​ឆ្នាំ២០១៩ និង​​​អតីតភាព​កន្លះ​ឆ្នាំ សម្រាប់​ឆ្នាំ២០២០ ឲ្យ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ស្បែង​ជើង។ នៅ​ថ្ងៃ​ដដែល​នេះ ក្រុម​កម្មករ​រោងចក្រ​ចំនួន​២ នៅ​ក្រុង​តាខ្មៅ ដែល​កំពុង​មាន​វិវាទ​ការងារ​ ក៏​បាន​នាំ​គ្នា​​ដើរ​ថ្មើរ​ជើង​យក​ញត្តិ​ទៅ ដាក់​នៅ​សាលា​ដំបូង​ខេត្ត​កណ្ដាល ទាមទារ​​ដំណោះស្រាយ​វិវាទ​ការងារ​ជាមួយ​ថៅកែ​ដែរ។

ក្រុម​មេដឹកនាំ​សហជីព​ធំៗ អះអាង​ថា ការ​ដាក់​ញត្តិ​ទាមទារ​ផល​ប្រយោជន៍​ឲ្យ​កម្មករ​​ ឲ្យ​បាន​​ត្រឹមត្រូវ​តាម​ច្បាប់​ការងារ​នេះ ពីព្រោះ​តែ​កម្មករ​ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង​ បណ្ដាល​មក​ពី​ការ​កាត់​បន្ថយ​អត្ថប្រយោជន៍​​ស្រប​ច្បាប់​របស់​កម្មករ​ជា​បន្តបន្ទាប់ ពី​មន្ត្រី​ក្រសួង​ការងារ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​ថា មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី បាន​ចេញ​មក​ទទួល​ញត្តិ​របស់​ក្រុម​សហជីព​ និង​​បាន​សន្យា​បញ្ជូន​ទៅ​ថ្នាក់​លើ ហើយ​រយៈ​ពេល​៥ថ្ងៃ ឬ​មួយ​សប្ដាហ៍​នឹង​​ជូន​ដំណឹង​ដល់​ក្រុម​សហជីព​វិញ។ មេដឹកនាំ​សហជីព​​រូប​នេះ សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ជួយ​អន្តរាគមន៍​ជំរុញ​ឲ្យ​​ក្រុម​ថៅកែ ផ្ដល់​ប្រាក់​អតីតភាព​ឆ្នាំ​២០១៩ និង​ឆ្នាំ២០២០ ឲ្យ​កម្មករ​ ត្រឹមត្រូវ​តាម​ច្បាប់​​ការងារ ទៅ​តាម​ការ​ស្នើសុំ​របស់​សហជីព៖ «កន្លង​មក​យើង​បាន​ដាក់​លិខិត​នេះ​ទៅ​ក្រសួង​ការងារ​រួច​ហើយ ហើយ​​ក្រសួង​ការងារ​ហ្នឹង មិន​មាន​ការ​ឆ្លើយ​តប​ត្រឡប់​មក​យើង​វិញ​ តាម​លិខិត​ដែល​​យើង​បាន​ដាក់​ហ្នឹង​ទេ អ៊ីចឹង​ណា។ យើង​បាន​និយាយ​តាំង​ពី​ថ្ងៃ​យើង​ដាក់​នៅ​ក្រសួង​ការងារ​ម្ល៉េះ​ថា បើ​សិន​ណា​មិន​​មាន​ការ​ឆ្លើយ​តប​ណា​ ទៅ​តាម​សំណើ​របស់​យើង ម្ភៃ​សហជីព​ហ្នឹង​ទេ យើង​នឹង​ដាក់​លិខិត​ហ្នឹង​ទៅ​ខុទ្ទកាល័យ​សម្ដេច ដើម្បី​ជំរុញ​ឲ្យ​សម្ដេច​ជួយ​អន្តរាគមន៍​ទៅ​និយោជក ដើម្បី​ផ្ដល់​លុយ​បំណាច់​នេះ ឲ្យ​បង​ប្អូន​កម្មករ ដូច​ឆ្នាំ​កន្លង​ទៅ»

(រូប​អង្គុយ​ពី​ឆ្វេង​មក​ស្ដាំ) អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) កញ្ញា ឈឹមសីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ និង​លោក គង់ ចំរើន មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ទទួល​ញត្តិ​របស់​ក្រុម​សហជីព នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ២០២០។
(រូប​អង្គុយ​ពី​ឆ្វេង​មក​ស្ដាំ) អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា លោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ (IDEA) កញ្ញា ឈឹមសីថរ ប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ​នៃ​ក្រុមហ៊ុន ណាហ្គា វើលដ៍ និង​លោក គង់ ចំរើន មន្ត្រី​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋ​មន្ត្រី ទទួល​ញត្តិ​របស់​ក្រុម​សហជីព នៅ​ថ្ងៃ​ទី១៣ ខែ​កក្កដា ឆ្នាំ២០២០។
រូប៖ សហជីព

ក្រុម​មេដឹកនាំ​សហជីព​ធំៗ ចំនួន២១ បាន​សរសេរ​ក្នុង​ញត្តិ​ថា មូលហេតុ​ដែល​បណ្ដាល​ឲ្យ​កម្មករ​ប្រឈម​វិបត្តិ​​​ធ្ងន់ធ្ងរ ក្នុង​អំឡុង​ពេល​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩ (Covid-19) ដោយសារ​ក្រសួង​ការងារ​ ប្រាប់​ឲ្យ​ថៅកែ​ ពន្យារ​ពេល​បើក​ប្រាក់​អតីតភាព​ឲ្យ​កម្មករ។ ក្រុម​សហជីព បន្ត​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​បើក​ផ្លូវ​ឲ្យ​ក្រុម​ថៅកែ កាត់​ប្រាក់​អត្ថប្រយោជន៍​ស្រប​ច្បាប់​របស់​កម្មករ និង​បណ្ដាល​ឲ្យ​កម្មករ​ប្រឈម​​បញ្ហា​ជីវភាព ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ។ តំណាង​សហជីព​ទាំង​២១ ទាមទារ​​ឲ្យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ធ្វើ​យ៉ាង​ណា ឲ្យ​កម្មករ​ទទួល​បាន​ប្រាក់​អតីតភាព​ ឲ្យ​បាន​ត្រឹមត្រូវ​តាម​​ច្បាប់​ស្ដីពី​ការងារ (មាត្រា​៨៩ថ្មី និង​ប្រកាស​លេខ​៤៤៣ របស់​ក្រសួង​ការងារ ស្ដីពី​ប្រាក់​អតីត​ភាព)

មន្ត្រីសហជីព អះអាងថា ប្រាក់​រំលឹក​អតីតភាព ឬ​ប្រាក់​សោធន​និវត្តន៍​របស់​កម្មករ ​ត្រូវ​បើក​រយៈ​ពេល​៦ខែ​ម្ដង គឺ​នៅ​ចុង​ខែ​មិថុនា និង​ចុង​ខែ​ធ្នូ រៀងរាល់​ឆ្នាំ ជាទៀងទាត់។ ប៉ុន្តែ ​កាល​ពី​ថ្ងៃ​ទី២ មិថុនា ក្រសួង​ការងារ បាន​ជូន​ដំណឹង​ឲ្យ​ថៅកែ ផ្អាក​បើក​ប្រាក់​អតីត​ភាព ឲ្យ​កម្មករ​សិន ដោយសារ​ថៅកែ​កំពុង​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ១៩ មិន​អាច​​នាំ​ចេញ​ទំនិញ​បាន។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ លោក ហេង សួរ អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា លោក ខេន លូ និង​អគ្គលេខាធិការ​រង​​សមាគម​ស្បែកជើង លោក ងួន​ ចាន់​ណារ៉ា បាន​ទេ នៅ​ថ្ងៃ​ទី១៣ កក្កដា ដោយសារ​ពួក​លោក​មិន​ទទួល​ទូរស័ព្ទ។ តែ​ទោះ​ជា​យ៉ាង​ណា លោក ខេន លូ ធ្លាប់​ប្រាប់​អាស៊ី​សេរី​ថា ​សមាគម​​ថៅកែ ពិត​ជា​ជួប​វិបត្តិ​ធ្ងន់ធ្ងរ ដោយសារ​ក្រុម​អ្នក​បញ្ជា​ទិញ លុប​ចោល​ការ​កុម្ម៉ង់​ទិញ​ភ្លាមៗ បណ្ដាល​ឲ្យ​គ្មាន​ប្រាក់​បើក​​​ឲ្យ​កម្មករ។ តែ​លោក អះអាង​ថា សមាគម​ថៅកែ បាន​ជំរុញ​ថា ប្រសិន​បើ​រោងចក្រ​​ណា​ មាន​លទ្ធ​ភាព ត្រូវ​បើក​ប្រាក់​អតីត​ភាព​ឲ្យ​កម្មករ តែ​បើ​គ្មាន​លទ្ធភាព​ទេ អាច​ផ្អាក​សិន តាម​លិខិត​របស់​ក្រសួង​​ការងារ៖ «យើង​បាន​ណែនាំ​ទៅ​សមាជិក​យើង​ទាំង​អស់ ថា ក្រុម​ហ៊ុន​ណា មាន​លទ្ធភាព​បើក​លុយ​ឆ្នាំ​ហ្នឹង ​​បើក​ចុះ។ ប៉ុន្តែ​បើ​អត់​មាន​លទ្ធភាព​ ធ្វើ​តាម​ប្រកាស​របស់​ក្រសួង​(ការងារ)​មាន​ន័យ​ថា ពន្យារ​ពេល​ទៅ​ឆ្នាំ​ក្រោយ​ចាំ​បើក។ ឥឡូវ មិន​មែន​ថា អត់​បាន​ទេ មាន​ន័យ​ថា បើក​​ឆ្នាំ​ហ្នឹង ឬ​ក៏​បើក​ឆ្នាំ​ក្រោយ»

បើ​ទោះ ខាង​ភាគី​ថៅកែ​ លើក​ឡើង​បែប​នេះ តែ​សម្រាប់​កម្មករ និង​សហជីព​ អះអាង​ថៅកែ​រោងចក្រ​នៅ​តែ​មាន​លទ្ធភាព​បើក​ប្រាក់​អតីតភាព​របស់​កម្មករ ព្រោះ​ប្រាក់​អតីតភាព​ ជា​លុយ​សន្សំ តាម​ខែ​សម្រាប់​ផ្ដល់​ឲ្យ​កម្មករ​ ៦​ខែ​ម្ដង។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ជឿជាក់​ថា ភាគី​ថៅកែ​មិន​រងគ្រោះ​ធ្ងន់ធ្ងរ​ពី​វិបត្តិ​កូវីដ១៩ ដូច​កម្មករ​ឡើយ ដូច្នេះ​សហជីព​រូប​នេះ ទាមទារ​រដ្ឋាភិបាល​ ធ្វើ​យ៉ាង​ណា​ ជំរុញ​ឲ្យ​ថៅកែ​ផ្ដល់​ប្រាក់​អតីតភាព​ឲ្យ​កម្មករ ឲ្យ​បាន​។ អ្នកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​ថា ប្រសិន​បើ​រដ្ឋាភិបាល មិន​អន្តរាគមន៍​ជំរុញ​ទេ ក្រុម​សហជីព​ នឹង​ធ្វើ​យុទ្ធនាការ​ ទាមទារ​តាម​អ៊ីនធឺណិត បន្ត​ទៀត ដោយ​មិន​បញ្ឈប់​ការ​ទាមទារ​ទេ។

ស្រប​ពេល​ដែល​ក្រុម​សហជីព ដាក់​ញត្តិ​ជូន​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី​នេះ ​នៅ​ឯ​ក្រុង​តាខ្មៅ​ ខេត្ត​កណ្ដាល​ នៅ​ព្រឹក​ថ្ងៃ​ទី១៣ កក្កដា ក៏​មាន​តំណាង​ក្រុម​កម្មករ ២រោងចក្រ មាន​គ្នា​ជាង​ពីរ​រយ (២០០)​នាក់ នាំ​គ្នា​ ថ្មើរ​ជើង​ហែ​ញត្តិ ពី​មុខ​រោងចក្រ ក្នុង​សង្កាត់​សិត្បូ មក​ដាក់​ជូន​មន្ត្រី សាលា​ដំបូង​ខេត្ត​កណ្ដាល ស្នើសុំ​ឲ្យ​លុប​ចោល​ដីកា​រក្សា​ការពារ​ទ្រព្យ​សម្បត្តិ​រោង​ចក្រ ដើម្បី​បើក​ផ្លូវ​ឲ្យ​ក្រុម​កម្មករ មាន​លទ្ធភាព​លក់​សម្ភារៈ​ឡាយឡុង ជា​ថ្នូរ​នឹង​ការ​​មិន​ព្រម​ទូទាត់​ប្រាក់​សំណង​ឲ្យ​កម្មករ។

ប្រធាន​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ ឌីកនីតធី (Dignity Knitter Limited) លោក ភិន សុភា ឲ្យ​ដឹង​ថា ក្រុម​កម្មករ បរាជ័យ​ក្នុង​ការ​ដាក់​ញត្តិ​នៅ​តុលាការ​ខេត្ត​កណ្ដាល ដោយសារ​អាជ្ញាធរ​ខេត្ត​កណ្ដាល រារាំង នៅ​ម្ដុំ​មាត់​ទន្លេ​ក្រុង​តាខ្មៅ។ លោក​ បន្ត​ថា ក្រោយមក អភិបាល​ខេត្ត​កណ្ដាល លោក គង់ សោភ័ណ​ បាន​មក​ទទួល​យក​ញត្តិ​ ពី​កម្មករ​ទាំង២ រោងចក្រ​ និង​សន្យា​ចេញ​មុខ​ដោះ​ស្រាយ​ឲ្យ​កម្មករ។

លោក ភិន សុភា ប្រាប់​ថា ក្រោយ​មាន​​ការ​សន្យា​បែប​នេះ ក្រុម​កម្មករ បាន​នាំ​គ្នាវិលទៅ​​តវ៉ា​ មុខ​រោងចក្រ​ដដែល ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ។ លោក​ ថា ទោះ​យ៉ាង​ណា ក្រុម​កម្មករ នៅ​តែ​បណ្ដាក់​គ្នា បោះ​តង់​ ដេក​យាម​​សម្ភារៈ​ នៅ​ខាង​រោងចក្រ​ទាំង​ថ្ងៃ ទាំង​យប់​​ដដែល ព្រោះ​ព្រួយ​បារម្ភ​ថា នឹង​មាន​ការ​លួច​ដឹក​សម្ភារៈ​ចេញ​​ក្រៅ៖ «អ៊ីចឹង បើ​សិន​ជា​យើង​អត់​យាម​ទេ គេ​លួច​លក់ ​ទី១។ ទី​២​ អាច​ក្រុមហ៊ុន​ដឹក​ចេញ អ៊ីចឹង​ពួក​ខ្ញុំ​អត់​សង្ឃឹម​អ្វី​ទៀត​ទេ ព្រោះ​អ្វី​ដែល​ពួក​ខ្ញុំ​សង្ឃឹម គឺ​សង្ឃឹម​ទ្រព្យ​សម្បត្តិ​​ដែល​នៅ​ក្នុង​រោងចក្រ​ហ្នឹង។ អ៊ីចឹង បើ​គេ​ដឹក​ទ្រព្យ​សម្បត្តិ​ ក៏​ដូច​ជា​សម្ភារៈ​ហ្នឹង​ចេញ​អស់ ពួក​ខ្ញុំ​ដឹង​តែ​ចប់​ហើយ ដឹង​តែ​អត់​ហើយ។ អ៊ីចឹង បាន​ពួក​ខ្ញុំ​នៅ​ដេក​យាម​មុខ​រោងចក្រ​ហ្នឹង»

ចំណែក​តំណាង​កម្មករ​រោងចក្រ​​​ អេខូបេស (Ecobest) លោកស្រី ឡេង ស្រី ប្រាប់​ថា ខាង​រោងចក្រ​អេខូបេស ដែល​នៅ​ក្បែរ​នឹង​រោងចក្រ​ឌីកនីតធី ក៏​នៅ​តែ​បន្ត​ការ​តវ៉ា និង​បោះតង់​ដេក​មុខ​រោងចក្រ​ រង់​ចាំ​ដំណោះស្រាយ​ដូច​គ្នា។ ទោះ​យ៉ាង​ណា តំណាង​កម្មករ​រូប​នេះ មិន​ទាន់​ជឿជាក់​ថា អាជ្ញាធរ​ខេត្ត​កណ្ដាល​មាន​ឆន្ទៈ​ដោះស្រាយ​ឲ្យ​ពិត​ប្រាកដ​ទេ​ ព្រោះ​វិវាទ​ការងារ​នេះ ​កើត​ឡើង​ជាង ៧ខែ​មក​ហើយ ឯ​កម្មករ​រោងចក្រ​អេខូបេស ក៏​តវ៉ា​មុខ​រោងចក្រ​ ជាង​កន្លះ​ឆ្នាំ​មក​ដែរ តែ​​គ្មាន​ដំណោះស្រាយ៖ «និយាយ​ទៅ បើ​ថា ចាំ​ការ​ដោះស្រាយ គឺ​ចាំ​ការ​ដោះស្រាយ​ហើយ តែ​ថា នៅ​តែ​យាម​សម្ភារៈ​អ៊ីចឹង​អូន រាល់​យប់​ រាល់​ថ្ងៃ​អ៊ីចឹង​។ មិន​ទាន់​ឈប់ (យាម) ទេ ព្រោះ​ថា យើង​អត់​ទាន់​បាន​ការ​ដោះស្រាយ​ជាក់លាក់ លឺ​តែ​ដោះស្រាយ តែ​គ្រាន់​ថា យើង​មិន​ទាន់​បាន​​ទទួល​អត្ថប្រយោជន៍ យើង​សុំ​។ នៅ​តែ​យាម​អ៊ីចឹង។ គាត់(​អភិបាល​ខេត្ត​កណ្ដាល) សន្យា​ថា នឹង​ខំ​​ប្រឹង​ជួយ​ដោះស្រាយ​ឲ្យ​យើង​អ៊ីចឹង​ណា។ តែ​​មិន​ដឹង​យូរ​​ទេ តែ​គាត់​ថា នឹង​ខំ​ប្រឹង​ដោះ​ឆាប់ៗ»

រោងចក្រ ​ឌីកនើធី នីតធើរ  និង អេខូបេស ស្ថិត​នៅ​​ជាប់​គ្នា តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២១ ក្នុង​សង្កាត់​សិត្បូ និង​មាន​ថៅកែ​តែ​មួយ គឺ​ជា​ជន​ជាតិ​កូរ៉េ​ខាង​ត្បូង។ រោងចក្រ​ទាំង​ពីរ​ផលិត​សំលៀក​បំពាក់ និង​ស្រោម​ជើង​​ចាក់ ឬ​ប្រភេទ​តម្បាញ និង​មាន​កម្មករ​សរុប ជាង​​មួយ​ពាន់​បី​រយ​នាក់​ (ឌីកនើធី ជាង ៩០០នាក់ និង​អេខូបេស ២២៤នាក់)

រោងចក្រ​ទាំង​នេះ ផ្ដើម​មាន​វិវាទ​ការងារ ​​រវាង​កម្មករ​ និង​ថៅកែ កាល​ពី​​ចុង​ខែ​ធ្នូ ឆ្នាំ​២០១៩ ដោយ​សារ​ថៅកែ​ មិន​ព្រម​បើក​ប្រាក់​ឈ្នួល និង​ប្រកាស​បិទ​រោងចក្រ​ ដោយ​គ្មាន​ទូទាត់​សំណង។ កម្មករ ឲ្យ​​ដឹង​ទៀត​ថា រោងចក្រ​នេះ ក៏​ជំពាក់​បំណុល​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ឯកជន​មួយ​ដែរ ហើយ​​ក្រុមហ៊ុន​នោះ បាន​ប្ដឹង​ទៅ​តុលាការ​​ចេញ​ដីកា​រក្សា​ការពារ​ទ្រព្យ​សម្បត្តិ​ក្នុង​រោងចក្រ ដើម្បី​លក់​​​ឡាយឡុង សង់​បំណុល​ក្រុមហ៊ុន​ដែរ ទើប​ក្រុម​កម្មករ មិន​អាច​លក់​ឡាយឡុង​សម្ភារៈ​បាន៕

កម្មករ​រោងចក្រ ឌីកនីធី នីតធើរ (Dignity Kniter) និង​រោងចក្រ អីខូបេស (Ecobest) ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តា​ខ្មៅ​ខេត្ត​កណ្ដាល ប្រមាណ ៥០០នាក់ ហែ​ក្បួន​ទៅ​មក​សាលា​ខេត្ត​កណ្ដាល​ ដើម្បី​រក​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ជូន​ឱ្យ​កម្មករ។
កម្មករ​រោងចក្រ ឌីកនីធី នីតធើរ (Dignity Kniter) និង​រោងចក្រ អីខូបេស (Ecobest) ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តា​ខ្មៅ​ខេត្ត​កណ្ដាល ប្រមាណ ៥០០នាក់ ហែ​ក្បួន​ទៅ​មក​សាលា​ខេត្ត​កណ្ដាល​ ដើម្បី​រក​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ជូន​ឱ្យ​កម្មករ។
រូប៖ កម្មករ

កម្មករ​រោងចក្រ ឌីកនីធី នីតធើរ (Dignity Kniter) និង​រោងចក្រ អីខូបេស (Ecobest) ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តា​ខ្មៅ​ខេត្ត​កណ្ដាល ប្រមាណ ៥០០នាក់ ហែ​ក្បួន​ទៅ​មក​សាលា​ខេត្ត​កណ្ដាល​ ដើម្បី​រក​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ជូន​ឱ្យ​កម្មករ។
កម្មករ​រោងចក្រ ឌីកនីធី នីតធើរ (Dignity Kniter) និង​រោងចក្រ អីខូបេស (Ecobest) ដែល​មាន​ទីតាំង​នៅ​ភូមិ​ព្រែក​តា​ព្រីង សង្កាត់​សិត្បូ ក្រុង​តា​ខ្មៅ​ខេត្ត​កណ្ដាល ប្រមាណ ៥០០នាក់ ហែ​ក្បួន​ទៅ​មក​សាលា​ខេត្ត​កណ្ដាល​ ដើម្បី​រក​អន្តរាគមន៍​ឱ្យ​ក្រុមហ៊ុន​បើក​ប្រាក់​ខែ​ជូន​ឱ្យ​កម្មករ។
រូប៖ កម្មករ

 

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។