យោធិនចូលនិវត្តន៍នៅខេត្តបាត់ដំបងប្រមាណ២៥០គ្រួសារជួបបញ្ហាខ្វះខាតជីវភាពប្រចាំថ្ងៃ

មន្ត្រីយោធិនចូលនិវត្តន៍ប្រមាណ ២៥០គ្រួសារ ដែលរដ្ឋាភិបាលកាត់រំសាយ ហើយបញ្ជូនពួកគាត់ឲ្យទៅរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កំពុងជួបបញ្ហាជីវភាពគ្រួសារខ្វះខាតប្រចាំថ្ងៃ។ ពួកគាត់ទាំងនោះគ្មានដីបង្កបង្កើនផល និងពុំមានលទ្ធភាពធ្វើការងាររកប្រាក់ចំណូលដោះស្រាយជីវភាពបានឡើយ។ ពួកគាត់រស់នៅពឹងផ្អែកទាំងស្រុងទៅលើប្រាក់ខែចំនួន ៤០ម៉ឺនរៀល ដែលរដ្ឋាភិបាលផ្ដល់ឲ្យរៀងរាល់ខែ។
មន្ត្រីចូលនិវត្តន៍នៅឃុំបឹងប្រាំ លើកឡើងស្រដៀងគ្នាថា ពួកគាត់មានជីវភាពខ្វះខាតនេះ ដោយសារអាជ្ញាធរមូលដ្ឋានពុំបានដោះស្រាយប្រគល់ដីមួយគ្រួសារ ២ហិកតារ ដែលមន្ត្រីរដ្ឋាភិបាលបានបែងចែកដីឲ្យពួកគាត់ក្នុងកម្មវិធីកាត់រំសាយ ដែលបានប្រគល់ផ្ទះឲ្យរស់នៅក្នុងឃុំបឹងប្រាំ មួយគ្រួសារមួយខ្នងនោះទេ។
មន្ត្រីយោធិនទាំងនោះខ្លះពិការដៃ ជើង និងពិការភ្នែក ជាដើម ហើយមួយចំនួនទៀតមានវ័យចំណាស់អាយុប្រមាណពី ៥០ឆ្នាំទៅជាង ៧០ឆ្នាំ ហើយមិនអាចធ្វើការងារធ្ងន់ដូចមនុស្សធម្មតាបានឡើយ។ តំបន់ដែលពួកគាត់រស់នៅនោះមានផ្ទះប្រមាណ ២០០ខ្នង ដោយផ្ទះខ្លះសង់ពីឈើទំហំ ៥ម៉ែត្រគុណ ៧ម៉ែត្រ និងខ្លះទៀតធ្វើពីថ្មទំហំ ៥ម៉ែត្រគុណនឹង ៩ម៉ែត្រ នៅលើផ្ទៃដីបណ្ដោយ ៤០ម៉ែត្រ និងទទឹង ៤០ម៉ែត្រ។ ផ្ទះទាំងនោះមួយចំនួនធំមានតែសម្បកផ្ទះ តែពុំមានមនុស្សរស់នៅនោះទេ។
មន្ត្រីយោធិនចូលនិវត្តន៍ដែលពិការជើងស្ដាំម្នាក់ គឺលោក សៀ នួម អង្គុយនៅលើកាំជណ្ដើរផ្ទះនិយាយរៀបរាប់ដោយទឹកមុខស្រពោនថា លោកពិការជើងដោយសារជាន់គ្រាប់មីនក្នុងសមរភូមិនៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង កាលពីឆ្នាំ១៩៩៧។ លោកអះអាងថា ចាប់តាំងពីលោកធ្លាក់ខ្លួនពិការមក ធ្វើឲ្យមិនអាចប្រកបការងារធ្ងន់បានដូចពេលមុខៗនោះឡើយ។ បុរសរាងស្គមវ័យ ៥០ឆ្នាំប្លាយរូបនេះបន្ថែមថា គ្រួសាររបស់គាត់មានជីវភាពកាន់តែយ៉ាប់យ៉ឺនទៅជាបន្តបន្ទាប់ ដោយសារគ្មានដីដាំដុះដោះស្រាយជីវភាពគ្រួសារ និងម្យ៉ាង គ្មានកម្លាំងកំហែងចេញទៅរកការងារធ្វើបានដូចអ្នកស្រុកជិតខាងនោះទេ៖ «គាត់ប្រាប់ពួកខ្ញុំថាមករស់ទីកន្លែងនេះ មានដី មានផ្ទះ និងមានផ្លូវថ្នល់ ងាយស្រួលក្នុងការធ្វើដំណើរ និងរស់នៅប្រចាំថ្ងៃ។ តែពេលខ្ញុំមកនៅជាក់ស្ដែង ខុសពីការពិតទាំងស្រុង ហើយជួបការលំបាកខ្លាំងណាស់»។
ស្រដៀងគ្នានេះដែរ និវត្តជនម្នាក់ទៀត គឺលោក ម៉ុង សាន ថ្លែងក្នុងសម្លៀកបំពាក់យោធាដោយសម្ដីមួយៗថា កាលពីឆ្នាំ២០១២ មន្ត្រីរដ្ឋាភិបាលដឹកនាំដោយ លោក អឹម ឈុនលឹម រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះទៅចែកដីឲ្យពួកគាត់មួយគ្រួសារ ២ហិកតារ នៅឃុំបឹងប្រាំ ស្រុកបវេល ដើម្បីដាំដុះដំណាំសម្រាប់ដោះស្រាយជីវភាពគ្រួសារ។ លោកអះអាងថា ដី ២ហិកតារនោះ ពួកគាត់បានទទួលតែក្រដាស ហើយពុំដឹងថាដីរបស់ខ្លួននៅទីកន្លែងណានោះទេ។ លោកបន្ថែមថា អាជ្ញាធរស្រុក និងខេត្ត ពុំបានគិតគូរដោះស្រាយដីដែលរដ្ឋមន្ត្រីបានចែកឲ្យពួកគាត់នោះនៅឡើយទេ៖ «ពួកគាត់យកពួកខ្ញុំមកទុកចោលដោយឲ្យលំបាកវេទនាក្នុងព្រៃ និងមិនបានចុះមកសួរសុខទុក្ខយើងខ្ញុំម្ដងណានោះទេ។ ពួកខ្ញុំភាគច្រើនជាជនពិបាក បើពួកគាត់យកមកទុកចោលបែបនេះ តើឲ្យពួកខ្ញុំហ្នឹងកើតទៅ»។
ឆ្លើយតបនឹងបញ្ហានេះ អភិបាលស្រុកបវេល លោក ទឹម ដារ៉េត មានប្រសាសន៍យ៉ាងខ្លីថា កន្លងមក អាជ្ញាធរពាក់ព័ន្ធតែងយកចិត្តទុកដាក់ដោះស្រាយបញ្ហាទំនាស់ដីធ្លីនោះជូនពួកគាត់រហូតមក គឺពុំបានព្រងើយកន្តើយដូចការចោទប្រកាន់របស់មន្ត្រីចូលនិវត្តន៍មួយចំនួននោះឡើយ៖ «គណៈកម្មការរបស់ខេត្តបាត់ដំបង កំពុងព្យាយាមដឹកនាំធ្វើការងារជូនពួកគាត់ ដោយសារដីដែលគាត់បានទទួលនោះ មានជនមកពីក្រៅដទៃទៀតរំលោភបំពាន»។
ប្រធានគណៈកម្មការទី១ រដ្ឋសភា លោក អេង ឆៃអ៊ាង ដែលបានចុះស្រង់មតិប្រជាពលរដ្ឋនៅឃុំបឹងប្រាំ កាលពីថ្ងៃទី២២ កុម្ភៈ ថា លោកនឹងនាំរឿងនេះដាក់ទៅរដ្ឋាភិបាល និងមន្ត្រីពាក់ព័ន្ធ ដើម្បីឲ្យពន្លឿនការដោះស្រាយជូនពួកគាត់ឲ្យបានឆាប់រហ័ស៖ «បាទ! មិនអីទេ ខ្ញុំបានមកជួបបងប្អូនលើកនេះ គឺខ្ញុំបានដឹងរឿងរ៉ាវ និងបានយល់ច្បាស់ ជាជាងបងប្អូនទៅជួបខ្ញុំទៅរដ្ឋសភាកន្លងមកទៅទៀត»។
ទោះជាយ៉ាងណាក៏ដោយ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី កត់សម្គាល់ថា មន្ត្រីយោធិនចូលនិវត្តន៍ជួបការលំបាកនេះ ដោយសារកន្លងមក មន្ត្រីថ្នាក់លើច្រើនពិនិត្យតែក្រដាសដែលអាជ្ញាធរមូលដ្ឋានបានធ្វើរបាយការណ៍ជូនខុសពីការពិត ដោយពុំបានចុះសិក្សាផ្ទាល់ដល់ទីកន្លែងរស់នៅរបស់ពួកគាត់ឲ្យបានច្បាស់លាស់នោះទេ។ លោកអះអាងថា អាជ្ញាធរមូលដ្ឋានពុំបានយកចិត្តទុកដាក់ដោះស្រាយរឿងដីធ្លីជូនមន្ត្រីចូលនិវត្តន៍ទាំងនោះឡើយ៖ «ខ្ញុំគាំទ្រសម្ដីបងប្អូននិវត្តជន និយាយថាពួកគាត់ជួបការលំបាក គឺជារឿងពិត។ អ៊ីចឹងខ្ញុំសំណូមពរឲ្យរដ្ឋាភិបាល មេត្តាពិនិត្យឡើងវិញចំពោះបញ្ហាដីធ្លីរបស់មន្ត្រីយោធិនរំសាយនេះ ដើម្បីជួយដល់ពួកគាត់ឲ្យបានដីដាំដុះឲ្យបានឆាប់រហ័ស»។
ទោះជាយ៉ាងណា មន្ត្រីចូលនិវត្តន៍នៅឃុំបឹងប្រាំ ជាង ២០០គ្រួសារនោះ មួយចំនួនធំ ពួកគាត់បានចាកចេញពីផ្ទះសម្បែងដែលរដ្ឋាភិបាលប្រគល់ជូនគាត់ គឺមានប្រមាណ ៤០គ្រួសារដែលបានរស់នៅទីនោះជាប្រចាំ។ អ្នកដែលចេញពីដី គ្រួសារខ្លះធ្វើចំណាកស្រុកទៅប្រទេសថៃ និងខ្លះទៀតទៅរស់នៅតំបន់ផ្សេង ដោយសារនៅតំបន់នោះ ពួកគាត់គ្មានដីដាំដុះ ផ្លូវពិបាកធ្វើដំណើរទាំងរដូវប្រាំង និងរដូវវស្សា និងខ្វះប្រភពទឹកសម្រាប់ស្រោចស្រពផលដំណាំ ជាដើម។ ចំណែកឯយោធិនដែលពុំបានចាកចេញពីដីនោះ ភាគច្រើនជាមន្ត្រីយោធិនពិការ និងមានវ័យចំណាស់ ហើយពួកគាត់រស់នៅដោយពឹងផ្អែកប្រាក់ខែជាង ៤០ម៉ឺនរៀល ដោះស្រាយក្រពះបានមួយគ្រាៗប៉ុណ្ណោះ៕