មេបញ្ជាការកងរាជអាវុធហត្ថចំនួន៣ខេត្តជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ
2018.10.24

សង្គមស៊ីវិលស្វាគមន៍ការស៊ើបអង្កេតអំពើពុករលួយពាក់ព័ន្ធនឹងមេបញ្ជាការអាវុធហត្ថប្រចាំខេត្តបីរូប ដែលនឹងអាចនាំឲ្យ អគ្គមេបញ្ជាការរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា ចាត់វិធានការទៅអ្នកប្រព្រឹត្តអំពើពុករលួយទាំងនោះ។
អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៤ ខែ តុលាថា មេបញ្ជាការកងរាជអាវុធហត្ថទាំងបីខេត្ត គឺខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ និងខេត្តព្រះវិហារ អាចនឹងត្រូវវិន័យប្រសិនបើរកឃើញ ពាក់ព័ន្ធនិងករណីអំពើពុក រលួយ និងការស៊ីដាច់លុយជំនួយរបស់កូនប្រុសលោក ហ៊ុន សែន ព្រមទាំងប្រធានកងអង្គរក្ស លោក ហ៊ុន សែន។ លោកបន្តថា ក្រុមអធិការកិច្ចនៅតែរង់ចាំក្រុមប្រឹក្សាវិន័យសម្រេចលើជោគវាសនាមន្ត្រីកងរាជអាវុធទាំងបីខេត្តនោះ។ លោកបន្តថា ក្រុមប្រឹក្សាវិន័យនេះគឺដឹកនាំដោយអគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក សៅ សុខា និងមានការចូលរួមពីអ្នកពាក់ព័ន្ធមួយចំនួនទៀត។ «»
លោក អេង ហ៊ី បញ្ជាក់ថា លោកមិនទាន់អាចដឹងពីកម្រិតនៃ ការដាក់ទោសទណ្ឌលើមេបញ្ជាការកងរាជអាវុធហត្ថទាំងបីខេត្តនេះនៅឡើយទេ ប៉ុន្តែលោកថា លោក សៅ សុខា នឹងអនុវត្តទៅតាមបទបញ្ជានៃកងយោធពលជាតិខេមរភូមិន្ទ។
ព័ត៌មានទាក់ទងអំពើពុករលួយនិងរឿងកិបកេងលុយកូនប្រុសលោក ហ៊ុន សែន ត្រូវបានសារព័ត៌មានក្នុងស្រុកកាលពីដើមខែតុលា ចុះផ្សាយថា មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ លោក កង សៅគុណ បានស៊ីដាច់លុយរបស់លោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោក ហ៊ុន សែន ប្រមាណ៨០លានរៀលកាលពីអំឡុងយុទ្ធនាការបោះឆ្នោតជាតិ ខែកក្កដាកន្លងទៅ និងបានប្រព្រឹត្តអំពើពុករលួយផ្សេងទៀត។
ចំណែកមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោក ជូ សារុន បានយកអង្ករឧបត្ថម្ភរបស់លោក ហ៊ុន ម៉ានី តែម្នាក់ឯង ដែលអង្ករនេះ ត្រូវទុកឲ្យកងរាជអាវុធ ហត្ថទូទាំងខេត្តកំពង់ស្ពឺ។ រីឯមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងលោក សាក់ សារ៉ាង ពាក់ព័ន្ធការប្រព្រឹត្តអំពើពុករលួយនិងយកលុយពីឈ្មួញរកស៊ីឈើ។
អាស៊ីសេរីនៅមិនទាន់អាចរកប្រភពទាក់ទងសុំការឆ្លើយតបពីមន្ត្រីប៉េអិមដែលរងការការចោទប្រកាន់នេះបាននៅឡើយទេ។
ប្រធានក្រុមអ្នកវិភាគវ័យក្មេង កញ្ញា លី ស្រីស្រស់ យល់ថា បើការធ្វើអធិការកិច្ចគឺជាការអនុវត្តច្បាប់នឹងទទួលប្រសិទ្ធភាព។ ប៉ុន្តែកញ្ញាយល់ថា បើសិនការស្រាវជ្រាវករណីពុករលួយនោះកើតឡើងព្រោះទំនាស់ផលប្រយោជន៍ក្នុងជួរមន្ត្រីកងរាជអាវុធហត្ថនឹងមិនបានផ្តល់ប្រយោជន៍ដល់សង្គមជាតិនោះឡើយ។ «»
នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ និយាយថា បើមានការរកឃើញកំហុសរបស់មន្ត្រីកងរាជអាវុធទាំងបីរូបនោះមែន ការអនុវត្តវិធានការ ឬទណ្ឌកម្មគឺមិនខុសពីលើកមុនៗដែលរបបលោក ហ៊ុន សែន ធ្លាប់បានអនុវត្តកន្លងទៅឡើយ គឺគ្រាន់ការបញ្ឈរជើងឬផ្ទេរការងារពីកន្លែងមួយទៅកន្លែងប៉ុណ្ណោះ៕