កម្លាំងនគរបាលខេត្តព្រះសីហនុ ចាប់បានជនជាតិចិន៣នាក់ ដែលបាញ់ប្រហារគ្នាជាមួយជនជាតិចិនដូចគ្នា នៅចំណុចក្រុមទី៧ ភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី១៤ ខែឧសភា។
ប៉ូលិសខេត្តថា នៅពេលបើកប្រតិបត្តិការបង្ក្រាបជនជាតិចិន នៅកន្លែងកើតហេតុនោះ ជនសង្ស័យម្នាក់ ក្នុងចំណោម៣នាក់ បានបាញ់មកលើសមត្ថកិច្ចជាច្រើនគ្រាប់ រួចគេចខ្លួនបាត់ ប៉ុន្តែ មិនបណ្ដាលឲ្យអ្នកណារងរបួសនោះឡើយ។ ក្រោយពីប្រជាពលរដ្ឋបានប្រាប់ពីភិនភាគជនសង្ស័យដល់សមត្ថកិច្ចហើយ សមត្ថកិច្ចក៏រកឃើញជនសង្ស័យរូបនោះ ដែលបាញ់សំដៅលើប៉ូលិស បានរត់ចូលក្នុងផ្ទះទុកចោលមួយកន្លែង និងបន្តរត់ឆ្លងពីផ្ទះមួយទៅផ្ទះ មួយទៀត ដើម្បីគេចខ្លួន ប៉ុន្តែកម្លាំងសមត្ថកិច្ចចាប់ជនដៃដល់នេះបាន កាលពីល្ងាចថ្ងៃទី ១៤ ខែឧសភា។
ចំណែកជនសង្ស័យ២នាក់ផ្សេងទៀត សន្តិសុខកាស៊ីណូជិនប៉ី៣ ស្ថិតនៅក្រុមទី១៣ សង្កាត់៤ ក្រុងព្រះសីហនុមានករណី បានចាប់ឃាត់ខ្លួន និងប្រគល់ឲ្យកម្លាំងសមត្ថកិច្ច។ សមត្ថកិច្ចកំពុងសាកសួរជនសង្ស័យទាំង៣នាក់នោះ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបញ្ជូនទៅតុលាការផ្ដន្ទាទោសតាមច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។