កម្មកររោងចក្រចំនួន២៧ នាក់រងរបួសធ្ងន់ និង ស្រាល ក្នុងហេតុការណ៍ក្រឡាប់រថយន្តដឹកពួកគាត់ទៅធ្វើការនៅព្រឹកថ្ងៃទី២៥ ខែមិថុនា នៅចំណុចពពូល ឃុំជម្ពូរព្រឹក្ស ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បង្ហោះសារនៅលើហ្វេសប៊ុក (Facebook) របស់លោកថា មូលហេតុរថយន្តដឹកកម្មករក្រឡាប់នេះ ដោយសារផ្លូវកោងហើយបើកក្នុងល្បឿនលឿន។ លោក បញ្ជាក់ថា កម្មករដែលជិះក្នុងរថយន្តនេះមានចំនួន៥០នាក់ ប៉ុន្តែកម្មករដែលរងរបួសមានចំនួន ២៧នាក់ភាគច្រើនជាស្ត្រី ក្នុងនោះមាន១១នាក់រងរបួសធ្ងន់ ហើយកំពុងសង្គ្រោះក្នុងមន្ទីរពេទ្យ។
អភិបាលខេត្តរូបនេះ ផ្ញើសារអំពាវនាវយ៉ាងទទូចដល់ម្ចាស់ឡានដឹកកម្មករ-កម្មការិនីទាំង អស់ ត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ និងបើកបរដោយប្រុងប្រយ័ត្នខ្ពស់បំផុត។
វិទ្យុអាស៊ីសេរី មិនទាន់អាចសុំការបញ្ជាក់បន្ថែមពីលោក វ៉ី សំណាង បានទេ ដោយទូរស័ព្ទរបស់លោក មិនអាចទាក់ទងបាន។
ករណីគ្រោះថ្នាក់ចរាចរណ៍លើរថយន្តដឹកកម្មកររោងចក្រនេះ តែងកើតឡើងជាញឹកញាប់ដោយមួយលើកៗតែងបង្កឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់។
ជុំវិញករណីនេះ ក្រុមសហជីព ធ្លាប់បានទាមទារឲ្យក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិក ត្រូវរៀបចំវិធានការផ្សព្វផ្សាយអប់រំ ណែនាំច្បាប់ និងសុវត្ថិភាពចរាចរណ៍ដល់អ្នកបើកបរ។ ជាពិសេសក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវសាងសង់ផ្លូវឲ្យត្រូវតាមស្តង់ដារបច្ចេកទេស និងបំពាក់ស្លាកសញ្ញាចរាចរណ៍ឲ្យបានត្រឹមត្រូវ បូករួមទាំងការពិនិត្យមើលបច្ចេកទេសរថយន្តដឹកកម្មករផង។
របាយការណ៍របស់ក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក សម្រាប់គាំពារកម្មករនិយោជិត នៃបេឡាជាតិសន្តិសុខសង្គម ឲ្យដឹងថា ក្នុងឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងលើកម្មករនិយោជិតចំនួនជាង៣ពាន់ករណី (៣.២៦៦) ក្នុងនោះមានអ្នកស្លាប់ជាង ១រយនាក់(១០៩) និងរបួសធ្ងន់ស្រាលជិត៤ពាន់នាក់ (៣.៧៦៧)។
ករណីដែលបណ្ដាលឲ្យកម្មករ រងគ្រោះ ទាំងឡានៗ កម្មករនិងសហជីព មើលឃើញថា ដោយសាររដ្ឋាភិបាល និងនិយោជក ខ្វះយន្តការទប់ស្កាត់ និងគ្មានកែទម្រង់ប្រព័ន្ធដឹកជញ្ជូនកម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។