ក្រុម​សង្គម​ស៊ីវិល​​ទាម​ទារ​ឱ្យ​អាជ្ញាធរ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី

0:00 / 0:00

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ចំនួន ៣០ស្ថាប័ន ចេញ​សេចក្ដីថ្លែងការណ៍​រួម​គ្នា​នៅ​ថ្ងៃ​ទី៩ កក្កដា ទាម​ទារ​ឱ្យ​អាជ្ញាធរ​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ឯករាជ្យ​លើ​សំណុំ​រឿង​ឃាតកម្ម​បណ្ឌិត កែម ឡី ដោយ​មាន​ការ​ចូល​រួម​ពី​អង្គការ​សហប្រជាជាតិ។ ការ​ទាម​ទារ​នេះ ដោយសារ​ក្រុម​សង្គម​ស៊ីវិល​ពិនិត្យ​ឃើញ​ថា រយៈពេល​៤ ឆ្នាំ​កន្លងមក​នេះ មិន​ទាន់​មាន​ការស៊ើបអង្កេត​ប្រកប​ដោយ​ប្រសិទ្ធភាព​ក្នុង​ករណី​ឃាតកម្ម​នេះ​នៅ​ឡើយ​ទេ។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​បន្ត​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​គណៈកម្មការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ និង​ឥត​​លម្អៀង ដើម្បី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី ដោយ​មាន​ប្រសិទ្ធភាព និង​អាច​ជឿ​ទុក​ចិត្ត​បាន។ ក្រៅ​ពី​នេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អាជ្ញាធរ​បញ្ឈប់​ការ​ធ្វើ​ទុក​បុក​ម្នេញ និង​ការ​យាយី​លើ​បុគ្គល​ទាំង​ឡាយ​ដែល​គោរព​វិញ្ញាណក្ខន្ធ​បណ្ឌិត កែម ឡី ដោយ​សន្តិវិធី។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​បន្តទាម​ទារ​រក​យុត្តិធម៌​ជូន​បណ្ឌិត កែម ឡី ក្នុង​ឱកាស​ខួប ​៤ ឆ្នាំនេះ មាន​ដូចជា អង្គការ​លើក​លែង​ទោស​អន្តរជាតិ (Amnesty International) អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​​អន្តរជាតិ (Human Rights Watch) អង្គការ​មាត្រា១៩ (Article 19) អង្គការ​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស (APHR) មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) អង្គការ​តម្លាភាព​អន្តរជាតិ​កម្ពុជា (TI Cambodia) អង្គការ​ខុម​ហ្វ្រែល (COMFREL) អង្គការ​លីកាដូ (LICADHO) សមាគម​អាដហុក (ADHOC) អង្គការ​សង់ត្រាល់ (CENTRAL) និង​អង្គការ​​សង្គម​ស៊ីវិល​ជាច្រើន​ទៀត។

ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នេះ​មើល​ឃើញ​ថា ដោយសារ​​រដ្ឋាភិបាល​ខ្វះ​ឆន្ទៈ​ស៊ើប​អង្កេត​រឿង​នេះ​ដោយ​ឯករាជ្យ​ ហើយ​សង្គម​ស៊ីវិល​ក៏​ខ្វះ​ទំនុក​ចិត្ត​លើ​ប្រព័ន្ធ​តុលាការ​កម្ពុជា​ដែរ ដូច្នេះ​គណៈកម្មការ​ឯករាជ្យ​មួយ​គួ​រ​តែ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​គាំទ្រ​ពី​អង្គការ​សហប្រជាជាតិ និង​អ្នក​ជំនាញ​ឯករាជ្យ។ ក្រុម​សង្គម​ស៊ីវិល​សង្កត់​ធ្ងន់​ថា វិសមាន​ចិត្ត​របស់​រដ្ឋាភិបាល​ក្នុង​ការ​ស៊ើបអង្កេត​រឿង​នេះ នាំ​ឱ្យ​មាន​ការ​សង្ស័យ​ថា បណ្ឌិត​ កែម ឡី ត្រូវ​បាន​គេ​សម្លាប់​ដោយសារ​​តែ​ការងារ​ការពារ​សិទ្ធិមនុស្ស​របស់​គាត់។

ឆ្លើយតប​នឹង​ទាមទារ​របស់​ក្រុម​សង្គម​ស៊ីវិល​នេះ រដ្ឋ​លេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា កម្ពុជា​មាន​យន្តការ​ស៊ើប​អង្កេត និង​រក​យុត្តិធម៌​​ករណី​នេះ​​រួចហើយ គឺ​តុលាការ​ដែល​លោក​អះអាង​ថា ជា​ស្ថាប័ន​ឯករាជ្យ​។ លោក​ចោទ​ក្រុម​សង្គម​ស៊ីវិល​ថា កំពុង​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​សព​បណ្ឌិត កែម ឡី « ការ​ចេញ​សេចក្ដី​ថ្លែងការណ៍​​នេះ វា​​ជា​រឿង​ធម្មតា​ទេ ដែល​គេ​តែង​តែ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ព្រោះ​ឥឡូវ​វា​ដល់​រដូវ​កាល​នៃ​ការ​ធ្វើ​អាជីវកម្ម​នយោបាយ​ទៅលើ​សាកសព​របស់​លោក​បណ្ឌិត កែម ឡី ប៉ុន្តែ​អ្វីៗ ត្រូវ​អនុវត្ត​ទៅ​តាម​នីតិ​វិធី​ច្បាប់​ដែល​មាន​ជា​ធរមាន​នៅ​កម្ពុជា ដែល​ជា​រដ្ឋ​អធិបតេយ្យ»

ប្រធាន​ផ្នែក​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) លោក នី សុខា ច្រាន​ចោល​ការ​ចោទ​ប្រកាន់​គ្មាន​មូលដ្ឋាន​របស់​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​យុត្តិធម៌​នេះ។ លោក​ថា ការ​ទាម​ទារ​របស់​ក្រុម​សង្គម​ស៊ីវិល​ គឺ​ដើម្បី​យុត្តិធម៌​ពិត​ប្រាកដ​ជូន​បណ្ឌិត កែម ឡី និង​ការ​លុប​បំបាត់​វប្បធម៌​និទណ្ឌភាព​នៅ​កម្ពុជា។ លោក​បន្ថែម​ថា ការ​រក​យុត្តិធម៌​របស់​តុលាការ​កម្ពុជា​នា​ពេល​កន្លង​ទៅ មិន​បាន​លាង​ជម្រះ​មន្ទិល​សង្ស័យ​របស់​សាធារណ​ជន​នោះ​ឡើយ ហើយ​រឹតតែ​មិន​អាច​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​នានា​ជឿជាក់​បាន​ ដូច្នេះ​ការ​បង្កើត​គណៈកម្មការ​ឯករាជ្យ​ដែល​មាន​ការ​ចូល​រួម​​ពី​អន្តរជាតិ គឺ​ជា​រឿង​ចាំបាច់ « ខ្ញុំ​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​រឿង​ដែល​លើក​ឡើង​អំពី​ការ​កេង​ចំណេញ​ហ្នឹង។ វា​អត់​ដឹង​ថា ចំណេញ​អ្វី ? យើង​អត់​មាន​ចំណេញ​ស្អី​ទេ។ អ្វី​ដែល​គោលដៅ​សំខាន់ គឺ​យុត្តិធម៌​ពិត​ប្រាកដ​​។ ការ​ដែល​យើង​មិន​ទាន់បាន​ស្វែង​​រក​យុត្តិធម៌​ពិត​ប្រាកដ​ អា​ហ្នឹង​ទេ​ដែល​យើង​ត្រូវ​បង្ហាញ​អំពី​ភាព​យកចិត្ត​ទុក​ដាក់​ក្នុង​ការ​ផ្ដល់​យុត្តិធម៌»

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បា​ញ់​សម្លាប់​នៅ​ព្រឹក​ថ្ងៃ​ទី១០ កក្កដា ឆ្នាំ២០១៦ ក្នុង​ហាង​លក់​ទំនិញ​ស្តារម៉ាត (Star Mart) នៃ​​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ រាជធានី​ភ្នំពេញ។ ហេតុការណ៍​ឃាតកម្ម​នេះ កើត​ឡើង​រយៈពេល​ពីរ​ថ្ងៃ ក្រោយ​ពេល​បណ្ឌិត កែម ឡី ចូល​រួម​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ី​សេរី​ ជជែក​អំពី​ទ្រព្យ​សម្បត្តិ​មហាសាល និង​ការ​ក្តោប​ក្តាប់​មុខ​ជំនួញ​ច្រើន​រាប់​មិន​អស់​​របស់​គ្រួសារ​លោក ហ៊ុន សែន នៅ​កម្ពុជា ដែល​​អង្គការ​ឃ្លាំមើល​ពិភពលោក (Global Witness) បាន​រក​ឃើញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។