សមត្ថកិច្ច​នឹង​បញ្ជូន​មនុស្ស​​ជាង​ ៣០០​នាក់​​ឡើង​​តុលាការ​​ករណី​​គ្រឿង​ញៀន​​នៅ ​រ៉ក់

ដោយ មួង ណារ៉េត
2019.02.23
គ្រឿងញៀន ភ្នំពេញ Rock ៦២២ អ្នកសង្ស័យ​ប្រើប្រាស់ និង​អ្នក​ចែក​ចាយ​គ្រឿង​ញៀន ជាង ៣០០នាក់ ដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​​ឃាត់​ខ្លួន នៅ​មជ្ឈមណ្ឌល​ក្លឹប​កម្សាន្ត រ៉ក់ (Rock៌) ម្ដុំ​បឹង​ត្របែក រាជធានី​ភ្នំពេញ កាល​ពី​រាត្រី​ថ្ងៃ​ទី២២ ចូល ២៣ ខែ​កុម្ភៈ ឆ្នាំ២០១៩។
រូបថត៖ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

សមត្ថកិច្ច​នឹង​បញ្ជូន​អ្នក​ផ្ទុក​សារធាតុ​ញៀន និង​អ្នក​ពាក់ព័ន្ធ ទៅ​តុលាការ ក្រោយពេល​ធ្វើ​តេស្ដ​ទឹកនោម និង​ស៊ើបអង្កេត​ចប់​សព្វគ្រប់ លើ​ជនសង្ស័យ​ប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​ជាង​៣០០​នាក់ ដែល​ឃាត់ខ្លួន នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់ (Rock) នៅ​សង្កាត់​ទន្លេបាសាក់ កាលពី​យប់​ថ្ងៃ​ទី​២២ ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ។

អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​បង្ក្រាប​គ្រឿងញៀន លោក មាស វីរិទ្ធិ ប្រាប់​អាស៊ីសេរី​ថា ដោយសារ​ចំនួន​ជនសង្ស័យ​មាន​ច្រើន ឯ​សមត្ថកិច្ច​មាន​ចំនួន​តិច ដូច្នេះ​នីតិវិធី និង​ការ​ធ្វើ​តេស្ត​ទឹកនោម​ម្នាក់​ម្ដង ត្រូវ​ប្រើ​ពេលវេលា​យូរ។ លោក​ថា ការ​ធ្វើ​តេស្ដ​ទឹកនោម ដើម្បី​រក​សារ​ធាតុ​ញៀន ហើយ​បន្ទាប់​ពី​នីតិវិធី និង​ការ​ធ្វើ​តេស្ត​ទឹកនោម​រួចរាល់ សមត្ថកិច្ច​នឹង​បញ្ជូន​ជនសង្ស័យ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​នេះ​ទៅ​តុលាការ៖ «អាហ្នឹង​យើង​បន្ត​នីតិវិធី​ទៀត តែ​មិន​បញ្ជាក់​ថា គាត់ ​(​ជន​សង្ស័យ​) គ្រាន់​តែ​ប្រើប្រាស់​​ទេ ជួនកាល​គាត់​ធ្វើ​សកម្មភាព​ផ្សេងទៀត​។ អ៊ីចឹង យើង​បន្ត​ញែក​តាម​នីតិវិធី ដើម្បី​រក​យុត្តិធម៌»

សមត្ថកិច្ច​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃ​ទី​២២ ឈាន​ចូល​ថ្ងៃ​ទី​២៣ កុម្ភៈ បាន​បើក​ប្រតិបត្តិការ ចុះ​ចាប់​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ក់ បាន​ជាង ៣០០​នាក់​។ ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ លោក ស ថេត សរសេរ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ថា ក្នុងចំណោម​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ​ថ្នាំញៀន ជាង​៣០០​នាក់ មាន​ជនជាតិ​ចិន​ចំនួន ១៤​នាក់​។ សមត្ថកិច្ច​ដកហូត​គ្រឿងញៀន មិន​តិច​ជាង ៥០​គីឡូក្រាម​ទេ ក្នុង​នោះ យ៉ាង​ហោច​ណាស់ សារធាតុ​ញៀន​ជា​ទឹក ទម្ងន់​៩​គីឡូ ២​ខាំ ជញ្ជីង​ថ្លឹង​គ្រឿងញៀន​ចំនួន​១២ និង​កាំភ្លើងខ្លី​ ១​ដើម។

ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​នាំ​ជនសង្ស័យ ទៅ​ធ្វើ​កំណត់ហេតុ​និង​សាកសួរ​តាម​នីតិវិធី នៅ​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ​។ យ៉ាងហោចណាស់ នេះ​គឺជា​ការ​បង្ក្រាប ការចែក​ចាយ និង​ប្រើប្រាស់​ថ្នាំញៀន លើក​ទី​៤​ហើយ នៅ​មជ្ឈមណ្ឌល​កម្សាន្ត​រ៉ក់។

ជនសង្ស័យ​ជាង ៣០០​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន នៅ​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត ​រ៉ក់ ភាគ​ច្រើន​ជា​​ក្មេង​​ជំទង់ មាន​ប្រុស​មាន​ស្រី និង​មាន​សិស្សសាលា​ផង​ដែរ។ ម្ដាយ​របស់​ជនសង្ស័យ​ជា​ច្រើន​​នាក់ បាន​នាំគ្នា​រង់ចាំ​កូនប្រុស​ស្រី នៅ​ក្រៅ​អគ្គស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដោយ​អះអាង​ថា កូនប្រុស​ស្រី វ័យ​ជំទង់​របស់​ពួកគេ ទើបតែ​ចូល​លេង​ក្នុង​មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ក់ ជា​លើក​ទី​១ និង​គ្មាន​សេព​សារធាតុ​ញៀន​ជាដើម៖ «ខ្ញុំ​ភ័យ ខ្ញុំ​ស្លុត ខ្ញុំ​គ្មាន​កម្លាំង​ទេ​។ កូន​ខ្ញុំ​មិនដែល​អ៊ីចឹង។ សុំ​ខួបកំណើត​ទេ។ ដល់​ហើយ ខ្ញុំ​ថា ខួបកំណើត​ហើយ​មក​ផ្ទះ​ណា​កូន។ បាទៗ​។ តែ​ប៉ិន​ហ្នឹង​ទេ កូន​ខ្ញុំ​មិន​ដែល​អ៊ីចឹង​ទេ​។ ខ្ញុំ​យំ ខ្ញុំ​ភ័យ​។​..... គាំទ្រ​បិទ​អា រ៉ក់​ ហ្នឹង បើ​នៅតែ​បើក ​ក្មេង​នៅតែ​ខូច​អ៊ីចឹង»

លោក មាស វីរិទ្ធិ អះអាង​ថា សមត្ថកិច្ច នឹង​ដោះលែង​ជនសង្ស័យ​ណា មិន​មាន​ផ្ទុក​សារធាតុ​ញៀន និង​មិន​ជាប់​ពាក់ព័ន្ធ​បទល្មើស​ចែកចាយ​គ្រឿងញៀន។ ប៉ុន្តែ​មជ្ឈមណ្ឌល​កម្សាន្ត​ រ៉ក់ អាច​នឹង​ត្រូវ​បិទ​ឈប់​ឱ្យ​ធ្វើ​អាជីវកម្ម។ លោក​ឱ្យ​រង់​ចាំ​មើល​ចំណាត់​ការ​របស់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ។

អាស៊ីសេរី គ្មាន​ប្រភព​សុំ​ការ​បំភ្លឺ​ពី​ខាង​ភាគី មជ្ឈមណ្ឌល​កម្សាន្ត ​រ៉ក់ បាន​ទេ នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ។

ច្បាប់​ស្ដីពី​ការ​ត្រួតពិនិត្យ​គ្រឿងញៀន មាត្រា​៧៧ ចែងថា ក្នុង​ករណី​មានការ​ចោទប្រកាន់​ពី​បទ​ល្មើស​ណាមួយ ដែល​កើតឡើង​ពី​គ្រឿងញៀន ​ហើយ​បណ្ដាល​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ តុលាការ ឬ​ចៅក្រម​ស៊ើបសួរ អាច​បញ្ជា​ឱ្យ​បិទទ្វារ បណ្ដោះអាសន្ន​សម្រាប់​ថិរវេលា ​៦​ខែ យ៉ាង​យូរ​ចំពោះ​សណ្ឋាគារ ផ្ទះ​ឈ្នួល​មាន​ចលនវត្ថុ​ប្រើប្រាស់​ស្រាប់ កន្លែង​ទទួល​ភ្ញៀវ​ឱ្យ​នៅ និង​បរិភោគ តៀម​ភេសជ្ជៈ ភោជនីយដ្ឋាន ក្លឹប សមាគម​កម្សាន្ត កន្លែង រាំច្រៀង កន្លែង​ទស្សនីយភាព ឬ​សាខា កន្លែង​នោះ ឬ​កន្លែង​ណាមួយ ដែល​បើក​ឱ្យ​សាធារណជន ឬ​ប្រើប្រាស់​ដោយ​សាធារណជន ហើយ​កើតមាន​បទល្មើស ប្រព្រឹត្ត​ដោយ​អាជីវករ ដោយសារ​ការ​សមគំនិត​របស់​អាជីវករ​។ សេចក្ដី​សម្រេច​ទាំងឡាយ ដែល​ចែង​នេះ ត្រូវ​យក​ទៅ​អនុវត្ត​ភ្លាម ទោះបី​មាន​បណ្ដឹង​ឧទ្ធរណ៍​ក៏ដោយ​។​

ប្រធាន​អង្គការ​ ខាណា (Khana) លោក ជួប សុខចំរើន សាទរ​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ នៅ​​ក្នុង​​មជ្ឈមណ្ឌល​​កម្សាន្ត ​រ៉ក់ នៅ​​ចំ​​កណ្ដាល​​រាជធានី​​ភ្នំពេញ​។ លោក​ថា តាម​វិធានការ​ច្បាប់ ទាំង​អ្នកប្រើប្រាស់ និង​អ្នក​ចែកចាយ គ្រឿងញៀន មាន​ទោស​ដូចគ្នា​។ ប៉ុន្តែ​អាជ្ញាធរ ត្រូវ​ជួយ​បញ្ជូន​ជន​ផ្ទុក​សារធាតុ​ញៀន ទៅ​ព្យាបាល​តាម​ការ​យល់​ព្រម​ពី​សាមីខ្លួន ដោយ​ក្រសួង​សុខាភិបាល​ជា​អ្នក​ទទួល​បន្ទុក​ថ្លៃ​សេវា៖ «សមត្ថកិច្ច​ត្រូវតែ​ជួយ ធ្វើ​ម្ដេច​បញ្ជូន​ពួកគាត់ ឱ្យ​បាន​ទទួល​យក​សេវា​សុខភាព ដើម្បី​ផ្ដាច់​សារធាតុ​ញៀន ព្រោះ​ជា​បទពិសោធន៍​បើ​គាត់​ទទួលយក​ការ​ព្យាបាល គឺ​គាត់​អាច​ផ្ដាច់​គ្រឿងញៀន​បាន»

សង្គម​ស៊ីវិល លោក ជួប សុខចំរើន សង្កេត​ឃើញ​ថា បើ​ទោះ​រដ្ឋាភិបាល​ប្រកាស​ថា មាន​លទ្ធភាព​គ្រប់គ្រង​ស្ថានភាព​ការប្រើប្រាស់ និង​ចែកចាយ​គ្រឿងញៀន​បាន ប៉ុន្តែ​ទាមទារ​ឱ្យ​មានការ​ចូលរួម​ពី​ពលរដ្ឋ​ដែរ។ លោក​ថា ក្រៅពី​សមត្ថកិច្ច គឺ​ឪពុកម្ដាយ សាច់ញាតិ និង​សាមីខ្លួន អ្នកប្រើប្រាស់​គ្រឿងញៀន ត្រូវ​ចូលរួម​ចំណែក​លុបបំបាត់​គ្រឿងញៀន ទើប​អាច​ធ្វើ​ឱ្យ​ស្ថានភាព​គ្រឿងញៀន​នៅ​កម្ពុជា​មាន​ភាព​ល្អ​ប្រសើរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។