សមត្ថកិច្ចរកឃើញសាកសពសិស្សសាលា២នាក់ ក្នុងចំណោម៣នាក់ដែលបាត់ខ្លួន
2016.12.30
សមត្ថកិច្ចក្រុងក្រចេះ នៅល្ងាចថ្ងៃទី៣០ ខែ ធ្នូ រកឃើញសាកសពក្មេងប្រុសសិស្សសាលា២នាក់ ក្នុងចំណោម៣នាក់ ដែលសង្ស័យថា លង់ទឹកទន្លេមេគង្គ ក្រោយពេលពួកគេបានទៅលេងទឹកនៅតាមឆ្នេរនៅលើកោះទ្រង់។
អធិការនគរបាលក្រុងក្រចេះ លោក នេត លីន ឲ្យអាស៊ីសេរីដឹងថា សាកសពសិស្សពីរនាក់ដែលត្រូវបានរកឃើញ មិននៅឆ្ងាយពីទីតាំងសម្ភារៈរបស់ពួកគេទេ គឺប្រហែលជា២០ម៉ែត្រពីច្រាំងខ្សាច់ដែលពួកគេលេង៖ «អ៊ីចឹងយើងអាចសន្និដ្ឋានជំហានថា ពួកគាត់ចុះលេងទឹក ហើយស្លាប់ហើយ។ ម៉ោង១១.៣០នាទី ក្រុមការងារយើងរកឃើញម្នាក់ ហើយរហូតមកដល់ម៉ោង១.៤៥នាទី យើងរកឃើញម្នាក់ទៀត»។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបញ្ជាក់ថា សិស្សទាំងបីនាក់នេះបានចុះលេងទឹក បន្ទាប់មកទំនងមានម្នាក់លង់ទឹក ហើយពីរនាក់ទៀតចុះជួយ បណ្ដាលឲ្យពួកគេលង់ស្លាប់ទាំងអស់គ្នា។
លោក នេត លីន បន្តថា ការរុករកសាកសពសិស្សម្នាក់ទៀតដែលបាត់ខ្លួននោះ និងបន្តនៅព្រឹកថ្ងៃទី៣១ ធ្នូ។
សិស្សសាលាទាំង៣នាក់នេះ ជាសិស្សវិទ្យាល័យក្រុងក្រចេះ ពួកគេបានបាត់ខ្លួនកាលពីរសៀលថ្ងៃទី២៩ បន្ទាប់ពីចុះលេងទឹក៕