សង្គម​ស៊ីវិល​ស្នើ​សមត្ថកិច្ច​តាម​ចាប់​អ្នក​ពាក់ព័ន្ធ​ករណី​ឆបោក​​ម៉ាឡេស៊ី​៤៧​នាក់​មក​ធ្វើការ​ខុសច្បាប់​នៅ​កម្ពុជា

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ធ្វើ​ការងារ​ផ្នែក​ការពារ​សិទ្ធិមនុស្ស​នៅ​ខេត្ត​បន្ទាយមានជ័យ​ស្នើ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​មេខ្យល់ និង​អ្នក​ពាក់ព័ន្ធ​ដែល​ឆបោក​ជនជាតិ​ម៉ាឡេស៊ី​ចំនួន​៤៧ ក្រោយ​ពី​តុលាការ ដោះលែង​ជនរងគ្រោះ​ទាំងនោះ កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ​លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា អ្នក​ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​ជនរងគ្រោះ​ត្រូវ​នាំមក​ផ្ដន្ទាទោស ព្រោះ​ជនសង្ស័យ​ធ្វើ​ឲ្យ​ខូច​មុខមាត់​របស់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ៖ «ហើយក៏​ជា​ការ​ចាប់ផ្ដើម​នៃ​ប្រទេស​មានអំណាច​និង​ប្រទេស​ជឿនលឿន​យក​កម្ពុជា​ធ្វើជា​ទីកន្លែង​សម្រាប់​ធ្វើ​ការបោកប្រាស់​ជួញដូរ​មនុស្ស​ដែរ។ ដូច្នេះ​យើង​ត្រូវ​ទប់ស្កាត់​កុំ​ឱ្យ​កេរ្តិ៍ឈ្មោះ​របស់​ប្រទេស​ធ្លាក់​ទៅតាម​គេ​លើកឡើង​ដូច្នេះ ដែល​គេ​មក​មក​កម្ពុជា​ជា​ប្រទេស​មាន​ច្បាប់​ដែរ ប៉ុន្តែ​មិន​អនុវត្ត​ច្បាប់»។

កាលពី​ថ្ងៃ​ទី​១៥ កុម្ភៈ សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​ដោះលែង​ជនជាតិ​ម៉ាឡេស៊ី​ចំនួន ៤៧​នាក់ ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ពួកគេ​ជាប់ពន្ធនាគារ​ក្នុង​ខេត្ត​នេះ​អស់​ជាង​១​ខែ។

កាសែត​ក្នុងស្រុក​បាន​សម្ភាសន៍​ជនជាតិ​ម៉ាឡេស៊ី​ម្នាក់​ក្នុងចំណោម ៤៧​នាក់ បាន​ឲ្យ​ដឹង​ថា មេខ្យល់​បាន​លួងលោម​ឲ្យ​គេ​មក​ធ្វើការ​នៅ​កម្ពុជា​ដោយ​សន្យា​ផ្ដល់​ប្រាក់ខែ​ល្អ និង​សំបុត្រ​យន្តហោះ​មក​កម្ពុជា​ដោយ​ឥត​ថ្លៃ ប៉ុន្តែ ជនរងគ្រោះ​មិនបាន​បញ្ជាក់​ថា មេខ្យល់ ជា​ជនជាតិ​ខ្មែរ ឬ​ជា​ជនបរទេស​នោះ​ទេ។ ជនរងគ្រោះ​បន្ថែម​ទៀត​ថា នៅ​ពេល​មកដល់​កម្ពុជា មេខ្យល់​ក៏បាន​ចាប់​បង្ខាំង​ពួកគេ​នៅ​ក្នុង​ផ្ទះ​មួយ​កន្លែង​ក្នុង​ខេត្ត​សៀមរាប ហើយ​កាលពី​ថ្ងៃ​ទី​១១ ធ្នូ សមត្ថកិច្ច​បាន​ចាប់​ជនជាតិ​ម៉ាឡេស៊ី​ទាំង​៤៧​នាក់​បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ ដោយ​ចោទប្រកាន់​ចូល​មក​កម្ពុជា​ខុសច្បាប់។

អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក ជិន ម៉ាលីន មាន​ប្រសាសន៍​ប្រាប់​អាស៊ីសេរី​នៅ​រសៀល​ថ្ងៃ​ទី​១៦​កុម្ភៈ ថា ការ​ធ្វើ​ដោះលែង​ជនបរទេស​ទាំងនេះ​ធ្វើឡើង​តាម​នីតិវិធី​របស់​តុលាការ។ លោក​បន្ត​ថា ការ​ដោះលែង​នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង ហើយ​សមត្ថកិច្ច​នឹង​តាម​រក​អ្នក​ពាក់ព័ន្ធ​មក​ទទួលទោស​តាមច្បាប់​បន្ត​ទៀត៖ «ហើយ​បើ​សិន​រឿង​នេះ​ពាក់ព័ន្ធ​អ្នក​ផ្សេង ធម្មតា​នីតិវិធី​របស់​តុលាការ គេ​នឹង​ស៊ើបសួរ​បន្ត​ទៀត ប៉ុន្តែ​អ្នក​ដែល​ស្ថិត​នៅ​ក្នុង​របាយការណ៍​នីតិវិធី​រក​ទៅ​អត់​មាន​មូលដ្ឋាន​បទល្មើស​ដូច្នេះ​ហើយ​បានជា​គេ​ធ្វើការ​ដោះលែង»។

លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា រឿង​នេះ​សមត្ថកិច្ច​ត្រូវ​ចាប់​អ្នក​ពាក់ព័ន្ធ​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ និង​ឲ្យ​បាន​ឆាប់រហ័ស ដើម្បី​កុំ​ឲ្យ​ជន​ទាំងនោះ​ជួញដូរ​មនុស្ស​ខុសច្បាប់​នៅ​ថ្ងៃក្រោយ​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។