ប្រជាពលរដ្ឋថាបទល្មើសនេសាទត្រីកំពុងកើនឡើងខ្លាំងនៅតំបន់ទន្លេខេត្តសៀមរាប
2023.03.27

ប្រជាពលរដ្ឋអះអាងថា បទល្មើសនេសាទកំពុងកើនឡើងខ្លាំងនៅតំបន់ទន្លេសាបខេត្តសៀមរាប ដោយពុំមានអាជ្ញាធរណាចុះបង្ក្រាបនៅឡើយ។ ពលរដ្ឋទទូចឱ្យអាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបបទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព។ សកម្មជនបរិស្ថានថា អាជ្ញាធរពាក់ព័ន្ធគួរតែពិនិត្យឡើងវិញក្នុងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងចំពោះជនល្មើសប្រកបដោយតម្លាភាព។
ប្រជាពលរដ្ឋនៅខេត្តសៀមរាប លើកឡើងថា បទល្មើសនេសាទត្រីនៅតំបន់ទន្លេសាបកើនឡើងវិញជាបន្តបន្ទាប់ ជាពិសេសការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដូចជាសាច់មង អួន ដែលប្រើដោយម៉ាស៊ីន ហើយជាឧបករណ៍អាចនេសាទត្រីបានទាំងតូចទាំងធំ ដោយពុំរើសប្រភេទត្រីនោះទេ។ ពលរដ្ឋថា ភាគច្រើនគឺជនជាតិវៀតណាម ដែលមកនេសាទដោយពុំមានការភ័យខ្លាច។ ទោះបីជាករណីនេះពួកគាត់ បានជូនដំណឹងទៅអាជ្ញាធរមូលដ្ឋានជាញឹកញាប់ដែរ ប៉ុន្តែអាជ្ញាធរ មិនអើពើចុះបង្ក្រាបនោះទេ។
ប្រជានេសាទម្នាក់រស់នៅភូមិកំពង់ភ្លុក ខេត្តសៀមរាបដែលតែងទៅនេសាទត្រី នៅតំបន់ទន្លេសាប ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២៦ ខែមីនា ថា បច្ចុប្បន្នការនេសាទត្រីរបស់លោក បានល្អប្រសើរ បើប្រៀបធៀបកាលពី២-៣ឆ្នាំមុខ បន្ទាប់ពីមានការចុះបង្ក្រាបបទល្មើសខុសច្បាប់ពីសំណាកអាជ្ញាធរពាក់ព័ន្ធកន្លងទៅ។ លោកបន្តថា ក្នុងមួយថ្ងៃ លោកអាចរកត្រីចាប់ពី៤-៥គីឡូ។ ក៏ប៉ុន្តែរយៈពេល២-៣ខែចុងក្រោយនេះប្រជានេសាទភាគច្រើនមិនសប្បាយចិត្ត នៅពេលដែលបទល្មើសបន្តកើតមានឡើងវិញ ដោយពុំមានការទប់ស្កាត់ពីសំណាកអាជ្ញាធរឡើយ។
«ខ្ញុំតូចចិត្តដែរ ប្រាប់គេហើយគេមិនធ្វើ[ចុះបង្ក្រាប]គេជាអាជ្ញាធរដែនដីគេមិនធ្វើផង ហើយប្រជាពលរដ្ឋមួយចំនួនរិះគន់យ៉ាងច្រើន នៅពេលចេះរបរនេះ[បទល្មើសនេសាទខុសច្បាប់] មួយតូចចិត្តបទល្មើសនឹងឯង ហើយទៅប្រាប់ភូមិឃុំ ភូមិឃុំគេមិនទទួលដឹងឮផង គេថាចុះមិនចាប់គេមក ទៅចាប់គេណា យើងទៅមានសិទ្ធិអីទៅចាប់ បើអាជ្ញាធរគេមិនទៅចាប់ផង ឱ្យយើងអ្នកភូមិទៅចាប់»។
ចាប់តាំងពីអាជ្ញាធរពាក់ព័ន្ធបានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ទ្រង់ទ្រាយធំ កាលពីដើមខែមីនា ឆ្នាំ២០២២ ដែលធ្វើឡើង បន្ទាប់ពីមានការបញ្ជាពី ប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន រួចមក ប្រជាពលរដ្ឋអះអាងថា ជនជាតិវៀតណាម និងពលរដ្ឋខ្មែរមួយចំនួន ដែលតែងតែនេសាទត្រីខុសច្បាប់ដោយប្រើម៉ាស៊ីន នៅក្នុងតំបន់ទន្លេសាប ហាក់មានភាពស្ងប់ ក៏ប៉ុន្តែបច្ចុប្បន្ន ជនល្មើសទាំងនោះ ជាពិសេសជនជាតិវៀតណាម កំពុងចាប់ផ្ដើមចុះនេសាទត្រីខុសច្បាប់ឡើងវិញ ហើយពុំមានការភ័យខ្លាច អាជ្ញាធរខ្មែរឡើយ ដោយសារតែអ្នកទាំងនោះបានប្រព្រឹត្តអំពើពុករលួយ។
ពលរដ្ឋម្នាក់ទៀត រស់នៅភូមិកំពង់ភ្លុក ខេត្តសៀមរាប លោក ឈន គុជស៊ាក លើកឡើងថា ការនេសាទត្រីរបស់ពលរដ្ឋឆ្នាំនេះ រកបានច្រើន ក្នុងមួយថ្ងៃអាចរកបាន២០គីឡូ ទៅ៣០គីឡូ ក៏ប៉ុន្តែទីផ្សារ លក់មិនសូវបានតម្លៃថ្លៃ ខណៈដែលត្រីធ្លាប់លក់ក្នុង១គីឡូបាន ១ម៉ឺនរៀល ប៉ុន្តែលក់បច្ចុប្បន្ន បានត្រឹម ត្រី១គីឡូ ២ទៅ៣ពានរៀល (២០០០៛-៣០០០៛) ប៉ុណ្ណោះ។ លើសពីនេះ លោកក៏បារម្ភពីបញ្ហានេសាទត្រីខុសច្បាប់ ដែលកំពុងរើឡើងវិញដោយពុំមានការទប់ស្កាត់ពីអាជ្ញាធរ។ ដូច្នេះ លោកទទូចឱ្យអាជ្ញាធរពាក់ព័ន្ធគួរតែចុះបង្ក្រាបបទល្មើសទាំងនោះ ឱ្យមានប្រសិទ្ធភាពឡើងវិញ បើពុំនោះទេ ត្រីក្នុងទន្លេសាបនឹងបន្តហិនហោច។
លោក ឈន គុជស៊ាក៖ «ឥឡូវឃើញយួនចេញមកប៉ុន្មានវង់ដែរ[ក្រុម] ឃើញប្រជាពលរដ្ឋអ្នកទៅរកហ្នឹងគាត់ប្រាប់ ប៉ុន្តែខ្ញុំកំពុងតែតាមដាន ហើយនឹងចុះទៅល្បាតមើលថា តើមានទ្រង់ទ្រាយធំឬក៏អត់។ ប៉ុន្តែបើខ្នាតទាញដៃ ច្បាប់គេអនុញ្ញាត៥០ៗ ១រយម៉ែត្រគេអនុញ្ញាតឱ្យរកទាញដៃ។ ប៉ុន្តែពួកយួនរកភាគច្រើនវាប្រើម៉ាស៊ីនហើយ គ្រាន់អត់ទាន់ដឹងច្បាស់ចេញទ្រង់ទ្រាយប៉ុនណា គ្រាន់តែអ្នកទៅនេសាទប្រាប់ខ្ញុំថា មានចេញហើយ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលខេត្តសៀមរាប លោក ទៀ សីហា និងអ្នកនាំពាក្យក្រសួងក្រសួងកសិកម្ម កញ្ញា អ៊ឹម រចនា ដើម្បីឆ្លើយតបជុំវិញនេះបានទេនៅថ្ងៃទី២៦ ខែមីនា ដោយហៅទូរស័ព្ទចូលតែពុំមានអ្នកទទួល។
ដោយឡែក សកម្មជនបរិស្ថាន លោក សាន់ ម៉ាឡា លើកឡើងថា បទល្មើសនេសាទកើតឡើងវិញនេះ គឺជាក្ដីបារម្ភមួយរបស់សាធារណជន និងប្រជានេសាទដែលពឹងអាស្រ័យលើការប្រកបរបររកត្រី បើសិនជាត្រីត្រូវបានហិនហោចដោយពុំមានការទប់ស្កាត់ ឱ្យបានត្រឹមត្រូវពីសំណាក់អាជ្ញាធរពាក់ព័ន្ធ។ លោកបន្តថា កន្លងទៅអាជ្ញាធរពាក់ព័ន្ធ ហាក់ចាំតែការបញ្ជាពីថ្នាក់លើ ទើបធ្វើសកម្មភាព។ លោកស្នើថា អាជ្ញាធរពាក់ព័ន្ធ គួរតែពិនិត្យឡើងវិញក្នុងការអនុវត្តឱ្យបានតឹងរ៉ឹង ចំពោះជនល្មើស ប្រកបដោយតម្លាភាព។
លោក សាន់ ម៉ាឡា៖ «ជួនកាលអ្នកប្រព្រឹត្តបទល្មើសមានអំណាច និងយសស័ក្ដិធំជាងគាត់ ដែល ដែលគាត់ខ្វះមធ្យោបាយក្នុងការបង្ក្រាប ឬក៏ទប់ស្កាត់ដូច្នេះហើយ មានតែរង់ចាំបទបញ្ជាពីថ្នាក់លើ ហើយពេលខ្លះទាល់តែនាយកមន្ត្រីស្រែក ឬរងការរិះគន់ពីសាធារណជន ទើបអាជ្ញាធរហ្នឹងគាត់ចាត់វិធានការ ក៏ប៉ុន្តែនៅពេលសាធារណជនរសាយចិត្ត លែងសូវចាប់អារម្មណ៍ ហើយរដ្ឋាភិបាលក៏លែងសូវអើពើជាមួយយើងឃើញថា បទល្មើសតែងតែកើតឡើងម្ដងហើយម្ដងទៀត»។
កាលពីខែមីនា ឆ្នាំ២០២២កន្លងទៅ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកតំណែងអភិបាលខេត្តនៅជុំវិញបឹងទន្លេសាប ប្រសិនបើបង្ក្រាបបទល្មើសនេសាទបរាជ័យ។ លោក ហ៊ុន សែន បានស្ដីបន្ទោសអភិបាលខេត្តនៅជុំវិញបឹងទន្លេសាបថា មិនត្រូវមើលស្រាល ក្នុងការបង្ក្រាបបទល្មើសនេសាទនោះទេ។ តែយ៉ាងណាអ្នកឃ្លាំមើលបញ្ហាសង្គមថា អាជ្ញាធរពាក់ព័ន្ធចុះបង្ក្រាបបទល្មើស គ្រាន់តែដើម្បីបំពេញចិត្តលោក ហ៊ុន សែន មួយគ្រាតែប៉ុណ្ណោះ ខណៈដែលអាជ្ញាធរមូលដ្ឋានមួយចំនួន ជាប់ពាក់ព័ន្ធនិងការប្រព្រឹត្តអំពើពុករលួយជាថ្នូរនឹងការអនុញ្ញាតឱ្យជនល្មើសបន្តនេសាទដោយខុសច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។