ប្រជាពលរដ្ឋ មន្ត្រីសិទ្ធិមនុស្ស ថ្នាក់ដឹកនាំសហជីព និងអង្គការសង្គមស៊ីវិលមួយចំនួនដែល ជាអ្នកគោរពស្រឡាញ់បណ្ឌិត កែម ឡី នាំគ្នាប្រារព្ធខួប៥ឆ្នាំនៃឃាតកម្មរបស់លោកនៅលើបណ្ដាញសង្គមនៅថ្ងៃទី ១០កក្កដានេះ ក្រោមប្រធានបទ''យុត្តិធម៌សម្រាប់ទាំងអស់គ្នា''។ រីឯអាជ្ញាធររបបក្រុងភ្នំពេញវិញ ពួកគេ បានដាក់ពង្រាយកងកម្លាំងចម្រុះរាប់សិបនាក់ដើម្បីឃ្លាំមើល និងរារាំង មិនឲ្យអ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី ជួបជុំដាក់កម្រងផ្កានៅមុខហាងលក់ទំនិញស្ដារម៉ាតកាល់តិច (Caltex) ស្តុបបូកគោ ទីដែលលោកបណ្ឌិត ត្រូវបានឃាតកបាញ់សម្លាប់ កាលពី៥ឆ្នាំមុននោះទេ។
ការប្រារព្ធពិធីបុណ្យខួប៥ឆ្នាំនៃឃាតកម្មបណ្ឌិត កែម ឡី នៅឆ្នាំនេះ ប្រជាពលរដ្ឋ និងក្រុមមន្ត្រីអង្គការ សមាគម និងសហជីព មិនបានជួបជុំគ្នាដាក់កម្រងផ្កានៅស្ដារម៉ាតកាល់តិច (Caltex) ស្តុបបូកគោនោះទេ។ ពួកគាត់ក៏មិនបាននាំគ្នាទៅចូលរួមគោរពវិញ្ញាណក្ខន្ធរបស់លោកដល់ស្រុកកំណើតនៅឯខេត្តតាកែវ ដូចរាល់ឆ្នាំនោះដែរ ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩។ ទោះជាយ៉ាងនេះក្តី ក្រុមអ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី ប្រមាណ៣រយ (៣០០)នាក់បានជួបជុំគ្នាប្រារព្ធកម្មវិធីខួប៥ឆ្នាំនេះ នៅលើបណ្ដាញសង្គមដែលផ្សាយផ្ទាល់ជាពិសេសរយៈពេល៤ម៉ោង នៅលើទំព័រហ្វេសប៊ុក (Facebook ) របស់សហភាពផ្ទះសាមគ្តី ក្រោមប្រធានបទ''យុត្តិធម៌សម្រាប់ទាំងអស់ គ្នា''។
ក្រុមអ្នកប្រារព្ធខួបទាំងនេះ នាំគ្នារំលឹកពីការចងចាំ ឬអនុស្សាវរីយ៍ជាមួយបណ្ឌិត កែម ឡី ការប្តេជ្ញាចិត្តបន្តអនុវត្តតាមគំរូវីរភាពរបស់បណ្ឌិត កែម ឡី ព្រមទាំងនាំគ្នាផ្ញើសារទាមទារឱ្យបញ្ឈប់ការរឹតត្បិតសិទ្ធិសេរីភាព ការឃាត់ខ្លួន និងការសម្លាប់សកម្មជនសង្គម នយោបាយ បរិស្ថាន ដីធ្លី ព្រមទាំងដោះលែងអ្នកទោសមនសិការឡើងវិញ។ ក្រៅពីនេះ ពួកគាត់បន្តទាមទារអាជ្ញាធររកយុត្តិធម៌ជូនបណ្ឌិត កែម ឡី ដែលមិនត្រូវបិទបញ្ចប់ត្រឹមបុគ្គល ជួប សម្លាប់ នោះឡើយ។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ( IDEA) លោក វន់ ពៅ ដែលជាវាគ្មិនក្នុងកម្មវិធីនេះ មានប្រសាសន៍ថា មកទល់នឹងពេលនេះ លោកនៅតែមានអារម្មណ៍រន្ធត់ចំពោះអំពើឃាតកម្មដ៏សាហាវព្រៃផ្សៃនេះ ហើយលោកនៅតែគោរព និងកោតសរសើរដល់វីរភាពរបស់បណ្ឌិត កែម ឡី ដែលផ្តល់ទស្សនទានល្អៗជួយដល់សង្គម និងប្រជាពលរដ្ឋ។ លោកទាមទារឱ្យអាជ្ញាធរមានសមត្ថកិច្ចលាតត្រដាងការពិតជុំវិញអំពើឃាតកម្មដ៏កក្រើកមួយនេះ ដើម្បីលាងជម្រះមន្ទិលសង្ស័យរបស់សាធារណជន៖ «ថ្ងៃនេះ ជាថ្ងៃដែលយើងទាំងអស់គ្នាចងចាំមិនភ្លេចនៃការបាត់បង់វីរភាព និងធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គមកម្ពុជា ការបាត់បង់បណ្ឌិតដែលមានឧត្តមគតិខ្ពស់គឺបណ្ឌិត កែម ឡី។ រយៈពេល៥ឆ្នាំហើយដែលយើង ទន្ទឹងរង់ចាំចង់ឃើញយុត្តិធម៌សម្រាប់បណ្ឌិតកែម ឡី និងក្រុមគ្រួសារ និងចង់ឃើញយុត្តិធម៌សម្រាប់ប្រជាជាតិខ្មែរទាំងមូល»។
ជាមួយគ្នានេះ ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ថ្លែងថា បណ្ឌិត កែម ឡី គឺជាមនុស្សម្នាក់ដែលហ៊ានលះបង់ក្តីសុខផ្ទាល់ខ្លួននិងអាយុជីវិតដើម្បីជួយដល់សង្គមជាតិនិងប្រជាពលរដ្ឋ ដោយមិនដែលគិត ឬទាមទារគុណស្រ័យឡើយ៖ «លោក គិតផលប្រយោជន៍ជាតិជាធំជាជាងផលប្រយោជន៍គ្រួសារ។ អ្វីដែលយើងមើលឃើញគឺលោកចង់ឃើញសង្គមជាតិមួយដែលប្រជាពលរដ្ឋ រស់នៅដោយសុខដុមរមនា មានថ្នាក់ដឹកនាំមានទសពិធរាជធម៌។ បើសិនប្រទេសយើង មានថ្នាក់ដឹកនាំមាននូវទសពិធរាជធម៌ ប្រហែលជាប្រទេសយើង ឬប្រជាពលរដ្ឋយើង រស់នៅត្រជាក់ត្រជុំទាំងផ្លូវកាយផ្លូវចិត្ត។ ខ្ញុំនៅមិនភ្លេចពាក្យបណ្តាំរបស់គាត់ គឺដើម្បីធ្វើឲ្យសង្គមមួយរីកចម្រើន លុះត្រាព្យាបាលជំងឺបាក់ស្បាតរបស់ប្រជាពលរដ្ឋសិន»។
ស្របពេលដែលក្រុមសង្គមស៊ីវិលនាំគ្នារៀបចំកម្មវិធីតាមបណ្ដាញសង្គមនេះ ស្តារម៉ាត កាល់តិច (Caltex) ស្តុបបូកគោ ដែលជាទីកន្លែងឃាតកបាញ់សម្លាញ់បណ្ឌិត កែម ឡី នោះវិញ ត្រូវបានបិទទ្វារនៅថ្ងៃទី១០ កក្កដា។ លើសពីនេះ អាជ្ញាធររបបក្រុងភ្នំពេញ បានដាក់ពង្រាយកម្លាំងចម្រុះប្រមាណ៥០នាក់នៅទីនោះ ដើម្បីឃ្លាំមើល និងត្រៀមរារាំង មិនឲ្យអ្នកគោរពស្រលាញ់បណ្ឌិត កែម ឡី ចូលដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធរបស់លោកឡើយ។
ដោយឡែក នៅឯកន្លែងបញ្ចុះសពរបស់បណ្ឌិត កែម ឡី ស្ថិតក្នុងស្រុកកំណើតរបស់លោកគឺនៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវវិញ ម្តាយនិងបងប្អូនបង្កើតរបស់លោក បានរៀបចំពិធីបុណ្យតាមបែបប្រពៃណីពុទ្ធសាសនាទ្រង់ទ្រាយតូចរយៈពេលមួយព្រឹក ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធរបស់លោក។ នៅទីនោះ ក៏មានអាជ្ញាធរស្លៀកពាក់ស៊ីវិលជាច្រើននាក់តាមឃ្លាំមើលអ្នកចូលរួមដែរ។
បងស្រីបង្កើតរបស់បណ្ឌិត កែម ឡី គឺលោកស្រី កែម ថាវី រៀបរាប់ថា ការប្រារព្ធពិធីបុណ្យខួបបណ្ឌិត កែម ឡី នៅឆ្នាំនេះ ហាក់មានភាពសោះកក្រោះជាងរាល់ឆ្នាំ ព្រោះមិនសូវមានអ្នកចូលរួមច្រើន ខណៈអាជ្ញាធរវិញ នៅតែបន្តតាមឃ្លាំមើល បំភិតបំភ័យ និងរឹតត្បិតការរៀបចំកម្មវិធីដូចរាល់ឆ្នាំ។ លោកស្រីបន្តថា រហូតមកដល់ពេលនេះ ក្រុមគ្រួសាររបស់លោកស្រី នៅតែក្រៀមក្រំចំពោះការបាត់បង់បណ្ឌិត កែម ឡី និងនៅតែរងភាពឈឺចាប់ចំពោះការមិនទាន់ទទួលបានយុត្តិធម៌ពេញលេញដដែល៖ «បើគេ ( រដ្ឋាភិបាល ) រកឃាតកពិតឃើញ លាតត្រដាងហើយរឿងនេះពិតមែន វាធូរចិត្តហើយជ្រះស្រឡះក្នុងចិត្ត តែដល់ពេលអ៊ីចឹង យើងនៅតែងងឹតអ៊ីចឹងក្នុងចិត្តមើលអីមិនឃើញ។ យើងមិនអាចទទួលយកបានទេ ព្រោះអីគេ ( រដ្ឋាភិបាល ) មិនមែនជាជនរងគ្រោះ គេនិយាយថាម៉េចក៏បានដែរ តែយើងជាជនរងគ្រោះយើងទទួលយកមិនបានទេ»។
ក្នុងឱកាស៥ឆ្នាំនៃឃាតកម្មបណ្ឌិតកែម ឡី នេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានចូលរួមប្រារព្ធខួបជាមួយគ្រួសារបណ្ឌិតកែម ឡី នៅឯស្រុកកំណើត និងមានមន្ត្រីគណបក្សនេះនៅតាមស្រុកមួយចំនួន ក៏បានរៀបចំពិធីបង្សុកូលឧទ្ទិសបុណ្យកុសលដល់បណ្ឌិត កែម ឡី ដែរ។
ចំណែកប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា វិញ លោកបានផ្ញើសារចូលរួមសោកស្តាយ និងរំលែកទុក្ខជាថ្មីម្តងទៀតជាមួយក្រុមគ្រួសារបណ្ឌិត កែម ឡី ។ លោក កឹម សុខា ចាត់ទុកថា ឃាតកម្មលើបណ្ឌិត កែម ឡី កាលពី ៥ឆ្នាំមុន គឺជាអំពើដ៏សាហាវព្រៃផ្សៃ ដែលធ្វើឲ្យគ្រប់គ្នា សោកស្តាយនិងនឹកអាឡោះអាល័យ គ្មានថ្ងៃស្រាកស្រាន្តឡើយ។ លោក កឹម សុខា បញ្ជាក់ថា រូបលោក និងបណ្ឌិត កែម ឡី មិនមែនត្រឹមតែមានស្រុកកំណើតជាមួយគ្នា ជាកូនចៅអ្នកជនបទដែលបានតស៊ូរៀនសូត្រ បានរស់នៅ បានស្គាល់ពីសង្គមពិត និងជីវិតអ្នកក្រីក្រ អ្នករងគ្រោះដូចគ្នានោះទេ ប៉ុន្តែពួកលោក មានចក្ខុវិស័យ គោលបំណង និង គោលការណ៍ដូចគ្នាច្រើនទៀត ដើម្បីអធិបតេយ្យភាព ឯករាជ្យ ឯកភាពជាតិខ្មែរ និងដើម្បីសិទ្ធិសេរីភាព យុត្តិធម៌ សុខមាលភាពរបស់ប្រជាពលរដ្ឋខ្មែរ ដោយប្រកាន់យកនូវគោលការណ៍អហិង្សា មិនយកខ្មែរណាជាសត្រូវ។
ថ្ងៃសៅរ៍ទី១០ ខែកក្កដា ឆ្នាំ២០២១ ជូនចំពោះលោកស្រី ប៊ូ រចនា ភរិយាលោកបណ្ឌិតកែម ឡី ទោះបីអស់រយៈពេល៥ឆ្នាំកន្លងផុត...
Posted by Kem Sokha on Friday, July 9, 2021
ទាក់ទងនឹងអំពើឃាតកម្មបណ្ឌិត កែម ឡី នេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ថ្លែងថា តុលាការ បានកាត់ក្តីរឿងនេះនិងមានយុត្តិធម៌រួចហើយ ប៉ុន្តែអ្នកនយោបាយប្រឆាំង និងក្រុមអង្គការក្រៅរដ្ឋាភិបាល កំពុងឆកឱកាសកេងចំណេញនយោបាយពីសពបណ្ឌិត កែម ឡី៖ «ចំពោះរដ្ឋាភិបាលរឿងនេះ វានៅក្នុងតុលាការ ហើយតុលាការ បានវិនិច្ឆ័យរួចស្រេចទៅហើយ ប៉ុន្តែយើងសំណូមពរជាជាងមកប្រារព្ធមកអីនេះ ខំស្វែងរកភស្តុតាងយើងដាក់សាជាថ្មីម្តងទៀតនៅតុលាការដើម្បីវិនិច្ឆ័យទៅ។អានេះ គ្រាន់តែធ្វើដើម្បីនយោបាយ វាអត់ប្រយោជន៍ទេ គ្រាន់តែចំណាយលុយធ្វើបុណ្យ កែម ឡី រកតែលុយបង្គ្រប់មិនបានផង។ ពិចារណាមើល»។
នៅពេលអ្នកយកព័ត៌មានអាស៊ីសេរី បន្តចោទសួរថា ហេតុអ្វីរដ្ឋាភិបាល រុញឲ្យសាច់ញាតិនិងមន្ត្រីសង្គមស៊ីវិល ស្វែងរកភស្តុតាងដោយខ្លួនឯងវិញ ខណៈអាជ្ញាធររដ្ឋាភិបាល និងតុលាការ ជាអ្នកមានកាតព្វកិច្ច និងសមត្ថភាពក្នុងការស៊ើបអង្កេតនោះ លោក ផៃ ស៊ីផាន បែរជាខឹងច្រឡោត និងចុចផ្តាច់ទូរស័ព្ទឈប់ឆ្លើយសំណួរតែម្តង៖ «អាប្រុសឯងរៀននិយាយគោរពរដ្ឋាភិបាលផង មានសមត្ថភាព អត់សមត្ថកិច្ច អាឡាបល់យកនេះ។ បើដឹងគេថា អត់សមត្ថភាព ចាំបាច់ខលមករកគេធ្វើស្អីហើយបើថា ខ្លួនឯងមានសមត្ថភាពបញ្ចេញមក កុំប្រើពាក្យហ្នឹង ហ្អែងខ្មែរដែរតើអី បងប្អូនឯងនៅក្នុងស្រុកខ្មែរដែរតើ អី អានិយាយភាសានេះម៉ាក់ងាយសម្បើមណាស់។ ខ្ញុំអត់ទទួលយកបានទេ»។
ជុំវិញរឿងនេះ នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (LICADHO) លោក អំ សំអាត លើកឡើងថា យុត្តិធម៌សម្រាប់បណ្ឌិតកែម ឡី មិនទាន់ពេញមានលេញនៅឡើយទេ ព្រោះករណីឃាតកម្មនេះ អាចមានអ្នកពាក់ព័ន្ធ ឬអ្នកនៅពីក្រោយខ្នងជាច្រើននាក់ទៀត ក្រៅពីជនជាប់ចោទ ជួប សម្លាប់។ លោកបន្តជំរុញឲ្យអាជ្ញាធររដ្ឋាភិបាល ស្វែងរកអ្នកពាក់ព័ន្ធមកផ្ដន្ទាទោសតាមច្បាប់ ដើម្បីផ្តល់យុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះ និងដើម្បីលុបបំបាត់វប្បធម៌និទ្ទណ្ឌភាព៖ «សំណុំរឿងទី២ គឺតុលាការបំបែកសំណុំរឿងជនដែលពាក់ព័ន្ធដូច្នេះជនដែលពាក់ព័ន្ធក្នុងនេះគឺឃើញថា មានអ្នកដែលផ្តល់កាំភ្លើងនិងផ្តល់មធ្យោបាយ ហើយនឹងអ្នកពាក់ព័ន្ធផ្សេងទៀត។ប៉ុន្តែអ្វីដែលយើងមិនមានការរំពឹងនោះ គឺរយៈពេល៥ឆ្នាំហើយសំណុំរឿងទី២នេះមិនទាន់មានការវិវឌ្ឍណាមួយគួរឲ្យកត់សម្គាល់ទេ។ ខ្ញុំនៅតែយល់ឃើញថា ករណីឃាតកម្មលើលោកបណ្ឌិត កែម ឡី នេះ យុត្តិធម៌ពេញលេញ ប្រហែលមិនមានសម្រាប់លោកនិងក្រុមគ្រួសារក៏ដូចជាបង ប្អូនប្រជាពលរដ្ឋរាប់លាននាក់ដែលយើងឃើញហើយថ្ងៃដង្ហែសពបណ្ឌិត កែម ឡី មានរាប់លាននាក់ចូលរួម»។
ក្នុងរយៈពេល៥ ឆ្នាំ អាជ្ញាធររបបលោក ហ៊ុន សែន បាននាំខ្លួនមនុស្សតែម្នាក់គត់គឺ អឿត អាង ដែលហៅខ្លួនឯងថា ជួប សម្លាប់ យកមកផ្ដន្ទាទោស ខណៈសំណុំរឿងមួយទៀតដែលត្រូវស៊ើបអង្កេតរកអ្នកពាក់ព័ន្ធនោះ ហាក់គ្មានដំណើរការទៅមុខឡើយ។
ក្នុងឱកាសខួប៥ ឆ្នាំនៃឃាតកម្មលើបណ្ឌិត កែម ឡី នេះ ក្រុមអង្គការសង្គមស៊ីវិល សមាគម សហជីព ទាំងជាតិ និងអន្តរជាតិចំនួន៤៥ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នា ទាមទារជាថ្មីទៀតឱ្យរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការស៊ើបអង្កេតដោយឯករាជ្យ និងឥតលម្អៀងដើម្បីស៊ើបអង្កេតករណីនេះ ឲ្យមានប្រសិទ្ធភាព និងអាចជឿទុកចិត្តបាន។ ការទាមទារនេះ គឺដោយសារក្រុមសង្គមស៊ីវិលទាំងនោះ ពិនិត្យឃើញថា រយៈពេល៥ឆ្នាំមកនេះ រដ្ឋាភិបាលកម្ពុជាបានបរាជ័យក្នុងការស្វែងរកយុត្តិធម៌ជូនបណ្ឌិត កែម ឡី និងគ្រួសាររបស់គាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។