ការសិក្សារបស់សង្គមស៊ីវិលរកឃើញថា ជារឿយៗ កុមារត្រូវបានគេឲ្យបោះបង់ការសិក្សាច្រើនជាងការឈប់រៀនដោយខ្លួនឯង។ បញ្ហានេះ ត្រូវបានលើកមកជជែករវាងសង្គមស៊ីវិល និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងពិធីសម្ពោធគម្រោងដៃគូរួមគ្នា ផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។
កុមារកម្ពុជា ជាង ៥ម៉ឺន ៧ពាន់នាក់ ដែលនៅក្រៅសាលារៀន ត្រូវបានសង្គមស៊ីវិល និងក្រសួងអប់រំ យុវជន និងកីឡា រៀបចំឲ្យចុះឈ្មោះចូលរៀន និងជួយពួកគេឲ្យបន្តរៀនដល់ចប់ថ្នាក់បឋមសិក្សា ចាប់ពីឆ្នាំសិក្សា២០១៤ ទៅដល់ឆ្នាំ២០១៧។
ការប្រកាសនេះ បានធ្វើឡើងនៅក្នុងពិធីសម្ពោធគម្រោងដៃគូរួមគ្នា ផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា។
រដ្ឋមន្ត្រីក្រសួងអប់រំ លោកបណ្ឌិត ហង់ ជួនណារ៉ុន ថ្លែងក្នុងពិធីសម្ពោធគម្រោងដៃគូរួមគ្នា ផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា កាលពីព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ ថា បច្ចុប្បន្នកុមារដែលមិនបានចូលរៀន ភាគច្រើនជាកុមារពិការ កុមាររស់នៅក្នុងគ្រួសារចំណាកស្រុក កុមារជនជាតិដើមភាគតិច កុមាររស់នៅតាមចិញ្ចើមផ្លូវ កុមារនៅតំបន់ដាច់ស្រយាល ទើបមិនបានទៅចុះឈ្មោះចូលរៀន។
លោកបន្តថា កុមារទាំងនោះត្រូវតែជួយឲ្យបានចូលរៀនពីឆ្នាំសិក្សា២០១៤ ទៅដល់ឆ្នាំ២០១៧ ដែលជាគម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំ។ លោកថា នៅឆ្នាំសិក្សា២០១៣-២០១៤ អត្រាចូលរៀនថ្មីនៅបឋមសិក្សាមានចំនួន ៩៦% ច្រើនជាងឆ្នាំកន្លងមក ដែលមានកុមារតែ ៨% បានចុះឈ្មោះចូលរៀន ហើយបានឈប់ទៅវិញមុនចប់ថ្នាក់ទី១៖ «ចំពោះក្រសួងអប់រំ យុវជន និងកីឡា យើងនឹងបន្តការកែលំអបន្តទៀត។ ខ្ញុំគិតថា យើងអាចជួយបណ្តុះបណ្តាលគ្រូក្តី ក៏រៀបចំដោយអង្គការឃែរ ប៉ុន្តែគ្រូទាំងអស់ហ្នឹងជាគ្រូសហគមន៍ ជាសាលាសហគមន៍ អ៊ីចឹងយើងមានសាលាប្រហែលជាជាង ៥០ បញ្ចូលទៅក្នុងសាលារដ្ឋ ហើយយើងនឹងពង្រីកបណ្ដាញសាលាហ្នឹងឲ្យបានច្រើនថែមទៀត»។
ប្រធានអង្គការ អេដ អេ អាក់ស្យុង (Aide et Action) លោក វន សំភាស់ ថ្លែងក្នុងសន្និសីទសារព័ត៌មានថា កុមារមួយចំនួនមិនបានចូលរៀនដូចក្តីស្រមៃរបស់គេឡើយ។ បញ្ហានេះហើយទើបអង្គការនេះ និងសង្គមស៊ីវិលចំនួន ១៧អង្គការជាតិអន្តរជាតិផ្សេងទៀត ផ្ដួចផ្ដើមគំនិតអនុវត្តគម្រោងទី១មានឈ្មោះថា គម្រោងដៃគូរួមគ្នាផ្តល់ឱកាសអប់រំដល់កុមារបាត់បង់ឱកាសនៅកម្ពុជា ដើម្បីឲ្យកុមារទាំងអស់គ្នាមានក្តីសង្ឃឹមថ្មី ក្នុងការបានចូលទៅរៀន និងអាចរៀនចប់ថ្នាក់បឋមសិក្សា។ លោកថា គម្រោងទី១ នេះ អនុវត្តរយៈពេល ៤២ខែរាប់ចាប់ពីខែមិថុនា ឆ្នាំ២០១៤ ទៅដល់ខែវិច្ឆិកា ឆ្នាំ២០១៧ ដែលចំណាយទឹកប្រាក់អស់ច្រើនលានដុល្លារ ដើម្បីឲ្យកុមាររស់នៅក្រៅសាលារៀនបានចូលរៀនទាំងអស់គ្នា។
កុមារាអាយុ ៦ឆ្នាំ ឈ្មោះ រតនៈ ឲ្យដឹងថា ជម្លោះឪពុកម្ដាយគេបានធ្វើឲ្យកុមារមិនអាចទៅចុះឈ្មោះចូលរៀនបាន។ គាត់ត្រូវអង្គការភាពញញឹមនៃកុមារ ឬហៅថា ប៉េ.អេស.អឺ (PSE) ប្រមូលឲ្យចូលរៀន និងស្នាក់នៅក្នុងអង្គការនោះ៖ «ព្រោះខ្ញុំរៀនអ៊ីចឹងល្អ ខ្ញុំរៀនចេះលេខចែកហើយ»។
ដូចគ្នាដែរកុមារា ថាច់ មៀន អាយុ ១៥ឆ្នាំ ឲ្យដឹងថា ជីវភាពគ្រួសារទីទ័លក្រ ការសិក្សាអាក់ខាន តែគាត់បានអង្គការ ប៉េ.អេស.អឺ យកគាត់ទៅរៀននៅក្នុងថ្នាក់ពន្លឿន គឺថ្នាក់រៀនបញ្ចូលគ្នាសម្រាប់កម្រិតថ្នាក់ទី៥ និងទី៦ ជំរុញឲ្យកុមារមានអាយុច្រើនតែចេះដឹងទាប អាចរៀនចូលអនុវិទ្យាល័យបាន។
ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា លោក យ៉ែម បុញ្ញឫទ្ធិ ថ្លែងថា ក្រោយពីគណៈកម្មការនេះបានជួបជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ គឺវិស័យអប់រំត្រូវការកែលំអច្រើនទៀត ដែលរដ្ឋសភានឹងប្រមូលមតិយោបល់តាមរយៈការធ្វើសិក្ខាសាលានៅខែក្រោយ។
របាយការណ៍របស់អង្គការ ស៊ី.ស៊ី.អូ.អេស.ស៊ី (Cambodian Consotium for Out of School Children = CCOSC) បង្ហាញថា ក្មេងៗមិនបានចូលរៀននៅកម្ពុជា ឆ្នាំ២០១២ មានក្មេងជិត ៣ម៉ឺននាក់ មិនបានចូលរៀន។ ភាគរយក្មេងមិនដែលចូលរៀនសោះមានអាយុចន្លោះពី ៧ឆ្នាំ ទៅ ២៤ឆ្នាំ មាន ៥,៥%។ ហេតុផលមិនចូលសាលាមកពីភាពក្រីក្រមាន ២៦,៤% ភាគច្រើនជាកុមារអាយុ ៦ឆ្នាំ ទៅ ១៧ឆ្នាំ។ ខ្វះមធ្យោបាយធ្វើដំណើរមកពីរស់នៅតំបន់ដាច់ស្រយាលផង ហួសអាយុចូលរៀនផង អត្រារៀនត្រួតថ្នាក់ច្រើនផង។ របាយការណ៍អង្គការដដែលបង្ហាញថា ឆ្នាំ២០១២ កុមាររស់នៅអនាថាតាមដងផ្លូវមាន ១ម៉ឺន ២ពាន់ ទៅ ២ម៉ឺននាក់ កើន ២០% ក្នុងមួយឆ្នាំ មិនមានឱកាសចូលរៀន នៅក្នុងនោះ ក៏មានកុមារជនជាតិភាគតិចដែលមិនចេះដឹងភាសាខ្មែរ។ ទន្ទឹមនោះ ពិការភាព ខ្វះមធ្យោបាយធ្វើដំណើរ ខ្វះឧបករណ៍ជំនួយ និងសម្ភារៈស្តង់ដារ ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។