តំណាង​សហជីព​ចំនួន​៥០​ទាមទារ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​លោក ប៉ាវ ស៊ីណា

0:00 / 0:00

ចៅក្រម​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ដាក់​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា អោយ​ឋិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ បន្ទាប់​ពី​លោក​បាន​ចូល​ទៅ​បំភ្លឺ​នៅ​ចំពោះ​មុខ​ចៅក្រម​នៃ​ស្ថាប័ន​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា។ ការ​ចូល​ខ្លួន​របស់ លោក ប៉ាវ ស៊ីណា គឺ​តាម​ដីកា​កោះ​ហៅ​កាល​ថ្ងៃ​ទី​២ កញ្ញា។

ចំណុច​ចម្បង​ជាង​គេ​នៃ​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​នោះ គឺ​សំដៅ​ដល់​ការ​បង្គាប់​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា មិន​ឱ្យ​ចូលរួម ឬ​ដឹក​នាំ​ការ​តវ៉ា​ណា​មួយ​ត​ទៀត។

ការ​បង្គាប់​បែប​នេះ គឺ​នៅ​បន្ទាប់​ការ​ចោទ​សួរ​របស់​ចៅក្រម​ស៊ើប​អង្កេត​ដែល​ថា លោក និង​មេ​ដឹក​នាំ​សម្ព័ន្ធ​សហជីព ៥​រូប​ផ្សេង បាន​ដឹក​នាំ​បញ្ជា​បាតុកម្ម​ហិង្សា​ផ្ទាល់​នៅ​ផ្លូវ​វ៉េងស្រេង រាជធានី​ភ្នំពេញ កាល​ពី​ចុង​ឆ្នាំ​២០១៣ និង​ខែ​មករា ឆ្នាំ​២០១៤។ លោក​បដិសេធ និង​សុំ​ឱ្យ​លើក​លែង​ការ​ចោទ​ទាំង​នេះ៖ «ប៉ុន្តែ​យើង​ឃើញ​ថា​អត់​ទេ យើង​ត្រូវ​បាន​គេ​ដាក់​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ អត់​ឱ្យ​ធ្វើ​សកម្មភាព​ជួប​ជុំ អត់​ឱ្យ​ធ្វើ​សកម្មភាព​តវ៉ា អត់​ឱ្យ​ប្រមូល​ផ្ដុំ។ មាន​ន័យ​ថា សកម្មភាព​ទាំង​ឡាយ​ណា​ដែល​គេ​យល់​ថា ប៉ះពាល់​សន្តិសុខ​សណ្ដាប់ធ្នាប់ គឺ​យើង​ត្រូវ​បាន​ផ្អាក​ទាំងអស់ ហើយ​រួម​ទាំង​មិន​អនុញ្ញាត​ឱ្យ​យើង​ចេញ​ទៅ​ណា​មក​ណី​ទាំងអស់។ មាន​ន័យ​ថា ទៅ​ក្រៅ​ប្រទេស​អី​អត់​ទាំងអស់។ ដូច្នេះ យើង​ត្រូវ​តែ​នៅ​ក្នុង​ស្រុក នៅ​តែ​ក្នុង​ផ្ទះ ធ្វើ​អី​ក្រោម​ការ​ត្រួត​ពិនិត្យ ហើយ​ត្រូវ​ទៅ​បង្ហាញ​ខ្លួន​តាម​ការ​កំណត់​តាម​ដីកា​គេ។ មាន​ន័យ​ថា គ្រប់​ម៉ោង​គ្រប់​ពេល នៅ​ពេល​គេ​តម្រូវ​ជួប​យើង គឺ​យើង​ត្រូវ​តែ​មក​ជួប​គេ»

លោក​ហៅ​ការ​កោះ​ហៅ​របស់​តុលាការ ឱ្យ​លោក​ចូល​ខ្លួន​ទៅ​បំភ្លឺ​នេះ គឺ​គ្រាន់​តែ​ជា​ហេតុផល​មួយ​បិទ​បាំង​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​កម្មករ ១៧៧​ដុល្លារ ដែល​ក្រុម​សហជីព​កម្មករ គ្រោង​ធ្វើ​នៅ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នេះ។ លោក​បញ្ជាក់​ទៀត​ថា ចំពោះ​រូប​លោក យុទ្ធនាការ​ថ្ងៃ​ទី​១៧ ខែ​កញ្ញា នឹង​នៅ​តែ​បន្ត ដែល​សហជីព​នៅ​តាម​មូលដ្ឋាន​ដឹក​នាំ​ធ្វើ​នៅ​ពេល​សម្រាក៖ «គាត់​នៅ​ធ្វើ​ដដែល គ្រាន់​តែ​ថា​សកម្មភាព​នៃ​ការ​ធ្វើ​នេះ មិន​មែន​ទ្រង់ទ្រាយ​ផ្ទុះ​បាតុកម្ម​អី​ទេ។ គ្រាន់​តែ​បង្ហាញ​នូវ​សារ​មួយ​ចំនួន​ទៅ​អ្នក​បញ្ជា​ទិញ​ទាំងអស់ ឱ្យ​គាត់​ដឹង​ពី​ការ​រស់នៅ​របស់​កម្មករ តើ​ខ្វះខាត​យ៉ាង​ម៉េច ហើយ​ពួក​គាត់​ជា​អ្នក​ទទួល​ផល​ចំណេញ​ពី​វិស័យ​កាត់​ដេរ និង​ស្បែក​ជើង​នៅ​ប្រទេស​ខ្មែរ»

លោក ប៉ាវ ស៊ីណា ឱ្យ​ដឹង​ថា តាម​គម្រោង នៅ​ថ្ងៃ​ទី​១២ កញ្ញា សាលា​ដំបូង​រាជធានី​ភ្នំពេញ ក៏​បង្គាប់​ឱ្យ អ្នកស្រី ម៉ម ញឹម ប្រធាន​សហព័ន្ធ​សហជីព​ជាតិ​នៃ​វាយនភ័ណ្ឌ​កាត់​ដេរ​កម្ពុជា ចូល​ខ្លួន​បំភ្លឺ​ដែរ។ ក៏ប៉ុន្តែ អ្នកស្រី​អវត្តមាន​ដោយសារ​មាន​បេសកកម្ម​នៅ​ក្រៅ​ប្រទេស។ លោក​ឱ្យ​ដឹង​ដែរ​ថា ក្រៅ​ពី​រូប​លោក មេ​ដឹក​នាំ​សហព័ន្ធ​សហជីព ៥​រូប​ផ្សេង​ទៀត គឺ​លោក រ៉ុង ឈុន លោក ជា មុនី អ្នកស្រី ម៉ម ញឹម អ្នកស្រី យ៉ាង សុភ័ណ្ឌ និង​លោក អាត់ ធន់ ក៏​នឹង​ត្រូវ​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​ឱ្យ​បំភ្លឺ​ដូច​គ្នា​ដែរ។

ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ២០១៤។
ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ លោក ប៉ាវ ស៊ីណា នៅ​មុខ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា ២០១៤។ (RFA/Leng Maly)

ប្រធាន​សហភាព​ការងារ​កម្ពុជា (CLC) លោក អាត់ ធន់ ថ្លែង​ថា រហូត​មក​ដល់​ពេល​នេះ លោក​ទទួល​បាន​ដីកា​ចំនួន​៥ ហើយ​ដែល​បង្គាប់​ឱ្យ​ចូល​ខ្លួន​បំភ្លឺ ចាប់​ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៨ កញ្ញា សប្ដាហ៍​ក្រោយ។ ក៏ប៉ុន្តែ លោក​បាន​សុំ​លើក​ពេល​រហូត​ដល់​ថ្ងៃ​ទី​១៨ កញ្ញា៖ «ថ្ងៃ​ទី​១៥ ដោយសារ​យើង​មាន​ធុរៈ​ធ្វើ​សន្និសីទ​កាសែត ថ្ងៃ​ទី​១៦ គឺ​ដោយសារ​តែ​ខ្ញុំ​ជាប់​ប្រជុំ​នៅ​ក្រសួង ហើយ​ថ្ងៃ​ទី​១៧ ដោយសារ​តែ​ខ្ញុំ​ជាប់​ធ្វើ​យុទ្ធនាការ ហើយ​និង​ការ​ប្រជុំ​ហ្នឹង គឺ​យើង​លើក​ពេល​ដល់​ថ្ងៃ​ទី​១៨ ពេល​ព្រឹក​ម៉ោង ៨​កន្លះ ខ្ញុំ​នឹង​ចូល​ទៅ​តាម​ដីកា​កោះ​ដោយ​បណ្ដឹង​របស់ ជីម៉ាក (GMAC) ហើយ​ពេល​ល្ងាច ខ្ញុំ​នឹង​ចូល​ទៅ​តាម​បណ្ដឹង​ក្រុមហ៊ុន អែស.អិល (SL)។ អ៊ីចឹង សរុប​ទាំងអស់​រឿង​ផ្សេង​ទៀត ទាំងអស់​វា ១២​ករណី ដែល​បាន​ប្ដឹង​ខ្ញុំ​ក្នុង​អំឡុង​ពេល​យើង​ធ្វើ​យុទ្ធនាការ​ប្រាក់​ឈ្នួល​កន្លង​មក​ហ្នឹង»

ស្រប​ពេល​ដែល លោក ប៉ាវ ស៊ីណា កំពុង​ចូល​បំភ្លឺ​ក្នុង​តុលាការ​នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា នៅ​ឯ​ខាង​ក្រៅ​វិញ មាន​តំណាង​សហជីព​មូលដ្ឋាន​ប្រមាណ ៥០​នាក់ ដែល​មក​ពី​តាម​ខេត្ត​នានា​នាំ​គ្នា​លើក​បដា និង​ស្រែក​តវ៉ា ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំងអស់​លើ​មេ​ដឹក​នាំ​សហជីព។ ពួក​ព្រមាន​ថា នឹង​ធ្វើ​មហា​កូដកម្ម​ទូទាំង​ប្រទេស ប្រសិន​បើ​តុលាការ​មិន​ធ្វើ​តាម​ការ​ទាមទារ។

មេ​ដឹក​នាំ​សហព័ន្ធ​សហជីព​ទាំង ៦​រូប កំពុង​ជាប់​ចោទ​ពី​បទល្មើស​៤​ដូច​គ្នា គឺ​ទី​១ ការ​បង្ក​ហិង្សា​ដោយ​ចេតនា ទី​២ ការ​គំរាម​កំហែង ទី​៣ បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ និង​ទី​៤ ការ​ធ្វើ​ឱ្យ​រាំង​ស្ទះ​ចរាចរណ៍​កាល​ពី​ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៣ ដល់​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០១៤។ លោក ប៉ាវ ស៊ីណា ជា​មេ​ដឹក​នាំ​សហជីព​ដែល​តុលាការ​ឱ្យ​ចូល​បំភ្លឺ​មុន​គេ​ក្នុង​បទ​ចោទ​ទាំង​នេះ រីឯ​សេចក្ដី​សម្រេច​ចៅក្រម​នឹង​ចេញ​ដីកា​ពេល​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។