សមត្ថកិច្ចខេត្តកណ្ដាលបានឃាត់រថយន្តដឹកកម្មករជាច្រើនគ្រឿង នៅស្ពានព្រែកតាមាក់ ធ្វើឱ្យកម្មករប្រមាណ ៦០០នាក់ សម្រេចចិត្តនាំគ្នាដើរទៅរាជធានីភ្នំពេញ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ពីលោក ហ៊ុន សែន និងក្រសួងការងារ រឿងថៅកែជនជាតិកូរ៉េ មិនបើកប្រាក់ខែឲ្យពួកគេជាង២ខែមកហើយ។ ក្រុមកម្មករសម្រេចវិលត្រឡប់ទៅតវ៉ាមុខរោងចក្រវិញ ក្រោយពីមន្ត្រីនៃមន្ទីរការងារខេត្ត ចុះសម្របសម្រួល និងសន្យារកដំណោះស្រាយឲ្យពួកគេ។
តំណាងកម្មករលោកស្រី ស្រួន ឆេងហៀង ថ្លែងថា មូលហេតុដែលកម្មកររាប់រយនាំគ្នា ទៅរកដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៣ ធ្នូ គឺដោយសារតែ ភាគីរោងចក្រ មិនឲ្យកម្មករចូលធ្វើការ ហើយមិនព្រមបើកប្រាក់ខែ ៥០% បន្ថែមទៀត ឲ្យកម្មករជាង ២ខែមកហើយ ដោយយកលេសថាក្ស័យធន ហើយថៅកែបានរត់ចោលក្រុមហ៊ុន។
លោកស្រីរៀបរាប់ថា ដំបូងឡើយ ថៅកែជនជាតិកូរ៉េ បានឲ្យកម្មករឈប់សម្រាករយៈពេល ២ថ្ងៃ ដោយគិតប្រាក់ឲ្យកម្មករ ៥០% នៃប្រាក់ខែគោល ១៨២ដុល្លារ។ លោកស្រីបន្តថា លុះមកថ្ងៃទី១៤ ខែធ្នូ ដល់ពេលដែលកម្មករប្រមាណ ៦០០នាក់ ត្រូវចូលធ្វើការជាធម្មតាវិញ ស្រាប់តែរោងចក្របិទទ្វារ ហើយដឹកជញ្ជូនសម្ភារៈក្នុងរោងចក្រទាំងអស់ ទៅរោងចក្រមួយកន្លែងទៀត នៅក្បែរគ្នានោះដោយគ្មានជូនដំណឹងឲ្យកម្មករដឹងមុនទេ។
តំណាងកម្មកររូបនេះ ស្នើសុំក្រសួងការងារដាក់សម្ពាធទៅភាគីរោងចក្រ គិតគូរបើកប្រាក់ខែពាក់កណ្ដាលទៀតឲ្យពួកគាត់ផង និងអំពាវនាវអាជ្ញាធរ ចុះអនុវត្តច្បាប់ លុបបំបាត់ក្រុមជនទំនើងដែលប្រើហិង្សាលើកម្មករ៖ «ឮតែដោះស្រាយៗ ប៉ុន្តែអត់មានដំណោះស្រាយសោះ ពួកខ្ញុំនៅតែកូដកម្មមុខរោងចក្រហ្នឹង ចាំរហូតដល់៧ថ្ងៃហើយ។ ខ្ញុំចង់ឲ្យគាត់ចេញបកស្រាយថា ត្រូវបង់ឲ្យពួកខ្ញុំហ្នឹង តាមច្បាប់ប៉ុន្មាន តាមឆ្នាំពួកខ្ញុំអ៊ីចឹងណា៎។ ចង់ឲ្យគាត់ដោះស្រាយអ៊ីចឹង» ។
អាស៊ីសេរីមិនអាចសុំការបញ្ជាក់បន្ថែមរឿងនេះ ពីអគ្គលេខាធិការរងដោះស្រាយកូដកម្ម និងបាតុកម្មខេត្តកណ្ដាល លោក វង្ស សុវណ្ណ ដែលចូលទៅដោះស្រាយវិវាទការងារ បាននៅឡើយទេ ដោយសារគ្មានអ្នកទទួលទូរស័ព្ទ។
ទោះជាយ៉ាងណា ប្រធានរដ្ឋបាលរោងចក្រ លោក ប៊ុន ណារ៉េត ប្រាប់អាស៊ីសេរីដោយខ្លីថា ភាគីក្រុមហ៊ុនយល់ព្រមទទួលយកចំណុចដែលខាងកម្មករស្នើសុំអស់ហើយ ដោយឲ្យពួកគេចូលធ្វើការវិញ នៅថ្ងៃទី២៥ ខែធ្នូ។
ប្រធានសម្ព័ន្ធសហជីពអំណាចយុវជនកម្ពុជា លោក សៀង រិទ្ធី សាទរចំពោះការសម្រេចរបស់ភាគីក្រុមហ៊ុន ដែលទទួលយកសំណើរបស់កម្មករ ប៉ុន្តែ លោកស្នើឲ្យថៅកែរោងចក្រ ដាក់ចេញជាកិច្ចព្រមព្រៀងលាយលក្ខណ៍អក្សរផ្លូវការមួយ ដើម្បីបិទបញ្ចប់វិវាទការងារមួយនេះ។ លោកថា ប្រសិនបើគ្មានកិច្ចព្រមព្រៀង ដែលមានគ្រប់ភាគីពាក់ព័ន្ធដឹងឮទេ នោះការព្រមព្រៀងរបស់ភាគីរោងចក្រ ត្រឹមតែពាក្យសំដី គឺមិនអាចយកជាការបានឡើយ៖ «ការចរចាមិនទាន់អាចបិទបញ្ចប់ យើងមិនទាន់អាចសន្និដ្ឋានបានថា សាច់រឿងនេះយ៉ាងមិចទេ។ ប្រសិនបើយើងកំពុងចរចានេះ បានល្អហើយអាចមានកិច្ចព្រមព្រៀងច្បាស់លាស់ មានការដឹងឮពីអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ទៀត។ ហ្នឹងបានឃើញថាជាលទ្ធផលល្អសម្រាប់បងប្អូនកម្មករទាំងអស់គ្នា» ។
លោក សៀង រិទ្ធី ឲ្យដឹងទៀតថា ក្នុងរយៈពេលតវ៉ារកដំណោះស្រាយប្រមាណ ១០ថ្ងៃមកនេះ មានក្រុមជនទំនើងមួយក្រុមបានសហការគ្នាជាមួយសន្តិសុខរោងចក្រ ដើរគំរាមកំហែងកម្មករ រហូតឈានដល់ប្រើហិង្សាវាយដំទៅលើក្រុមកម្មករ ឲ្យរងរបួសធ្ងន់ស្រាលជាច្រើននាក់ ។
លោកបញ្ជាក់ថា ថ្វីបើកម្មករបានដាក់បណ្ដឹងរឿងនេះ ទៅអាជ្ញាធរមូលដ្ឋានដោយភ្ជាប់ជាមួយខ្សែវីដេអូ អំពីសកម្មភាពហិង្សានោះហើយក្ដី ក៏សមត្ថកិច្ចនៅតែមិនចាត់វិធានការផ្លូវច្បាប់ ចាប់ក្រុមជនទំនើងទាំងនោះ យកទៅផ្ដន្ទាទោសបានដែរ។
រោងចក្រកូរ៉េឈ្មោះ អេសអ៊ីអ៊ីអេស គ្លូប៊ល (SEES Global (Kh) Co, Ltd) គឺជារោងចក្រផលិតស្រោមដៃ ស្ថិតនៅឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ដែលមានកម្មករធ្វើការសរុបប្រមាណ ៦០០នាក់៕
( អាជ្ញាធរទទួលញត្តិរបស់កម្មកររោងចក្រកូរ៉េ ឈ្មោះ អេសអ៊ីអ៊ីអេស គ្លូប៊ល (SEES Global (Kh) Co., Ltd) នៅតាមផ្លូវ ពេលដែលនាំគ្នាមកតវ៉ាទារប្រាក់ខែ នៅរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ កម្មករ )
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។