ក្នុងពិព័រណ៍សៀវភៅនៅឆ្នាំនេះ អ្នកជំនាញលើកទឹកចិត្តឲ្យមានការអានឲ្យបានច្រើន ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតបណ្ណាល័យឲ្យបានច្រើននៅទូទាំងប្រទេស ដើម្បីបណ្តុះទម្លាប់ ការអានដូចនៅប្រទេសជឿនលឿនក្នុងពិភពលោក។
ពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ ដែលបានចាប់ផ្ដើម តាំងពីថ្ងៃទី១៣ ខែធ្នូនៅបរិវេណបណ្ណាល័យជាតិរាជធានីភ្នំពេញនោះ បានបិទបញ្ចប់ហើយនៅល្ងាចថ្ងៃទី១៥ ខែធ្នូ។ ពិព័រណ៍សៀវភៅលើកទី៨ នេះ ធ្វើឡើងក្រោមប្រធានបទ'' ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ'' និងមានលក្ខណៈពិសេសជាងរៀងរាល់ឆ្នាំ ដោយសារកំណើនស្តង់តាំង និងលក់សៀវភៅ និងកំណើនអ្នកចូលរួម។
ប្រធានសមាគមបណ្ណារក្ស និងឯកសារវិទូកម្ពុជា និងជានាយកអង្គការ ស៊ីប៉ា (Sipar) លោក ហុក សុទ្ធិ ថ្លែងប្រាប់អាស៊ីសេរីថា ពិព័រណ៍សៀវភៅកាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជនពីមួយឆ្នាំទៅមួយឆ្នាំ។ លោក រម្លឹកថា កាលពីឆ្នាំមុន ពិព័រណ៍សៀវភៅមានអ្នកចូលរួមប្រមាណ១៣ ម៉ឺននាក់ ប៉ុន្តែឆ្នាំ២០១៩ មានអ្នកចូលរួមកើនដល់ប្រមាណ ១៧ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃដូចគ្នា។ លោក បន្ថែមថា ស្តង់សៀវភៅក្នុងឆ្នាំនេះ ក៏មានការកើនឡើង គឺមានរហូតដល់១៤០ស្តង់ដែរ ជាពិសេសមានកវីនិពន្ធក្មេងៗ កាន់តែច្រើន បានចូលរួមបង្ហាញស្នាដៃរបស់ពួកគេ៖ «ខ្ញុំឃើញមានប្អូនៗ ដែលជាសិស្សវិទ្យាល័យបានមកចូលរួមច្រើនក្នុងកម្មវិធីអប់រំផ្សេងៗ។ មួយវិញទៀត ខ្ញុំឃើញថា តម្លៃសៀវភៅដែលកន្លងមក មានតម្លៃទាប ឥឡូវនេះ សៀវភៅដែលបង្កើតថ្មីដែលផ្សព្វផ្សាយបានល្អ គឺលក់បានថ្លៃ ដែលមានតម្លៃចន្លោះចាប់ពី ៥ដុល្លារទៅដល់ ១០ដុល្លារ ហើយអ្នកទិញនៅតែមិនសាញដូចមុនទេ។ នេះគឺជាផ្ដល់តម្លៃមួយដល់សៀវភៅ»។
ទោះយ៉ាងណាក្តី លោក ហុក សុទ្ធិ នៅតែអំពាវនាវដល់យុវជន សិស្សនិស្សិតឱ្យចូលរួមពិព័រណ៍សៀវភៅ ហើយឪពុកម្ដាយទាំងអស់ ត្រូវតែលើកទឹកចិត្តកូនឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីជំរុញឲ្យមានទម្លាប់ក្នុងការអាន។ នាយកអង្គការ ស៊ីប៉ា (Sipar) រូបនេះ ក៏អំពាវនាវឲ្យរដ្ឋាភិបាល ជួយបង្កើតបណ្ណាល័យសាធារណៈឲ្យបានច្រើននៅតាមឃុំ ស្រុក ខេត្ត ដើម្បីលើកកម្ពស់ ឬបណ្ដុះទម្លាប់នៃការអានដល់ប្រជាពលរដ្ឋកម្ពុជា ឱ្យដូចនៅប្រទេសជឿនលឿនលើពិភពលោក៖ « ជាការពិត ! បណ្ណាល័យសាធារណៈ ត្រូវតែបង្កើតឡើងឲ្យបានច្រើន ប៉ុន្តែទី១ ត្រូវចូលរួមពីសហគមន៍នៅតាមមូលដ្ឋាន និងមានការគាំទ្រ និងការបរិច្ចាគទីធ្លាសាធារណៈពីសំណាក់រាជរដ្ឋាភិបាល។ ចំណែកបណ្ណាល័យតាមសាលារៀន ក៏ត្រូវតែវិវឌ្ឍដែរ » ។
ដោយមើលឃើញថា ការតាំងពិព័រណ៍សៀវភៅកាន់តែមានអ្នកចូលរួមច្រើន ហើយទីធ្លារៀបចំពិព័រណ៍បច្ចុប្បន្នមានភាពតូចចង្អៀតនោះ គណៈកម្មការរៀបចំពិព័រណ៍សៀវភៅ ស្នើសុំឲ្យរដ្ឋាភិបាល ជួយគាំទ្រទាំងផ្នែកធនធាន និងទីកន្លែងថ្មីដែលធំទូលាយសម្រាប់រៀបចំកម្មវិធីនៅឆ្នាំក្រោយ។
អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា លោក រស់ សុវាចា មានប្រសាសន៍ថា ក្រសួងអប់រំ មាន មោទនភាពបំផុត ដែលបានចូលរួមពិធីតាំងពិព័រណ៍សៀវភៅនេះ ដើម្បីលើកកម្ពស់ការអានដែលជាមូលដ្ឋានគ្រឹះនៃចំណេះដឹងសម្រាប់លើកតម្កើងគុណភាពធនធានមនុស្ស។ លោកបន្តថា ក្រសួងបានយកចិត្តទុកដាក់ខ្លាំងក្នុងការលើក កម្ពស់ការអានតាមរយៈការបញ្ចូលក្នុងកម្មវិធីសិក្សាកម្រិតបឋម និងបង្កើតទិវាជាតិអំណានជារៀងរាល់ឆ្នាំ ព្រមទាំងខិតខំបង្កើតបណ្ណាល័យនៅតាមមូលដ្ឋានគោលដៅផងដែរ។ ចំពោះការស្នើសុំរកទីតាំងរៀបចំពិព័រណ៍សៀវភៅនៅឆ្នាំក្រោយទៀតនោះ អ្នកនាំពាក្យក្រសួងអប់រំរូបនេះបញ្ជាក់ថា ក្រសួងនឹងពិនិត្យពិចារណាតាមទិដ្ឋភាពជាក់ស្ដែង៖ « ក្នុងនាមជាក្រសួងអប់រំ សូមគោរពអរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមកិច្ចសហការរៀបចំពិព័រណ៍សៀវភៅ ក៏ដូចជា ទិវាជាតិអំណាន និងដំណើរការផ្សេងៗ ក្នុងចេតនាលើកកម្ពស់ការអានទាំងភាសាខ្មែរ និងភាសាបរទេស ដើម្បីជំរុញគុណភាពការអានកាន់តែប្រសើរឡើង និងជាចលករជំរុញឲ្យការសិក្សា និងការបង្រៀនកាន់តែ ល្អ សម្រាប់ចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចកម្ពុជា » ។
ពិព័រណ៍សៀវភៅកម្ពុជា ត្រូវបានប្រារព្ធឡើងផ្សារភ្ជាប់ជាមួយនឹងទិវាអំណានដែលដាក់ចេញដោយរដ្ឋាភិបាលនៅឆ្នាំ២០១៥ ក្នុងគោលបំណងតែមួយដូចគ្នាគឺជំរុញការអាននៅកម្ពុជា។ អ្នករៀបចំអះអាងថា ការរៀបចំពិព័រណ៍សៀវភៅ នឹងពង្រីកបន្ថែមទៀតចេញពីទីក្រុងទៅកាន់ទីជនបទ ដើម្បីលើកកម្ពស់ការអាននៅកម្ពុជា៕
សាធារណជនកំពុងអាន និងទិញសៀវភៅ នៅកន្លែងតាំងពិព័រណ៍សៀវភៅកម្ពុជាលើកទី៨ របស់អង្គការ ស៊ីប៉ា (SIPAR) ក្រោមប្រធានបទថា ''ផ្ដើមក្ដីស្រមៃ ដៃកាន់សៀវភៅ'' នៅរាជធានីភ្នំពេញ ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។ រូប៖ អង្គការស៊ីប៉ា (SIPAR)
(សៀវភៅក្រណាត់សម្រាប់កុមារតូចៗ។ រូបថត៖ ហ្វេសប៊ុកអង្គការ ស៊ីប៉ា)
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។