សហជីពធំៗចំនួន៨ ដែលសកម្មក្នុងការតវ៉ាសុំទាមទារដំឡើងប្រាក់ខែគោលឲ្យកម្មករបាន ១៦០ដុល្លារ កាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤ កំពុងតែប្រឈមនឹងការរឹតបន្តឹងការចុះបញ្ជិកាបង្កើតសហជីពនៅតាមមូលដ្ឋាន។ មន្ត្រីសហជីពទាំងនោះបន្ទោសទៅលើនីតិវិធីស្មុគស្មាញរបស់ក្រសួងការងារ ហើយព្រមានថា នឹងធ្វើយុទ្ធនាការតវ៉ាទ្រង់ទ្រាយធំ ប្រសិនបើមិនមានដំណោះស្រាយ ឬសម្រួលនីតិវិធីនៃការចុះបញ្ជីការឲ្យបានប្រសើរដូចមុនទេនោះ។
សហជីពធំៗចំនួន៨ បរាជ័យក្នុងការស្នើសុំចុះបញ្ជិកាសហជីពដោយសារលក្ខខណ្ឌនៃការចុះបញ្ជិកាមានភាពស្មុគស្មាញ។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងក្នុងសន្និសីទកាសែតនៅថ្ងៃទី២៩ មករា ថា ការចុះបញ្ជីត្រូវបានរឹតបន្តឹងយ៉ាងតឹងតែងពេញមួយឆ្នាំ បន្ទាប់ពីមានការបង្ក្រាបកម្មករដោយហិង្សាកាលពីដើមឆ្នាំ២០១៤ នៅពេលដែលកម្មករងើបតវ៉ាទាមទារដំឡើងប្រាក់ឈ្នួល ១៦០ដុល្លារ។ ការរឹតបន្តឹងនោះធ្វើឡើងដោយខាងនិយោជក និងមន្ត្រីចុះបញ្ជិកានៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ឧបសគ្គដែលជាការរាំងស្ទះដល់ដំណើរការនៃការចុះបញ្ជិកាសហជីពនោះ គឺខាងក្រសួងការងារ តម្រូវឱ្យថ្នាក់ដឹកនាំសហជីពថ្មីមានលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌ ពេលចុះបញ្ជិកា។ រូបភាពមួយទៀតដែលនិយោជកមិនចង់ឲ្យសហជីពណាចុះបញ្ជិកាបាននោះ គឺយកប្រព័ន្ធតុលាការជាខែលប្តឹងបុគ្គលដែលឈរឈ្មោះឲ្យតំណាងសហជីព។ រាល់លិខិតជូនដំណឹងស្នើសុំបង្កើតសហជីពខាងរោងចក្រមិនទទួលយកដែលធ្វើឲ្យរាំងស្ទះដល់ដំណើរការនៃការសុំចុះបញ្ជិកាសហជីព៖ «ក្រសួងយុត្តិធម៌តម្រូវឲ្យអ្នកធ្វើលិខិតថ្កោលទោសចំណាយពេល ២០ថ្ងៃនៃថ្ងៃធ្វើការ ត្រូវបង់លុយ ៣ម៉ឺន ៤ពាន់រៀលក្នុងម្នាក់ តម្រូវឲ្យមានឯកសារដូចជាអត្តសញ្ញាណប័ណ្ណ ប័ណ្ណគ្រួសារ លិខិតកំណើត បើក្រសួងតម្រូវឲ្យគ្រប់ឯកសារអ៊ីចឹង តើអ្នកនោះអាចចុះបញ្ជីបានទេ មិនអាចធ្វើលិខិតថ្កោលទោសបាន ក៏មិនអាចចុះបញ្ជិកាបានដែរ»។
ជាទូទៅរាល់ការបង្កើតសហជីពនៅតាមស្ថាប័ន រោងចក្រ សហគ្រាស ឬក្រុមហ៊ុនណានោះ សហជីព ត្រូវស្នើសុំចុះបញ្ជិកានៅក្រសួងការងារជាមុន។ តាមច្បាប់ការងារការសុំចុះបញ្ជិកាមិនចាំបាច់ជូនដំណឹងទៅក្រុមហ៊ុនជាមុន។ ប៉ុន្តែជាក់ស្ដែងប្រសិនបើមិនមានការជូនដំណឹងទៅក្រុមហ៊ុន ឬរោងចក្រទេនោះ ខាងក្រសួងការងារនឹងមិនទទួលយកលិខិតស្នើសុំចុះបញ្ជិកាឡើយ។
ប្រធានសហព័ន្ធសហជីពមិត្តភាពកម្មករ លោក សៀង សម្បត្តិ បញ្ជាក់ថា ភាពស្មុគស្មាញមួយទៀតដែលក្រសួងការងារអនុវត្តលើសពីច្បាប់កំណត់ គឺការតម្រូវឲ្យសហជីពថតរូបបុគ្គលគ្រប់រូបដែលចូលរួមបោះឆ្នោតបង្កើតសហជីពនៅតាមរោងចក្រ ឬក្រុមហ៊ុន ឬមានន័យថា បើអ្នកបោះឆ្នោតមាន ២០០នាក់ ឬ ១ពាន់នាក់ ត្រូវមានរូបថត ២០០ ឬ ១ពាន់សន្លឹក ភ្ជាប់ក្នុងឯកសារស្នើសុំចុះបញ្ជិកាដោយរូបថតទាំងនោះមានភ្ជាប់នូវថ្ងៃខែថែមទៀត៖ «គ្រាន់តែយកកម្មករម្នាក់ពីខេត្តមកធ្វើលិខិតថ្កោលទោសនៅភ្នំពេញ មិនក្រោម ១០០ដុល្លារទេ ក្នុងម្នាក់ខាងសហព័ន្ធមានលុយមកពីណា។ ខ្ញុំគិតថា វាជារូបភាពមួយធ្វើឲ្យរាំងស្ទះដល់ការចុះបញ្ជីរបស់សហជីព ពិសេសសហជីពឯករាជ្យដែលចេញមុខតវ៉ានឹងរដ្ឋាភិបាលរឿងដំឡើងប្រាក់ឈ្នួល»។
មន្ត្រីសហជីពទាំងនោះបញ្ជាក់ថា ច្បាប់ស្តីពីការងារកំពុងដើរថយក្រោយក្នុងរយៈពេល ១ឆ្នាំចុងក្រោយ ហើយស្ថានភាពសិទ្ធិសេរីភាពកម្មករធ្លាក់ចុះលើសពីការស្មាន។
មន្ត្រីសហជីពទាំងនោះស្នើសុំឲ្យក្រសួងការងារអនុវត្តនីតិវិធីចុះបញ្ជិកាសហជីព ដូចមុន ឬមានន័យថា អនុវត្តដូចមុនចុងឆ្នាំ២០១៣ ដោយមិនតម្រូវឲ្យមានលិខិតថ្កោលទោស និងជួយសម្រួលដំណើរការចុះបញ្ជីការឲ្យបានរលូត។
ពាក់ព័ន្ធនឹងរឿងនេះ វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅថ្ងៃទី២៩ មករា ដោយលោកបិទទូរស័ព្ទ។ ប៉ុន្តែកន្លងមក អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារនៃក្រសួងការងារ លោក ហួន សឿ ធ្លាប់ទទួលញត្តិពីកម្មករជាង ២០០នាក់ ដែលស្នើសុំឲ្យក្រសួងលុបលក្ខខណ្ឌមួយចំនួននៃការចុះបញ្ជិកាថ្មីសហជីព រួមទាំងការតម្រូវឲ្យមានលិខិតថ្កោលទោសពីក្រសួងយុត្តិធម៌។ យ៉ាងណារហូតមកដល់ពេលនេះ ខាងក្រសួងការងារនៅមិនទាន់ឆ្លើយតបណាមួយចំពោះញត្តិស្នើសុំនោះនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។