ស្ថាន​ទូត​កម្ពុជា​នៅ​ក្រុង​បាងកក​មិន​ទាន់​អាច​បញ្ជាក់​ពី​ករណី​មេការ​សំណង់​ថៃ​បាញ់​សម្លាប់​កម្មករ​ខ្មែរ​នៅ​ឡើយ​ទេ

ដោយ វ៉ែន សុមេធ
2020.07.01
ស្ថានទូត​ខ្មែរ​នៅ​ថៃ ៨៥៥ ស្ថានទូត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​នៅ​ប្រទេស​ថៃ។ រូបថត​ថ្ងៃ​ទី​៦ ខែ​វិច្ឆិកា ឆ្នាំ​២០០៩ Photo AFP
Photo AFP

សាកសព​ពលករ​ខ្មែរ ដែល​មេ​ការ​សំណង់​ជន​ជាតិ​ថៃ​បាញ់​សម្លាប់ ត្រូវ​បាន​ដឹក​មក​ដល់​ស្រុក​កំណើត ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី​ហើយ​កាល​ពី​ថ្ងៃ​ទី៣០ មិថុនា។ ចំណែក​ពលករ​ខ្មែរ​ពីរ​នាក់​ទៀត ដែល​រង​របួស​ក្នុង​ករណី​នេះ កំពុង​សម្រាក​ព្យាបាល​នៅ​ប្រទេស​ថៃ។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​ករណី​នេះ​តាម​ច្បាប់​របស់​ទេស​ថៃ​ឱ្យ​ត្រឹម​ត្រូវ។

មន្ត្រី​ទទួល​បន្ទុក​ផ្នែក​កុងស៊ុល​នៃ​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក ដែល​សុំ​មិន​បង្ហាញ​ឈ្មោះ ឱ្យ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី១ កក្កដា​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​កំពុង​រៀបចំ​ធ្វើ​បុណ្យ​សព​ពលករ​ខ្មែរ​ដែល​ត្រូវ​មេ​ការ​ជន​ជាតិ​​ថៃ​បាញ់​សម្លាប់​នោះ តាម​ប្រពៃណី​នៅ​ស្រុក​កំណើត ស្ថិត​ក្នុង ភូមិ​អូរ ឃុំ​ផ្គាំ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ទោះ​យ៉ាង​ណា លោក​មិន​ទាន់​អាច​បញ្ជាក់​លំអិត​អំពី​ករណី​នេះ​នៅ​ឡើយ​ទេ ដោយ​ប្រាប់​ថា ខាង​ស្ថានទូត​នៅ​រង់ចាំ​ទទួល​របាយការណ៍​ពី​សមត្ថកិច្ច​ថៃ​ជា​មុន​សិន។ មន្ត្រី​ទូត​រូប​នេះ​ថ្លែង​ថា លោក​ក៏​មិន​ទាន់​ដឹង​ពី​ស្ថានភាព​របួស​របស់​ពលករ​ខ្មែរ​ទាំង​ពីរ​នាក់ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​រៈយ៉ង Rayong ថា យ៉ាង​ណា​នៅ​ឡើយ​ទេ៖ «យើង​រៀបចំ​ឯកសារ​បញ្ជូន​សព​ទៅ​ហើយ តែ​ឯកសារ​ផ្សេងៗ ទៀត ប៉ូលិស​មិន​ទាន់​បញ្ជូន​មក»

ទាក់ទង​រឿង​ជួយ​រក​យុត្តិធម៌​ជន​រងគ្រោះ មន្ត្រី​ដដែល​អះអាង​ថា ស្ថានទូត​ខ្មែរ​រង់ចាំ​ទទួល​របាយការណ៍​ពី​សមត្ថកិច្ច​ថៃ​ជា​មុន​សិន ទើប​អាច​ប្រាប់​បាន។

ជម្លោះ​ដែល​ឈាន​ដល់​មាន​ស្លាប់​កម្មករ​នេះ​កើត​ឡើង​កាល​ពី​យប់​ថ្ងៃ​ទី២៨ មិថុនា កន្លង​ទៅ​មាន​ករណី​ឈ្លោះ​ប្រកែក​គ្នា​រវាង​មេការ​សំណង់​ជនជាតិ​ថៃ និង​កម្មករ​សំណង់ ដែល​ក្នុង​នោះ​មាន​កម្មករ​ខ្មែរ កម្មករ​ថៃ និង​កម្មករ​ភូមា​ផង​ដែរ។ សារព័ត៌មាន​ថៃ​ផ្សាយ​ថា ក្នុង​ជម្លោះ​នោះ បុរស​ជា​មេការ​ជន​ជាតិ​ថៃ​បាន​បាញ់​កាំភ្លើង ដើម្បី​គំរាម​កម្មករ ប៉ុន្តែ​គ្រាប់​កាំភ្លើង​នោះ​បែរ​ជា​ត្រូវ​ចំ​កម្មករ​ខ្មែរ​ម្នាក់​ស្លាប់ និង​កម្មករ​ខ្មែរ​ពីរ​នាក់​ទៀត​រង​របួស។ ពេល​មាន​ករណី​ដូច​នេះ ក្រុម​កម្មករ​ទាំង​នោះ បាន​ព្រួត​គ្នា​វាយ​បុរស​ជា​ខ្មាន់​កាំភ្លើង​រហូត​ស្លាប់​នៅ​នឹង​កន្លែង។

មន្ត្រី​កម្មវិធី​ផ្នែក​ជនអន្តោប្រវេសន៍​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (Central) លោក លឹង សុផុន សង្កេត​ឃើញ​ថា ករណី​ជម្លោះ​ដែល​ឈាន​ដល់​មាន​ពលករ​ស្លាប់​នេះ​កើតឡើង​ក្នុង​ម៉ោង​ការងារ ដូច្នេះ​លោក​ថា ថៅកែ​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​រឿង​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ ជំរុញ​ឲ្យ​មាន​ការ​ដោះ​ស្រាយ​ករណី​នេះ​តាម​ច្បាប់​របស់​ប្រទេស​ថៃ​ឱ្យ​បាន​ត្រឹម​ត្រូវ៖ «ដូច​កន្លង​មក​ដែល​ខ្ញុំ​ធ្វើ​ហ្នឹង ខ្ញុំ​អាច​ជួយ​នៅ​ពេល​ដែល​យើង​ទៅ​និយាយ​ហើយ គេ​អាច​ស្រាវ​ជ្រាវ​ថា អឺ​ពលករ​គាត់​មាន​ប័ណ្ណ បសគ នៅ​ក្នុង​ប្រទេស​ថៃ​ហ្នឹង​(ប័ត្រ​ប្រកាន់​សុខភាព)។ យើង​អាច​បើក​ថ្លៃ​បូជា​សព​ហ្នឹង​បាន​ប្រហែល​ជា ៤ម៉ឺន​បាត​ ហើយ​និង​ថ្លៃ​ស្អី​ ផ្សេងៗ ទៀត​ បើ​សិន​ជា​គាត់​មាន​សេវា​កម្ម​ថា​ស្លាប់​នឹង​កន្លែង​ធ្វើ​ការ​ហ្នឹង​អាច​បើក​បាន​ច្រើន​ជាង​ហ្នឹង​ទៀត​តែ​ថៅកែ​ខ្លះ​គាត់​អត់​ធ្វើ​អ៊ីចឹង​ទេ»

របាយការណ៍​របស់​អង្គការ​សង់​ត្រាល់ (Central) ឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ដែល​ប៉ះពាល់​ដល់​អាយុ​ជីវិត​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ នៅ​ដើម​ឆ្នាំ២០២០ មាន ៧ករណី កើន​ឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​នឹង​ដើម​ឆ្នាំ២០១៩៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
ព្រះចៅ​អធិការ​វត្ត​ដំរីស ខេត្ត​បាត់ដំបង បណ្ដេញ​ព្រះសង្ឃ​មួយ​អង្គ​ចេញ​ពី​វត្ត​បន្ទាប់​ពី​ចូលរួម​បុណ្យ​ខួប​បាញ់សម្លាប់​បណ្ឌិត កែម ឡី
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។