តារាចម្រៀងដែលជាម្ចាស់ស្នាដៃបទថ្មី ឬអូរីជីណលសង(Original Song)ម្នាក់ ស្ម័គ្រចិត្តរត់ជុំវិញប្រទេសកម្ពុជារយៈពេល៩៩ថ្ងៃ ដើម្បីរៃអង្គាសថវិកាពីសប្បុរសជនសម្រាប់ជួយទ្រទ្រង់ដំណើរការរបស់មន្ទីរពេទ្យកុមារអង្គរក្នុងខេត្តសៀមរាប ដែលជាមន្ទីរពេទ្យផ្ដល់សេវាព្យាបាលដល់កុមារដោយមិនគិតប្រាក់។ តំណាងមន្ទីរពេទ្យកុមារអង្គរ លើកឡើងថា កម្មវិធីរត់ដើម្បីសប្បុរសធម៌របស់អ្នកចម្រៀង រូបនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ជួយដល់មន្ទីរពេទ្យដែលកំពុងប្រឈមមុខខ្វះថវិកាដោយសារវិបត្តិជំងឺកូវីដ-១៩។
លោក អ៊ួន បឋម ហៅសាយ គឺជាតារាចម្រៀងអូរីជីណលសង(Original Song)ម្នាក់ ដែលបានស្ម័គ្រចិត្តចំណាយធនធានផ្ទាល់ខ្លួន និងកម្លាំងកាយចិត្តរត់ជុំវិញប្រទេសកម្ពុជាដោយឆ្លងកាត់២១ខេត្ត-ក្រុងរយៈពេល៩៩ថ្ងៃ ក្រោមកម្ដៅថ្ងៃ និងភ្លៀង ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប។ កម្មវិធីរត់នេះ លោកដាក់ឈ្មោះថា រត់ដើម្បីសប្បុរសធម៌ជាមួយសាយ។
យុវជន សាយ ថ្លែងប្រាប់អាស៊ីសេរីថា មូលហេតុដែលលោកបង្កើតកម្មវិធីនេះក្នុងឱកាសខួបអាយុ៣០ឆ្នាំ របស់លោក គឺដោយសារមន្ទីរពេទ្យកុមារអង្គរ ដែលព្យាបាលកុមារកម្ពុជាដោយមិនយកប្រាក់នោះ កំពុងប្រឈមមុខនឹងកង្វះថវិកាធ្ងន់ធ្ងរ ដោយសារជំនួយពីក្រៅប្រទេសធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ។ ម្ចាស់បទសារភាពស្នេហ៍តាមខ្យល់រូបនេះ បញ្ជាក់ថា កម្មវិធីរត់របស់លោកនេះ មានគោលដៅរៃអង្គាសថវិកាឲ្យបាន១ពាន់លានរៀល ឬស្មើនឹង២៥ម៉ឺនដុល្លារ ដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ៖ «ការប្រារព្ធខួបកំណើរបស់ខ្ញុំនេះ គឺចង់ធ្វើអ្វីដើម្បីតបស្នងសងគុណដល់ប្រទេសជាតិដែលខ្ញុំបានរស់រានមានជីវិតរស់នៅប្រទេសខ្មែរយើងរហូតដល់អាយុ៣០ឆ្នាំ ហើយអ៊ីចឹងទៅខ្ញុំចង់ធ្វើកម្មវិធីជាសប្បុរសធម៌។ ខ្ញុំជ្រើសរើសជួយទៅកាន់មន្ទីរពេទ្យកុមារអង្គរដោយសារតែមានបងប្អូនខ្ញុំដែលនៅតាមស្រុកតាមភូមិឆ្ងាយៗ បានទៅពិនិត្យព្យាបាលនៅមន្ទីរ ពេទ្យកុមារអង្គរហើយឃើញថា បានជាសះស្បើយមែន ហើយមន្ទីរពេទ្យនេះ អត់បានគិតប្រាក់កម្រៃពីបងប្អូនខ្ញុំទេ ដូច្នេះខ្ញុំកោតសរសើរដល់មន្ទីរពេទ្យនេះ និងចង់ជួយដល់មន្ទីរពេទ្យ ដោយសារឃើញមួយរយៈនេះ មានកូវីដ ធ្វើឲ្យការរៃអង្គាសថវិការបស់មន្ទីរពេទ្យពីក្រៅប្រទេសមានការធ្លាក់ចុះ»។
សកម្មភាពរត់របស់សាយ បានចាប់ផ្ដើមតាំងពីថ្ងៃទី៦ ខែតុលា និងគ្រោងបញ្ចប់នៅថ្ងៃទី ១៣ ខែ មករា ឆ្នាំ ២០២១។ គិតត្រឹមថ្ងៃទី២០ ខែវិច្ឆិកា សាយ រត់បាន៤៦ថ្ងៃ និងបានឆ្លងកាត់ខេត្តចំនួន១១រួចហើយ។ សកម្មភាពរត់បានផ្ដើមចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកំពង់ស្ពឺ និងតាកែវ ចូលទៅខេត្តកែប កំពត និងព្រះសីហនុ ហើយបត់ទៅកោះកុង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប និងព្រះវិហារ ហើយបន្តទៅខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ។ បន្ទាប់មក លោកនឹងរត់ឆ្ពោះទៅខេត្តត្បូងឃ្មុំ កំពង់ចាម ព្រៃវែង និងចុងក្រោយខេត្តកណ្តាល រួចចូលដល់ក្រុងភ្នំពេញវិញ។
សាយ ឲ្យដឹងថា ដំបូងឡើយកម្មវិធីរត់របស់លោកនេះ ហាក់មិនសូវមានការចាប់អារម្មណ៍ពីសាធារណជននោះទេ ប៉ុន្តែបន្ទាប់ពីលោកបង្កើតយុទ្ធនាការ''តោះលែងហ្គេម១ដុល្លារសម្រាប់កុមារកម្ពុជា'' នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ទើបមានការចាប់អារម្មណ៍ និងចូលរួមបរិច្ចាគថវិកាពីសប្បុរសជនជាច្រើន។លោក អះអាងថា គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ថវិកា បានកើនឡើងដល់ជិត ៤០ម៉ឺនដុល្លារ លើសពីការរំពឹងទុក។ តារាចម្រៀងរូបនេះ បញ្ជាក់ថា ថវិកាដែលសប្បុរសជនបរិច្ចាគទាំងអស់ គឺបានចូលទៅក្នុងគណនីធនាគាររបស់មន្ទីរពេទ្យផ្ទាល់តែម្ដង ដោយលោកមិនប៉ះពាល់ថវិកាទាំងនោះ មួយកាក់មួយសេនឡើយ។ចំពោះការចំណាយសម្រាប់ហូបចុក និងការស្នាក់នៅវិញ គឺលោកចំណាយថវិកាដោយខ្លួនឯង ឬទទួលបានការឧបត្ថម្ភពីម្ចាស់ពីភោជនីយដ្ឋាន ឬម្ចាស់សណ្ឋាគារមួយចំនួន៖ « ការរៃអង្គាសនេះ តាមការរំពឹងទុករបស់យើថាចង់បានត្រឹម១ពាន់លានរៀល ឬស្មើនឹង២៥ម៉ឺនដុល្លារ តែឥឡូវនេះ យើងរៃបានជិត៤០ម៉ឺនដុល្លារហើយ។ សម្រាប់ឆ្នាំ ២០២០នេះ មន្ទីរពេទ្យនៅខ្វះកញ្ចប់ថវិកា៥០ម៉ឺនដុល្លារ ដើម្បីធ្វើប្រតិបត្តិការក្នុងឆ្នាំ២០២០ ដូច្នេះយើងសង្ឃឹមថា នឹងអាចរកបានបង្គ្រប់៥០ម៉ឺន ដើម្បីឲ្យដំណើរក្នុងឆ្នាំដោយរលូត ហើយសង្ឃឹមថា នឹងអាចបរិច្ចាគបន្ថែមពីលើ៥០ម៉ឺននេះទៀត ដើម្បីឲ្យសល់លុយសម្រាប់មន្ទីរពេទ្យចំណាយឆ្នាំថ្មី២០២១»។
នៅក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌នេះ គឺសាយ ដាក់ផែនការរត់តែម្នាក់ឯងនៅលើដងផ្លូវជាតិ ប៉ុន្តែនៅកន្លែងខ្លះ ក៏មានប្រជាពលរដ្ឋ ឬអ្នកគាំទ្រលោកមួយចំនួន បានចូលរួមរត់ជាមួយលោកក្នុងរយៈពេលខ្លីផងដែរ។ ទោះយ៉ាងណា សាយ ត្អូញត្អែរថា សកម្មភាពរត់របស់លោក ជួបឧបសគ្គមួយចំនួនដែរ ជាពិសេសបញ្ហាចរាចរណ៍នៅតាមដងផ្លូវ និងបញ្ហាអាកាសធាតុ៖ « ឡានធំៗខ្លះ គាត់មើលយើងអត់ឃើញ ហើយទោះបីជាពេលខ្លះប៉ូលិសចរាចរណ៍ ជួយសម្រួលលើដងផ្លូវហើយគាត់នៅតែមិនសូវយោគយល់ ដែលនេះគឺជាឧបសគ្គទី១ ហើយទី២រឿងអាកាសធាតុដោយសារខ្ញុំរត់ចាប់ផ្ដើមពីខែ១០មក កង់ខ្លះខ្ញុំត្រូវរត់ទាំងភ្លៀងទាំងព្យុះខ្លាំងអ៊ីចឹងទៅហើយពាក់ព័ន្ធនឹងបញ្ហាសុខភាពដែរដោយសារយើងរត់ជាប់រហូតគឺសុខភាពយើង ក៏រៀងទ្រុឌទ្រោម តែដូចមិនអីដែរ នៅតែបន្តទៅមុខរួច»។
សប្បុរសជន ដែលចង់បរិច្ចាគថវិកាក្នុងកម្មវិធីរត់ដើម្បីសប្បុរសធម៌ជាមួយសាយ អាចចូលទៅមើលគេហទំព័រហ្វេសប៊ុករបស់សាយ (Sai) ឬគេហទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកុមារអង្គរ (Angkor hospital for children )ដើម្បីដឹងអំពីលេខគណនីធនាគារសម្រាប់ផ្ញើថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ។
ពលរដ្ឋមួយរូបរស់នៅក្នុងខេត្តសៀមរាប លោក តុង ហាន ថ្លែងកោតសរសើដល់យុវជន សាយ ដែលបានលះបង់ធនធានផ្ទាល់ខ្លួន និងកម្លាំងកាយចិត្ត រត់ជុំវិញប្រទេសកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយដល់មន្ទីរពេទ្យកុមារអង្គរ ឲ្យបន្តបេសកកម្មជួយសង្គ្រោះកុមារកម្ពុជាបន្តទៀត។ លោក មើលឃើញថា មន្ទីរពេទ្យកុមារអង្គរ មានស្តង់ដារខ្ពស់ក្នុងការព្យាបាលកុមារ ហើយក្រុមគ្រូពេទ្យ មានក្រមសីលធម៌ល្អ ខុសឆ្ងាយពីមន្ទីរពេទ្យមួយចំនួនរបស់រដ្ឋ។ លោកសំណូមពរឲ្យរាជរដ្ឋាភិបាល ជួយពង្រឹងគុណភាព និងសេវាសុខាភិបាលទាំងមន្ទីរពេទ្យឯកជន និងរដ្ឋ ព្រមទាំងមណ្ឌលសុខភាពតាមភូមិ-ឃុំ ឲ្យល្អដូចមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីកុំឲ្យប្រជាពលរដ្ឋនៅខេត្តឆ្ងាយៗ លំបាកយកកូនទៅព្យាបាលនៅមន្ទីរពេទ្យមួយនេះ៖ «បើយើងមានមណ្ឌលសុខភាពដូចជាប្រទេសថៃ គឺយើងជឿជាក់គ្រូពេទ្យគេ ព្រោះនៅថៃ គេមិនចាំបាច់ទៅមន្ទីរពេទ្យធំទេ គេទៅត្រឹមតែមណ្ឌលសុខភាពក៏បាន ដែរ លើកលែងតែជំងឺវះកាត់ធំៗ ។ សំណូមពរ បើអាចធ្វើបានរដ្ឋាភិបាល គួរតែឲ្យមានគ្រូពេទ្យនៅតាមមណ្ឌលសុខភាពហើយផលិតធនធានគ្រូពេទ្យឲ្យបានច្រើន ហើយត្រូវមានសីលធម៌ និងវិជ្ជាជីវៈល្អ»។
ជារៀងរាល់ថ្ងៃមន្ទីរពេទ្យកុមារអង្គរ មិនត្រឹមតែជួយពិនិត្យនិងព្យាបាលកុមារនៅក្នុងខេត្តសៀមរាបប៉ុណ្ណោះទេ គឺមន្ទីរពេទ្យនេះ ក៏ទទួលព្យាបាលកុមារមកពីខេត្តជាច្រើនទៀតជាពិសេសបណ្ដាខេត្តនៅជុំវិញដូចជាខេត្តកំពង់ធំ ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបងជាដើម។
ប្រធានការិយាល័យទំនាក់ទំនងសាធារណៈ នៃមន្ទីរពេទ្យកុមារអង្គរប្រចាំប្រទេសកម្ពុជា អ្នកស្រី ស៊ិនកេត អរុណ មានប្រសាសន៍ថា អ្នកចម្រៀង សាយ ពិតជារត់ដើម្បីជួយដល់មន្ទីរពេទ្យ កុមារអង្គរ ហើយមន្ទីរពេទ្យ និងអាណាព្យាបាលកុមារដែលកំពុងសម្រាកព្យាបាល ពិតជាស្ងើចសរសើរចំពោះទឹកចិត្តសប្បុរសនិងសេចក្តីក្លាហានរបស់យុវជនរូបនេះ។ អ្នកស្រីបន្តថា សាយ មិនត្រឹមតែមានគុណបំណាច់ជួយដល់មន្ទីរពេទ្យប៉ុណ្ណោះទេ ថែមទាំងជាគំរូល្អដល់យុវជនដទៃទៀតផងដែរ។ អ្នកស្រី ស៊ិនកេត អរុណ បញ្ជាក់ថា បច្ចុប្បន្ននេះ មន្ទីរពេទ្យកុមារអង្គរ កំពុងប្រឈមនឹងវិបត្តិខ្វះថវិកា ដោយសារតែមូលនិធិពីក្រៅប្រទេស ដែលជាប្រភពហិរញ្ញវត្ថុដ៏សំខាន់ បានធ្លាក់ចុះយ៉ាងគំហុកក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ៖ «អំពាវនាវដល់បងប្អូនសប្បុរសជនទាំងអស់ទាំងក្នុង និងក្រៅប្រទេស សូមបន្តជួយផ្តល់ការបរិច្ចាគដល់មន្ទីរពេទ្យកុមារអង្គរដែលមានទីតាំងក្នុងខេត្តសៀមរាប ព្រោះយើងត្រូវការបន្តដំណើរទៅមុខទៀត អត់ឈប់ទេ ហើយយើងក៏មិនអាចទុកកុមារណាម្នាក់ចោលបានដែរ ដូច្នេះដើម្បីបន្តដំណើរទៅមុខទៀតបាន លុះត្រាតែមានការឧបត្ថម្ភ គាំទ្រ។ ទោះបីជា១ដុល្លារ ឬច្រើនជាងនេះ ក៏មានអត្ថប្រយោជន៍ និងមានអត្ថន័យណាស់សម្រាប់មន្ទីរពេទ្យកុមារអង្គរ»។
មន្ទីរពេទ្យកុមារអង្គរ ដែលមានស្ថាបនិកជាជនជាតិជប៉ុន គឺលោក ខេនរ៉ូ អីហ្ស៊ូ (Kenro Isu) ត្រូវបានដំណើរការចាប់តាំងពីឆ្នាំ១៩៩៩ ហើយទទួលព្យាបាលជំងឺកុមារអាយុក្រោម១៦ឆ្នាំ ដោយឥតគិតថ្លៃ។ ជារៀងរាល់ឆ្នាំមន្ទីរពេទ្យនេះ ត្រូវចំណាយយ៉ាងហោចណាស់ ៦លាន ៥សែនដុល្លារអាមេរិកដើម្បីផ្គត់ផ្គង់ដល់ប្រតិបត្តិការមន្ទីរពេទ្យទាំងមូល។
អ្នកស្រី ស៊ិនកេត អរុណ ឲ្យដឹងថា ជាមធ្យម ក្នុងមួយថ្ងៃ មានកុមារជាង៤០០នាក់ បានចូលទៅព្យាបាល និងសង្គ្រោះនៅមន្ទីរពេទ្យកុមារអង្គរ ហើយកុមារភាគច្រើនមានជំងឺរលាកផ្លូវដង្ហើម រាគរូស កង្វះអាហារូបត្ថម្ភ និងជំងឺគ្រុនឈាមជាដើម។ ទោះជាយ៉ាងណា មន្ទីរពេទ្យកុមារអង្គរ ក៏មានឯកទេសព្យាបាលទារកអាយុក្រោម១ខែ និងព្យាបាលកុមារដែលមានជំងឺធ្ងន់ធ្ងរ និងរាំរ៉ៃ ដូចជាជំងឺមហារីកបាតភ្នែក មហារីកគ្រាប់ឈាម ជំងឺតម្រង់នោម ជំងឺបេះដូង និងជំងឺប្រព័ន្ធប្រសាទ។ លើសពីនេះ មន្ទីរពេទ្យកុមារអង្គរ ក៏មានសេវាថែទាំ ព្យាបាល និងវេះកាត់បញ្ហាភ្នែក និងមាត់ធ្មេញហើយក៏ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវេជ្ជសាស្ត្ររបស់សិស្ស និស្សិត និងមន្ត្រី សុខាភិបាលផ្សេងទៀតផងដែរ។
ងាកមកតារាចម្រៀង សាយ វិញ គឺលោក នៅតែអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បន្តចូលរួមបរិច្ចាគថវិកា ទោះតិចក្តី ច្រើនក្តី ឬបន្តលែងហ្គេម’’១ដុល្លារសម្រាប់កុមារកម្ពុជា'' ដើម្បីចូលរួមចំណែកជួយដល់មន្ទីរកុមារអង្គរ ឲ្យបន្តបេសកកម្មជួយសង្គ្រោះអាយុជីវិតកុមារកម្ពុជាគ្រប់រូបបន្តទៀត ព្រោះម្នាក់ៗជៀសមិនផុតពីមានសាច់ញាតិ ឬកូនក្មួយឈឺនោះទេ ហើយ ក៏មិនអាចចេញទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺនៅក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ-១៩នេះបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។