អាជ្ញាធរ​អប្សរា​រង​ការ​រិះគន់​ករណី​ចំណត​រថយន្ត​នៅ​មុខ​អង្គរវត្ត និង​បរិស្ថាន​តំបន់​អង្គរ

ដោយ វ៉ែន សុមេធ
2019.05.15
Share on WhatsApp
Share on WhatsApp
ចំណតរថយន្ត មុខ​អង្គរវត្ត ៦២២ ស្ថានភាព​ចំណតរថយន្តនៅ​មុខ​អង្គរវត្ត នៅ​ថ្ងៃ​ទី១៥ ខែ​ឧសភា ឆ្នាំ​២០១៩។
Photo Provided

ពលរដ្ឋ និង​ភ្ញៀវ​ទេសចរ រិះគន់​អាជ្ញាធរ​ខេត្ត​សៀមរាប និង​អាជ្ញាធរ​អប្សរា​ថា មិន​ទាន់​មាន​គម្រោង​ច្បាស់លាស់ កែ​លម្អ​ទីតាំង​ចំណតរថយន្ត និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ នៅ​តំបន់​អង្គរ និង​ប្រាសាទ​នានា ក្នុង​ខេត្ត​នេះ​ឱ្យ​គ្រប់​ជ្រុងជ្រោយ​នៅឡើយ​ទេ។ ការរិះគន់​នេះ​ធ្វើ​ឡើង បន្ទាប់ពី​ចំណត​រថយន្ត នៅ​ទល់មុខ​ប្រាសាទអង្គរវត្ត មាន​ភក់ល្បាប់ បង្ក​ឱ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ។

ក្រុម​មគ្គទេសក៍ និង​ពលរដ្ឋ​រស់នៅ​ខេត្ត​សៀមរាប ឱ្យ​ដឹង​ថា អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​អប្សរា នៅតែ​ធ្វេសប្រហែស មិន​យកចិត្តទុកដាក់​ថែទាំ និង​ស្ថាបនា​ចំណត​យានយន្ត​នៅ​ទល់មុខ​ប្រាសាទអង្គរវត្ត ឱ្យ​ល្អ​ប្រសើរ​នៅឡើយ​ទេ ជាច្រើន​ឆ្នាំ​មក​ហើយ។

ពលរដ្ឋ​រស់នៅ​ក្រុង​សៀមរាប លោក ឆែល លី រៀបរាប់​នៅ​ថ្ងៃ​ទី១៤ ឧសភា​ថា បញ្ហា​ទាំងនេះ ពលរដ្ឋ​រិះគន់ ជា​យូរ​មក​ហើយ តែ​ពុំ​ឃើញ​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​អប្សរា កែ​លម្អ និង​ស្ថាបនា ឱ្យ​ល្អ​ប្រសើរ​នៅឡើយ​ទេ។ លោក​ថា មិន​ត្រឹមតែ​នៅ​តំបន់​អង្គរ​នោះ​ទេ នៅ​តំបន់​ប្រាសាទ​ផ្សេងទៀត ក៏​អាជ្ញាធរ​អប្សរា​នៅ​មិន​ទាន់​មាន​ភាព​ច្បាស់លាស់ ក្នុង​ការរៀបចំ​បរិស្ថាន​ឱ្យ​បាន​ស្អាត និង កែច្នៃ​បរិវេណ​ប្រាសាទ​ឱ្យ​ល្អ​នៅឡើយ​ទេ៖ «នេះ​គឺជា​ការ​ធ្វេសប្រហែស​របស់​អាជ្ញាធរ​ដែល​មិន​បាន​យកចិត្តទុកដាក់ ទៅលើ​បញ្ហា​អស់ទាំង​នេះ ដោយសារ​កន្លងមក រដូវ​ក្តៅ​គឺ​ហុយ តំបន់​ប្រាសាទ គឺ​តំបន់​មួយ​ចំនួន​ហុយ ពេល​ភ្លៀង​មក គឺ​ភក់ជ្រាំ សូម្បីតែ​នៅមុខ​ប្រាសាទអង្គរវត្ត​ម្ដុំ​លក់​ម្ហូបអាហារ​ក៏​ហុយ ក៏​ភក់ជ្រាំ​ដែរ។ ការរិះគន់​នៅ​តែ​មាន ការ​ការ​លម្អ​នៅ​ដដែល»

មគ្គទេសក៍​ទេសចរណ៍​ម្នាក់ ថ្លែង​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ មើលឃើញ​ថា ភក់ល្បាប់​ជ្រាំ នៅ​ចំ​ពីមុខ​ប្រាសាទអង្គរវត្ត គឺជា​ភស្តុតាង​ជាក់ស្ដែង ដែល​ឆ្លុះបញ្ចាំង​ពី​ភាព​ខ្វះ​ចន្លោះ និង​អសមត្ថភាព​របស់​អាជ្ញាធរ​អប្សរា​។ លោក​សង្កេតឃើញ​ថា ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ខ្វះ​ចន្លោះ​ច្រើន រីឯ​បរិវេណ​ប្រាសាទ​អង្គរ និង​ប្រាសាទ​ផ្សេងទៀត នៅ​មិនទាន់​រៀបចំ​ដាំ​ស្មៅ ចាក់​បង្ហាប់​ដី ធ្វើ​ផ្លូវ​ដើរ និង​ចំណតរថយន្ត​ឱ្យ​មាំទាំ​នៅឡើយ​ទេ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ប៉ះពាល់​អារម្មណ៍​ភ្ញៀវ​ទេសចរ៖ «រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ឱ្យ​ល្អ សម្រាប់​ការ​លើកទឹកចិត្ត​ដល់​ភ្ញៀវ​ទេសចរ ហើយ​និង​ធ្វើ​ឱ្យ​វិស័យ​ទេសចរ​ហ្នឹង​ឱ្យ​វា​មាន​ភាព រឹងមាំ និង​រីកចម្រើន​ទៅ​មុខ​ទៀត គឺ​វា​ហាក់បីដូចជា​មិន​ទាន់​បាន​ឆ្លុះបញ្ចាំង​ទេ ផ្អែក​ទៅ​លើ​ភស្តុតាង​ដែល​យើង​ឃើញ​គ្រប់គ្នា អ្នក​ដែល​ទៅ​ទស្សនា នៅតែ​ខែប្រាំង​ហួតហែង គ្មាន​ស្មៅ គ្មាន សូម្បីតែ​អង្គ​វត្ត​គ្មាន ឬ​ប្រាសាទ​ផ្សេងៗ​គ្មាន​ទឹក​រីង​អស់ហើយ ដល់​ខែវស្សា ទៅជា​បែក​ភក់ បែក​ម៉ាំ»

អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុង កុសល នៅ​ថ្ងៃទី១៤ ឧសភា​ដើម្បី​សុំ​ការ​បំភ្លឺ បញ្ហា​នេះ​តែ​ទូរស័ព្ទ​ហៅ​ចូល គ្មាន​អ្នកទទួល។

តំណាង​អាជ្ញាធរ​អប្សរា និង​ជា​សមាជិក​គណៈកម្មការ​បច្ចេកទេស​នៃ​បេតិកភណ្ឌ​ពិភពលោក អ្នកស្រី ចៅ ស្រ៊ុនកិរិយា មាន​ប្រសាសន៍ថា អាជ្ញាធរ​អប្សរា​មាន​ផែនការ​រៀបចំ ហេដ្ឋារចនាសម្ព័ន្ធ និង កែ​លម្អ​ចំណតរថយន្ត​នៅមុខ​អង្គរ និង​កែច្នៃ​តំបន់​ប្រាសាទ​ផ្សេងទៀត​ឱ្យ​ល្អ​ប្រសើរ​ជាង​នេះ ក៏ប៉ុន្តែ​គម្រោង​ទាំងនេះ​មិន​អាច​ធ្វើ​បាន ស្រេច​តែ​ចិត្ត​នោះ​ទេ​។ អ្នកស្រី​បញ្ជាក់​ថា ផែនការ​អភិវឌ្ឍន៍​ទាំងនេះ ត្រូវ​ប្រើ​ពេល​យូរ​ដោយ​ធ្វើការ​សិក្សា​ស្រាវជ្រាវ ពី​ស្ថានភាព​ទឹក និង​រុក្ខជាតិ​ជាដើម ដើម្បី​ឱ្យ​ស្របតាម​លក្ខខណ្ឌ​របស់​អង្គការ​បេតិកភណ្ឌ​ពិភពលោក៖ «ចាប់ផ្ដើម​យូរហើយ គេ​នៅ​ស្រាវជ្រាវ​តទៅទៀត ពីព្រោះ​គេ​មិន​ធ្វើ​មួយថ្ងៃ​បានទេ ព្រោះ​កន្លែង​នេះ​យើង​ត្រូវ​ធ្វើ​ឱ្យ​ស្អាតបាត​ទាំងអស់ ដោយសារ​យើង​មាន​ផ្លូវ​ផង និង​ពលរដ្ឋ​ផង​វា​ច្រើន​ណាស់ យើង​មិន​ធ្វើ​មួយថ្ងៃ​បានទេ។ យើង​ត្រូវ​រៀបចំ​គំរូ ដូច​បន្ទាយស្រី​អីចឹង មាន​កន្លែង​ទទួល​ភ្ញៀវ កន្លែង​ស្អីៗ​ទាំងអស់ រៀបចំ​លក្ខណៈ​អន្តរជាតិ ស្របតាម​លក្ខខណ្ឌ​បេតិកភណ្ឌ​ពិភពលោក»

ប្រធាន​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ លោក មួង សូនី ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​រឿង​នេះ សង្កេតឃើញ​ថា អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត បាន​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​បាន​មួយ​ចំនួន​តូច ដើម្បី​បញ្ចៀស​ការរិះគន់ និង​ហាក់​គ្មាន​ភាព​ច្បាស់លាស់ ក្នុង​ការ​កែ​លម្អ​បរិស្ថាន​ប្រាសាទ​ឱ្យ​ល្អ​ប្រសើរ​នៅឡើយ​ទេ​ជាច្រើន​ឆ្នាំ​មកនេះ​។ លោក​មើល​ឃើញ​ថា អាជ្ញាធរ​អប្សរា និង​អាជ្ញាធរ​ខេត្ត ក៏​ពុំបាន​បង្ហាញ​ពី​គម្រោង​ថវិកា អភិវឌ្ឍន៍​តំបន់​ប្រាសាទ​អង្គរ ឱ្យ​បាន​ទូលំទូលាយ​នៅឡើយ៖ «រដ្ឋាភិបាល​ក៏ដូចជា អាជ្ញាធរ​ពាក់ព័ន្ធ​គឺ​មិនបាន​បង្ហាញ​គម្រោង​ថវិកា និង​ការ​អភិវឌ្ឍ​ប្រាសាទ​អង្គរវត្ត រយៈពេល​វែង និង​រយៈពេល​ខ្លី ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ឮ​ព័ត៌មាន និង​ជំរុញ​ឱ្យ​ពលរដ្ឋ​ចូលរួម​អភិវឌ្ឍន៍​ទេ»

ពលរដ្ឋ និង ក្រុម​មគ្គទេសក៍​មាន​មន្ទិល​ថា ប្រាសាទអង្គរវត្ត បាន​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក តាំងពី​ឆ្នាំ ១៩៩២ រហូត​មក​ទល់​ពេលនេះ លទ្ធភាព ថែទាំ​ប្រាសាទ និង​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​បរិស្ថាន​អង្គរ របស់​អាជ្ញាធរ​ខេត្ត និង​អាជ្ញាធរ​អប្សរា ហាក់​មិន​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​បេតិកភណ្ឌ​ពិភពលោក​នោះ​ឡើយ ខណៈ​ដែល​ការ​គ្រប់គ្រង​បរិស្ថាន គំនិត​ច្នៃប្រឌិត និង​រៀបចំ​ទីតាំង​លក់ដូរ​ជាដើម​នៅ​តែ​មាន​ភាព​ចន្លោះប្រហោង​ច្រើន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។