បញ្ហាការតវ៉ារបស់កម្មករកម្មការិនីនៃរោងចក្រកាត់កាត់ដេរសម្លៀកបំពាក់ និងស្បែកជើង រួមនឹងវិស័យផ្សេងៗទៀត នៅតែបន្តផ្ទុះឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ដែលជាស្ថាប័នមួយមានតួនាទីសម្រេចសេចក្ដីចុងក្រោយបង្អស់ទៅលើវិវាទទាំងឡាយនោះ អះអាងថា គេបានដោះស្រាយសំណុំរឿងជាបណ្ដើរៗ ពុំមានទុកកកស្ទះច្រើននោះឡើយ។
មន្ត្រីជាន់ខ្ពស់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនិយាយថា មានសំណុំរឿងដែលកំពុងស្ថិតនៅក្នុងដៃរបស់ស្ថាប័នមួយនេះចំនួន ១៥ករណីប៉ុណ្ណោះ ដែលត្រូវដោះស្រាយបន្ត។
លោក សុខ ឡោ នាយកប្រតិបត្តិនៃក្រុមប្រឹក្សាអាជ្ញាកណ្ដាលដែលជាស្ថាប័នធ្វើសេចក្ដីសម្រេចចុងក្រោយលើវិវាទនានា ឲ្យដឹងនៅថ្ងៃទី១០ ឧសភា ថា គិតត្រឹមខែឧសភា ដើមឆ្នាំ២០១៣ នេះ សំណុំរឿងដែលរង់ចាំដោះស្រាយបន្តនៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល មានត្រឹមតែ ១៥ករណីប៉ុណ្ណោះ។
លោកបន្តថា អ្វីដែលធ្វើឲ្យវិវាទត្រូវកាត់បន្ថយ ព្រោះតែគូរជម្លោះសម្រេចជ្រើសរើសសេវាសម្រេចសេចក្ដីរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងអនុស្សរណៈដែលកំណត់ថា មិនធ្វើកូដកម្ម ឬបាតុកម្មមុនសេចក្ដីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល ហើយបើមានសេចក្ដីសម្រេចណាមួយ ត្រូវតែអនុវត្តតាម៖ «ឆ្នាំ២០១១ គឺយើងតែ១៩១ ទេ តែមកឆ្នាំ២០១២ ហ្នឹង គឺវាកើនទៅដល់២៥៥ គឺប្រហែលជាឡើង ប្រហែលជា ៣១%។ ៣១-៣២%។ ជាទូទៅ ក្រុមប្រឹក្សាអាជ្ញាកណ្ដាលរបស់យើង ប្រូតិកសិន (Protection = ការការពារ) របស់យើងនេះ គឺថាសំណុំរឿងនេះវាកើនប្រហែលជាគ្រាន់ថា ២០សំណុំរឿងទេ»។
បើទោះជាបែបនេះក្ដី នៅក្នុងសន្និសីទកាសែត លោក សុខ ឡោ បញ្ជាក់ថា យន្តការនៃអំណាចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនេះ មិនមានកាតព្វកិច្ចណាមួយទៅលើគូរវិវាទ ឬចាប់បង្ខំឡើយ។ ក្នុងន័យនេះ លោកអះអាងថា ស្ថាប័នមួយនេះត្រូវបើកផ្លូវតវ៉ាក្នុងរយៈពេល ៨ថ្ងៃ ដល់ភាគីពាក់ព័ន្ធ ក្រោយពីចេញសេចក្ដីបង្គាប់រួច។
លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ចាត់ទុកថាក្រុមប្រឹក្សាអាជ្ញាកណ្ដាល គឺជាផ្នែកមួយដ៏សំខាន់ ក្នុងតួនាទីបញ្ចប់វិវាទ ដោយផ្អែកលើគោលការណ៍ឯករាជ្យ។ ប៉ុន្តែលោកគិតថា ប្រសិនណាពុំមានសិទ្ធិចាប់បង្ខំឲ្យភាគីម្ខាងដែលមានកំហុស ហើយទទួលស្គាល់អ្វីដែលកើតឡើងនោះ មានន័យថា សេចក្ដីសម្រេចរបស់អង្គភាពមួយនេះនៅតែមិនទាន់ធ្វើសេចក្ដីមួយចប់ចុងចប់ដើមនៅឡើយ។
លោក អាត់ ធន់ យល់ឃើញថា ក្រុមប្រឹក្សាអាជ្ញាកណ្ដាលគួរកែទម្រង់គោលការណ៍របស់ខ្លួនបន្ថែមទៀត៖ «អាជ្ញាកណ្ដាលពិតជាវាសំខាន់ ប៉ុន្តែវាត្រូវតែកែទម្រង់ បានន័យថា ទីមួយត្រូវតែឲ្យអាជ្ញាកណ្ដាលហ្នឹងមានសិទ្ធិជំរុញ ដើម្បីឲ្យបង្ខំឲ្យភាគីអនុវត្ត អាហ្នឹងខ្ញុំគិតថាទើបវាល្អ។ ហើយបើពុំនោះទេ បានន័យថា អាជ្ញាកណ្ដាលវាគ្រាន់តែជាផ្នែកមួយនៅក្នុងកាត់ក្ដី ហើយបន្ទាប់មកបន្តរឿងនេះទៅក្រុមហ៊ុនដែរ»។
របាយការណ៍របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល រកឃើញថា ចាប់តាំងពីឆ្នាំ២០០៣ អង្គភាពមួយនេះបានទទួលសំណុំរឿងប្រមាណ ៩០% ដែលវិវាទកើតចេញពីវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ក្នុងចំណោមសំណុំរឿងសរុប ១.៤០០ករណី។ ដោយឡែក ៣% ក្នុងចំណោមនោះ វិវាទកើតឡើងពីវិស័យនានា ដូចជា សំណង់ អង្គការក្រៅរដ្ឋាភិបាល សណ្ឋាគារ និងបដិសណ្ឋារកិច្ចជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។