ប្រជាកសិករ​នៅ​ខេត្ត​បន្ទាយមានជ័យ​ត្អូញត្អែរ​តម្លៃ​ស្រូវ​ចុះថោក​មិន​ទទួល​បាន​ផល​ចំណេញ

0:00 / 0:00

នៅ​ដើម​រដូវ​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​ឆ្នាំនេះ​ប្រជាកសិករ​ជាច្រើន​គ្រួសារ នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ កំពុង​ប្រឈមមុខ​និង​តម្លៃ​ស្រូវ​ចុះថោក ដោយ​ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ឈ្មួញ​អ្នកទិញ​ស្រូវ​ចេះតែ​ទម្លាក់​ថ្លៃ​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ពួកគាត់​លក់​កសិផល​មិន​ទទួល​បាន​ផល​ចំណេញ​ទេ។

ក្រុម​ប្រជាកសិករ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​បែបនេះ បន្ទាប់ពី​ពួកគាត់​ចាប់ផ្ដើម​ប្រមូល​ផល​ស្រូវ​ប្រភេទ​លេខ​មួយ​បណ្ដើរៗ ប្រមាណ​ជាង​មួយ​សប្ដាហ៍​ទៅ​ហើយ។ ដោយ​នៅ​ពេល​ប្រមូល​ផល​នោះ តម្លៃ​ស្រូវ​ដែល​ក្រុម​ឈ្មួញ​ផ្ដើម​ប្រមូល​ទិញ​ដំបូង​ពី​ប្រជាកសិករ គឺ​ប្រភេទ​ស្រូវ​ផ្កា រំដួល​ល្អ​លេខ​មួយ​ក្នុង​តម្លៃ​ប្រមាណ ៩​រយ​៥០​រៀល​(៩៥០​រៀល​)​ក្នុង​មួយ​គីឡូក្រាម។

ប្រជាកសិករ​ម្នាក់​ឈ្មោះ​លោក ត្រាង មនោ​សេដ្ឋា រស់នៅ​ភូមិ​ត្រពាំងថ្មខាងត្បូង ឃុំ​ប៉ោយចារ ស្រុក​ភ្នំស្រុក ថ្លែង​ថា​តម្លៃ​ស្រូវ​ដែល​ឈ្មួញ​ទិញ​ពី​ប្រជាកសិករ​ជាង​៩​រយ​រៀល​ក្នុង​មួយ​គីឡូក្រាម​នេះ ជា​តម្លៃ​មួយ​ស្ទើរ​មិន​ទទួល​បាន​ផល​ចំណេញ​ទៅ​ហើយ។ ប៉ុន្តែ​រឹតតែ​ពិបាក​ជាង​នោះ​ទៀត គឺ​នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​សម្រុក​ច្រូតកាត់​ស្រូវ​កាន់​តែ​ច្រើន ក្រុម​ឈ្មួញ​អ្នក​ប្រមូល​ទិញ​ស្រូវ​ក៏​ចេះតែ​បង្អាប់​ទម្លាក់​តម្លៃ​ជា​បន្តបន្ទាប់ ដោយ​ពី​តម្លៃ​ជាង​៩​រយ​រៀល(៩០០​រៀល) មក​នៅ​ក្រោម​៩​រយ​រៀល​(៩០០)​ក្នុង​មួយ​គីឡូក្រាម។ លោក​បន្ត​ថា​តម្លៃ​ស្រូវ​ក្រោម​៩០០​រៀល​នេះ ប្រជាកសិករ​លក់​ស្រូវ​ទាំង​បង្ខំចិត្ត ហើយ​មិន​ទទួល​បាន​ផល​កម្រៃ ដើម្បី​យក​សង​ថ្លៃ​ជំពាក់​បំណុល​គេ​នោះ​ឡើយ៖ «ជំពាក់​គេ​វ័ណ្ឌក បង​សម្រាប់​អ្នកមាន​ត្រាក់ទ័រ​ទៅ ជឿ​ជី​ជឿ​ម៉ាស៊ុត​គេ អ្នក​អត់​ក៏​អញ្ចឹង​ដែរ។ នៅ​ពេល​ដែល​ចុះ​ធ្វើស្រែ​ធ្វើ​ចម្ការ​ម្នាក់ៗ​ទៅ​យក​ជី​ពី​អឺ​ !​ ថៅកែ គេ​អ្នកលក់​ជី​ហ្នឹង ហើយ​ដល់ពេល​ប្រមូល​ផល​ហើយ​បាន​យើង​លក់​ទូទាត់​ឲ្យ។ ដូច្នេះ​អាការ​ទិញ​ជី​មកនេះ​គឺ​គេ​គិត​ការ​ដោយសារ​យើង​អត់​មាន​លុយ​ណា​បង​ ! គេ​គិត​ការ​គ្រប់​គ្នា​ទាំងអស់ បើ​យើង​មាន​លុយ​ដល់ដៃ​អត់​អី​ទេ។ ហើយ​កសិករ​យើង​សង្ឃឹមថា​ឲ្យ​ថ្លៃ​ម៉ាស៊ុត ឲ្យ​ថ្លៃ​ជី​គេ​នៅ​ពេល​ដែល​ប្រមូល​ផល​ហ្នឹងឯង»។

ប្រជាកសិករ​នៅ​ស្រុក​ភ្នំស្រុក​ជាច្រើន​គ្រួសារ ប្រកប​របរ​ធ្វើស្រែ​សុទ្ធតែ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះថោក​ហើយ​មិន​ទទួល​បាន​ផល​ចំណេញ​នេះ​ដូចៗ​គ្នា។ ដោយ​ម្នាក់ៗ​ចេះតែ​បារម្ភ​ក្នុង​ចិត្ត​ខ្លាច​បន្ទាប់ពី​ប្រមូល​ផល​ស្រូវ​ហើយ​រក​ប្រាក់​ទៅ​សងបំណុល​ជំពាក់​គេ ពី​ការ​ធ្វើស្រែ​នេះ​មិនបាន។

ប្រជាកសិករ​នៅ​ស្រុក​ភ្នំស្រុក​ម្នាក់ទៀត ឈ្មោះ​លោក សាន ជឿន មាន​មតិ​ថា​តម្លៃ​ស្រូវ​អាច​នឹង​ចុះថោក​ជាង​ពេល​បច្ចុប្បន្ន​ទៀត ពីព្រោះ​គ្រាន់តែ​នៅ​ដើម​រដូវ​ច្រូតកាត់​របស់​ប្រជាកសិករ សកម្មភាព​ឈ្មួញ​ទម្លាក់​តម្លៃ​ស្រូវ​បែបនេះ​ទៅ​ហើយ ទម្រាំ​ដល់​រដូវ​ច្រូតកាត់​ពេញទំហឹង​ប្រមាណ​ជា​២​សប្ដាហ៍​ខាងមុខ​នោះ មិន​ដឹង​តម្លៃ​ស្រូវ​ទៅជា​យ៉ាងណា​នោះ​ទេ៖ «ខ្ញុំ​តែ​ឲ្យ​គេ​ឃើញ​ថា​សកម្មភាព​របស់​កសិករ​នោះ​លំបាក​ណាស់ ដល់ពេល​ធ្វើ​បាន​ស្រូវ​ឡើង​ច្រើន​អញ្ចេះ ទម្លាក់​តម្លៃ​ម៉ា​ថ្ងៃ​៤ ៥ លេខ ចុះ​ដល់​ទៅ​ពេល​ស្រូវ​ច្រើន​ទម្លាក់​តម្លៃ​ទៅ​រក​តែ​លក់​នឹង​មិន​រួច ដក​តែ​ថ្លៃ​ជី​ឈ្មួញ​មិន​រួច។ ដូច​ខ្ញុំ​ដូច​អី​វា​អូ​ !​ វា​ពិបាក​ណាស់​ចង់​ឈប់​ធ្វើស្រែ​អស់ហើយ ស្រូវ​ល្អ​ដែរ ក៏ប៉ុន្តែ​តម្លៃ​តែ​៨០​មួយ​ថ្ងៃមុន ៨៥​ធ្លាក់​មកដល់​៨០»។

លោក​បន្ត​ទៀត​ថា​ប្រជាកសិករ​មួយ​ចំនួន​នៅ​តំបន់​ភ្នំស្រុក ដោយសារតែ​ជំពាក់​បំណុល​គេ​ពី​ការ​ធ្វើ​ស្រែ​ហើយ​គ្មាន​ប្រាក់​សងបំណុល​គេ​នោះ មាន​ប្រជាកសិករ​ខ្លះ​លក់​អស់​ដីស្រែ​កេរ្តិ៍​ពី​ដូនតា​ហើយ​ធ្វើ​ចំណាកស្រុក​ទៅ​ស្វែងរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​កើតមាន​ជា​ហូរហែ៖ «កាល​ពី​មុន​ស្រុក​ខាង​ណេះ​អត់​មាន​អ្នកណា​ទៅ​ថៃ​ទេ ដល់​សព្វថ្ងៃ​សឹង​ចង់​គ្រប់​ផ្ទះ​ហើយ​ទៅ​ថៃ។ មូលហេតុ​មក​អំពី​នៅ​ក្នុង​ស្រុក​ទៅ​យូរៗ ជំពាក់​គេ​អង្គការ​ណេះណោះ​ទៅ​អស់​ស្រែ​លក់ ឲ្យ​សង​គេ​អស់​ទៅ ស្រែ​មិន​កើត​ផង​ស្រូវ​ក៏​ថោក ម្ល៉ោះហើយ​នៅ​រកស៊ី​ក្នុងស្រុក​វា​អត់​មានបាន​អា​អ៊ីចឹង គ្រួសារ​ឲ្យ​បាន​ឋិតថេរ​ទេ ដូច្នោះ​ប្រជាជន​គ្នា​អត់​របស់​របរ​គ្នា​ចេះ​តែ​រត់​ទៅ សល់​ស្រែ​១ហិកតារ ២​ហិកតារ លក់​អស់​រលីង​រត់​ទៅ​តែម្ដង»។

ទាក់ទង​និង​បញ្ហា​នេះ​ឈ្មួញ​អ្នកទិញ​ស្រូវ​នៅ​ស្រុក​មង្គល​បូរី​ខេត្ត​បន្ទាយមានជ័យ លោក តុង អ៊ីម ទទួល​ស្គាល់​ថា​តម្លៃ​ស្រូវ ដែល​ប្រមូល​ទិញ​ពី​ប្រជាកសិករ​នៅ​តំបន់​ភ្នំស្រុក រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ចុះថោក​ខ្លះ​មែន។ លោក​សន្និដ្ឋាន​ថា​ហេតុ​ដែល​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នោះ មួយ​ផ្នែក​ធំ​បណ្ដាលមកពី​ឈ្មួញ​រាយរង​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​ទម្លាក់​ថ្លៃ។ ម្យ៉ាងទៀត​ដោយសារ​អំឡុង​ពេលនេះ​ប្រជាពលរដ្ឋ​នាំគ្នា​សម្រុក​ប្រមូល​ផល​ស្រូវ​ច្រើន​លើស​ពី​ចំនួន​អ្នកទិញ កត្តា​ទាំង​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ធ្លាក់​ចុះ។ ទោះជា​យ៉ាង​នេះ​ក្ដី​លោក​ថា​គុណភាព​ស្រូវ​របស់​ប្រជាកសិករ​ក៏​ជា​បច្ច័យ​មួយ​សំខាន់​ដែរ ដែល​ធ្វើ​ឲ្យ​តម្លៃ​ស្រូវ​ចុះថោក​នោះ៖ «ពួកគាត់​ជួនកាល​ដែល​ទេ​ទៅៗ​ហ្នឹង​អត់​ទទួលស្គាល់​ស្រូវ​រឿង​គុណភាព​ស្រូវ​ខ្លួនឯង​ទេ។ និយាយ​រឿង​ម៉ាលីស​ចង់តែ​ទារ​ថ្លៃ​ដូច​គេ តែ​ម៉ាលីស ដូច​ចាប់ឆាយ​អ៊ីចឹង។ ពន្យល់​គាត់​រាល់ថ្ងៃ​ថា​អង្ករ​ចេញ​ក្រៅ​ប្រទេស​ដល់​កាល​ណាយ​កស្រូវ​ប្រភេទ​ចាប់ឆាយ​លាយ​ស្ទើរ​ខ្លី គាត់​អត់​ព្រម​ទទួលស្គាល់​ទេ​អ៊ីចឹង​ណាស់។ វា​ពិបាក​អ៊ីចឹង​បញ្ហា​ដល់​ទិញ​ចង់​ឲ្យ​បាន​ដូច​គេ ដល់ពេល​គេ​ទិញ​តម្លៃ​ទាប ព្រោះ​អី​គេ​ទិញ​យក​ទៅ​លក់​ប្រភេទ​ស្រូវ​ផ្សេង ដូចជា​គេ​ទិញ ទៅ​គេ​លក់​ទៅ​ប្រភេទ​ផ្កា​ខ្ញី​អ៊ីចឹង ព្រោះ​វា​ស្ទើរ​គ្រាប់​ដល់ពេល​អ៊ីចឹង​គាត់​ខឹង​គាត់​ឃើញ​គេ​លក់​បាន​ថ្លៃ​ជាង​គាត់​ទេ​ទៅ​នេះ​ទៅ​នោះ​ទៅ​អ៊ីចឹង»។

ទាក់ទង​និង​បញ្ហា​នេះ​ដែរ អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច លោក ស្រី ចន្ធី មានប្រសាសន៍​បញ្ជាក់​ថា​តម្លៃ​ស្រូវ​ចុះថោក​នៅ​ពេល​នេះ​ដោយសារ​ប្រជាកសិករ​សម្រុក​ប្រមូល​ផល​ស្រូវ មាន​ចំនួន​ច្រើនជាង​តម្រូវការ​របស់​អ្នកទិញ។ ម្យ៉ាងវិញទៀត​គឺ​បណ្ដាលមកពី​ពុំ​មាន​ឈ្មួញ​ពី​ប្រទេស​ថៃ​ចូល​មក​ទិញ​ស្រូវ​របស់​ប្រជាកសិករ​ដូច​ពេល​មុនៗ។ យ៉ាងណា​លោក​ថា​ជម្រើស​ដែល​ល្អ នៅ​ក្នុង​ស្ថានភាព​បែបនេះ​ប្រជាកសិករ​ត្រូវ​ស្តុក​ស្រូវ​ទុក​មួយ​រយៈ​សិន ឬ​អាច​ប្រមូល​ផ្ដុំ​គ្នា​បង្កើត​ជា​សហគមន៍​លក់​ស្រូវ​ជា​ក្រុម៖ «អ៊ីចឹង​គាត់​មានតែ​ប្រមូល​ផ្ដុំ​គ្នា​លក់​ឲ្យ​អ្នក​ប្រមូល​ទិញ​ហ្នឹង​។​មួយទៀត​ជួនកាល​គាត់​លក់​ដោយ​ឡែកៗ​ពី​គ្នា អ៊ីចឹង​អ្នក​ប្រមូល​ទិញ​គាត់​ត្រូវ​ការ​ចំណាយ​ដើរ​ទៅ​ប្រមូល​ទិញ អ៊ីចឹង​គាត់​ឲ្យ​តម្លៃ​ក៏​ថោក​ដែរ។ ហើយ​បញ្ហា​ផ្សេងទៀត​អាច​ទាក់ទង​ការ​ដឹកជញ្ជូន​ផង ដោយសារ​អា​តម្លៃ​ដឹកជញ្ជូន​វា​ថ្លៃ អ៊ីចឹង​អ្នក​ប្រមូល​ទិញ​គាត់​ឲ្យ​តម្លៃ​ថោក កសិករ​ទាប​ដើម្បី​គ្រប់គ្រង​អាការ​ទូទាត់​អា​ចំណាយ​របស់​គាត់​អី​ផ្សេង ហើយ​វា​ឆ្លើយតប​តម្រូវការ​ទីផ្សារ​ផង»។

ប្រជាកសិករ​ឲ្យ​ដឹង​ថា​ស្រូវ​ប្រភេទ​ផ្កា រំដួល​នៅ​ក្នុង​ស្រុក​ភ្នំស្រុក ដែល​ប្រជាពលរដ្ឋ​កំពុង​ប្រមូល​ផល​នោះ​មាន​រាប់ពាន់​ហិកតារ​ដី ហើយ​ស្រូវ​ទាំងនោះ​ប្រឈមមុខ​និង​ខ្វះ​ទីផ្សារ​លក់​ចេញ។ ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​មន្ត្រី​ពាក់ព័ន្ធ​ធ្វើ​យ៉ាងណា​ជួយ​ស្វែងរក​ទីផ្សារ​លក់​ស្រូវ​ក្នុង​តម្លៃ​មួយ​សមរម្យ គឺ​សុំ​ឲ្យ​តម្លៃ​ស្រូវ​ប្រភេទ​ផ្កា​រំដួល​ប្រមាណ​ចាប់ពី​១​ពាន់​រៀល​ឡើង​ទៅ ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​នេះ​ធ្វើ​ប្រជាកសិករ​ទទួល​ផល​ចំណេញ​ខ្លះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។