និស្សិត​ពិការ​ភ្នែក​ ត្អូញត្អែរថា​ខ្វះ​សៀវភៅ និង​ឯកសារ​ជាអក្សរស្ទាប​ បង្ក​ការលំបាក​ដល់​ការសិក្សា​នៅ​សាកល​វិទ្យាល័យ

0:00 / 0:00

នៅសម័យ​បច្ចេកវិទ្យា​ទំនើបនេះ​និស្សិត​ភាគច្រើន ដែល​កំពុង​សិក្សា​នៅ​សាកល​វិទ្យាល័យ​គឺ​ងាយស្រួល​ស្វែងរក​សៀវភៅ​ជា​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​យក​មក​អាន​ទាក់ទង​នឹង​ជំនាញ​របស់​ពួកគេ ដូចជា​នៅ​តាម​បណ្ណាល័យ និង​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត (Internet) ជាដើម។ ប៉ុន្តែ​ឯកសារ​ដ៏​សំបូរ​បែប​ទាំងនោះ បែរជា​កម្រ​មាន​ជា​ទម្រង់​អក្សរ​ស្ទាប សម្រាប់​និស្សិត​ពិការ​ភ្នែក​ទៅ​វិញ។

នៅ​កម្រិត​ឧត្ដម​សិក្សា​នេះ តើ​និស្សិត​ពិការ​ភ្នែក ​តស៊ូ​ពុះពារ​រៀន​បែបណា ហើយ​ស្វែង​រក​សៀវភៅ​ពី​ណា​ មក​ស្ទាប​អាន ដើម្បី​ទទួល​បាន​ចំណេះ​ដឹង​ទាក់ទង​នឹង​ជំនាញ​របស់​ពួកគេ ?

ក្នុង​រាជធានី​ភ្នំពេញ មាន​យុវជន​ពិការភ្នែក​ពី​កំណើត និង​ពិការភ្នែក​ដោយសារ​ជំងឺ​កញ្ជ្រឹល​ប្រមាណ​២០នាក់ កំពុង​សិក្សា​ជំនាញ​ផ្សេងៗ​គ្នា នៅ​តាម​សាកល​វិទ្យាល័យ​រដ្ឋ និង​ឯកជន។ យុវជន​ពិការភ្នែក​​ម្នាក់​ក្នុង​ចំណោម​ពួកគេ​នោះ​គឺ​និស្សិត វិន វិចិត្រ ដែល​កំពុង​សិក្សា​ផ្នែក​ទស្សនវិជ្ជា ឆ្នាំ​ទី២​ឈាន​ចូល​ឆ្នាំ​ទី៣ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

ដ្បិត​ទទួល​បាន​អាហារូបករណ៍​រៀន​មិន​បង់​ថ្លៃ​នៅ​សាកល​វិទ្យាល័យ​ក្ដី លោក វិន វិចិត្រ ដែល​មាន​ស្រុក​កំណើត​នៅ​ស្អាង ខេត្ត​កណ្ដាល រៀបរាប់​ថា លោក​ក៏​ដូច​អ្នក​ពិការភ្នែកឯ​ទៀត​ដែរ គឺ​មាន​ឧបសគ្គ​ធំ​២ ក្នុង​អំឡុង​ពេល​សិក្សា​នេះ។ ឧបសគ្គ​ទី១ គឺ​ការចំណាយ​ថ្លៃ​ជិះ​ម៉ូតូឌុប​ទៅ​រៀន និង​ត្រឡប់​មក​ផ្ទះ​ជួល​វិញ មួយ​ថ្ងៃ​ជិត​១ម៉ឺនរៀល ហើយ​ឧបសគ្គធំ​មួយ​ទៀត​នោះ គឺ​ខ្វះ​សៀវភៅ ឯកសារ​សិក្សា​ស្រាវជ្រាវ​ជា​ទម្រង់​អក្សរ​ស្ទាប​សម្រាប់​អាន និង​ជា​សំឡេង​សម្រាប់​ស្ដាប់។

ដោយសារ​តែ​ជំងឺ​កញ្ជ្រឹល​កើត​កាល​ពី​នៅ​ក្មេង ធ្វើ​ឲ្យ​ខូច​ភ្នែក​ទាំងគូ វិចិត្រ ត្រូវ​ពឹង​លើ​ត្រចៀក​ទាំង​ស្រុង ដើម្បី​ផ្ដោត​អារម្មណ៍​តាមដាន​ស្ដាប់​ការពន្យល់​របស់​គ្រូបង្រៀន​លើមុខ​វិជ្ជានីមួយៗ។​ ដ្បិត​ព្យាយាម​ផ្ទៀង​ស្ដាប់​យ៉ាងណាក្ដី យុវជន​រូបនេះ នៅ​តែមិន​អាច​កត់​ទាន់​ការពន្យល់​របស់​គ្រូ​បាន​ទាំង​អស់​នោះ​ទេ ដោយសារ​តែ​របៀប​សរសេរ​របស់​និស្សិត​ពិការ​ភ្នែក​ខុស​ពី​និស្សិត ដែល​មាន​កាយ​សម្បទា​គ្រប់​គ្រាន់៖ «ការសរសេរ​របស់​ជនពិការ​គឺ​ចុច​លើ​ក្រដាស​ឲ្យ​វា​ពកៗ​តិចៗ​លើ​ក្រដាស ។ កាល​ណា​ចុច​ទៅ​វា​មាន​ល្បឿន​យឺត​ជាង​អ្នក​ភ្លឺ​ប្រហែល​ហាសិប​ភាគរយ បើ​គិត​ពី​ល្បឿន។ យើង​ចុច​យូរ ប្រើ​កម្លាំង​យូរ យើង​ចុច​ដៃ​ទៀត ព្រោះ​យើង​ត្រូវ​ប្រើ​កម្លាំង​សង្កត់​រហូត ។ បើសិន​ជា​លោកគ្រូ ឬ​អ្នក​ដែល​ហៅ​ហ្នឹង​លឿន​ពេក ក៏​យើង​ចុច​អត់​ទាន់​ដែរ។ យើង​អាច​បាត់​ខ្លះ។ ប៉ុន្តែ​ភាគ​ច្រើន​ខ្ញុំ​ស្ដាប់​ទៅ ពេល​ខ្លះ​ខ្ញុំ​ព្យាយាម​កត់​ចំណុច​សំខាន់ៗ​អ៊ីចឹង​ទៅ។ បើ​បាត់​ឲ្យ​វា​បាត់​កន្លែង​ណា​ដែល​អត់​សូវ​សំខាន់​ចឹង​ណា៎។ យើង​កត់​ចំណុច​សំខាន់​ធំៗ​ចឹង ទុក​សម្រាប់​យក​មក​អាន។»

លោក​ឲ្យ​ដឹង​ថា ដើម្បី​បាន​សៀវភៅ​តាម​មុខ​វិជ្ជានី​មួយៗ​យក​មក​អាន​ដូច​និស្សិត​ដទៃ​ទៀត លោក​ត្រូវ​យក​សៀវភៅ​ ទៅ​ឲ្យ​ខាង​រោងពុម្ព ​នៅ​វិទ្យាស្ថានជាតិ​អប់រំពិសេស​ស្ថិត​នៅ​ភូមិ​ប៉ាយ៉ាប សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ ជួយ​ប្ដូរ​ពី​អក្សរ​អាន​នឹង​ភ្នែក​ មក​ជា​អក្សរ​ស្ទាប​នឹង​ដៃ។ លោក បន្ត​ថា​ត្បិត​ វិទ្យាស្ថាន​ទទួល​បោះពុម្ព​មិន​គិត​កម្រៃ​ក៏ដោយ ប៉ុន្តែ​ការបោះពុម្ព​មាន​ការយឺតយ៉ាវ ព្រោះ​រោង​ពុម្ព​មមាញឹក​បោះពុម្ព​សៀវភៅ​ជាច្រើន​សម្រាប់​កុមារ គ ថ្លង់ និង​ពិការភ្នែក​ដែល​រៀន​ពី​ថ្នាក់​ទី១​ដល់​ថ្នាក់​ទី១២៖ « កន្លែង​គាត់​ ត្រូវ​បោះ​ពុម្ព​អក្សរ​ប៊្រែល​សម្រាប់​ជន​ពិការភ្នែក​ដែល​រៀន​ថ្នាក់ទី១ ដល់​ទី១២ ហើយ​គាត់​ត្រូវ​បោះពុម្ព​ចែក​ទៅ​តាម​ខេត្ត​ទៀត។ អ៊ីចឹង វា​ច្រើន ហើយ​ការបោះពុម្ព​មក​ឲ្យ​ពួកខ្ញុំ​ពេល​ខ្លះ​អត់​ទាន់ ឬ​អត់​បាន​គ្រប់​មុខ។ ដូច​ថា​៥ទៅ​៦មុខ​អ៊ីចឹង វា​បាន​១មុខ​២មុខ ឬ៣មុខ​អីចឹង​ទៅ។ ទម្រាំ​តែ​បាន​វា​ចូល​រយៈពេល​១ខែ ឬ​២ខែ​អីចឹង​ទៅ។ អ៊ីចឹង​វា​ជិត​ចប់​ថ្នាក់ ប៉ុន្តែ​ពួកខ្ញុំ​អាច​បាន​អាន​ខ្លះ។ វា​អាស្រ័យ​លើ​ភាពជាក់ស្ដែង ប៉ុន្តែ​វា​មិន​អត់ខ្លះ​ទេ។ ហើយ​ម៉ាស៊ីន​ហ្នឹង នៅ​ភ្នំពេញ​មាន​តែ១​កន្លែង​ហ្នឹង​ទេ ។ យើង​អត់​អាច​ទៅ​រក​កន្លែង​ផ្សេង​បាន​ទេ។»

និស្សិត​ពិការ​ភ្នែក​ម្នាក់​ទៀត ដែល​រៀន​ផ្នែក​អប់រំ​ ឆ្នាំ​ទី១​ចូល​ឆ្នាំ​ទី២ ​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ កញ្ញា សឿង ស៊ីណា ថ្លែង​ថា កង្វះ​សៀវភៅ និង​ឯកសារ​ផ្សេងៗ ជា​អក្សរ​ស្ទាប ​គឺ​បង្ក​ផល​ពិបាក​ខ្លាំង​សម្រាប់​និស្សិត​ពិការ​ភ្នែក ។ យុវតី​ពិការ​ភ្នែក​ពី​កំណើត​រូប​នេះ លើក​ឡើង​ថា បើ​ចង់​អាន​សៀវភៅ ឬ​ឯកសារ​ដែល​គ្រូ​ឲ្យ​អាន កញ្ញា​ត្រូវ​ពឹង​មិត្ត​រួម​ថ្នាក់​ ជួយ​អាន​ហើយ​ផ្ញើ​សំឡេង​តាម​ប្រព័ន្ធ​តេឡេក្រាម (Telegram) ទើប​អាច​យល់​ពី​មេរៀន​ទាំង​នោះ​បាន « ចូល​វេទិកា​អ៊ីចឹង យើង​ត្រូវ ការផ្ទៀង​ស្ដាប់​ច្រើន​ព្រោះ​អី​អត់​មាន​ឯកសារ​អី​ច្រើន​នៅ​ជាប់​ដៃ​យើង​ទេ ។ ពេល​គ្រូ​និយាយ​អ្វី​សំខាន់​ៗ យើង​កត់ត្រា​ទុក​អ៊ីចឹង​ទៅ ។ ហើយ​មេរៀន​សំខាន់​អី បើ​គ្រូ​ដាក់​ឲ្យ​ធ្វើ​ យើង​អាច​ពឹង​មិត្ត​ភក្តិ​ឲ្យ​ជួយ​អាន​ខ្លះ​អ៊ីចឹង​ទៅ តែ​សំខាន់​អត់​គ្រប់គ្រាន់​ដូច​យើង​មាន​ឯកសារ​ខ្លួន​ឯង​ផ្ទាល់​ទេ។ ចង់​បាន​ឯកសារ​លក្ខណៈ​ចេញ​ជា​អក្សរ​ប៊្រែល ព្រោះ​អី​ចូល​សាកល​ចឹង​គឺ​តែង​តែ​មាន​ការ​ស្រាវជ្រាវ។ ឯកសារ​ភាគ​ច្រើន​សុទ្ធតែ​ជា​ភីឌីអេហ្វ (PDF)។ »

កញ្ញា សឿង ស៊ីណា លើក​ឡើង​ថា អ្វី​ដែល​និស្សិត​ពិការភ្នែក​ចង់បាន​នៅ​ពេល​នេះ​គឺ​ម៉ាស៊ីន​បោះពុម្ព​អក្សរ​ស្ទាប ដោយ​ខ្លួន​ឯង ព្រោះ​វា​ជួយ​សម្រួល​ការសិក្សា​បាន​ឆាប់​រហ័ស ដោយ​អាច​ប្ដូរ​ពី​អក្សរ​អាន​នឹង​ភ្នែក​ទៅ​ជា​អក្សរ​ស្ទាប​នឹង​ដៃ៖ « និយាយ​ទៅ​ខ្ញុំ​ចង់​បាន​ឯកសារ​ជា​អក្សរ​ស្ទាប បើ​អត់​បាន​ជា​អក្សរ​ស្ទាប​បាន​ជា​សំឡេង​អី​ក៏​បាន​ដែរ ។ អ្វី​ដែល​សំខាន់​បំផុត​ គឺ​ម៉ាស៊ីន​ព្រីន បើ​សិន​ជា​អាច​ស្នើ​ទៅ​រដ្ឋាភិបាល​ជួយ​ជា​ម៉ាស៊ីន​ព្រីន​ដល់​និស្សិត​នៅ​សាកល​ ព្រោះ​អ្នក​ដែល​រៀន​នៅ សាកល​ខ្វះ​ឯកសារ​ដូច​គ្នា។ ខ្ញុំ​គិត​ទៅ​អាច​ជួយ​បាន​ច្រើន​ដល់​អ្នកពិការ​ព្រោះ​និស្សិត​ដែល​រៀន​នៅ​សាកល​អត់​ច្រើន​ប៉ុន្មាន​ដែរ។ ហើយ​បើ​យើង​ធ្វើការបោះពុម្ព​ក៏​អាច​លឿន​ដែរ។ លឿន​ជាង​យក​ឯកសារ​ទៅ​ឲ្យ​វិទ្យាល័យ​អប់រំ​ពិសេស​ព្រោះ​អី​គាត់​ព្រីន​ច្រើន។ ដល់​យើង​នៅ​សាកល​អត់​សូវ​ច្រើន​នាក់​ អ៊ីចឹង​ណា៎។ អាច​បាន​រហ័ស​ជាង » ។

អក្សរ​ស្ទាប​ដៃ ឬ​អក្សរ​ប៊្រែល (Braille) ​គឺ​ជា​ប្រព័ន្ធ​មួយ​ដែល​មាន​ចំណុច​ជា​ច្រើន​ អាចឲ្យ​ជន​ពិការភ្នែក​ប៉ះ​ដោយ​ញាណ ហើយ​អាច​អាន​បាន ​ដោយ​ប្រើ​ម្រាម​ដៃ។ វា​គឺ​ជា​កូដ​ភាសា​មួយ​ដូច​នឹង​ភាសាខ្មែរ ដែល​អាច​អាន និង​សរសេរ​បាន​ដោយ​មិន​ចាំបាច់​មើល។ វា​ត្រូវ​បាន​រចនា​ឡើង​ជា ពិសេស​សម្រាប់​ជន​ពិការ​ភ្នែក ឬ​អ្នក​កម្សោយ​គំហើញ។ ការងារ​ដ៏​អស្ចារ្យ​របស់​ប្រព័ន្ធ​អក្សរ​នេះ​ គឺ​អនុញ្ញាត​ឱ្យ​ជន​ពិការភ្នែក ឬ​កម្សោយ​គំហើញអាច​រៀន​ចេះ​អាន សរសេរ ក្នុង​ជីវិត​រស់​នៅ​​របស់​ពួកគេ​កាន់​តែ​ឯករាជ្យ ។

ប៊្រែល (Braille) គឺជា​ឈ្មោះ​របស់​អ្នក​ប្រាជ្ញ​ជនជាតិ​បារាំង​ម្នាក់ ឈ្មោះ​លោក លូវីស ប៊្រែល (Luis Braille) ដែល​បាន​បង្កើត​កូដ​អក្សរ​សម្រាប់​មនុស្ស​ពិការ​ភ្នែក​នៅ​ឆ្នាំ១៨២១ ។ កូដ​អក្សរ​នេះ​មាន​រន្ធ​ប្រាំមួយ ដោយ​ម្ខាង​មាន​រន្ធ​បី​នៅ​ក្នុង​តារាង​តូច​មួយ។ គេ​ចាក់​ទម្លុះ​រន្ធ​ចាប់​ពី២​ទៅ​៣​ឆ្លាស់​ចុះ​ឡើង ដើម្បី​បង្កើត​បាន​ជា​កូដអក្សរ ដោយ​កំណត់​ស្មើ​នឹងអក្សរ​អេ(a) ប៊ី(b) ស៊ី(c) ក ខ គ ឬ​ជា​លេខ ១ ២ ៣ សម្រាប់​ជន​ពិការភ្នែក​ស្ទាប​អក្សរ​បូក​បញ្ចូល​គ្នា​ចេញ​ជា​ពាក្យ ឃ្លា និង​ប្រយោគ​អាន។

ក្រុមនិស្សិតពិការភ្នែករៀននៅតាមសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។
ក្រុមនិស្សិតពិការភ្នែករៀននៅតាមសាកលវិទ្យាល័យនានា ក្នុងរាជធានីភ្នំពេញ។ (Facebook BNG)

អស់​រយៈ​ពេល​ជាង​៣ឆ្នាំ​មក​នេះ ប្រធាន​ក្រុម​យុវជន​ពិការភ្នែក​ជំនាន់​ថ្មី (Blind New Generation) លោក វិន វិចិត្រ ស្វែង​រក​ជំនួយ​សប្បុរសធម៌​នានា តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក ដើម្បី​បាន​ថវិកា​សម​ល្មម ​នឹង​អាច​ទិញ​ម៉ាស៊ីន​បោះ​ពុម្ព​អក្សរ​ស្ទាប​សម្រាប់​និស្សិត​ពិការភ្នែក​ដែល​កំពុង​រៀន​នៅ​ទីក្រុង​ភ្នំពេញ ។

លោក​ឲ្យដឹង​ថា​ចាប់​តាំង​ពី​ខែមករា ឆ្នាំ២០២០ ក្រុម​លោក​ទទួល​បាន​ជំនួយ​ពី​សប្បុរសជន​នានា ​ជិត​១ពាន់​ដុល្លារ ខណៈ​តម្លៃ​ម៉ាស៊ីន​អក្សរ​ស្ទាប​មួយ​គ្រឿង​គឺ​ចាប់​ពី​៦ពាន់​ដុល្លារ​ដល់​១ម៉ឺន​ដុល្ល៖ « បើ​សិន​យើង​មាន​ម៉ាស៊ីន​ព្រីន​មួយ​សម្រាប់​និស្សិត​ពិការ​នៅ​ភ្នំពេញ​តែ​ម្ដង ការផ្គត់ផ្គង់​វា​តិច។ អ៊ីចឹង! ខ្ញុំ​ជឿ​ថា ការព្រីន​ហ្នឹង ប្រាកដ​ជា​ទាន់​ពេល​វេលា​ជាង​ដែល​យើង​មាន​ជម្រើស​តែ​មួយ​កន្លែង។ ហើយ​ចំណែក​ទី២​ពួក​ខ្ញុំ​នឹង​ព្យាយាម​ធ្វើ​សៀវភៅ​ផ្សេងៗ សម្រាប់​ការស្រាវជ្រាវ​ដូចជា​សៀវភៅ​ទាក់​ទង​នឹង​ប្រវត្តិសាស្ត្រ​នយោបាយ វប្បធម៌ សង្គមធម៌​អ្វី​ផ្សេង​ដែល​អាច​គិត​ថា​ជា​ឯកសារ​អាច​ឲ្យ​និស្សិត​ពិការភាព​ភ្នែក​គាត់​ស្រាវជ្រាវ​រៀន​នៅ​សាកល​វិទ្យាល័យ​ហ្នឹង​គាត់​អាច​មក​កន្លែង​ផ្ទះ​ដែល​ពួកខ្ញុំ​នៅ​នេះ ពួក​គាត់​អាច​មក​ស្រាវជ្រាវ អាន​សៀវភៅ​ទាំង​អស់​ហ្នឹង​បាន​អ៊ីចឹង។ បង្កើត​បណ្ណាល័យ​តូច​មួយ​សម្រាប់​ជន​ពិការ​ភ្នែក​នៅ​ភ្នំពេញ ដែល​គាត់​អាច​មក​ស្រាវជ្រាវ​បាន។ ហ្នឹង​ជា​គោល​បំណង​ដែល​យើង​ចង់​បាននៅ​ពេល​បច្ចុប្បន្ន​ដែល​យើង​កំពុង​ស្វែង​រក​ជំនួយ។»

យុវជន​រូបនេះ ​មិន​ដឹង​ថា​ត្រូវ​រង់ចាំ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ទៀត ទើប​មាន​ថវិកា​គ្រប់​គ្រាន់​ទិញ​បាន​ម៉ាស៊ីន​យក​មកប្រើ​តាម​តម្រូវ​ការ​របស់​ក្រុម​និស្សិត​ពិការ​ភ្នែក​នោះ​ទេ។ និស្សិតពិការ វិន វិចិត្រ អំពាវនាវ​សប្បុរសជន​ជួយ​បរិច្ចាគ​ថវិកា​ជួយ​ដល់​គម្រោង​ទិញ​ម៉ាស៊ីន​បោះពុម្ព​អក្សរ​ស្ទាប​សម្រាប់​និស្សិត​ពិការ​ភ្នែក តាមរយៈ​លេខទូរស័ព្ទ​របស់​លោក​ផ្ទាល់​គឺលេខ ០១០-៧៧០-៥០៧។

អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក រស់ សុវាចា មាន​ប្រសាសន៍​ថា​ក្រសួង​តែង​គិតគូរ​ដល់​ការសិក្សា​របស់​សិស្ស​គ្រប់​កម្រិត​ទាំងអស់​ជាពិសេស​សិស្ស-និស្សិត​ពិការ ដោយ​មិនមាន​ការប្រកាន់ និង​រើសអើង​ឡើយ៖ « ដូច​ខ្ញុំ​ជំរាប​អ៊ីចឹង​ថា​កិច្ច​អប់រំ​ពិសេស​គឺ​ក្រសួង​ផ្ដល់​អាទិភាព​ទៅ​លើ​ការងារ​នេះ ដោយ​យើង​មាន​គោលនយោបាយ​អប់រំ​បរិយាបន្ន ហើយ​បើសិន​មាន​ក្រុម​ការងារ​ណា​ចាប់​អារម្មណ៍​ទៅ​លើ​ការ​ឆ្លើយ​តប​គោលនយោបាយ​អប់រំ​បរិយាបន្ន​ក៏​ដូច​ជា​ការ​អប់រំ​ពិសេស​នេះ។ ក្រសួង​ស្វាគមន៍ ដើម្បី​ឲ្យ​កិច្ច​ពិភាក្សា ដើម្បី​រកដំណោះស្រាយ​ទៅ​លើ​កត្តា​ផ្សេង​ដែល​ប្រឈម ដើម្បី​ជា​ធ្លុង​មួយ​លើក​កម្ពស់​កិច្ចការ​នេះ។»

ក្នុង​ច្បាប់​ស្ដីពី​កិច្ចការពារ និង​លើក​កម្ពស់​សិទ្ធិ​ជនពិការ ដែល​ប្រកាស​ឲ្យ​ប្រើ​ដោយ​ព្រះរាជក្រម កាល​ពី​ខែកក្កដា​ឆ្នាំ២០០៩ ត្រង់​មាត្រា២៩​ចែង​ថា​ក្រសួង​ទទួល​បន្ទុក​វិស័យអប់រំ​ត្រូវ​រៀបចំ​កម្មវិធី​សម្រាប់​គ្រឹះស្ថាន​សិក្សា​នានា​ក្នុង​ការសម្របសម្រួល​ដល់​សិស្ស-និស្សិត​ពិការ​នូវ​ផ្នែក​មួយចំនួន​ដូចជា អគារ​ បន្ទប់ និង​កន្លែង​សិក្សា ភាសា​សញ្ញា និង​អក្សរ​ស្ទាប បច្ចេកទេស​អប់រំ និង​គរុកោសល្យ ស្រប​ទៅ​តាម​ប្រភេទ​ពិការភាព សម្ភារៈ​សិក្សា ឬ​ឧបករណ៍​ផ្សេងៗ​សម្រាប់​ជំនួយ​ដល់​សិស្ស-និស្សិត​ពិការ សម្ភារៈ​ឧបទេស​សម្រាប់​គ្រូបង្រៀន ឬ​សាស្ត្រាចារ្យ និង​ផ្នែក​ផ្សេងៗ​ទៀត តាម​ការ​ជាក់​ស្ដែង​របស់​សិស្ស-និស្សិត​ពិការ​ម្នាកៗ។ មាត្រា៣០​សរសេរ​បញ្ជាក់​ថា​ក្រសួង​ទទួល​បន្ទុក​វិស័យ​អប់រំ​ត្រូវ​យក​ចិត្ត​ទុកដាក់​ជាពិសេស​ដល់​សេចក្ដី​ត្រូវ​ការ​ផ្នែក​អប់រំ​របស់​សិស្ស-​និស្សិត​ពិការ។ ទោះបីជា​មាន​ច្បាប់​ចែងបែប​នេះ​ក្តី ប៉ុន្តែ​ក្រុមសិស្ស​និស្សិត​ជា​ជនពិការ​នៅ​តែ​ប្រឈម​បញ្ហា​ជាច្រើន ហើយ​ពួកគេ​លើក​ឡើង​ថា ដោយសារ​តែខ្វះ​ការយកចិត្តទុកដាក់​ពី​ក្រសួងអប់រំ និង​រដ្ឋាភិបាល។

ក្រោយ​ពេល​រៀន​ចប់​បរិញ្ញាបត្រ​ផ្នែក​អប់រំ​នៅ​សាកលវិទ្យាល័យ​បំណង​ប្រាថ្នា​របស់ កញ្ញា សឿង ស៊ីណា គឺ​ចង់​យក​ចំណេះ​ដឹង និង​ជំនាញ​ទៅ​ជួយ​បង្ហាត់​បង្រៀន​ដល់​កុមារ​ពិការភ្នែក គ ថ្លង់ នៅ​វិទ្យាល័យ​អប់រំ​ពិសេស។ ចំណែក​ក្ដី​ប្រាថ្នា​របស់ លោក វិន វិចិត្រ ក្រោយ​បញ្ចប់​ការសិក្សា​វិញ គឺ​លោក​ចង់​បង្កើត ​អង្គការ​គាំពារ និង​ប្រឹក្សា​យោបល់​ដល់​ជនពិការ ដើម្បី​ឲ្យ​ពួកគេ​បាន​យល់​ដឹង​អំពី​សិទ្ធិ ច្បាប់​ទម្លាប់ និង​មាន​ជីវភាព​រស់​នៅ​ក្នុង​សង្គម​ប្រកប​ដោយ​ឯករាជ និង​សេចក្ដី​ថ្លៃថ្នូរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។