ពលរដ្ឋជំពាក់ប្រាក់ គ្រឹះស្ថានសមាគមមីក្រូហិរញ្ញវត្ថុលើកឡើងថា ទោះបីជាស្ថាប័ននេះ បានរៀបកម្មវិធីកម្ចីឡើងវិញ ឬពន្យារពេលបង់ប្រាក់ដល់ពួកគេ ប៉ុន្តែមិនទាន់បន្ធូរបន្ថយស្របតាមស្ថានភាពជាក់ស្ដែងរបស់ពលរដ្ឋនៅឡើយទេ។ ចំណែកមន្ត្រីសង្គមស៊ីវិលជំរុញឱ្យគ្រឹះស្ថានសមាគមមីក្រូហិរញ្ញវត្ថុគួរពង្រីកយន្តការ របស់ខ្លួនឱ្យទូលំទូលាយជាងនេះទៀត។
អ្នករត់រ៉ឺម៉កទេសចរណ៍ភ្នំពេញម្នាក់ លោក ឈួន ឆាត ឱ្យអាស៊ីសេរីដឹងថា ស្ថាប័នមីក្រូហិរញ្ញវត្ថុ(LOLC) ដែលលោកជំពាក់លុយ បានអនុញ្ញាតឱ្យលោកពន្យាររពេលសងប្រាក់ទាំងដើមទាំងការ រយៈពេលពី ៣ខែទៅ ៦ខែ ដោយសារតែ ផលប៉ះពាល់នៃជំងឺកូវីដ-១៩៖ «ក្រុមមីក្រូតូច ( មីក្រូហិរញ្ញវត្ថុ ) អត់អីទេ គេថា បងមានលុយថ្ងៃណាបង់ថ្ងៃហ្នឹងចុះអត់ទេ គេពន្យារឱ្យរហូតគេជួយយើងទេថាគេមានប៉ុន្មានបង់ប៉ុណ្ណឹងមក។ ស្នើជួយដោះស្រាយរឿងខាងធនាគារជួយបន្ធូរបន្ថយឱ្យខានបង់មួយខែ ឬពីរខែអីចឹងទៅល្មមយើងចប់កូវីដវិញ»។
ប៉ុន្តែលោក ឈួន ឆាត បន្តថា ទោះបីលោកទទួលបានការយោគយល់ពី ស្ថាប័នមីក្រូហិរញ្ញវត្ថុមួយក្ដី ប៉ុន្តែលោកនៅជំពាក់បំណុលធនាគារមួយទៀត គឺធនាគារអេស៊ីលីដា មិនបានបន្ធូរបន្ថយឬយោគយល់ដល់លោកទេ និងនៅតែតាមទារប្រាក់លោករាល់ថ្ងៃ បើទោះជាលោកប្រាប់ថា លោកមិនទាន់មានលទ្ធភាពអាចបង់ប្រាក់ក្នុងពេលនេះក្ដី។
ពលរដ្ឋជំពាក់ប្រាក់ ស្ថាប័នមីក្រូហិរញ្ញវត្ថុម្នាក់ទៀត លោក ប៊ុន តឹង ប្រាប់ថា ស្ថាប័នដែលជំពាក់អនុញ្ញាតឱ្យលោកបង់ប្រាក់តែ ៥០ភាគរយនៃប្រាក់ដែលលោកត្រូវបង់ប្រចាំខែ។ ប៉ុន្តែលោកថា ការបន្ធូរបន្ថយនេះនៅតែធ្វើឱ្យលោកជួបពិបាកដដែល ខណៈលោកសព្វថ្ងៃស្ទើរតែប្រាក់ទិញអង្ករមិនបានផងនោះ។ ពលរដ្ឋស្នើ ស្ថាប័នមីក្រូហិរញ្ញវត្ថុឬអ្នកពាក់ព័ន្ធមានយោគយល់ដល់ពលរដ្ឋថែមទៀត៖ «ព្រោះឥឡូវសេដ្ឋកិច្ចពិបាកមែនទែនបងពិបាករកមែនចង់ស្នើឱ្យបង់ទាំងដើមទាំងការបង់មួយខែ ត្រឹមហាសិបអី ( ៥០ដុល្លារ ) អ៊ីចឹងណាបងចាំខែក្រោយបង់ហាសិបអីទៀត អ៊ីចឹងណាបងព្រោះឥឡូវពិបាកមែនទែនបងបងឃើញស្រាប់ហើយស្រុកខ្មែរអ្នកគេមាននៅតែមានតែអ្នកយើងរកកង់បីតាមដងផ្លូវចឹងពិបាកឥឡូវគេឱ្យធ្វើប័ណ្ណបើកបរទៀតបងមិនដឹងម៉េចម៉ាទេ»។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ស៊ី អឹម អេ (CMA) កាលពីថ្ងៃទី១៣ ឧសភា បានចេញសេចក្ដីប្រកាសព័ត៌មានថា មានអតិថិជនប្រមាណជាង ១៣ម៉ឺននាក់ (១៣៧.១៥៨) បានធ្វើការស្នើសុំរៀបចំឥណទានឡើងវិញ។ក្នុងនោះមានអតិថិជនប្រមាណ ៩០% ត្រូវបានធនាគារ ឬស្ថាប័ន មីក្រូហិរញ្ញវត្ថុបានពិនិត្យ ឥណទានសរុបជិត៥រយលានដុល្លារអាមេរិករួចហើយ។
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអះអាងថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអាចរៀបចំឥណទានឡើងវិញជូនអតិថិជនបានលុះត្រាតែមានការស្នើសុំពីអតិថិជនដោយយោងតាមកិច្ចសន្យារវាងគ្រឹះស្ថាន និងអតិថិជនគោលការណ៍ការពារអតិថិជនក៏ដូចជាលក្ខខណ្ឌផ្លូវច្បាប់មួយចំនួនទៀត។
អ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុ លោក កាំង តុងងី ឱ្យអាស៊ីសេរីដឹងនៅល្ងាចថ្ងៃទី១៤ ខែឧសភា ថា សមាគមមីក្រូហិរញ្ញវត្ថុបានព្យាយាមដោះស្រាយជូនពលរដ្ឋដោយមានការត្រួតពិនិត្យត្រឹមត្រូវតាមករណីនីមួយៗ។ លោកអះអាងទៀតថា ដំណោះស្រាយនេះគឺធ្វើតាមការណែនាំរបស់ធនាគារជាតិ ហើយការព្រមទទួលនៃពលរដ្ឋជិត ៩០ភាគរយនៃចំនួនពលរដ្ឋស្នើសុំលោកយល់ថានេះចំនួនមួយដែលអាចទទួលបាន៖ «យើងយល់ថា ក្នុងកាលៈទេសៈនេះ គ្រប់គ្នាជួបការលំបាកទាំងអតិថិជនទាំងគ្រឹះស្ថានអ៊ីចឹងមានតែទាំងពីរផ្នែកនេះប្រឹងប្រែងដោះស្រាយជាមួយគ្នាតាមករណីជាក់ស្ដែងប្រកបដោយការគោរព និងភាពស្មោះត្រង់ទៅវិញទៅមកទេ ទើបយើងអាចរកដំណោះស្រាយមួយដែលឈ្នះឈ្នះបានទាំងអស់គ្នា»។
រីឯនាយករងផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត យល់ថា ចំនួននេះគឺតិចតួចណាស់ បើធៀបទៅនឹងចំនួនពលរដ្ឋជាង ២លាន ៥សែននាក់ ដែលជំពាក់លុយគ្រឹះស្ថាន។ លោកបន្តថា ការតម្រូវដាក់ពាក្យពន្យារពេលបង់ប្រាក់មិនទាន់ គឺមិនមែនជាការបើកទូលាយនោះទេ លោកចង់ឃើញការដោះស្រាយបើកទូលាយជាងនេះ៖ «យើងយល់ថា ក្នុងកាលៈទេសៈនេះ គ្រប់គ្នាជួបការលំបាកទាំងអតិថិជនទាំងគ្រឹះស្ថាន អ៊ីចឹងមានតែទាំងពីរផ្នែកនេះប្រឹងប្រែងដោះស្រាយជាមួយគ្នាតាមករណីជាក់ស្ដែងប្រកបដោយការគោរព និងភាពស្មោះត្រង់ទៅវិញទៅមកទេ ទើបយើងអាចរកដំណោះស្រាយមួយដែលឈ្នះឈ្នះបានទាំងអស់គ្នា»។
កាលពីខែមេសាកន្លងទៅ ធនាគារជាតិនៃកម្ពុជាបានចេញលិខិតស្នើទៅធនាគារឯកជននិងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុលើកលែងការផាកពិន័យចំពោះអតិថិជនរបស់ខ្លួនក្នុងអំឡុងពេលនៃវិបត្តិជំងឺឆ្លងរាតត្បាតនេះរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០២០។ ប៉ុន្តែពលរដ្ឋលើកឡើងធនាគារឯកជនមួយចំនួនមិនបានយោគយល់ឬពន្យារពេលបង់ប្រាក់ដល់ ពលរដ្ឋនោះទេ។
អាស៊ីសេរីបានព្យាយាមសុំការបំភ្លឺពីអគ្គនាយកបច្ចេកទេសនិងជាអ្នកនាំពាក្យធនាគារជាតិអ្នកស្រី ជា សិរី តាមទូរស័ព្ទជាច្រើនដងនៅថ្ងៃទី១៤ ខែឧសភា ប៉ុន្តែ ទូរស័ព្ទចូលតែគ្មានអ្នកទទួល។
ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ លោក វន់ ពៅ យល់ថាក្នុងស្ថានភាពនេះ ធនាគារជាតិចេញវិធានការជាផ្លូវច្បាប់ ជាជាងត្រឹមលិខិតស្នើសុំដោយលោកលើកឡើងថា ការស្នើសុំនេះបើធនាគារឯកជន និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនបានអនុវត្តតាមក៏អាចសម្ពាធលើស្ថាប័នទាំងនោះបានដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។