សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យស្នើដល់ក្រសួងអប់រំ ពិចារណាបើកសាលារៀនឡើងវិញ បន្ទាប់ពីស្ថានការណ៍កូវីដ-១៩ នៅកម្ពុជាហាក់មានភាពធូរស្រាលជាងមុន។ ទោះបីជាយ៉ាងណា ក្រសូងអប់រំថា វិធានការបិទសាលារៀននេះនៅបន្តដោយគ្មានកាលកំណត់ដដែល។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ (CITA) អ្នកស្រី អ៊ុក ឆាយ៉ាវី ប្រាប់អាស៊ីសេរីថា សមាគមគ្រូបង្រៀននឹងដាក់លិខិតផ្លូវការទៅក្រសួងអប់រំនៅអំឡុងសប្ដាហ៍ក្រោយនេះ ដើម្បីស្នើសុំក្រសួងឱ្យគិតគូរបើកសាលារៀនឡើងវិញ។ អ្នកស្រីថា នៅពេលបើកសាលារៀនឡើងវិញ ក្រសួងអាចណែនាំដល់គ្រប់សាលាទាំងអស់ឱ្យអនុវត្តស្តង់ដារសុវត្ថិភាព និងអនាម័យសម្រាប់សិស្ស ដើម្បីបង្ការជំងឺកូវីដ-១៩។ អ្នកស្រីសង្កេតឃើញថា ការបិទសាលារៀនយូរ ដោយឱ្យសិស្សរៀនតាមប្រព័ន្ធអនឡាញនោះ ហាក់មិនសូវមានប្រសិទ្ធភាពឡើយ៖ «យើងកំពុងតែជជែកគ្នាថា ចង់ដាក់លិខិតទៅក្រសួងឱ្យក្រសួងពិចារណាក្នុងការដែលឱ្យសិស្សានុសិស្សគាត់ចូលសិក្សាវិញ ព្រោះយើងឃើញថា មួយរយៈពេលនេះ គឺអត់មានកូវីដកើតឡើងទេ ហើយជាក៏ជិតបាន១០០ % ដែរ»។
ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបិទសាលារៀនទាំងរដ្ឋ និងឯកជនគ្រប់កម្រិត ចាប់តាំងពីពាក់កណ្តាលខែមីនា រហូតមកដល់ដើមខែឧសភានេះ ដោយមិនកំណត់ពេលវេលានោះឡើយ។ ក្រសួងអះអាងថា វិធានការនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ទន្ទឹមនឹងការបិទសាលានេះ ក្រសួងអប់រំបានជំរុញឱ្យសិស្ស-និស្សិត សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក (E-learning) និងអនុវត្តវិធានការអនាម័យឱ្យបានជាប់ជាប្រចាំ។ ក្រសួងក៏ស្នើដល់មាតាបិតា បន្តជំរុញកូនចៅឱ្យធ្វើស្វ័យសិក្សានៅតាមផ្ទះ សិក្សាតាមប្រព័ន្ធអេឡិចត្រូនិក និងមើលថែទាំកូនចៅឱ្យបានដិតដល់ កុំឱ្យឆ្លងជំងឺកូវីដ-១៩។ ទោះជាយ៉ាងណា ឪពុកម្ដាយសិស្សខ្លះ ជាពិសេសអ្នករស់នៅជនបទ បានឱ្យដឹងថា ពួកគាត់មិនមានចំណេះដឹងគ្រប់គ្រាន់ដើម្បីជួយបង្រៀនកូនៗនោះទេ ហើយក៏គ្មានលទ្ធភាពភ្ជាប់បណ្ដាញអ៊ីនធឺណិតដើម្បីឱ្យកូនសិក្សាតាមប្រព័ន្ធអនឡាញនោះដែរ។
អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សុវាចា មិនឆ្លើយតបទេថា តើពេលណាក្រសួងនឹងបើកសាលារៀនឡើងវិញនោះ។ លោកគ្រាន់តែបញ្ជាក់ដោយខ្លីថា សេចក្ដីណែនាំស្ដីពីការបិទសាលារៀននេះ នៅតែមានសុពលភាពក្នុងការអនុវត្ត គិតត្រឹមថ្ងៃទី០២ ឧសភា។
អាស៊ីសេរីបានព្យាយាមទាក់ទងសុំការបំភ្លឺរឿងនេះបន្ថែមពីរដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន តែលោកមិនលើកទូរស័ព្ទ។
គ្រូបង្រៀនមួយរូបនៅខេត្តតាកែវ ថ្លែងថា ការបិទសាលារៀនយូរពេកមិនមែនជាជម្រើសល្អនោះទេ ពីព្រោះវាប៉ះពាល់ដល់ការសិក្សារបស់សិស្ស ស្របពេលមាតាបិតាសិស្សភាគច្រើនកំពុងបាត់បង់ ឬថយចុះប្រាក់ចំណូល៖ «ខ្ញុំចង់ឱ្យក្រសួងអប់រំ ក៏ដូចរដ្ឋាភិបាលហ្នឹង ពិចារណាដាក់កម្រិតថ្ងៃចូលរៀន ចូលបង្រៀនវិញ ព្រោះថាវាអាចប៉ះពាល់ដល់ការសិក្សារបស់សិស្សានុសិស្សយើងដែរ ព្រោះយើងរកមិនឃើញ ហើយការជា ក៏ជាចង់អស់ដែរ»។
គិតត្រឹមថ្ងៃទី០២ ឧសភា កម្ពុជានៅសល់អ្នកជំងឺកូវីដ-១៩ តែ ២នាក់ទៀតទេ ព្រោះអ្នកជំងឺ១២០ នាក់ផ្សេងទៀត បានជាសះស្បើយអស់ហើយ។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលប្រកាសថា ក្នុងរយៈពេល៣ សប្ដាហ៍មកនេះ ក្រសួងរកមិនឃើញករណីឆ្លងថ្មីទៀតឡើយ។
កាលពីថ្ងៃទី២៧ មេសា រដ្ឋមន្ត្រីសុខាភិបាល លោក ម៉ម ប៊ុនហេង បានថ្លែងនៅក្នុងសន្និសីទកាសែតអំពីជំងឺកូវីដ-១៩ ថា គណៈកម្មការអន្តរក្រសួងបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ ស្នើសុំគោលការណ៍ពីនាយករដ្ឋមន្ត្រី ដើម្បីបើកសាលារៀនឡើងវិញ៖ «ការបើកសាលានេះ គណៈកម្មការអន្តរក្រសួងយើងបានលើកឡើងថា សុំឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្ដមរដ្ឋមន្ត្រីលោកពិនិត្យ ហើយនិងសុំគោលការណ៍ទៅប្រមុខរាជរដ្ឋាភិបាលអំពីបញ្ហានេះ»។
ទោះជាយ៉ាងណា ពីរថ្ងៃក្រោយមក ស្រាប់តែលោក ម៉ម ប៊ុនហេង ថ្លែងប្រាប់ប្រព័ន្ធឃោសនាក្នុងស្រុកវិញថា ក្រសួងសុខាភិបាលមិនទាន់មានវិធានការស្នើទៅក្រសួងអប់រំឱ្យបើកសាលារៀនវិញនោះទេ បើទោះជារកមិនឃើញករណីឆ្លងថ្មីក៏ដោយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។