សមាគម​កាត់ដេរ​កម្ពុជា​អំពាវនាវ​ឱ្យ​រួមដៃ​គ្នា ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវិដ-១៩

ដោយ ម៉ៅ សុធានី
2020.03.25
កម្មករ ជួប ហ៊ុន  សែន ៦២២ ទិដ្ឋភាព​ជួបជុំ​ពិសា​បាយ រាំច្រៀង រវាង​មេដឹកនាំ​រដ្ឋាភិបាល និង​កម្មករ​រោងចក្រ នៅកៀនស្វាយ នៅ​ថ្ងៃ​ទី១ ខែ​ឧសភា ឆ្នាំ​២០១៩។
រូប​ហ្វេសប៊ុក​លោក ហ៊ុន សែន

មន្ត្រី​សហភាព​ការងារ​កម្ពុជា​លើកឡើង​ថា ការ​អំពាវនាវ​ដល់​កម្មករ​​ឱ្យ​ចូលរួម​ចំណែក​កាត់បន្ថយ​ការ​ឆ្លង​ជំងឺ​កូវីដ​១៩ (Covid-19) គឺ​មិន​អាច​មាន​ប្រសិទ្ធភាព​បានទេ ពីព្រោះ​រាល់ថ្ងៃ​នេះ ក្រុម​កម្មករ​រស់នៅ​ប្រមូល​ផ្តុំ​​គ្នា​​ច្រើន ដូច​ជា ​ការ​ធ្វើ​ដំណើរ​រួមគ្នា​ទៅ​ធ្វើ​ការ ការ​ហូបបាយ​ជុំ​គ្នា​ជាដើម។ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​បន្ត​ថា ប្រសិនបើ​មាន​មេរោគ​សាកូវី២ (SARS-CoV2) នៃ​ជំងឺ​កូវិដ​-១៩ (Covid-19) ឆ្លង​ក្នុង​ចំណោម​ក្រុម​កម្មករ​វិញ គឺ​ពិបាក​នឹង​ទប់ស្កាត់​ណាស់៖ «ចំពោះ​កម្មករ បច្ចុប្បន្ន​នេះ ឡាន​ឈ្នួល រ៉ឺម៉ក ឬ​ជិះ​ម៉ូតូ ពី​ផ្ទះ​មក​កន្លែង​ធ្វើ​ការ គាត់​​ជិះ​ជា​ក្រុម​ហើយ​។ គាត់​ហូប​អាហារ​ថ្ងៃត្រង់ គឺ​នៅ​ជុំ​គ្នា បន្ទប់ទឹក​ប្រើ​ជុំ​គ្នា​។ ខ្ញុំ​គិត​ថា ប្រសិន​បើ​​មាន​នរណា​ម្នាក់​ដែល​មាន​រោគ​នេះ គឺ​វា​ឆ្លង​ហើយ​។ ចំពោះ​ស៊ីម៉ាក់ (CMAC) ថា កុំ​ឱ្យ​ជួប​ជុំ​គ្នា​​នោះ គឺ​ដូច​តែ​គ្នា​ទេ គ្រាន់តែ​ថា ឥឡូវនេះ នៅ​ក្នុង​សហគមន៍ និង​នៅ​កន្លែង​កម្មករ​រស់នៅ​និង​ធ្វើការ នៅ​មិន​ទាន់​មាន​មេរោគ​ឆ្លង​នេះ​នៅឡើយ»

ការ​លើក​ឡើង របស់​ប្រធាន​សហភាព​ការងារ​កម្ពុជា​នេះ ធ្វើឡើង​ក្រោយពី​សមាគម​កាត់ដេរ​កម្ពុជា (GMAC ) ចេញ​សេចក្តី​ថ្លែងការណ៍ កាលពី​ថ្ងៃ​ទី​២៤ ខែ​មីនា អំពាវនាវ​ឱ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ ម្ចាស់​រោងចក្រ កម្មករ​និង​សហជីព រួមគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ​១៩ (Covid-19)​។ សមាគម GMAC បញ្ជាក់​ថា ការ​រីក​រាលដាល​សកល​នៃ​ជំងឺ​កូវីដ១៩ (Covid-19) បណ្ដាល​ឱ្យ​មាន​ភាព ចលាចល​ដល់​ការរស់នៅ​របស់​ពលរដ្ឋ និង​អាជីវកម្ម​ផ្នែក​វិស័យ​កាត់ដេរ​។ សមាគម សូម​ស្នើ​ដល់​ក្រុមហ៊ុន​បញ្ជា​ទិញ សូម​កុំ​បោះបង់​កម្ពុជា ត្រូវ​អនុវត្ត​កិច្ចសន្យា​របស់​ខ្លួន អំពាវនាវ​ឱ្យ​រួមដៃ​គ្នា ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ-១៩ ដោយ​នៅតែ​បន្ត​ទទួលយក​ទំនិញ​ដែល​បាន​ផលិត​រួចហើយ​និង​ទំនិញ​កំពុង​ផលិត​។ ទង្វើ​នេះ គឺ​អាច​ជួយ​ដល់​រោងចក្រ ដើម្បី​បើកប្រាក់​ឈ្នួល​សម្រាប់​កម្មករ និង​អាច​បន្ត​ការងារ​សម្រាប់​ពួកគេ។

សេចក្ដី​ថ្លែងការណ៍​បន្ត​ថា ចំពោះ​ម្ចាស់​រោងចក្រ​វិញ ត្រូវ​យកចិត្តទុកដាក់​បន្ថែម លើ​បញ្ហា​សុវត្ថិភាព បង្កើន​អនាម័យ​ខ្ពស់ នៅ​កន្លែង​ការងារ ដើម្បី​ជួយ​បង្ការ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។ ចំណែក​កម្មករ​វិញ ក៏​ត្រូវ​ចូលរួម ក្នុង​ការ​ជួយ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ កូវីដ​១៩ (Covid-19) ដោយ​ត្រូវ​លាងដៃ​ឱ្យ​បាន​ញឹកញាប់ និង​កាត់បន្ថយ​ការ​ជួបជុំ ក្នុង​ពិធី​ផ្សេងៗ។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​អគ្គលេខាធិការ​សមាគម​កាត់ដេរ​កម្ពុជា លោក ខេន លូ ដើម្បី​សុំ​ការ​បញ្ជាក់​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បានទេ ដោយសារ​ទូរស័ព្ទ​ហៅ​ចូល​ជាច្រើន​ដង ពុំ​មាន​អ្នក​ទទួល។​

គិត​ត្រឹម​ថ្ងៃទី​២៤ ខែ​មីនា ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ​-១៩ (Covid-19) ដែល​កំពុង​រាតត្បាត​សកល គឺ​មាន​ចំនួន​ជាង ១​ម៉ឺន ៧​ពាន់​នាក់ (១៧.៣៦៥) ក្នុង​ចំណោម​អ្នក​ឆ្លង​សរុប​ជិត ៤០ម៉ឺន​​នាក់ (៣៩៩.០៩៣) នៅ​ទូទាំង​ពិភពលោក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។