មន្ត្រីសង្គមស៊ីវិលចង់ឃើញរបបក្រុងភ្នំពេញ បង្ហាញភស្តុតាងលម្អិត និងបើកការស៊ើបអង្កេតជុំវិញករណីភាពមិនប្រក្រតី នៃការនាំចូលមាសសុទ្ធតម្លៃដល់ទៅ ១៥ ពាន់លានដុល្លារអាមេរិក ពីសិង្ហបុរី ដែលអង្គការមាតាធម្មជាតិទើបបានរកឃើញ។ ពួកគេយល់ថា ចំណាត់ការនេះ គឺដើម្បីជម្រះនូវមន្ទិលសង្ស័យរបស់ពលរដ្ឋកម្ពុជាទូទៅ និងបញ្ជាក់ពីភាពស្អាតស្អំរបស់របបក្រុងភ្នំពេញ ក្នុងការពង្រឹងនូវប្រព័ន្ធគ្រប់គ្រងមួយប្រកបដោយតម្លាភាព។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) លោក សន ជ័យ ជំរុញ និងលើកទឹកចិត្តឲ្យរបបក្រុងភ្នំពេញ បង្ហាញភស្តុតាងពាក់ព័ន្ធនឹងករណីភាពមិនប្រក្រតីនៃការនាំចូលមាសសុទ្ធចំនួន ៣៧០តោន ឬជាង ៣ សែន ៧ ម៉ឺន ពីប្រទេសសិង្ហបុរី ក្នុងចន្លោះពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ នេះ។ លោកថា ប្រសិនបើរបបក្រុងភ្នំពេញ មិនខ្ចីរវីរវល់ទៅនឹងការរកឃើញនេះទេ នោះអាចនឹងនាំឲ្យមានការខាតបង់ផលប្រយោជន៍ជាតិ ជាពិសេស ខាងផ្នែកពន្ធគយតែម្ដង៖ «សម្រាប់ខ្ញុំ ខ្ញុំនៅតែយល់ថា ការរកឃើញរបស់បគ្គលណាមួយ វានៅតែមានសារៈសំខាន់សម្រាប់កម្ពុជា ហើយខ្ញុំលើកទឹកចិត្តឲ្យមានការបង្ហាញភស្តុតាងលម្អិតនេះដែរ មកដល់រដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យរបាយការណ៍នេះ ឬការរកឃើញនៅក្នុងរបាយការណ៍នេះ វាមានភាពគ្រប់ជ្រុងជ្រោយ សម្រាប់ការពិនិត្យមើល ការពិចារណា ដើម្បីពង្រឹងនូវការគ្រប់គ្រងនូវការនាំចេញ ឬនាំចូលផ្សេងៗ មិនត្រឹមតែរឿងមាសទេ សូម្បីតែរឿងផ្សេងៗទៀត ដែលគេស្ទើរតែភ្លេចទៅហើយ ដូចជារឿងខ្សាច់អីជាដើម ដែលនាំទៅសិង្ហបុរី ដែលមានតួលេខខុសគ្នានោះ សុទ្ធតែជាអ្វីមួយដែលគេហៅថា សម្រាប់យកមកពង្រឹងនូវប្រព័ន្ធគ្រប់គ្រងមួយ ដើម្បីឈានទៅដល់ការគ្រប់គ្រងដែលមានតម្លាភាព ឬមាននិរន្តភាព»។
មិនខុសពីការយល់ឃើញរបស់លោក សន ជ័យ នេះ លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា ចង់ឃើញអាជ្ញាធរមានសមត្ថកិច្ចរបស់របបក្រុងភ្នំពេញ រួមមានអង្គភាពប្រឆាំងអំពើពុករលួយ ស្ថាប័នផ្នែកស៊ើបអង្កេតហិរញ្ញវត្ថុ និងស្ថាប័នពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងពិនិត្យមើល ថាតើតួលេខដែលអង្គការមាតាធម្មជាតិរកឃើញនេះ ជារឿងត្រឹមត្រូវដែរឬទេ។ លោកបន្តថា នេះ គឺជាភារកិច្ចដែលសមត្ថកិច្ច គួរតែអនុវត្តការស៊ើបអង្កេតជាបឋម ប្រកបដោយភាពហ្មត់ចត់ជាទីបំផុត៖ «ជាធម្មតាកាលណាមានព័ត៌មានបែបហ្នឹង ហើយជាព័ត៌មានមួយដែលមានអំណះអំណាង យោងទៅលើរបាយការណ៍ដែលអាជ្ញាធរ ឬក៏ស្ថាប័ននៃប្រទេសសិង្ហបុរីដែលគេផ្ដល់ឲ្យជាព័ត៌មានដែលយើងគិតថា មានតម្លៃគ្រប់គ្រាន់សម្រាប់ការស៊ើបអង្កេត ដើម្បីឲ្យដឹង ថាតើចំនួនមាសហ្នឹងពិតជាបានឆ្លងកាត់មកកម្ពុជា ហើយបើឆ្លងកាត់មក ថាតើជាគោលដៅដែលបាននាំមកកម្ពុជាតែម្ដង ឬគ្រាន់តែជាទីកន្លែងសម្រាប់ឆ្លងកាត់ ហើយបើឆ្លងកាត់ តើមានការពាក់ព័ន្ធ ជាមួយនឹងការបង់ពន្ធ ឬការគេចពន្ធ ឬការពាក់ព័ន្ធនឹងលាងលុយ ឬឧក្រិដ្ឋកម្មហិរញ្ញវត្ថុដែរឬអត់ របស់អាជ្ញាធរពាក់ព័ន្ធ»។
ការសិក្សាស្រាវជ្រាវបែបស៊ើបអង្កេត និងប្រៀបធៀបមួយ ដោយស្ថាបនិករបស់អង្គការមាតាធម្មជាតិ លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez - Davidson) ដែលបានរកឃើញថា កម្ពុជាបាននាំចូលមាសសុទ្ធពីសិង្ហបុរី ក្នុងបរិមាណ ៣៧០តោន ឬជាង ៣ សែន ៧ ម៉ឺនគីឡូក្រាម ស្មើនឹងទឹកប្រាក់ ១៥ ពាន់លានដុល្លារអាមេរិក ចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៧ ក៏ប៉ុន្តែមិនបានកត់ត្រាចំនួនតួលេខនាំចូលមាសនេះពិតប្រាកដនោះឡើយ។ ភាពមិនប្រក្រតីនេះ នាំឲ្យមានការសង្ស័យថា របបក្រុងភ្នំពេញ អាចនឹងជាប់ពាក់ព័ន្ធនឹងអំពើឧក្រិដ្ឋកម្មហិរញ្ញវត្ថុជាប្រព័ន្ធដ៏មហាសាលមួយនៅកម្ពុជា ដែលក្នុងនោះ រួមមានដូចជា ករណីគេចពន្ធ ក្លែងបន្លំឯកសារ អំពើលាងលុយកខ្វក់ និងបញ្ហាពុករលួយផ្សេងៗ។ ភ្លាមៗក្រោយការរកឃើញនេះ ស្ថាបនិកអង្គការមាតាធម្មជាតិ លោក អាឡិច ស្នើឲ្យរបបក្រុងភ្នំពេញ ចេញមុខបកស្រាយ និងផ្តល់នូវចម្លើយដែលអាចទទួលយកបាន ជូនប្រជាពលរដ្ឋខ្មែរ ក្នុងរយៈពេល ២ សប្ដាហ៍គិតចាប់ពីថ្ងៃទី១ តុលា តទៅ ហើយបើពុំនោះសោតទេ លោកនឹងដាក់ពាក្យបណ្ដឹងទៅកាន់ស្ថាប័នដែលពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មហិរញ្ញវត្ថុរបស់ប្រទេសិង្ហបុរី ឲ្យបើកការស៊ើបអង្កេតអំពីករណីនេះ៖ «ឥឡូវហ្នឹង បន្ទាប់ពីយើងបានបញ្ចេញព័ត៌មាន បានចេញវីដេអូហ្នឹង យើងកំពុងតែ ទាមទារឲ្យគេបកស្រាយ ហើយបន្ទាប់ពីបកស្រាយ ក៏ប្រហែលជាទាមទារឲ្យគេស៊ើបអង្កេត។ ព្រោះអារឿងហ្នឹង បើសិនជាកើតមានឡើងនៅអេស្ប៉ាញ ដូចប្រទេស ដែលខ្ញុំរស់នៅរាល់ថ្ងៃ ឬក៏កើតឡើងនៅអាមេរិក ឬកើតឡើងនៅអឺរ៉ុប។ រឿងនេះ ជារឿងធំមែនទែន ដែលជារឿងមួយដែលប្រាកដ ១០០ ភាគរយថា មិនមែនត្រឹមភ្ញាក់ផ្អើលសាធារណជនទេ គឺនាយកដ្ឋានពាក់ព័ន្ធ គឺអាចនឹងមានប៉ូលិសផង អាចនឹងមានព្រះរាជអាជ្ញា គេនឹងយករឿងហ្នឹងទៅស៊ើបអង្កេត។ ព្រោះជារឿងស្អុយ អាចនឹងពាក់ព័ន្ធជាមួយនឹងបទល្មើសធំមែនទែន។ អ៊ីចឹងយើងនឹងតម្រូវឲ្យគេបកស្រាយ បើសិនជាគេបកស្រាយបែបឡប់ឡែ ឬក៏មិននិយាយ មិនឆ្លើយតប យើងនឹងជំរុញឲ្យគេស៊ើបអង្កេតតែម្ដង ព្រោះរឿងនេះវាមិនធម្មតាទេ»។
គិតមកទល់ពេលនេះ នៅមិនទាន់មានការឆ្លើយតបជាក់លាក់ណាមួយពីស្ថាប័នពាក់ព័ន្ធរបស់របបលោក ហ៊ុន សែន នៅឡើយទេ ជុំវិញករណីនេះ ជាពិសេសពីខាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បើទោះជាអាស៊ីសេរី បានព្យាយាមទាក់ទងសុំការពន្យល់ និងឆ្លើយបំភ្លឺជាច្រើនលើកច្រើនសាយ៉ាងណាក្តី ទាំងតាមសារអេឡិចត្រូនិក និងតាមទូរស័ព្ទ។ អាស៊ីសេរី ក៏បានព្យាយាមសុំការឆ្លើយបំភ្លឺពីខាងភាគីស្ថានទូតសិង្ហបុរីនៅកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធរបស់សិង្ហបុរី ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយបំភ្លឺណាមួយនៅឡើយទេ គិតត្រឹមម៉ោងផ្សាយនេះ។
មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីនៃរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន គូសបញ្ជាក់ថា របបរបស់លោក នឹងមិនមានចំណាត់ការជាក់ស្ដែងណាមួយឡើយលើករណីនេះទេ ព្រោះលោកថា ការរកឃើញរបស់អង្គការមាតាធម្មជាតិនេះ គឺគ្រាន់តែជាការចោទប្រកាន់មួយតែប៉ុណ្ណោះទៅលើការដឹកនាំរបស់របបក្រុងភ្នំពេញ៖ «យើងអត់មានចំណាត់ការអីទេ ហើយអង្គការនោះ ក៏យើងមិនទទួលស្គាល់។ អ្វីៗដែលមានកំណត់ត្រាក្នុងបញ្ជីជាផ្លូវការ នោះចាត់ទុកជាផ្លូវការហើយ។ មិនមែនជាការរត់ពន្ធ ឬការលាងលុយអ្វីទេ។ មិនមែនដូច្នេះទេ។ អ៊ីចឹងទេ នេះគ្រាន់តែជាការវាយប្រហារ ប្រមាថមកលើរាជរដ្ឋាភិបាលប៉ុណ្ណោះទេ។ ... មិនមានសារប្រយោជន៍អ្វីនឹងបកស្រាយទេ ព្រោះអ្វីដែលជាធម្មជាតិរបស់ក្រុមអង្គការហ្នឹង គឺមានគំនិតអវិជ្ជមាន ស្វែងរកគ្រប់បែបយ៉ាងដើម្បីវាយប្រហារមកលើរាជរដ្ឋាភិបាល។ យើងមិនឲ្យតម្លៃ យើងមិននិយាយរកតែប៉ុណ្ណឹង បាទ ! នេះជា Allegation មួយ ជាការចោទប្រកាន់មួយ យើងមិនឲ្យតម្លៃ។ គាត់ចង់ថាអីថាទៅ»។
យ៉ាងណាក៏ដោយ អង្គភាពទំនាក់ទំនងនៃធនាគារជាតិនៃកម្ពុជា គ្រាន់តែប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកយ៉ាងខ្លីថា ស្ថាប័នខ្លួនចាំបាច់ត្រូវធ្វើការស៊ើបអង្កេតបន្ថែមទៀតក្នុងករណីនេះ ដោយសារតែភាពខុសប្លែកគ្នាច្រើនពេកនៃទិន្នន័យដែលខាងធនាគារមាន ប្រៀបធៀបនឹងទិន្នន័យដែលអង្គការរបស់លោក អាឡិច ទើបនឹងរកឃើញនេះ។
មន្ត្រីនាំពាក្យក្រសួងពាណិជ្ជកម្ម លោក សៀង ថៃ បដិសេធឆ្លើយបំភ្លឺករណីនេះ ដោយសម្អាងថា មិនមែនជាសមត្ថកិច្ចរបស់ក្រសួងពាណិជ្ជកម្ម និងជំរុញឲ្យទៅសួរស្ថាប័នគយ និងរដ្ឋាករវិញ ព្រោះលោកថា តួលេខរបស់ក្រសួងពាណិជ្ជកម្ម គឺទទួលបានមកពីស្ថាប័នគយ និងរដ្ឋាករ។ លោក សៀង ថៃ គ្រាន់តែផ្ដល់ការកត់សម្គាល់ថា បរិមាណដ៏ច្រើននៃតួលេខរកឃើញនេះ អាចបណ្តាលមកពីការនាំចេញបន្តទៅកាន់ប្រទេសទីបី៖ «ដូចខ្ញុំបានជម្រាបអ៊ីចឹង បើព័ត៌មានលម្អិតទាល់តែយកចេញ ឬទៅសួរគយ បានដឹង។ ក៏ប៉ុន្តែ ខ្ញុំមានចំណុចមួយដែលខ្ញុំ អាចគ្រាន់តែជាការពិចារណា។ ខ្ញុំឧទាហរណ៍មួយ។ កសិផលកម្ពុជាយើង ដែលយើងដាំដុះបាននៅជាយដែនទាំងអស់ហ្នឹង ហើយយើងនាំចេញទៅប្រទេសថៃ។ ឧទាហរណ៍ដំឡូងមីដែលយើងដាំបាន យើងនាំទៅរាប់ម៉ឺនរាប់សែនតោន បើយើងមើលលេខ គឺយើងនាំទៅប្រទេសថៃ។ ក៏ប៉ុន្តែ ប្រទេសថៃគាត់ដាំដំឡូងដែរ គាត់អត់មានត្រូវការដំឡូងនោះទេ គាត់នាំចេញបន្តទៅប្រទេសចិនឯណោះទេ។ ដូច្នេះ ខ្ញុំលើកករណីនេះ គឺជាឧទាហរណ៍ ដំឡូងយើងនាំទៅថៃ តែមិនមែនយកទៅប្រើប្រាស់នៅថៃទេ។ គឺយកតទៅប្រទេសទីបីមួយទៀត។ អ៊ីចឹងយើងត្រូវពិចារណាលើចំណុច នាំចេញបន្ត។ ប៉ុន្តែកិច្ចការអស់នេះ សួរទៅគយ និងធនាគារ បានអាចបំភ្លឺរឿងហ្នឹងបាន»។
ធនាគារជាតិនៃកម្ពុជា មិនបានផ្សព្វផ្សាយជាសាធារណៈអំពីចំនួនអាជ្ញាប័ណ្ណសរុបដែលស្ថាប័ននេះ បានចេញ និងផ្ដល់ឲ្យដល់ក្រុមហ៊ុនពាណិជ្ជកម្ម សម្រាប់ប្រកបអាជីវកម្មនាំចេញ នាំចូលលោហធាតុ និងត្បូងថ្មមានតម្លៃនៅកម្ពុជា ហើយក៏មិនបានលាតត្រដាងអំពីចំណូលសរុបដែលខ្លួនប្រមូលបានមកពីវិស័យនេះនោះទេ។ យោងតាម សេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ១៣ កុម្ភៈ ឆ្នាំ២០១៨ ធនាគារជាតិ បានដកហូតអាជ្ញាប័ណ្ណអាជីវកម្មនាំចេញ-នាំចូលលោហធាតុ និងត្បូងថ្មមានតម្លៃរបស់ក្រុមហ៊ុនពាណិជ្ជកម្មចំនួន ១០ ដែលរកស៊ីក្នុងវិស័យនេះ ក្នុងនោះរួមមានក្រុមហ៊ុន Liberty Gold ក្រុមហ៊ុន First State Gold Investment ក្រុមហ៊ុន Vimean Seila ក្រុមហ៊ុន Royal Gold Cambodia Investment ក្រុមហ៊ុន Askap Gold Investment ក្រុមហ៊ុន Fugi Gold ក្រុមហ៊ុន JPA Associates ក្រុមហ៊ុន Khmer Gold & Silver Coins Investment ក្រុមហ៊ុន Gold Guest និងក្រុមហ៊ុន LCH Sky Precious Metals ដោយសម្អាងថា ក្រុមហ៊ុនទាំងនោះមិនមានសកម្មភាពនាំចេញ-នាំចូលមាសក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយ។
ពាក់ព័ន្ធនឹងការនាំមាសចូលដ៏ច្រើនសន្ធឹកសន្ធាប់ពីប្រទេសសិង្ហបុរី មកកាន់កម្ពុជានេះ ស្ថាបនិកអង្គការ មាតាធម្មជាតិ ដាក់ការសង្ស័យថា អាចមានពាក់ព័ន្ធនឹងហេតុផលចម្បងបីយ៉ាង។ ហេតុផលទី១ គឺអាចមានពាក់ព័ន្ធនឹងក្រុមមន្ត្រីអ្នកមានលុយមានអំណាចនៅកម្ពុជា ក្រៅពីយកលុយដែលបានមកពីអំពើពុករលួយ កឹប ឬកេងប្រវ័ញ្ចថវិកាជាតិ យកទៅទិញដី ទិញផ្ទះ ឬវិនិយោគអ្វីមួយនោះ ពួកគេក៏អាចយកលុយដែលបានមកដោយអំពើទុច្ចរិតនេះ ទៅទិញមាសសុទ្ធទុកនៅផ្ទះ ដើម្បីជាការវិនិយោគបន្ត ជាជាងការរក្សាទុកសាច់ប្រាក់ នៅធនាគារ ដែលនាំឲ្យគេអាចស៊ើបអង្កេតនាពេលអនាគត ដឹងថាខ្លួនមានលុយដោយខុសច្បាប់នោះ។ ហេតុផលទី ២ គឺការប្រើប្រាស់ប្រទេសកម្ពុជាជាកន្លែងលាងលុយកខ្វក់ ដែលអាចជាបទល្មើសក្នុងតំបន់។ លោកថា ករណីនេះ មិនមែនមានតែមនុស្សខ្មែរទេ ដែលលាងលុយកខ្វក់តាមរយៈមាសនេះ តែគឺអាចមានមនុស្សមកពីចិន មកពីប្រទេសផ្សេងៗ ទៀត ក្នុងតំបន់ ដែលមានលុយកខ្វក់ក្នុងដៃ ហើយចង់លាងលុយកខ្វក់នេះ តាមរយៈមាស ក្រៅពីសកម្មភាពលាងលុយកខ្វក់តាមរយៈវិធីសាស្ត្រផ្សេងៗទៀត ដូចជា កាស៊ីណូ ការវិនិយោគលើវិស័យសំណង់ សណ្ឋាគារ ធនាគារជាដើម ដែលករណីនេះមានលក្ខណៈស្មុគស្មាញពិបាកតាមដានដឹង។ និងហេតុផលមួយទៀត គឺការមិនកត់ត្រាបរិមាណមាសនាំចូលកម្ពុជាទាំងនេះ ដើម្បីនឹងនាំមាសចេញបន្តដោយខុសច្បាប់ ទៅកាន់ប្រទេសវៀតណាម ឬចិនជាបន្តទៀត ដែលអាចក្លាយជាករណីគេចពន្ធមួយ ដោយសារតែនៅប្រទេសវៀតណាមការនាំចូលមាសពីសិង្ហបុរី តម្រូវឲ្យបង់ពន្ធថ្លៃ ខណៈដែលនៅកម្ពុជាគ្រាន់តែមានអាជ្ញាប័ណ្ណជាការស្រេច។
លោក ផៃ ស៊ីផាន បដិសេធការសង្ស័យទាំងនេះ ដោយថ្លែងការពារថា របបក្រុងភ្នំពេញ តែងមានវិធានការណ៍ត្រឹមត្រូវ ក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ ដោយមានការសហការជាមួយភាគីបរទេស៖ «យើងមានកិច្ចព្រមព្រៀងជាមួយនឹងអូស្ត្រាលី ក្នុងការរកវិធានការណ៍គ្រប់បែបយ៉ាងដើម្បីប្រឆាំងនឹងការលាងលុយនេះឯង។ យើងមានភ្នាក់ងារអន្តរជាតិអង្គុយនៅធនាគារកណ្ដាលរបស់កម្ពុជា ក្នុងការតាមដានការលាងលុយ ហើយរាជរដ្ឋាភិបាលកម្ពុជា អត់មានគំនិត ឬវិធានទាំងឡាយណាដែលទៅលើកទឹកចិត្តពួកលាងលុយទេ។ យើងមិនរកស៊ីជាមួយពួកលាងលុយទេ»។
ផ្ទុយពីការអះអាងរបស់លោក ផៃ ស៊ីផាន នេះ សន្ទស្សន៍ប្រឆាំងអំពើលាងលុយកខ្វក់របស់វិទ្យាស្ថានបាសែល ប្រទេសស្វីស ឆ្នាំ២០១៧ បានដាក់ប្រទេសកម្ពុជា ជាប់លេខ ៩ ក្នុងចំណោម ១៤៦ ប្រទេសនៅលើពិភពលោក ដែលមានហានិភ័យខ្ពស់បំផុតសម្រាប់អំពើលាងលុយកខ្វក់ ឬការផ្តល់ហិរញ្ញប្បទានភេរវកម្ម ឬក្នុងន័យម្យ៉ាងទៀត អាចថាជាឋានសួរនៃអំពើលាងលុយកខ្វក់។
បន្ថែមពីលើនេះ របាយការណ៍យុទ្ធសាស្ត្រគ្រប់គ្រងគ្រឿងញៀនអន្តរជាតិ ស្តីពីការលាងលុយកខ្វក់ របស់ក្រសួងការបរទេសអាមេរិក ( International Narcotics Control Strategy Report , Volume II : Money Laundering ) ចេញផ្សាយកាលពីខែមីនា ឆ្នាំ២០១៨ រកឃើញថា ភាពងាយរងគ្រោះពីអំពើលាងលុយកខ្វក់នៅកម្ពុជា គឺបណ្ដាលមកពីកម្សោយនៃប្រព័ន្ធប្រឆាំងអំពើលាងលុយកខ្វក់ សេដ្ឋកិច្ចកម្ពុជាពឹងផ្អែកមួយភាគធំទៅលើរូបិយប័ណ្ណដុល្លារ និងផ្អែកលើចរាចរណ៍ជាសាច់ប្រាក់ ភាពងាយស្រួលអាចជ្រៀតចូលបាននៃព្រំដែនកម្ពុជា អាជីវកម្មកាស៊ីណូដែលមានការគ្រប់គ្រងធូរលុង និងសមត្ថភាពរបស់ធនាគារជាតិនៃកម្ពុជានៅមានកម្រិតនៅឡើយ ក្នុងការគ្រប់គ្រងវិស័យហិរញ្ញវត្ថុ និងធនាគារ ដែលមានការលូតលាស់យ៉ាងឆាប់រហ័ស។ របាយការណ៍ដដែល បន្តថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាមានលក្ខណៈទន់ខ្សោយ និងទទួលរងឥទ្ធិពលពីប្រព័ន្ធនយោបាយយ៉ាងខ្លាំង ក៏រួមចំណែករឹតត្បិតដល់ការអនុវត្តច្បាប់ឲ្យមានប្រសិទ្ធភាព នោះដែរ។
យុទ្ធសាស្ត្រជាតិស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្មឆ្នាំ ២០១៣ - ២០១៧ ទទួលស្គាល់នូវបញ្ហាប្រឈមទាំងនេះ ដោយគូសបញ្ជាក់ថា កង្វះខាតក្របខណ្ឌច្បាប់ទូលំទូលាយសម្រាប់គ្រប់គ្រងប្រតិបត្តិការអចលនទ្រព្យ វត្តមាននៃអាជីវកម្មផ្ទេរប្រាក់ក្រៅផ្លូវការ និងប្រតិបត្តិការកាស៊ីណូ បានបង្កឱកាសសម្រាប់ឧក្រិដ្ឋជន រំលោភប្រព័ន្ធនេះ ដើម្បីបម្រើឲ្យសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម។
ទីប្រឹក្សាផ្នែកប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្ម របស់ការិយាល័យអង្គការសហប្រជាជាតិស្ដីពីគ្រឿងញៀន និងបទឧក្រិដ្ឋ ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងតំបន់មេគង្គ លោក គ្រីសស្តូហ្វឺ ប័ត (Christopher Batt) ពន្យល់ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិកថា តាមរយៈការវាយតម្លៃចុងក្រោយរបស់អន្តរជាតិពាក់ព័ន្ធនឹងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ និងហិរញ្ញប្បទានភេរវកម្មរបស់កម្ពុជា នារយៈពេលចុងក្រោយនេះ ក្រុមប្រទេសអាស៊ីប៉ាស៊ីហ្វិកស្តីពីការលាងលុយកខ្វក់ ឬហៅថា (Asia Pacific Group on Money Laundering) រកឃើញថា កម្ពុជានៅមានចន្លោះប្រហោង ឬកង្វះខាតជាច្រើនក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើលាងលុយកខ្វក់ ផ្អែកតាមអនុសាសន៍គន្លឹះចំនួន ៤០ ដាក់ចេញដោយ ក្រុមការងារហិរញ្ញវត្ថុ (Financial Action Task Force ឬ FATF) ដែលជាស្ថាប័នអន្តររដ្ឋាភិបាលបង្កើតឡើងកាលពីឆ្នាំ១៩៨៩ ដើម្បីកំណត់បទដ្ឋានអន្តរជាតិ ប្រឆាំងនឹងអំពើលាងលុយកខ្វក់ ហិរញ្ញប្បទានភេរវកម្ម និងការគំរាមកំហែងនានា ទៅលើសុចរិតភាពនៃប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ។ លោក គ្រីសស្តូហ្វឺ ប័ត បន្តថា ប្រសិនបើកម្ពុជាបរាជ័យក្នុងការដោះស្រាយបញ្ហាកង្វះខាតទាំងនេះ កម្ពុជា អាចនឹងត្រូវគេដាក់បញ្ចូលទៅក្នុងបញ្ជីឈ្មោះប្រទេសដែលមានកង្វះខាតក្នុងការប្រយុទ្ធប្រឆាំងអំពើលាងលុយកខ្វក់ ឬហិរញ្ញប្បទានភេរវកម្ម ហើយក្នុងសេនារីយោអាក្រក់បំផុត អាចបណ្ដាលឲ្យក្រុមការងារហិរញ្ញវត្ថុ FATF នេះ ដាក់បញ្ចូលកម្ពុជាទៅក្នុងបញ្ជីខ្មៅរបស់ខ្លួន ដែលនឹងបណ្ដាលឲ្យប្រទេសនេះ ពុំមានសមត្ថភាពក្នុងការផ្ទេរសាច់ប្រាក់នៅលើឆាកអន្តរជាតិ ហើយអាចបណ្ដាលឲ្យមានការរាំងខ្ទប់មូលនិធិ ដែលនាំឲ្យមានការកាត់បន្ថយការវិនិយោគពីបរទេស និងអាចធ្វើឲ្យខូចខាតកិត្តិសព្ទរបស់កម្ពុជានៅលើឆាកអន្តរជាតិ។
គិតមកពេលនេះ នៅពុំទាន់មានការប៉ាន់ស្មានពីតួលេខ ឬទិន្នន័យជាក់លាក់ប្រចាំឆ្នាំ អំពីសកម្មភាពសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម នៅកម្ពុជានៅឡើយទេ។ ក៏ប៉ុន្តែ តាមការប៉ាន់ស្មានរបស់ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ត្រួតពិនិត្យគ្រឿងញៀន និងបទឧក្រិដ្ឋ (UNODC) ចំនួនលុយកខ្វក់ប៉ាន់ស្មាន ដែលត្រូវបានលាង ឬសម្អាត ក្នុងមួយឆ្នាំៗនៅទូទាំងសាកលលោក មានប្រមាណពី ២ ទៅ ៥ ភាគរយ នៃផលិតផលសរុប ( GDP ) របស់ពិភពលោក ឬស្មើនឹងប្រមាណពី ៨០០ ប៊ីលាន ទៅ ២ ទ្រីលានដុល្លារអាមេរិក។ ទិន្នន័យរបស់ក្រុមប្រឹក្សាពិភពលោកស្ដីពីមាស ( World Gold Council ) ឲ្យដឹងថា កម្ពុជា រក្សាទុកទុនបម្រុងជាមាស សរុបចំនួន ១២,៤ តោន ឬស្មើនឹងជាង ៥០០លានដុល្លារអាមេរិក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។