UNDP៖ វិស័យ​អប់រំ​និង​ការងារ​នៅ​កម្ពុជា​មាន​ចំណាត់​ថ្នាក់​ល្អ​ប្រសើរ

របាយការណ៍​អង្គការ​សហប្រជាជាតិ​នៃ​កម្មវិធី​អភិវឌ្ឍន៍ បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​កម្ពុជា ក្នុង​ពិន្ទុ​ល្អ​លើ​វិស័យ​សិក្សាធិការ រួម​ទាំង​ភាព​មាន​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ​ខ្មែរ។ ក៏ប៉ុន្តែ មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល រួម​ទាំង​មន្ត្រី​សហជីព ឆ្លើយ​ថា របាយការណ៍​នេះ​មិន​ឆ្លុះ​បញ្ចាំង​ការ​ពិត​នៅ​កម្ពុជា ទេ។
ដោយ វោហារ ជាតិ
2013.03.17
Share on WhatsApp
Share on WhatsApp

របាយការណ៍​ការ​អភិវឌ្ឍ​នៃ​មនុស្ស​ក្រោម​ចំណង​ជើង​ថា "ការ​ងើប​ឡើង​នៃ​ភាគ​ខាង​ត្បូង" ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី១៤ ខែ​មីនា ដែល​វាយ​តម្លៃ​អំពី​ការ​អភិវឌ្ឍ​នៃ​មនុស្ស បង្ហាញ​ថា ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​ទី​១៣៨ ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨៥។

ការ​សិក្សា​ស្រាវជ្រាវ​នេះ ធ្វើ​ឡើង​ដោយ​អង្គការ​សហប្រជាជាតិ​នៃ​កម្មវិធី​អភិវឌ្ឍន៍ យូអិនឌីភី (UNDP) ហើយ​របាយការណ៍​ត្រូវ​បាន​ប្រកាស​នៅ​ទីក្រុង​មិចស៊ិក (Mexico) ប្រទេស​មិចស៊ិក។

ចំណង​ជើង​របាយការណ៍​ឈ្មោះ​ថា "ការ​ងើប​ឡើង​នៃ​ភាគ​ខាង​ត្បូង" នេះ គឺ​ជា​ឈ្មោះ​នៃ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​នៃ​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នៃ​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ី​ខាង​ត្បូង ដែល​ក្នុង​នោះ​មាន​ការ​សិក្សា​ស្រាវជ្រាវ​ប្រទេស​នៅ​តំបន់​ផ្សេងៗ​ទៀត​លើ​ពិភពលោក​ដែរ។

របាយការណ៍​នោះ​មាន​ចំនួន​ជាង ២០០​ទំព័រ វាយ​តម្លៃ​អំពី​ភាព​ប្រសើរ​ឡើង​នៃ​ដំណើរ​ការ​ជីវិត​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​នីមួយៗ ទាក់ទង​នឹង​សង្គម​រស់នៅ វិស័យ​សិក្សាធិការ សុខាភិបាល ពាណិជ្ជកម្ម និង​បរិស្ថាន បញ្ជាក់​ថា ប៉ុន្មាន​ទសវត្ស​ចុង​ក្រោយ​នេះ​មាន​ប្រទេស​ជាច្រើន​បាន​ប្រឹងប្រែង​អភិវឌ្ឍន៍​មនុស្ស​បាន៖ «រយៈពេល​ប៉ុន្មាន​ទសវត្ស​កន្លង​មក​នេះ ប្រទេស​ជាច្រើន​លើ​សកល​លោក បាន​អភិវឌ្ឍន៍​មនុស្ស​បាន​កម្រិត​ខ្ពស់​ជាង​មុន ដូច​ដែល​បាន​បង្ហាញ​នៅ​ក្នុង​តារាង​អភិវឌ្ឍន៍​មនុស្ស​នេះ​ស្រាប់។ ក្រុម​ទាំងអស់ តំបន់​ទាំងអស់ ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា មាន​ការ​អភិវឌ្ឍ​មនុស្ស​ទាំងអស់ ទោះ​បី​ជឿនលឿន ឆាប់​រហ័ស ល្មម ឬ​កម្រិត​ទាប​យ៉ាង​ណា​ក្ដី។ ឈរ​លើ​មូលដ្ឋាន​នេះ ភាព​មិន​ស្មើ​ភាព​គ្នា​នៅ​លើ​ពិភព​លោក​កំពុង​កាត់​បន្ថយ»

ការ​វាយ​តម្លៃ​នោះ​ចែក​ជា ៤​ថ្នាក់ គឺ​ថ្នាក់​ល្អ​បំផុត ថ្នាក់​បង្គួរ ថ្នាក់​មធ្យម និង​ថ្នាក់​ទាប​បំផុត។ ប្រទេស​កម្ពុជា ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​មធ្យម ស្មើ​នឹង​ប្រទេស​ឡាវ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១៣៨ ដូច​គ្នា។ ចំណែក​ប្រទេស​ថៃ ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​១០៣ ប្រទេស​វៀតណាម លេខ​១២៧ ដែល​លេខ​ទាំង​នេះ​ស្ថិត​ក្នុង​តារាង​មធ្យម​ភាគ។ ចំណែក​ប្រទេស​ភូមា (មីយ៉ាន់ម៉ា) លេខ​១៤៩ ដែល​ស្ថិត​ក្នុង​តារាង​កម្រិត​ទាប​បំផុត។

ដោយ​ឡែក​ប្រទេស​កម្ពុជា មាន​វិស័យ​ពីរ​លេចធ្លោ​ជាង​វិស័យ​ផ្សេង គឺ​វិស័យ​សិក្សាធិការ និង​ភាព​មាន​ការងារ​ធ្វើ​របស់​ប្រជាពលរដ្ឋ។

ចំពោះ​វិស័យ​សិក្សាធិការ យូអិនឌីភី បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ចាប់​ពី​អាយុ ១៥​ឆ្នាំ​ឡើង​ទៅ ប្រហែល ៧៧% ចេះ​អក្សរ។ ប្រជាពលរដ្ឋ​ចាប់​ពី​អាយុ ២៥​ឆ្នាំ​ឡើង ប្រហែល ១៥% មាន​ចំណេះ​ដឹង​កម្រិត​ទុតិយភូមិ។ ចំនួន​សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​បឋម​សិក្សា ១២៧%។ សិស្ស​ចុះ​ឈ្មោះ​ចូល​រៀន​កម្រិត​ទុតិយភូមិ ៤៦%។ គ្រូ​បង្រៀន​បឋម​សិក្សា​ទទួល​ហ្វឹកហាត់​គរុកោសល្យ​បង្រៀន​សិស្ស ប្រហែល ៩៩% ហើយ​គុណភាព​សិក្សា​អាច​ទទួល​បាន ស្ថិត​ក្នុង​អត្រា ៩៤%។

ទាក់ទង​នឹង​របាយការណ៍​វាយ​តម្លៃ​នេះ លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូ​បង្រៀន​ឯករាជ្យ បាន​ប្រតិកម្ម​ថា មិន​បាន​ឆ្លុះ​បញ្ចាំង​ការ​ពិត​ក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ន ដោយ​លោក​ចោទ​ថា យូអិនឌីភី ស្រង់​របាយការណ៍​តែ​រដ្ឋាភិបាល​តែ​ម្ខាង។

ទាក់ទង​រឿង​ការងារ​នៅ​ប្រទេស​កម្ពុជា វិញ ក៏​មាន​ភាព​ប្រសើរ​ជាង​មុន​ដែរ។ របាយការណ៍ យូអិនឌីភី បង្ហាញ​ថា អត្រា​ផ្ដល់​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ ចាប់​ពី​អាយុ ២៥​ឆ្នាំ​ឡើង​ទៅ មាន ៨៦% ប្រហាក់​ប្រហែល​ប្រទេស​ឡាវ ដែរ ដែល​មាន​ចំនួន ៨៥%។ ក្នុង​នោះ យុវជន​អត់​មាន​ការងារ​ធ្វើ​មាន​អត្រា ៣៥% ហើយ​ពលកម្ម​កុមារ ៣៩%។

លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បាន​យល់​ស្រប​របាយការណ៍​នេះ លោក​ថា មាន​មនុស្ស​ជាច្រើន​ទៀត​ដែល​ខ្វះ​ការងារ ហើយ​ពួក​គេ​បាន​ធ្វើ​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ប្រទេស​ក្រៅ​ទាំង​ប្រថុយប្រថាន ព្រោះ​នៅ​ស្រុក​ខ្មែរ​បាន​ប្រាក់​ខែ​តិច ហើយ​មាន​បញ្ហា​ការងារ​ក៏​ច្រើន មិន​ដូច​នៅ​ប្រទេស​ដទៃ។

ប្រទេស​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​នាំ​មុខ​គេ គឺ​ប្រទេស​ន័រវែសន៍ (Norway) ស្ថិត​នៅ​លេខ​១ ប្រទេស​អូស្ត្រាលី ​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ និង​សហរដ្ឋ​អាមេរិក ស្ថិត​នៅ​ចំណាត់​ថ្នាក់​ទី៣។ ចំពោះ​ប្រទេស​ដែល​បាន​ចំណាត់​ថ្នាក់​ទាប​ជាង​គេ​បំផុត​លេខ​១៨៥ នោះ គឺ​ប្រទេស​ម៉ូហ្សំប៊ិក (Mozambique)៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។