ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ទើប​ត្រឡប់​ពី​ថៃ​ត្អូញត្អែរ​ជួប​ការ​លំបាក​ព្រោះ​គ្មាន​ការងារ​ធ្វើ

ដោយ សេក បណ្ឌិត
2020.04.09
ពលករ​ខ្មែរ ប៉ោយប៉ែត ២០១៧ ៦២២ ពលករ​ខ្មែរ​ដែល​អាជ្ញាធរ​ថៃ បញ្ជូន​មក​ដល់​ដី​ខ្មែរ​នា​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ថ្ងៃ​ទី​២ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

ពលករ​ខ្មែរ​មួយ​ចំនួន​ដែល​ទើប​ត្រឡប់​មកពី​ប្រទេស​ថៃ​ចាប់ផ្ដើម​ជួប​បញ្ហា​សេដ្ឋកិច្ច​នៅ​ក្នុង​គ្រួសារ ដោយសារ​នៅ​ក្នុង​ស្រុក​អត់​ការងារ​ធ្វើ។ ពលករ​ទាំងនោះ​ព្រួយ​បារម្ភ​ថា ប្រសិន​បើ​ស្ថានការណ៍​រាតត្បាត​ជំងឺ​កូវីដ​១៩ ចេះតែ​អូស​បន្លាយ​យូរ​ទៀត​នោះ​ជីវភាព​របស់​ពួកគេ​កាន់តែ​ដុនដាប​ខ្លាំង​ជាមិនខាន។ មន្ត្រី​សង្គម​ស៊ីវិល​យល់ថា បញ្ហា​នេះ​រដ្ឋាភិបាល​គួរតែ​បញ្ចេញ​កញ្ចប់​ថវិកា​ជាតិ​ជួយ​ដល់​ពលករ​ដើម្បី​សម្រាល​ទុក្ខ​លំបាក​របស់​ពួកគាត់។

ពលករ​ម្នាក់​មាន​ស្រុក​កំណើត​នៅ​ស្រុក​បារាយ ខេត្ត​កំពង់ធំ លោក ជា ខន ប្រាប់​អាស៊ីសេរី​ថា លោក​ត្រឡប់​មកពី​ប្រទេស​ថៃ​កាលពី​ថ្ងៃ​ទី​៥ មីនា តាម​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​អូរស្មាច់ ខេត្ត​ឧត្ដរមានជ័យ។ បុរស​វ័យ​៣៦​ឆ្នាំ​រូប​នេះ​បន្ត​ថា មូលហេតុ​ដែល​លោក​សម្រេចចិត្ត​ត្រឡប់​មក​ស្រុកកំណើត​អំឡុង​ពេល​នេះ ដោយសារ​ថៅកែ​បាន​ផ្អាក​ការងារ​ដោយ​ពុំ​មាន​ថ្ងៃ​កំណត់ ដើម្បី​ការពារ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩ តាម​សេចក្ដីប្រកាស​របស់​រដ្ឋាភិបាល​ថៃ។ ពលករ​ធ្វើការ​ផ្នែក​ដឹកជញ្ជូន​ត្រី​នៅ​លើ​ទូក​នេសាទ​ថៃ​រូប​នេះ​បន្ត​ថា ចាប់​តាំង​ពី​ថៅកែ​ផ្អាក​ការងារ​មក គឺ​លោក​ពុំ​មាន​ប្រាក់ចំណូល​ដោះស្រាយ​ជីវភាព​គ្រួសារ​នោះ​ទេ ហើយ​សព្វថ្ងៃ​នេះ​លោក​នៅផ្ទះ​ជាមួយ​ក្រុម​គ្រួសារ​នៅ​ស្រុកកំណើត ដោយ​ពុំ​បាន​ការងារ​ធ្វើ​អ្វី​ឡើយ។ លោក​បន្ត​ថា ថវិកា​ដែល​លោក​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​កន្លង​ទៅ​នោះ ​មួយ​ចំនួន​ត្រូវ​បង់​រំលោះ​ធនាគារ​និង​មួយ​ចំនួន​ទៀត​លោក​ផ្ញើ​ឱ្យ​ប្រពន្ធ​និង​ឪពុកម្ដាយ​ចាយវាយ​ដូច្នេះ​នៅ​ពេលនេះ​លោក​មិន​មាន​ប្រាក់​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​នោះ​ទេ៖ «ថ្ងៃ​ខ្លះ​ក៏​ចាយ​តិច ថ្ងៃ​ខ្លះ​ក៏​ចាយ​ច្រើន​ទៅ​ព្រោះ​ត្រូវ​ការទិញ​នេះ​ទិញ​នោះ​យក​មក​ហូប​។ ខ្ញុំ​មាន​ជំពាក់​គេ​នៅ​ថៃ​ខ្ញុំ​ចងការ​ប្រាក់​គេ​យក​មក​ឱ្យ​ប្រពន្ធ​លក់​ចាប់ហួយ ទូក​ចត​នៅ​មួយ​កន្លែង​ចេះ​មិន​ដឹង​យ៉ាង​ណា​ទេ ហើយ​ខ្ញុំ​ក៏​មិន​ដឹង​ថា​និយាយ​យ៉ាងណា​ប្រាប់​គេ​ដែរ។ ឥឡូវ​ចាប់ហួយ​ក៏​លក់​មិន​ដាច់ ប៉ុន្តែ​បើ​ទិញ​ទំនិញ​គេ​នៅ​ផ្សារ​កាន់តែ​ឡើងថ្លៃ»

ស្រដៀង​គ្នា​នេះ​ដែរ​ប្រជាពលរដ្ឋ​នៅ​ស្រុក​អង្គរធំ​ខេត្ត​សៀមរាប​លោក សឿន រ៉ាន់ រៀបរាប់​ថា កូន​របស់​លោក ចំនួន​៣​នាក់​ត្រឡប់​មកពី​ប្រទេស​ថៃ​ប្រមាណ​៣​សប្ដាហ៍​ហើយ ដោយសារ​នៅ​ក្រៅ​ប្រទេស​អត់​ការងារ​ផង និង​ខ្លាច​ឆ្លង​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​កូវីដ​១៩​ផង ទើប​លោក​ហៅ​កូន​ឱ្យ​ត្រឡប់​មក​ផ្ទះ​។ លោក​បន្ត​ថា នៅ​ពេល​នេះ​កូន​របស់​លោក​ទាំង ៣​នាក់​នៅផ្ទះ​ជុំ​គ្នា និង​ពុំ​មាន​ការងារ​ធ្វើ​រក​ប្រាក់​ចំណូល​ឡើយ ហើយ​ធ្វើ​ឱ្យ​ជីវភាព​គ្រួសារ​កាន់តែ​ក្រីក្រ​បន្ថែម​ទៀត។ លោក​បន្ថែម​ថា សព្វថ្ងៃ​គ្រួសារ​របស់​លោក​ជំពាក់​ប្រាក់​ធនាគារ​ជាង​១​ម៉ឺន​ដុល្លារ​អាមេរិក ដែល​បាន​ខ្ចី​គេ​ធ្វើ​ដើមទុន​ដាំ​ដុះ និង​ទិញ​គោយន្ត​សម្រាប់​ភ្ជួរ​ហើយ​ពេលនេះ​លោក​ពុំ​មាន​ប្រាក់​សង​គេ​វិញ​នៅឡើយ​ទេ​។ លោក​ថា កន្លង​មក​បាន​ប្រាក់​របស់​កូន​ផ្ញើ​ពី​ប្រទេស​ថៃ​មក​សង​ធនាគារ​និង​ចាយវាយ​ប្រចាំថ្ងៃ ក៏ប៉ុន្តែ​នៅ​ពេល​នេះ ពួកគេ​អត់​ការងារ​ធ្វើ បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រួសារ។

លោក​បន្ថែម​ថា ចាប់​តាំងពី​កូន​មក​ដល់​ផ្ទះ​មក ពុំ​មាន​អាជ្ញាធរ​ណា​មក​អើពើ​ជួយ​ដល់​ក្រុម​គ្រួសារ​របស់​លោក​នៅឡើយ​ទេ៖ «ខ្ញុំ​អត់​មានអី​ចាយ​ទេ​អង្គុយ​មើល​មុខ​គ្នា​ពិគ្រោះ​យោបល់​គ្នា​ថា ទៅ​ណា​នៅ​ឯ​ថៃ ក៏​បិទ​ដែរ​នោះ​។ អីចឹង​ហើយ​បាន​ថា​ខ្ញុំ​ចង់​សំណូមពរ​ឱ្យ​រដ្ឋាភិបាល​លោក ហ៊ុន សែន ហ្នឹង​ជួយ​ពន្យារ​ពេល​បង់​ការប្រាក់​ធនាគារ​បើ​អូស​បន្លាយ​ទៅមុខ​យូរ កាន់តែ​យ៉ាប់​ណាស់​ខ្មែរ​យើង​មិន​អាច​រស់​បានទេ គឺ​ថា​កញ្ជ្រោល​ងាប់​បណ្ដោយ​អត់​មានអី​ហូប​ទេ។ បើ​គេ​បិទ​៥​ខែ​កន្លះ​ឆ្នាំ​អី​មិន​ស្រេច​រក​ប្រាក់​ណា​បាន​ទិញ​អំបិល​ម្សៅ​ស៊ុប​បើ​អីចេះ​បើ​រដ្ឋាភិបាល​មិន​ជួយ​ដោះស្រាយ​យ៉ាប់​មែនទែន​កូន​ខ្មែរ»

ចំណែក​ពលករ​នៅ​ខេត្ត​បន្ទាយមានជ័យ​លោក រាំ ប៊ូរា វិញ​ថ្លែង​ថា លោក​បាន​នាំ​ប្រពន្ធ​និង​កូន​ត្រឡប់​មក​ពី​ប្រទេស​ថៃ កាល​ពី​ថ្ងៃ​ទី​២០ ខែ​មីនា ដោយសារ​នៅ​ក្រៅ​ប្រទេស​អត់​ការងារ​ធ្វើ។ ពលករ​ធ្វើការ​ផ្នែក​កាត់ដេរ​រូប​នេះ​បន្ត​ថា អំឡុង​ពេល​ធ្វើការ​នៅ​ប្រទេស​ថៃ​គ្រួសារ​របស់​លោក​រក​ប្រាក់​ចំណូល​បាន​ប្រមាណ ២​ម៉ឺន​បាត​(២០,០០០) ឬ​ប្រហែល​៦០០​ដុល្លារ​អាមេរិក​ក្នុង​មួយ​ខែ ក៏ប៉ុន្តែ​នៅ​ពេល​នេះ​លោក​មិន​មាន​ប្រាក់ចំណូល​ដូច​ពេល​មុន​ឡើយ​។ លោក​ថា ប្រសិនបើ​ស្ថានការណ៍​អូស​បន្លាយ​ទៅ​មុខ​ទៀត​គ្រួសារ​លោក​ប្រឈម​នឹង​ដាច់​ស្បៀង ពីព្រោះ​លោក​គ្មាន​ផ្ទះ​ស្នាក់នៅ ហើយ​សព្វថ្ងៃ​ជួល​ផ្ទះ​គេ​ស្នាក់​បណ្ដោះអាសន្ន និង​ត្រៀម​វិលត្រឡប់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​វិញ៖ «និយាយ​ទៅ​ប៉ះពាល់​ចំណូល​ច្រើន​បង ព្រោះ​អី​ខ្ញុំ​ត្រូវ​ចំណាយ​ច្រើន​ដល់ពេល​អីចឹង​ប៉ះពាល់​ដល់​ក្រុម​គ្រួសារ​ត្រូវ​ខ្វះខាត​លុយកាក់​ចាយ​ហើយ។ ពិបាក​ហ្នឹង​ការ​រក​ប្រាក់​បង់ថ្លៃ​បន្ទប់​ខ្ញុំ​មិន​បាន​ហូបចុក​ដូច​មុន​ទេ​ឥឡូវ​ត្រូវ​ត្បិតត្បៀត​ខុសគ្នា​ឆ្ងាយ​ណាស់ បើ​ប្រៀប​ពីមុន ហើយ​ប្រពន្ធ​ខ្ញុំ​អត់​ធ្វើការ​អី​ទេ​មើល​កូន»

អាស៊ីសេរី​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​នៅ​ថ្ងៃ​ទី​៨​មេសា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នកទទួល​។​

កាលពី​ថ្មីៗ​នេះ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​របស់​លោក​បាន​ត្រៀម​ថវិកា​៨០០​លាន​ដល់ ២ ពាន់​លាន​ដុល្លារ​អាមេរិក​ដើម្បី​ប្រើប្រាស់​ក្នុង​ពេល​ប្រទេស​មាន​បញ្ហា​ដោយសារ​ជំងឺ​កូវីដ​១៩។លោក​ក៏បាន​អំពាវនាវ​ដល់​ស្ថាប័ន​ធនាគារ​និង​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ឱ្យ​ពន្យារពេល​ដល់​ពលរដ្ឋ​ក្នុង​ការ​សងបំណុល និង​មិន​ឱ្យ​រឹបអូស​ទ្រព្យ​ពី​អ្នករងគ្រោះ​ដោយសារតែ​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​ថ្មី​នេះ​ស្រប​ពេល​ពួកគាត់​កំពុង​គ្មាន​ការងារ​ធ្វើ៖ «វិធានការ​ខាង​ផ្នែក​ធនាគារ​បាន​ធ្វើ​ច្រើន​ហើយ ក៏​ប៉ុន្តែ​សុំ​បន្ត​ធ្វើ​តទៅទៀត​បង្ហាញ​ពី​ការយោគយល់​ឧទាហរណ៍​ពន្យារ​ការ​សង់ ឬ​ពន្យារ​ការ​សង​អត្រា ការប្រាក់​មិន​ផាក​ពិន័យ។ ព្រោះ​ធនាគារ​គេ​មាន​បែបបទ​របស់​គេ បើ​អ្នកឯង​មិនបាន​សង​គេ​ហ្នឹង​ផាក​ពិន័យ​ពីលើ​ហ្នឹង។ ឥឡូវ​សុំ​ឱ្យ​យោគយល់​គ្នា​នៅ​ក្នុង​កាល​ទេស​នេះ តែ​នេះ​មិនមែន​ជា​បទបញ្ជា​ទេ ជា​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ចំពោះ​វិស័យ​ឯកជន​ដែល​សុំ​ឱ្យ​យោគយល់»

លោក ហ៊ុន សែន បន្ថែម​ថា អំឡុង​ពេលនេះ​ជា​ឱកាស​ល្អ​របស់​កសិករ​ដើម្បី​រក​ប្រាក់​ចំណូល​នៅ​ក្នុង​គ្រួសារ​ហើយ​លោក​ក៏បាន​ជំរុញ​ឱ្យ​ក្រសួង​កសិកម្ម​ណែនាំ​ដល់​ប្រជាកសិករ​បង្កើន​ការ​ដាំដុះ​ផលដំណាំ​ឱ្យ​បាន​ច្រើន ដើម្បី​ផ្គត់ផ្គង់​ទី​ក្នុងស្រុក៖ «កន្លងទៅ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​វិស័យ​សេវា​កើន​ខ្ពស់​វិស័យ​កសិកម្ម​កើន​ទាប​នៅ​ពេល​ខាងមុខនេះ​កំណើន​ក្នុង​វិស័យ​ឧស្សាហកម្ម​និង​សេវា​ធ្លាក់ចុះ​កំណើត​ក្នុង​វិស័យ​កសិកម្ម​ហ្នឹង​ហក់​ឡើង​តែម្ដង​។​នេះ​ជា​ឱកាស​ដែល​យើង​អាច​មើល​ឃើញ​តាំងពី​ឥឡូវ​អីចឹង​យើង​ត្រូវ​កិច្ច​ការងារ​នេះ​ជាមួយគ្នា»

ប្រធាន​អង្គការ​សង់ត្រាល់​លោក មឿន តុលា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ដែល​ត្រឡប់​ទៅ​ស្រុកកំណើត​ភាគច្រើន​ជា​ពលករ​ធ្វើការ​ក្រៅ​ប្រពន្ធ​ដែល​ពួកគេ​ពុំបាន​ទទួល​ប្រាក់ឧបត្ថម្ភ​៥០​ភាគរយ​ពី​រដ្ឋាភិបាល​ថៃ​អំឡុង​ពេល​ថៅកែ​ផ្អាក​ការងារ​នោះ​ឡើយ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​គួរតែ​បញ្ចេញ​ប្រាក់​៨០០​លាន​ដុល្លារ និង​ប្រាក់ខែ​ដែល​មន្ត្រីរាជការ​បាន​ធ្វើ​វិភាគទាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩ ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺ​រលាក​ផ្លូវ​ដង្ហើម​នេះ៖ «អីចឹង​បាន​ខ្ញុំ​ថា ប្រទេស​យើង​វា​ពិបាក​ត្រង់​ថា​យើង​អត់​មាន​ប្រព័ន្ធ​គាំពារ​សង្គម​ហ្នឹង វា​អត់​ទាន់​បាន​ទូលំទូលាយ​ទេ នៅ​គេ​មាន​ប្រព័ន្ធ​គាំពារ​សង្គម​របស់​គេ​គ្រាន់បើ​នៅ​ពេល​ពលរដ្ឋ​អត់​ការងារ​ធ្វើ​គេ​ត្រូវ​ប្ដឹង​ទៅ​អាជ្ញាធរ ដើម្បី​យក​ប្រាក់​ឧបត្ថម្ភ​សម្រាប់​អត់​ការងារ​ធ្វើ​ហ្នឹង​តែ​នៅ​ស្រុក​យើង​វា​អត់​ទាន់​មាន​ប្រាក់​ហ្នឹង។ ក៏ប៉ុន្តែ​យ៉ាងណាក៏ដោយ​ខ្ញុំ​ឃើញ​មាន​ខ្ទង់​មួយ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ដែល​ពលរដ្ឋ​បាន​ប្រាក់​កន្លង​មក​តាមរយៈ​ក្រុមហ៊ុន​គួរតែ​អាច​ពិចារណា​យក​កញ្ចប់​ណាមួយ​យក​មក​ប្រើ​ដែរ ក្នុង​ដំណាក់កាល​ដែល​ពេល​កំពុង​មាន​វិបត្តិ​អីចឹង»

របាយការណ៍​របស់​អង្គការ​សង់ត្រាល់​ឱ្យ​ដឹង​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​ស្របច្បាប់​និង​មិន​ស្របច្បាប់​មាន​ប្រមាណ ២​លាន់​នាក់​(២០.០០០.០០០)។ លោក ហ៊ុន សែន បាន​ប្រកាស​កាលពី​ថ្ងៃ​ទី​៧ មីនា​ថា មក​ទល់​ពេល​នេះ​មាន​ពលករ​ខ្មែរ​ជាង ៦​ម៉ឺន​នាក់ ហើយ​បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ។

លោក មឿន តុលា ព្រួយបារម្ភ​ថា ប្រសិន​បើ​ស្ថានការណ៍​នៅតែ​បន្ត​អូស​បន្លាយ​ទៅ​មុខ​ទៀត ដូច្នេះ​នឹង​មាន​ពលករ​រាប់​ម៉ឺន​នាក់​បន្ថែម​ទៀត​ត្រឡប់​ទៅ​កម្ពុជា​វិញ ពីព្រោះ​ពួកគេ​អត់​ការងារ​ធ្វើ គ្មាន​ប្រាក់​បង់ថ្លៃ​បន្ទប់​ជួល​និង​ប្រាក់​ចាយវាយ​ប្រចាំថ្ងៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។