ពលរដ្ឋដើមកំណើតខ្មែរ ៣៦ នាក់ ក្នុងនោះ ៣៤នាក់ធ្លាប់ប្រព្រឹត្តិបទឧក្រិដ្ឋនៅសហរដ្ឋអាមេរិក ត្រូវបានភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ របស់សហរដ្ឋអាមេរិក ហៅកាត់ថា (ICE) បញ្ជូនមកដល់កម្ពុជាហើយ កាលពីថ្ងៃអង្គារ ទី១៨ ធ្នូ។
នាយកប្រតិបត្តិភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយសហរដ្ឋអាមេរិក អ្នកស្រី ណាតាលី អាហ្សឺ ( Nathalie Asher ) មានប្រសាសន៍ក្នុងសេចក្ដីថ្លែងការណ៍របស់ភ្នាក់ងារ ICE ថា «ការបញ្ជូនពលរដ្ឋដើមកំណើតខ្មែរទៅកាន់ប្រទេសកម្ពុជាវិញ បានកើនឡើងដល់ទៅ ២៧៩ភាគរយ នៅឆ្នាំ ២០១៨ នេះ ធៀបនឹងឆ្នាំ២០១៧ កន្លងទៅ។ ក៏ប៉ុន្តែ នៅមានពលរដ្ឋដើមកំណើតខ្មែរជិត ១.៩០០ នាក់ផ្សេងទៀត កំពុងរស់នៅសហរដ្ឋអាមេរិក ដោយមានដីកាបណ្ដេញចេញ ក្នុងនោះ ១.៤០០ នាក់ ជាប់ទោសពីបទឧក្រិដ្ឋ»។ អ្នកស្រីថ្លែងបន្តថា ភ្នាក់ងារ ICE នឹងបន្តអនុវត្តកិច្ចការបណ្ដេញចេញដោយស្របច្បាប់នេះ ដោយផ្ដោតអាទិភាពទៅលើការបណ្ដេញចេញជនដែលបង្កការគំរាមកំហែងដល់សុវត្ថិភាពសាធារណៈនៅអាមេរិក។
ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ របស់សហរដ្ឋអាមេរិក ឲ្យដឹងថា ពលរដ្ឋខ្មែរដែលត្រូវបញ្ជូនមកកម្ពុជាវិញទាំងនោះ ភាគច្រើនជាប់ពាក់ព័ន្ធនឹងការប្រព្រឹត្តិឧក្រិដ្ឋកម្មនៅអាមេរិក ក្នុងនោះរួមមានអំពើឃាតកម្ម អំពើមនុស្សឃាត អំពើរំលោភផ្លូវភេទ អំពើរំលោភបំពានលើកុមារ អំពើហិង្សាគ្រួសារ អំពើជួញដូរ ឬប្រើប្រាស់គ្រឿងញៀនជាដើម៕