មន្ត្រីប៉ុស្តិ៍កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ឲ្យដឹងនៅថ្ងៃទី២២ ខែកុម្ភៈ ថា កងនាវាកងទ័ពប្រជាជនចិន ចំនួន ៣គ្រឿង ដែលផ្ទុកកងម៉ារីនសរុបចំនួន ៧៣៧នាក់ បានមកដល់កំពង់ផែអន្តរជាតិខេត្តព្រះសីហនុ ហើយនៅម៉ោង ១០ព្រឹកថ្ងៃទី២២ កុម្ភៈ ដើម្បីធ្វើទស្សនកិច្ចរយៈពេល ៥ថ្ងៃនៅកម្ពុជា។
កងនាវាកងទ័ពប្រជាជនចិន នេះ ដឹកនាំដោយមេបញ្ជាការប្រចាំការសមុទ្រចិនខាងត្បូង ឧត្ដមនាវីទោ យូ ម៉ាន់ជាំង (Yu Manjiang)។ តាមគម្រោង កងទ័ពជើងទឹកនៃប្រទេសទាំងពីរ នឹងរៀបចំកម្មវិធីហ្វឹកហ្វឺនក្នុងប្រតិបត្តិការជួយសង្គ្រោះរួមគ្នាមួយជាលើកដំបូង នៅលើផ្ទៃសមុទ្រខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ។ មុននឹងធ្វើការហ្វឹកហ្វឺនរួមគ្នានោះ កងទ័ពប្រជាជនចិន នឹងធ្វើដំណើរមករាជធានីភ្នំពេញនៅថ្ងៃទី២៤ ចូលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ និងមេបញ្ជាការកងទ័ពជើងទឹក លោក ទៀ វិញ ព្រមទាំងស្ថានទូតចិន ប្រចាំកម្ពុជា។
មេបញ្ជាការរងកងទ័ពជើងទឹកមូលដ្ឋានសមុទ្ររាម លោក រស់ វាសនា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២២ ខែកុម្ភៈ ថា លោកមិនបានជ្រាបពីសេចក្ដីលម្អិតនៃការហ្វឹកហ្វឺនរួមគ្នានោះឡើយ។ លោកជំរុញឲ្យសួរទៅអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ ប៉ុន្តែវិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការពារជាតិ លោក ឈុំ សុជាតិ បានទេនៅថ្ងៃទី២២ កុម្ភៈ។
ទោះយ៉ាងណា អគ្គបញ្ជាការរងកងទ័ពជើងទឹកកម្ពុជា លោក វណ្ណ ប៊ុននាង បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មាន រ៉យទ័រ (Reuters) ថា ការហ្វឹកហាត់នេះ គឺជាកិច្ចសហប្រតិបត្តិការដ៏ធំមួយ និងជាការហ្វឹកហ្វឺនរួមគ្នា ដើម្បីបង្កើនការត្រៀមខ្លួនក្នុងករណីមានហេតុការណ៍លិចកាណូត ឬមានគ្រោះមហន្តរាយកើតឡើង។
បច្ចុប្បន្ន ចិន ជាប្រទេសម្ចាស់ជំនួយចម្បងនៃវិស័យយោធាកម្ពុជា ដោយបានផ្គត់ផ្គង់សម្ភារៈយោធាដល់កងទ័ពកម្ពុជា ជាបន្តបន្ទាប់ ក្នុងនោះមានការសាងសង់វិទ្យាស្ថានយោធា ការផ្ដល់ឧទ្ធម្ភាគចក្រ កាំភ្លើង និងរថយន្តយោធាជាច្រើនគ្រឿង ព្រមទាំងទទួលយកមន្ត្រីយោធាកម្ពុជា ជាច្រើននាក់ទៅបណ្ដុះបណ្ដាលនៅប្រទេសចិន។
ការហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរនៅពេលនេះ គឺស្របពេលបញ្ហាជម្លោះសមុទ្រចិនខាងត្បូង កំពុងតឹងតែង ខណៈចិន កាន់តែបង្កើនសកម្មភាពយោធានៅតំបន់សមុទ្រចិនខាងត្បូង នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។