សេចក្តីជូនដំណឹងរបស់សាលារាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែតុលា បានជម្រាបដល់ម្ចាស់រថយន្តដឹកជញ្ជូនទំនិញធុនធ្ងន់របស់ក្រុមហ៊ុនឯកជន និងរដ្ឋ ឲ្យបានដឹងថា ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ខាងមុខ រថយន្តដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ពិសេសរថយន្តកុងតឺន័រ មិនអនុញ្ញាតឲ្យបើកបរចូលក្រុងភ្នំពេញ ទេ ចាប់ពីម៉ោង ៥ព្រឹក ដល់ម៉ោង ៩យប់។
បម្រាមដដែលក៏បានភ្ជាប់មូលហេតុថា ដោយសារតែរាជធានីភ្នំពេញ ជាមជ្ឈមណ្ឌលប្រមូលផ្តុំលើគ្រប់វិស័យ ទាំងនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងទេសចរណ៍ជាដើម ទើបត្រូវរក្សាសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ។
លោក ឡុង ឌីម៉ង់ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១៧ ខែតុលា ថា បម្រាមមិនឲ្យរថយន្តធំចូលក្រុង ក៏ដើម្បីឆ្លើយតបទៅនឹងកង្វល់របស់ប្រជាពលរដ្ឋ ជុំវិញការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលមកពីរថយន្តដឹកទំនិញធុនធ្ងន់កន្លងមក៖ «រាជធានីភ្នំពេញ ហ្នឹង គឺជារាជធានីមួយមានការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។ ដល់មានកំណើនសេដ្ឋកិច្ចទៅ កំណើនយានយន្ត ឬកំណើនប្រជាពលរដ្ឋវាបានធ្វើឲ្យមានការកកស្ទះជារៀងរាល់ថ្ងៃ។ លើសពីការកកស្ទះចរាចរណ៍ ដោយសារតែរថយន្តដឹកទំនិញទាំងអស់មិនបានអនុវត្តទៅតាមបទដ្ឋានបច្ចេកទេសមួយចំនួនផង វាបានធ្វើឲ្យមានការកកស្ទះ និងពេលខ្លះបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ទៀតផង។ វាបង្កើនកង្វល់ដល់មន្ត្រីរាជការ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ដែរ អំពីករណីហ្នឹង។ វាអាចធ្វើឲ្យថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋផង»។
ដើម្បីរក្សាសណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងក្រុងឲ្យបានប្រសើរ សាលារាជធានីភ្នំពេញ បានត្រៀមកែលំអ និងពង្រឹងឡើងវិញនូវចំណតរថយន្ត ដែលមានស្រាប់នៅគ្រប់ផ្លូវជាតិ ដែលជាច្រកចេញចូលសម្រាប់ឲ្យរថយន្តដឹកជញ្ជូនចូលចតបណ្ដោះអាសន្ននៅជាយក្រុង។
អ្នកទទួលបន្ទុកគ្រប់គ្រងរថយន្តដឹកទំនិញរបស់ក្រុមហ៊ុនផែស្ងួត តេង ឡាយ លោក កៅ ជា មានប្រសាសន៍ថា ក្រុមលោកនឹងសហការជាមួយសាលាក្រុង ដែលហាមមិនឲ្យរថយន្តដឹកទំនិញបើកចូលក្រុង។ ប៉ុន្តែ លោកស្នើឲ្យអាជ្ញាធរត្រូវអនុវត្តឲ្យបានស្មើភាពគ្នារវាងគ្រប់ក្រុមហ៊ុន៖ «ខ្ញុំបានសហការជារហូត ប៉ុន្តែសាលាក្រុងត្រូវជូនដំណឹងទៅម្ចាស់ឃ្លាំងទាំងអស់នៅក្នុងទីក្រុងភ្នំពេញ ឲ្យយល់។ ខ្ញុំរកស៊ីឲ្យតែបានដូចគ្នាទាំងអស់ កុំឲ្យក្រុមហ៊ុនខ្ញុំចូលក្រុងមិនបាន តែក្រុមហ៊ុនផ្សេងចូលបាន វាអាក្រក់មើលណាស់។ សំខាន់ធ្វើៗទាំងអស់គ្នា»។
អាណាព្យាបាលរស់នៅរាជធានីភ្នំពេញ បានសាទរចំពោះបម្រាមមិនឲ្យរថយន្តធុនធ្ងន់បើកចូលក្រុងរបស់សាលារាជធានីភ្នំពេញ។ ប៉ុន្តែ ពួកគេមិនទាន់មានជំនឿទៅលើប្រសិទ្ធភាពនៃការអនុវត្តរបស់អាជ្ញាធរទេ។
លោក ឡាយ ថេង មានលំនៅឋានក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ រំពឹងថា បម្រាមមិនឲ្យរថយន្តធុនធ្ងន់បើកចូលក្រុង នឹងអាចកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្តដឹកទំនិញកន្លងទៅ៖ «ព្រោះអីវាបង្កឲ្យចរាចរណ៍លំបាក ស្ទះក៏ស្ទះ ធ្វើដំណើរមានការលំបាកច្រើន ដូចជាយកកូនទៅរៀន ឬទៅធ្វើការជាដើម។ ក្មេងសិស្សសាលាជាដើមហ្នឹង តែងតែមានកង់ ឬម៉ូតូជាដើម ធ្វើដំណើរតាមផ្លូវ គឺខ្លាចប៉ះពារជាមួយរថយន្តដឹកទំនិញធំៗ។ ជារឿយៗ ខ្ញុំមើលតាមសារព័ត៌មាន ឃើញគ្រោះថ្នាក់ដោយសារឡានធំនេះច្រើនករណី»។
ចំណែក លោក នួន ថា ពលរដ្ឋរស់នៅខណ្ឌមានជ័យ មិនទាន់មានជំនឿថា អាជ្ញាធរអាចទប់ស្កាត់រថយន្តធុនធ្ងន់មិនឲ្យបើកចូលក្រុងមានប្រសិទ្ធភាពទេ ព្រោះតាមការកត់សម្គាល់របស់លោកឃើញថា រាល់បទបញ្ជា ឬបម្រាមផ្សេងៗដែលរដ្ឋាភិបាលបានដាក់ចេញកន្លងមក អាជ្ញាធរ ឬអ្នកពាក់ព័ន្ធ អនុវត្តមិនមានប្រសិទ្ធភាពទេ៖ «បើសិនជាបិទបានវាល្អ ប៉ុន្តែខ្ញុំគិតថា បិទមិនបានទេមើលទៅ។ គ្រាន់តែជាគោលការណ៍ ជាគោលការណ៍របស់សាលាក្រុងឃើញតែធ្វើតែអ៊ីចឹង តែការពិតមិនដែលមានទេ គឺការអនុវត្តអត់បាន មិនមានប្រសិទ្ធភាពទេ។ ដូចពេលបុណ្យទានជាដើម សាលាក្រុងបានប្រកាសមិនឲ្យរថយន្តដឹកអ្នកដំណើរឡើងថ្លៃជាដើម ប៉ុន្តែធាតុពិត គ្រាន់តែប្រកាសទេ គឺបានដាក់ពង្រាយប៉ូលិសច្រើនកន្លែងចាំយកលុយពីឡានកាន់តែច្រើន ហើយរថយន្តឈ្នួលក៏ត្រូវបង្ខំចិត្តដំឡើងថ្លៃឡានហើយ»។
ទោះយ៉ាងណា បម្រាមនេះ សាលារាជធានីភ្នំពេញ ក៏បានអនុញ្ញាតចំពោះរថយន្តដឹកជញ្ជូនទំនិញមួយចំនួន អាចធ្វើចរាចរណ៍ចូលក្រុងបានខ្លះដែរ មានដូចជារថយន្តដឹកសម្ភារៈផ្គត់ផ្គង់ការដ្ឋាន ដែលបម្រើឲ្យការសាងសង់ និងការអភិវឌ្ឍក្នុងរាជធានីភ្នំពេញជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។