ប្លង់សេសំណង់កំពុងសាងសង់មួយនៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បាក់ធ្លាក់សង្កត់មេការសំណង់ម្នាក់ស្លាប់ នៅរសៀលថ្ងៃទី៣១ កក្កដា។
កម្មករជាកូនជាងមួយរូប ដែលឋិតនៅខាងលើប្លង់សេនោះ បញ្ជាក់ថា ការបាក់នោះកើតឡើងពេលដែលពួកគាត់កំពុងចាក់ស៊ីម៉ង់បេតុងរាវ សម្រាប់ជាន់លើ៖ «ពេលចាក់ កំពុងកាយបេតុង វាបាក់ទៅតែម្ដង។ លាន់... ពូថានៅខាងក្រោមលាន់»។
មានមន្ត្រីខ្លះមានយោបល់ថា ការបាក់នោះ បណ្ដាលមកពីជន្ទល់ទ្រក្ដារប្លង់សេ នោះទន់ពេក។ យើងឃើញជាក់ស្ដែង ឈើជន្ទល់ទាំងនោះ គឺជាកូនឈើខ្លុងដែលមានចុងប៉ុនៗកដៃ។ ប្រធានប៉ុស្តិ៍ចាក់អង្រែលើ ថ្លែងថា លោកមិនទាន់អាចបញ្ជាក់អ្វីបានទេ ព្រោះនៅស៊ើបអង្កេតនៅឡើយ។
អ្នកជិតមួយចំនួន ឱ្យដឹងថា សំណង់ដែលបាក់សង្កត់មេការនេះ សង់បានប្រហែលមួយខែហើយ។ សំណង់នេះជាសំណង់ផ្ទះល្វែងមួយកម្ពស់ ២ជាន់។ យើងនៅមិនទាន់ដឹងថា សំណង់នេះមានការត្រួតពិនិត្យពីមន្ត្រីរៀបចំដែនដី នគរូបនីយកម្ម ឬអត់ទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ បានទេ នៅល្ងាចថ្ងៃដដែលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។